ក្រោយពេលសម្រាលកូន ស្ដ្រីមួយចំនួនបានជួបប្រទះនូវបញ្ហាផ្សេងៗខុសប្រក្រតីដែលខ្មែរយើងនិយមហៅទាស់។ ស្ដ្រី មួយចំនួនអាចមានបញ្ហាទាស់ រីឯស្ដ្រីខ្លះទៀតមិនមានការទាស់នេះដែរ។ ទាំងនេះបណ្ដាលមកពីហេតុអ្វី? តើការទាស់នេះ ជាជម្ងឺអ្វីឱ្យ ប្រាកដ? មានវិធីព្យាបាលទេ?
ដើម្បីជាជំនួយឱ្យលោកអ្នកបានជ្រាបកាន់តែច្បាស់ពីជម្ងឺទាស់នេះ លោកសាស្ដ្រាចារ្យ លៀង ច័ន្ទរិទ្ធ អ្នកឯកទេសផ្នែក សម្ភព និងរោគស្ដ្រី និងជាអនុប្រធានមន្ទីរពេទ្យមិត្ដភាពកម្ពុជាសូវៀត ចូលរួមជាមួយទស្សនាវដ្ដីសុខភាពយើង ដើម្បីបកស្រាយពីបញ្ហាទាំងនេះ។
ទាស់ ជាជម្ងឺឬ?
ក្នុងក្បួនវេជ្ជសាស្ដ្រមិនមានជម្ងឺទាស់នេះទេ ក៏មិនទាន់មានការស្រាវជ្រាវណាមួយដែលអះអាងពីជម្ងឺទាស់នេះដែរ។ ការ ទាស់របស់ស្ដ្រីក្រោយពេលសម្រាលអាចបណ្ដាលមកពីកង្វះអាហារូបត្ថម្ភ និងការសម្រាលដោយគ្មានអនាម័យ។
សុខភាពស្ដ្រីមុន និងក្រោយពេលសម្រាល
ជាធម្មតាគ្រប់ស្ដ្រីទាំងអស់នៅពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលកូន តែងតែមានសុខភាពទន់ខ្សោយ។ ព្រោះថា ត្រូវពពោះអស់រយៈពេលជិតមួយឆ្នាំ(៩ខែ១០ថ្ងៃ) ត្រូវចាញ់កូនក្អួតចង្អោរ ទទួលទានដំណេកមិនបាន និងត្រូវបានទារកស្រូបយកសារធាតុចិញ្ចឹមចេញពីរាងកាយបន្ថែមទៀត។
មនុស្សដែលមានសុខភាពធម្មតា នៅពេលដែលទទួលទានចំណីអាហារមិនបាន គ្មានចំណីអាហារល្អៗសម្រាប់ទទួលទាន ដូច ជាត្រីសាច់ សត្វ បន្លែ ផ្លែឈើជាដើម ក្នុងរយៈពេលមួយខែ ប្រាកដជាមានរាងកាយស្គមស្គាំង គ្មានកម្លាំងកំហែងមិនខានទ្បើយ។ ចុះទំរាំតែមិនហ៊ានទទួលទានអ្វីច្រើនទៀត ព្រោះខ្លាចទាស់នោះ តើសុខភាពរបស់ស្ដ្រីទៅជាយ៉ាងណា? ក្នុងពេលសម្រាលត្រូវអស់ឈាម ច្រើន អស់កម្លាំង ណាត្រូវអត់ងងុយក្នុងការថែទាំ និងបំបៅកូនតូចថែមទៀត។
រោគសញ្ញា និងមូលហេតុបង្កទាស់
នៅពេលនេះ យើងខ្ញុំសូមលើកយកបញ្ហាទាស់មួយចំនួនមកជម្រាបជូនពីមូលហេតុ និងរោគសញ្ញារបស់វា។
- ទាស់ដោយមានអាការគ្រុន ៖ នេះគឺបណ្ដាលមកពីពេលសម្រាលមិនមានអនាម័យគ្រប់គ្រាន់ ដៃធ្មបមិនស្អាតធ្វើឱ្យមាន មេរោគចូលទៅក្នុងស្បូន ឬក៏ធ្មបយកសុកមិនអស់ពីស្បូន។
- ទាស់ដោយមានអាការគ្រុន ហើយរងាផង ៖ ជាធម្មតាកាលណាសម្រាលកូនហើយ ស្បូនមិនព្រមរួមតូចទៅវិញ នៅតែធំ ដដែល ជាហេតុបណ្ដាលឱ្យស្ដ្រីដែលទើបនឹងសម្រាលកូនមានអាការគ្រុនរងា ហើយកាន់តែឈឺនៅពេលដែលយកដៃទៅសង្កត់ត្រង់ ពោះ ជួនកាលមានក្អកផងនោះ។
- ទាស់បែកស្រកា ៖ មិនមានការបញ្ជាក់មូលហេតុតាមក្បួនវេជ្ជសាស្ដ្រទេ ជួនកាលបណ្ដាលមកពីការទទួលទានអាហារ មិនគ្រប់គ្រាន់ ធ្វើឱ្យសារធាតុចិញ្ចឹមទៅចិញ្ចឹមស្បែកមិនគ្រប់គ្រាន់ ទើបធ្វើឱ្យស្បែកស្ងួតបណ្ដាលឱ្យបែកស្រកា។
- ទាស់ដំណេក ៖ ជាធម្មតាក្រោយពេលសម្រាលរយៈពេល៦សបា្ដហ៍ ស្ដ្រីត្រូវមកមន្ទីរពេទ្យដើម្បីពិនិត្យសុខភាពសារជាថ្មី ដើម្បីឱ្យប្រាកដថារាងកាយរបស់គាត់វិលមកសះស្បើយដូចសភាពដើមវិញហើយឬនៅ។ បើការពិនិត្យទៅឃើញថាមិនមានបញ្ហាអ្វីទេ នោះ ស្ដ្រីអាចបំពេញការងារដូចដើមវិញ អាចធ្វើកិច្ចការផ្សេងដូចអ្នកធម្មតា អាចរួមដំណេកជាមួយស្វាមី អាចមានកូនមួយទៀតបាន ជាដើម។ ផ្ទុយទៅវិញបើស្ដ្រីនោះធ្វើការរួមភេទក្រោមរយៈពេល៦សបា្ដហ៍ ជាពេលដែលសរីរាង្គបន្ដពូជរបស់គាត់មិនទាន់ជាសះស្បើយ នោះ ទើបបណ្ដាលឱ្យមានការក្លាយរបួសកើតចេញជាអាការផ្សេងៗ ដែលខ្មែរយើងនិយមហៅថាទាស់ដំណេក។
- ទាស់ស្គមរីងរ៉ៃ ៖ វាអាចបណ្ដាលមកពីស្ដ្រីនោះមានជម្ងឺរបេង និងអាចបណ្ដាលមកពីការតមអាហារជ្រុលនៅពេលសម្រាលកូននោះ ទើបបង្កឱ្យរាងកាយមិនមានការធំធាត់រីកសាច់រីកឈាមបាន។
- ទាស់ហើមស្ពឹកដៃជើង ៖ វាច្រើនកើតមានពេលសម្រាលកូនបាន២០ថ្ងៃ ទើបការហើមចាប់ផ្ដើម។ ជាដំបូងហើមនៅជើង ខាងឆ្វេង បន្ទាប់មកខាងស្ដាំ រួចរាលដាលទៅដល់ដៃទាំងពីរតែម្ដង។ នេះបណ្ដាលមកដៃធ្មបកខ្វក់ មិនបានសម្អាតឱ្យបានត្រឹមត្រូវមុន នឹងប៉ះពាល់ទ្វារមាស ឬស្បូនរបស់ស្ដ្រី ទើបធ្វើឱ្យមានការឆ្លងមេរោគចូលទៅក្នុងសរីរាង្គបន្ដពូជ។
អាការធម្មតាក្រោយពេលសម្រាល និងវិធីទប់ទល់
បន្ទាប់ពីសម្រាល ស្ដ្រីជាម្ដាយតែងតែកើតមានបាតុភូតធម្មតាមួយចំនួន។
- ពិបាកបត់ជើងតូច ៖ ជារឿងធម្មតា លោកអ្នកអាចយកទឹកក្ដៅស្អំពោះខាងក្រោម។ បើការពិបាកបត់ជើងនេះអូស បន្លាយរយៈពេល២ថ្ងៃ ចាំបាច់ត្រូវរកគ្រូពេទ្យដើម្បីបូមទឹកចេញ ព្រោះបើទុកយូរមិនល្អទ្បើយ។
- ឆ្អល់ពោះ ឬដកដង្ហើមតឹង ៖ ក្រោយពេលសម្រាលបើជួបនឹងបញ្ហា ស្ដ្រីជាម្ដាយត្រូវដេកផ្កាប់មុខដើម្បីឱ្យភើ និងផោមដែលអាចសម្រាលអាការឆ្អល់ពោះបាន។ តែត្រូវប្រុងប្រយ័ត្ន មិនត្រូវប្រើថ្នាំសម្រាប់បញ្ចុះលាមកផ្ដេសផ្ដាសទេ ព្រោះអាចធ្វើ ឱ្យខះទឹកដោះ។
- ឈឺពោះតិចៗ ៖ នេះជាចលនារួមមកវិញរបស់ស្បូនទៅកាន់កន្លែងដើមដែលបង្កទៅជាការឈឺពោះអួលៗ។ បើឈឺខ្លាំង ត្រូវយកទឹកក្ដៅដាក់ក្នុងដបមកស្អំពោះនឹងបានធូរស្រាលខ្លះ។ នៅពេលសម្រាលកូនបានមួយសបា្ដហ៍ អាការទាំងនេះនឹង បាត់ទៅវិញ។
- ធ្លាក់ឈាមតិចៗ ៖ ការធ្លាក់ឈាមក្រោយពេលសម្រាលជាការធម្មតាទេ ប្រហែលជា៣សបា្ដហ៍យ៉ាងយូរវានឹងបាត់ទៅ វិញ។ តែបើការធ្លាក់ឈាមខ្លាំង ហើយមានគ្រុនក្ដៅផងនោះ ចាំបាច់ត្រូវទៅរកគ្រូពេទ្យ ព្រោះអាចទម្លាក់សុកមិនអស់នៅ ពេលសម្រាល។
ការព្យាបាលទាស់
មិនទាន់មានថ្នាំសម្រាប់ព្យាបាលទាស់ទេ។ មានតែការព្យាបាលទៅតាមរោគសញ្ញានៃជម្ងឺតែប៉ុណ្ណោះ ព្រោះគ្រប់រោគសញ្ញា ទាំងអស់ទាក់ទងទៅនឹងប្រវត្ដិនៃជម្ងឺនីមួយៗ និងសុខភាពស្ដ្រីផ្ទាល់តែម្ដង។
ដំបូន្មានអ្នកជំនាញ
ការទទួលទានចំណីអាហារឱ្យបានគ្រប់គ្រាន់ក្រោយពេលសម្រាលកូនជារឿងសំខាន់ ដែលស្ដ្រីត្រូវតែធ្វើដើម្បីឱ្យមានសុខភាពល្អ មានកម្លាំងគ្រប់គ្រាន់ក្នុងការថែរក្សាកូនតូច។ គ្រប់ពេលទទួលទានអាហារ ចាំបាច់ត្រូវមានអាហារគ្រប់មុខ ដូចជាត្រី សាច់ សត្វ សណ្ដែក ប្រេងរុក្ខជាតិ បន្លែ ផ្លែឈើជាដើម ដើម្បីទ្រទ្រង់រាងកាយ។ ប៉ុន្ដែត្រូវចៀសវាងឱ្យបាននូវអាហារប្រភេទខ្លះ ដូចជាស្រា អាហារដែលមានរសជាតិហិរខ្លាំងពេក អាហារដែលអាចបណ្ដាលឱ្យរាកជាដើម ព្រោះវាមានឥទ្ធិពលមិនល្អដល់ទឹកដោះសម្រាប់ចិញ្ចឹម កូន។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply