កុមារដែលទើបនឹងកើតមានអាយុត្រឹមមួយសប្ដាហ៍ ស្រាប់តែមានអាការប្រកាច់កន្ដ្រាក់ដៃកន្ដ្រាក់ជើង រឹងថ្គាម រឹងក ខ្នង កោងដូចឥន្ទធនូ ប្រជាពលរដ្ឋនៅតាមទីជនបទស្រុកស្រែចំការ តែងតែហៅតៗគ្នាថាកុមារមានជម្ងឺស្កន់ម្ដាយដើម។ ការព្យាបាលបែប បុរាណ គឺការសែនព្រេនដល់អារក្សទេវតាឱ្យជួយថែរក្សាកុមារឱ្យជាសះស្បើយ។ ជាលទ្ធផល កុមារជាច្រើនដែលកើតអាការនេះ បាន ស្លាប់ក្នុងរយៈពេលមួយយ៉ាងខ្លីបំផុត។ តាមក្បូនវេជ្ជសាស្ដ្រ កុមារដែលមានអាការបែបនេះ គឺជាករណីជម្ងឺតេតាណូស។
លោកវេជ្ជបណ្ឌិត ហ៊យ គីមហេង អ្នកឯកទេសជម្ងឺកុមារ នៃមន្ទីរពេទ្យកុមារជាតិ សូមបកស្រាយនូវវិធីបង្ការជម្ងឺនេះ។
ជម្ងឺតេតាណូស ឬស្កន់ម្ដាយដើម ជាអ្វី?
ប្រជាពលរដ្ឋខ្មែរបុរាណនិយមហៅថាស្កន់ម្ដាយដើម ព្រោះពួកគាត់យល់ថាម្ដាយរបស់កុមារពីជាតិមុនតាមមកយកជីវិតកុមារនៅជាតិនេះ។ ដោយគាត់សង្កេតឃើញកុមារដែលមានអាយុត្រឹម៥ថ្ងៃ ឬមួយសប្ដាហ៍ មានអាការញាក់កន្ដ្រាក់ដៃ កន្ដ្រាក់ជើង មើលទៅគួរឱ្យសង្វែក រឹងថ្គាម រឹងក ខ្នងកោងដូចឥន្ទធនូ បៅដោះមិនបាន ពួកគាត់ទទួលស្គាល់ថាកុមារមានជម្ងឺស្កន់ម្ដាយដើម(តាមជំនឿ) ឬជម្ងឺតេតាណូស(តាមវេជ្ជសាស្ដ្រ)។ ជម្ងឺតេតាណូសបង្កឡើងដោយមេរោគឈ្មោះក្លូសឌីញ៉ូមតេតានី ដែលឆ្លងចូលទៅក្នុងខ្លួន កុមារតាមរយៈការធ្វេសប្រហែសរបស់អាណាព្យាបាល ដែលបានយកមេរោគដែលមាននៅក្នុងសម្បុកឆ្កែញ៉ាំង កម្ទេចធូបជាដើម មក ដាក់រោយលើទងផ្ចិតកុមារ ឬការមុតដាច់ដោយការយកឧបករណ៍ច្រេះ ឬមិនមានអនាម័យមកកាត់ទងផ្ចិតកុមារជាដើម។
មូលហេតុកើតជម្ងឺតេតាណូស
ភាគច្រើនជម្ងឺតេតាណូស ឆ្លងចូលខ្លួនកុមារតាមរយៈការយកមេរោគដែលមាននៅក្នុងសម្បុកឆ្កែញ៉ាំង កម្ទេចធូបជាដើម មកដាក់លើទងផ្ចិតកុមារ។ គ្រប់សម្បុកឆ្កែញ៉ាំងមានមេរោគតេតាណូសទាំងអស់ ដូច្នេះហាមផ្ដាច់មិនត្រូវយកវាមកដាក់រោយលើផ្ចិត កុមារទេ។ កុមារខ្លះមានជម្ងឺតេតាណូសដោយសារការមុតដែកច្រេះ ដូចជាកន្ដ្រៃ ឡាម កាំបិតជាដើម។
រោគសញ្ញាជម្ងឺតេតាណូស
មេរោគតេតាណូសឆ្លងតាមសរសៃឈាមចូលទៅក្នុងខួរក្បាល ដែលនាំឱ្យកុមារមានអាការកន្ដ្រាក់សាច់ដុំដៃជើង សាច់ដុំមុខ សាច់ដុំមាត់ កន្ដ្រាក់ឡើងរឹងក ឆ្អឹងខ្នងឡើងកោងដូចឥន្ទធនូ ឬជួនកាលអាចបណ្ដាលឱ្យបាក់ឆ្អឹងខ្នងក៏មាន។ អាការប្រកាច់អាស្រ័យ ទៅតាមស្ថានភាពជម្ងឺកុមារ។ ពន្លឺ និងសម្លេងមានផលប៉ះពាល់ដល់ការកន្ដ្រាក់របស់កុមារ។
វិធីការពារជម្ងឺតេតាណូស
តាមវេជ្ជសាស្ដ្រ ជម្ងឺតេតាណូសអាចបង្ការបានតាមរយៈការអនុវត្ដដូចតទៅ។
១- ពេលពេញវ័យ ៖ ស្ដ្រីគួរមានការចាក់ថ្នាំបង្ការជម្ងឺតេតាណូស ដើម្បីការពារខ្លួនឯង និងផ្ដល់ភាពស៊ាំដល់ទារក(ការពារ ជម្ងឺតេតាណូស) នៅពេលដែលស្ដ្រីមានផ្ទៃពោះ។ ស្ដ្រីដែលមានអាយុចាប់ពី១៥ ដល់៤៥ឆ្នាំ ទោះបីជាមិនទាន់មានផ្ទៃពោះក៏ដោយ ត្រូវទៅចាក់ថ្នាំការពារជម្ងឺតេតាណូសឱ្យបានចំនួនប្រាំដង។
២- ពេលសម្រាល ៖ ត្រូវជ្រើសរើសមន្ទីរសម្ភពឱ្យបានត្រឹមត្រូវ ចៀសវាងការសម្រាលកូននៅកន្លែងដែលមិនមានអនាម័យ ឬវិធីត្រឹមត្រូវសម្រាប់បង្កើតកូន។ បើជ្រើសរើសឆ្មបបុរាណ គួរមានបទពិសោធន៍គ្រប់គ្រាន់ដើម្បីបង្កើតកូន និងមានអនាម័យ ល្អ។
៣- ក្រោយពេលសម្រាល ៖ ពេលកាត់ទងផ្ចិត ត្រូវរក្សាអនាម័យខ្ពស់ កន្ដ្រៃ និងកាំបិតត្រូវសម្អាតស្អាតគ្មានមេរោគ។ មិនត្រូវយកសម្បុកឆ្កែញ៉ាំង ម្រេច ឬផេះ ទៅរោយលើទងផ្ចិតកុមារទេ។ លោកអ្នកអាចយកក្រណាត់ស្អាតទៅគ្របនៅលើទងផ្ចិត កុមារ មិនចាំបាច់រោយអ្វីក៏បាន វាអាចជាសះស្បើយដោយខ្លួនឯង។
វិធីព្យាបាលជម្ងឺតេតាណូស
ពេលកុមារបៅ ឬញ៉ាំមិនបាន(រឹងថ្គាម) ការផ្ដល់ថ្នាំអាចមានលទ្ធភាពត្រឹមទប់ទល់ការប្រកាច់តែប៉ុណ្ណោះ វាមិនអាចព្យាបាលជម្ងឺតេតាណូសបានទាំងស្រុងទេ។ ជម្ងឺតេតាណូសនាំឱ្យកុមារមានអាការប្រកាច់កន្ដ្រាក់គួរឱ្យសង្វេគ ឃើញកូនស្ថិតក្នុងសភាពនេះ ឪពុកម្ដាយវេទនាចិត្ដណាស់។ តាមរយៈបច្ចេកទេស គ្រូពេទ្យអាចធ្វើការព្យាបាលជម្ងឺតេតាណូស។
- ផ្ដល់ថ្នាំទប់ទល់អាការប្រកាច់
- ព្យួរសេរ៉ូម ឬផ្ដល់ថ្នាំដើម្បីចិញ្ចឹមរាងកាយកុមារ
- ផ្ដល់ថ្នាំផ្សះដើម្បីសម្លាប់មេរោគតេតាណូស
- ផ្ដល់ថ្នាំបន្សាបជាតិពុលតេតាណូសឱ្យកុមារ
- បញ្ជូលខ្យល់តាមច្រមុះដើម្បីចិញ្ចឹមជីវិតកុមារ
- រក្សាទុកកុមារនៅក្នុងកន្លែងស្ងាត់ ការពារពីពន្លឺ និងពីសម្លេង
- សម្អាតផ្ចិតដើម្បីកម្ចាត់មេរោគនៅលើទងផ្ចិត។
ការព្យាបាលមានសង្ឃឹមតិចតួចណាស់ ករណីកុមារនៅតូច។ លទ្ធផលក្នុងការព្យាបាលពិបាកក្នុងការទាយទុក។ កុមារអាច ត្រូវចំណាយពេលរហូតដល់ទៅ៣សប្ដាហ៍ដើម្បីពិនិត្យតាមដានអាការ ដោយផ្អែកទៅលើការកន្ដ្រាក់ រយៈពេលកើត អាយុរបស់កុមារ និងតាមលទ្ធភាពព្យាបាលរបស់គ្រូពេទ្យជំនាញ។
ផលវិបាកនៃជម្ងឺតេតាណូស
អាការប្រកាច់ និងកន្ដ្រាក់អាចប៉ះពាល់ដល់ទៅផ្លូវដង្ហើម ដែលនាំឱ្យកុមារស្លាប់បានដោយសារស្ទះផ្លូវដង្ហើម មិនអាចជួយ បានទាន់ពេលទេ។ ទោះបីព្យាបាលរួចរាល់កុមារជាសះស្បើយក៏ដោយ ក៏កុមារអាចមានការថមថយផ្នែកបញ្ញា។
ប្រការដែលគួរចងចាំ
- ម្ដាយត្រូវចេះការពារជម្ងឺតេតាណូស ដោយការចាក់ថ្នាំការពារតេតាណូស ពេលដែលខ្លួនមានផ្ទៃពោះ ក្នុងគោលបំណង ផ្ដល់កោសិកាប្រឆាំងមេរោគដល់ទារក។
- បើឃើញកូនមិនអាចបៅដោះបាន យំលែងចេញ គួរប្រញាប់នាំកូនមកមន្ទីរពេទ្យ។
- មិនត្រូវបណ្ដែតបណ្ដោយឱ្យកុមារលេងវត្ថុ ឬដែកច្រេះ ដែលមានផ្ទុកមេរោគតេតាណូស។ ព្រោះបើកុមារមុតច្រេះភ្លាម ឆាប់កើតតេតាណូស នោះពិបាកក្នុងការព្យាបាល។
- គួរនាំកុមារទៅចាក់ថ្នាំបង្ការតាមការណែនាំរបស់គ្រូពេទ្យ។ ពេលកុមារក្ដៅខ្លួន ឪពុកម្ដាយគួរយកក្រមា ឬក្រណាត់ជក់ ទឹកយកជ្រលក់ទឹកក្ដៅឧណ្ហៗមកដណ្ដប់ខ្លួនកុមារ តែកុំដណ្ដប់លើពោះកុមារ។ ពេលដែលកុមារចាក់ថ្នាំបង្ការលើកទី១អាចមានអាការក្ដៅខ្លួន តែមិនមានបញ្ហាអ្វីធ្ងន់ធ្ងរទេ។ អាការនេះបញ្ជាក់ថាថ្នាំបង្ការមានប្រសិទ្ធភាព គ្រុនក្ដៅនឹងបាត់ទៅវិញក្នុងរយៈពេលពីមួយទៅ បីថ្ងៃ។ លោកអ្នកអាចឱ្យថ្នាំប៉ារ៉ាសេតាមុលដើម្បីបន្ថយកម្ដៅ។
ដំបូន្មានអ្នកជំនាញ
សូមនាំកុមារដែលមានអាយុចាប់ពីទើបនឹងកើតរហូតដល់អាយុ៥ឆ្នាំមកទទួលនូវថ្នាំចាក់បង្ការការពារជម្ងឺរបេង រលាកថ្លើម ប្រភេទបេ ក្អកមាន់ ខាន់ស្លាក់ តេតាណូស គ្រុនស្វិតដៃជើង និងកញ្ជ្រិល តាមកម្មវិធីជាតិដែលមាននៅតាមមណ្ឌលសុខភាព ឬតាម កន្លែងដែលមានផ្ដល់ថ្នាំបង្ការដល់កុមារ។ សូមការពារកូនរបស់លោកអ្នកពីជម្ងឺដែលអាចបង្ការបានទាំងនេះ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply