ការអានសៀវភៅមានអត្ថន័យច្រើនយ៉ាងសម្រាប់ទុកជាដើមទុនបន្តិចម្តងៗនៅក្នុងបទពិសោធន៍ជីវិត។ កាលបើមនុស្សម្នាក់អានសៀវភៅច្រើន ការអភិវឌ្ឍបំនិនជីវិត ពុទ្ធិ ទិសដៅ និងគោលដៅនៅក្នុងជីវិត នឹងមានការរីកចម្រើន។ បើសិនជាប្រទេសជាតិមួយមានចំនួនអ្នកអានសៀវភៅច្រើន នោះចំនួននៃអ្នកចេះដឹងក៏មានកាន់តែច្រើន ដោយសារថាការអានទាំងនោះ អាចផ្តល់អត្ថប្រយោជន៍ដល់ខ្លួនអ្នកអានផ្ទាល់ គ្រួសារ សង្គមជាតិ ពិភពលោក និងជាពិសេសដល់វប្បធម៌ អរិយធម៌ របស់សង្គមជាតិនោះផ្ទាល់តែម្តង។
គេហទំព័រ សុខភាពកម្ពុជា បានជួបសម្ភាសន៍ជាមួយលោក ឃឹម ច័ន្ទសុអហំ និពន្ធនាយកទស្សនាវដ្តីខ្ញុំ និងជាបណ្ណាធិការនៃគ្រឹះស្ថានបោះពុម្ភផ្សាយនគរវត្ត ។ លោកនឹងបកស្រាយជូនប្រិយមិត្តអ្នកអានទាំងឡាយរបស់ គេហទំព័រសុខភាពកម្ពុជាអត្ថប្រយោជន៏នៃការអានសៀវភៅដែលមានអត្ថន័យដូចតទៅ។ ការអានសៀវភៅមានអត្ថប្រយោជន៍ផ្សេងៗគ្នាមិនថាចំពោះខ្លួនឯង គ្រួសារ សង្គមជាតិ ពិភពលោក និងចំពោះ វប្បធម៌ អរិយធម៌របស់ប្រទេសជាតិ។ ខាងក្រោមគឺជាផលប្រយោជន៍ដែលលោកអ្នកអានអាចទទួលបានដោយផ្ទាល់ ឬដោយប្រយោលតាមអំណានទាំងនោះ។
1. ខ្លួនឯង
ការអានសៀវភៅគឺជាកត្តាទីមួយ នៃការអភិវឌ្ឃន៍ខ្លួនឯង មានន័យថាបុគ្គលដែលអានសៀវភៅច្រើន គឺជាបុគ្គលដែលបានធ្វើលំហាត់ប្រាណខួរក្បាលរបស់ខ្លួនផ្ទាល់ ព្រោះថាខួរក្បាលរបស់មនុស្សគ្រប់រូបក៏ត្រូវការធ្វើលំហាត់ប្រាណផ្នែកសតិបញ្ញា ស្មារតី ឆន្ទៈ និងអារម្មណ៍ផងដែរ។ ការអានសៀវភៅប្រៀបបីដូចជាលោកអ្នកបានបរិភោគចំណីអាហារសម្រាប់ខួរក្បាលអញ្ជឹងដែរ ហើយចំណីអាហារនេះនឹងធ្វើឲ្យលោកអ្នកទទួលបានការអភិវឌ្ឃន៍ចំណេះដឹង ការគិតពិចារណា ត្រិះរិះ និងស្គាល់អ្វីដែលជាត្រីវិស័យចក្ខុវិស័យក្នុងការពង្រឹងនូវសមត្ថភាពវិភាគ ទិសដៅអនាគតសម្រាប់ដោះស្រាយបញ្ហាជីវិត ការងារ និងបញ្ហាសង្គមជាតិបានយ៉ាងល្អប្រសើរ។
2. គ្រួសារ
ចំពោះអត្ថប្រយោជន៍សម្រាប់គ្រួសារ មានន័យថានៅពេលដែលបុគ្គលម្នាក់ដែលមានការយល់ដឹងអំពីអំណានទាំងពួងទាំងឡាយ គឺអាចមានការយោគយល់ មានសម្ព័ន្ធភាព មានមេត្រីភាព នៅក្នុងការរស់នៅជាមួយគ្នា មិនមែនដូចបុគ្គលមិនបានអានសៀវភៅទាល់តែសោះនោះទេ ដែលតែងតែប៉ះដៃយកដៃ ប៉ះជើងយកជើង។ មានន័យថាការអានធ្វើឲ្យបុគ្គលខ្លួនយើងមានលក្ខណៈយល់ដឹងចំពោះហេតុ និងផលក៏ដូចជាយល់ដឹងច្រើនចំពោះមនុស្សដែលនៅជុំវិញខ្លួន ជាពិសេសអាចធ្វើធ្វើឲ្យយើងអាចផ្សុំាខ្លួន ឬសម្របខ្លួនទៅនឹងសហគមន៍ក៏ដូចជាសង្គមគ្រួសារនីមួយៗដែលយើងកំពុងរស់នៅ។
3. សង្គមជាតិ
គ្រប់សង្គមជាតិទាំងអស់ កាលណាបើមានបុគ្គលមានចំណេះដឹងអំណានច្រើន នោះសង្គមជាតិនោះនឹងមានការរីកចម្រើន។ ជាក់ស្តែងបើយើងក្រឡេកមើលទៅលើប្រទេសជប៉ុន ក្រោយពីសង្រ្គាមលោកលើកទី២មក ប្រទេសជប៉ុនផ្តោតយកចិត្តទុកដាក់បំផុតទៅលើវិស័យបោះពុម្ភ ដែលធ្វើយ៉ាងណាក៏ដោយឬបណ្តុះយ៉ាងណាក៏ដោយ ឲ្យប្រជាជនគ្រប់គ្នាអានច្រើន។ កាលណាអានច្រើន នាំប្រជាជនកើនចំណេះ ហើយកាលណាប្រជាជនមានចំណេះដឹងកើនឡើងគឺពួកគាត់ មានការយល់ដឹងច្រើន។ ហើយការយល់ដឹងនោះទៀតសោត មិនមែនយល់តែខ្លួនឯងនោះទេ គឺយល់ដឹងពីមនុស្សនៅជុំវិញខ្លួនយល់ដឹងពីពិភពលោកទាំងមូល។ កាលណាយល់ដឹងពីពិភពលោកច្រើន ការធ្វើកិច្ចសហប្រតិបត្តិការ និងការរីកចម្រើនរបស់សង្គមជាតិក៏មានការរីកចម្រើនជឿនលឿនផងដែរ ព្រោះថាប្រជាជននឹងយកបទពិសោធន៍ល្អៗពីអំណានទាំងនោះមកធ្វើការអនុវត្តន៍ និងស្រង់យកបទពិសោធន៍ និងបច្ចេកទេសទាំងនោះមកអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចប្រទេសជាតិ ឲ្យកាន់តែមានភាពរីកចម្រើនឡើង។
4. ពិភពលោក
ប្រសិនបើប្រទេសជាតិនីមួយៗ នៅលើពិភពលោក មានចំនួនអ្នកចេះដឹងច្រើននាំឲ្យពិភពលោកទាំងមូលអាចជៀសផុតឆ្ងាយពីសង្គ្រាមច្រើនជាងការដែលមិនចេះ។ ជាក់ស្តែងសង្គ្រាមឈ្លានពាន សង្គ្រាមត្រជាក់ រវាងប្លុកសេរី ជាមួយប្លុកមិនសេរី ត្រូវបានកាត់បន្ថយបានច្រើនជាងពីមុនតាមរយៈការពិភាក្សាចរចាគ្នា រកវិធី ឬផ្លូវសម្រាប់ដោះស្រាយវិវាទផ្សេងៗដោយសន្តិវិធី និងដោយគ្មានការប្រើអាវុធ មកជាការប្រើពាក្យសំដីជំនួសវិញ។ ម្យ៉ាងវិញទៀត ការធ្វើសកលភាវូពាណិជ្ជកម្ម គឺអាចធ្វើឲ្យមនុស្សបន្សាំជីវិតក្នុងការរស់នៅជាមួយគ្នានៅក្នុងពិភពលោកតែមួយ។
5. វប្បធម៌ អរិយធម៌
កាលណាមនុស្សជាតិមួយមានចំណេះដឹងច្រើន គឺនាំឲ្យមនុស្សជាតិទាំងនោះចេះកំណត់នូវអត្តសញ្ញាណមួយ ថាខ្លួនជានរណា ខ្លួនមកពីណា និងមានអ្វីមួយជាជាតិរបស់ខ្លួន។ បើយើងក្រលេកមើលវប្បធម៌ អរិយធម៌ខ្មែរ យើងឃើញថាប្រទេសខ្មែរយើងសម្បូរទៅដោយសម្បត្តិវប្បធម៌ ចាក់ឬសយ៉ាងជ្រៅ តាំងពីការកកើតប្រទេសដំបូងមកម៉្លេះ។ បើមានជនមានចំណេះចំនួនអ្នកដឹងច្រើននោះខឿនវប្បធម៌ អរិយធម៌នៅក្នុងប្រទេសនោះនឹងរឹងមាំ លូតលាស់ជឿនលឿនទៅមុខ នឹងអាចបន្តផ្សព្វផ្សាយមុខមាត់នៃវប្បធម៌ អរិយធម៌របស់ខ្លួនទៅកាន់ប្រទេសនានានៅលើសកលលោកឲ្យកាន់តែល្បីល្បាញថែមទៀតផង។
ប្រភេទសៀវភៅដែលកំពុងចរាចរលក់នៅលើទីផ្សារកម្ពុជា
ការបោះពុម្ភផ្សាយលក់សៀវភៅនៅប្រទេសកម្ពុជាកំពុងតែមានសកម្មភាពផុសផុលច្រើន។ នេះបើយោងតាមការអង្កេតផ្ទាល់របស់លោក ឃឹម ច័ន្ទ សុអហំ។ បណ្តាគ្រឹះស្ថានបោះពុម្ភផ្សាយនានា បានបោះពុម្ភសៀវភៅច្រើនប្រភេទ មិនថាសៀវភៅទស្សនាវដ្តី សៀវភៅរឿងកុមារ រឿងខ្លី រឿងប្រលោមលោក សៀវភៅទាក់ទងទៅនឹងការសិក្សាផ្សេងៗជាដើម។ ទោះបីជាមានការបោះពុម្ភផ្សាយលក់សៀវភៅច្រើនក៏ដោយ ក៏ចំនួននៃអ្នកអានសៀវភៅមិនទាន់កើនឡើងច្រើននៅឡើយទេ។ ការអានសៀវភៅគឺធ្វើឲ្យខួរក្បាលរបស់យើងទទួលបាននូវចំណេះដឹងប្លែកៗជាច្រើនសម្រាប់អភិវឌ្ឍន៍សមត្ថភាពផ្នែកគិត និងបញ្ញាស្មារតីរបស់លោកអ្នកឲ្យកាន់តែប្រសើរឡើង។ មួយវិញទៀតការអានសៀវភៅមិនមែនមើលសម្រាប់តែការកែកម្សាន្តតែមួយមុខប៉ុណ្ណោះទេ គឺយើងមើលក្នុងគោលបំណងបណ្តុះពុទ្ធិនៅក្នុងខ្លួនឲ្យរីកចម្រើនមួយថ្ងៃបន្តិចម្តងៗ រហូតដល់យើងមានសមត្ថភាពគ្រប់គ្រាន់ ហើយអាចយកចំណេះដឹងនេះទៅបម្រើសង្គមជាតិ និងខ្លួនឯងបានយ៉ាងល្អប្រសើរ។ បច្ចុប្បន្នការចរាចរការលក់សៀវភៅទស្សនាវដ្តី សៀវភៅរឿង សៀវភៅចម្រៀង សៀវភៅសំណើច សៀវភៅស្នេហាជាដើមគឺមានការលក់ដាច់ច្រើនជាងសៀវភៅធម្មតាដែលនិយាយអំពីការសិក្សា ឬអាចហៅជាភាសាអង់គ្លេសថា Academic មានន័យថាជាសៀវភៅមានការសិក្សាស្វែងយល់កម្រិតខ្ពស់។ មួយវិញទៀតប្រភេទសៀវភៅដែលទាក់ទងទៅនឹងវប្បធម៌ អរិយធម៌ គាត់មិនសូវចូលចិត្តអានក្រៅពីសៀវភៅខាងលើនោះទេ។
ដំបូន្មានអ្នកជំនាញ
ការអានសៀវភៅ មិនថាទស្សនាវដ្តី ឬកាសែត ព្រឹត្តិប័ត្រពត៌មានទូទៅ ឬសៀវភៅទាក់ទងទៅនឹងរឿងព្រេង រឿងស្នេហា រឿងប្រលោមលោក ឬសៀវភៅអ្វីផ្សេងទេ សំខាន់សៀវភៅទាំងនោះតែងតែផ្តល់សារៈសំខាន់ខុសៗគ្នា គ្រាន់តែថាសារៈសំខាន់នៃសៀវភៅទាំងអស់នោះមានតិច និងមានច្រើនតែប៉ណ្ណោះ។ ប៉ុន្តែយើងត្រូវដឹងថាតើសារៈប្រយោជន៍មួយណាដែលត្រូវយកមកដាក់ក្នុងខ្លួន និងប្រយោជន៍ណាមួយដែលមិនត្រូវយកដាក់ក្នុងខ្លួន។
អត្ថបទដោយ ៖ សៀង វិរៈ
ប្រឹក្សាដោយ ៖ លោក ឃឹម ច័ន្ទសុអហំ និពន្ធនាយកទស្សនាវដ្តីខ្ញុំនិងជាបណ្ណាធិការនៃគ្រឹះស្ថានបោះពុម្ភផ្សាយនគរវត្ត
ចេញផ្សាយ ៖ ថ្ងៃទី ៤ មេសា ឆ្នាំ ២០១២
Leave a Reply