សត្វលោកទាំងឡាយ កាលបើមិនទាន់ដល់មរណ តែងតែវិលវល់ក្នុងវាលវដ្តសង្សារ កើត ចាស់ ឈឺ ស្លាប់ហើយកើតទៅនៅទីនេះ ទីនោះអាស្រ័យទៅតាមកម្ម ហើយកម្មឲ្យផលមានបី គឺបច្ចុប្បន្នជាតិ អតីតជាតិ និងអនាគតជាតិ។ ដើម្បីប្រាថ្នាកន្លែងកើតឲ្យអនាគតជាតិរបស់ខ្លួនទទួលបានអានិសង្ឃច្រើនទៅកើតនៅកន្លែងល្អសុខនោះ មុនពេលផុតរលត់សង្ខារទៅមនុស្សគ្រប់រូបតែងធ្វើបុណ្យដាក់ទាន និងធ្វើបុណ្យកុសលផ្សេងៗគ្រប់រូបភាព។
ទស្សនាវដ្តី សុខភាពយើង និងគេហទំព័រសុខភាពកម្ពុជាបានជួបជាមួយព្រះតេជគុណ ហោ សុខុន ក្រុមមូលដ្ឋានចុះជួយខេត្តស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តច្បាអំពៅ នឹងពន្យល់អំពីពិធីពូនភ្នំខ្សាច់ផ្តាច់កម្មលោកិយ ។ តើពុទ្ធសាសនិកជនគ្រប់រូបគួរធ្វើបុណ្យដាក់ទានអ្វី ទើបអាចទទួលបានអានិសង្ឃច្រើន ដើម្បីផ្តាច់កម្មពារ និងសន្សំកុសលផលបុណ្យសម្រាប់ជាតិខាងមុខ? ដើម្បីជ្រាបកាន់តែច្បាស់អំពីបញ្ហាទាំងនេះ សូមប្រិយមិត្តអ្នកអានទាំងអស់តាមអានជាមួយទស្សនាវដ្តីយើងនិងគេហទំព័រខ្ញុំដូចតទៅ។
អ្វីទៅជាពូនភ្នំខ្សាច់ផ្តាច់កម្មលោកិយ?
ពូនភ្នំខ្សាច់ផ្តាច់កម្មលោកិយ គឺជាពិធីមួយដែលមានមុនតាំងពីសម័យព្រះពុទ្ធអង្គម្ចាស់សាមណគោត្តមទៅទៀត។ ពិធីនេះត្រូវបានព្រះសម្មាសម្ពុទ្ធទ្រង់ផ្តល់ឱវាទឲ្យស្តេចគ្រប់គ្រងផែនដី ព្រះបសីទីកោសល្យ ប្រារព្ធធ្វើតាមបែបព្រះពុទ្ធសាសនាតាំងពីពេលនោះមករហូតដល់សព្វថ្ងៃ។ ពិធីពូនភ្នំខ្សាច់នេះច្រើនប្រារព្ធនៅក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិ បុណ្យបច្ច័យបួន បុណ្យកត្តញ្ញូ បុណ្យឆាកមហាបង្សុកូលជាដើម។ តែអ្វីដែលលោកអ្នកតែងឃើញជាញឹកញាប់នោះ គឺពិធីបុណ្យនេះ ប្រជាជនខ្មែរច្រើននិយមប្រារព្ធក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបុណ្យឆាកមហាបង្សុកូល។
គោលបំណងនៃពិធីពូនភ្នំខ្សាច់
ពិធីពូនភ្នំខ្សាច់ធ្វើឡើងក្នុងគោលបំណង ផ្តាច់កម្មផ្តាច់ពៀរវេរាពីបច្ចុប្បន្នជាតិ និងអតីតជាតិ ដែលមនុស្សលោកបានសាង ដូចជា បានសម្លាប់សត្វតូច សត្វធំ សត្វវា សត្វលូន សត្វជើងពីរ សត្វជើងបួន មនុស្ស ឬមានកាយវាចាចិត្តមិនល្អពីមុន ដោយចេតនាក្តី ដោយអចេតនាក្តី ឲ្យរួចផុតកម្មផុតពៀរទាំងពួងទៅជាអហោកម្ម។ ជាពិសេសនោះគឺការចេះសន្សំកុសលផលបុណ្យទុកសម្រាប់អនាគតជាតិ។ ហើយការធ្វើពិធីពូនភ្នំខ្សាច់នេះទៀតសោត គឺធ្វើឡើងដើម្បីជាភ្នំមួយតំណាងដល់ព្រះចុល្លាមុន្នីចេតិយដែលដាក់តម្កល់ព្រះចង្កូមកែវ ឬព្រះសរីរិកធាតុរបស់ព្រះពុទ្ធគ្រប់ព្រះអង្គដែលតម្កល់នៅឋានត្រៃត្រឹងសួគ៌ ស្ថានសួគ៌ជាន់ទី២។
ប្រវត្តិអ្វីខ្លះៗទាក់ទងទៅនឹងពិធីពូនភ្នំខ្សាច់ផ្តាច់កម្មលោកិយ
ពិធីពូនភ្នំខ្សាច់ផ្តាច់កម្មលោកិយនេះ មានប្រវត្តិទាក់ទងទៅនឹងទេវបុត្រមួយអង្គ ដែលដំបូងឡើយមានកំណើតកើតជាតិជាព្រានព្រៃម្នាក់ ដែលតែងតែដើរបរបាញ់សត្វ មកធ្វើជាម្ហូបអាហារ និងសម្រាប់ចិញ្ចឹមជីវិត។ លុះដល់ស្លាប់បាត់ទៅយមបាលក៏យកព្រលឹងទេវបុត្រមកឲ្យយមរាជកាត់ទោស។ លុះពិនិត្យឃើញទៅថាទេវបុត្រមានទោសច្រើនអនេក យមរាជក៏បង្គាប់ឲ្យយមបាលទាំងពីរដាក់ទណ្ឌកម្មចំពោះទេវបុត្រ។ ពេលយមបាលយកទេវបុត្រទៅបោះចូលខ្ទះខ្លាញ់ និងចូលក្នុងភ្លើងច្រើនលើកច្រើនសារតែមិនមានកើតក្តីឈឺចាប់ដល់ទេវបុត្រឡើយ ព្រោះតែមានបារមីជួយទ្រទ្រង់ទេវបុត្រជានិច្ច។ ពេលនោះយមបាលបានយកទេវបុត្រមកកាត់សេចក្តីម្តងទៀត តែនៅពេលយមរាជសួរចម្លើយទៅកាន់ទេវបុត្រថា តើចៅព្រានព្រៃឯងបានធ្វើបុណ្យអ្វី បានជាយើងប្រើឲ្យកូនចៅយើងដាក់ទណ្ឌកម្ម តែងតែមានបារមីមកជួយ។ ទេវបុត្របានឆ្លើយតបថាខ្លួនមិនបានធ្វើបុណ្យអ្វីទេ គឺមានតែដើរបរបាញ់សត្វយកមកធ្វើជារបរចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ យមរាជសួរចុះសួរឡើងនៅតែទេវបុត្រឆ្លើយពាក្យនោះដដែល ទើបឲ្យយមបាលទាំងពីរយកចៅព្រានព្រៃទៅបោះក្នុងភ្នក់ភ្លើងម្តងទៀតដើម្បីឲ្យយមរាជមើលឃើញផ្ទាល់នឹងភ្នែក។ ពេលរៀបនឹងបោះ ទេវបុត្រក៏បាននឹកឃើញ នៅពេលបានឃើញអណ្តាតភ្លើង ហើយប្រាប់ទៅដល់យមរាជថាខ្លួនធ្លាប់ធ្វើបុណ្យដាក់បាតចំពោះព្រះសង្ឃមួយដងដែរ។ លុះយមរាជមើលទៅឃើញថា ថ្វីត្បិតតែចៅព្រានព្រៃបានប្រព្រឹត្តអំពើអាក្រក់ច្រើនតែមានចិត្តបរិសុទ្ធនៅពេលដាក់បាតដល់ព្រះសម្មាសម្ពុទ្ធ យមរាជក៏អនុញ្ញាតឲ្យទេវបុត្រទៅសោយសុខនៅស្ថានសួគ៌ចំនួន៧ថ្ងៃ ហើយដល់គ្រប់៧ថ្ងៃ ចាំមកទទួលទោសវិញ។ ពេលបានទៅសោយសុខនៅឯឋានសួគ៌ ទេវបុត្រនិងនាងទេពធីតា ដែលជាភរិយាបាននាំគ្នាធ្វើពិធីពូនភ្នំខ្សាច់ដើម្បីផ្តាច់កម្មពៀរ បន្ទាប់ពីទេវបុត្របានរៀបរាប់ប្រាប់អំពីរឿងរ៉ាវ ដែលខ្លួនត្រូវទៅទទួលកំហុសនៅឋាននរកវិញ។លុះដល់ថ្ងៃកំណត់ យមបាលទាំងពីរបានមកទទួលទេវបុត្រឲ្យត្រឡប់ទៅទទួលទណ្ឌកម្មវិញតែនាងទេពធីតាសុវណ្ណឱរៃមិនព្រមប្រគល់ទេវបុត្រឲ្យទៅយមបាលទាំងពីរនោះទេ។ ទេពធីតាទ្រង់បានប្រាប់យមបាលទាំងពីរថា ស្វាមីរបស់ខ្លួនបានធ្វើបុណ្យផ្តាច់កម្ម ផ្តាច់ពៀរអស់ហើយ ដោយការធ្វើពិធីពូនភ្នំខ្សាច់ បើយមរាជទាំងពីរមិនទៅវិញទេ អ្នកទាំងពីររាប់គ្រាប់ខ្សាច់ឲ្យអស់ទៅទើបខ្ញុំយល់ព្រម។ យមរាជទាំងពីរមិនបង្អង់ ក៏ចាប់ផ្តើមរាប់គ្រាប់ដីខ្សាច់ទាំងនោះ។ លុះដល់រាប់ចុះរាប់ឡើងភ្លេច ក៏សុខចិត្តចុះចាញ់ ហើយនាំគ្នាទៅវិញដោយខ្លួនទទេ។ ចាប់ពីពេលនោះមកទេវបុត្រ និងទេពធីតា សុវណ្ណឱរៃ ក៏រស់នៅសោយសុខជាមួយគ្នាជារៀងរហូតមក។ ដូច្នេះពិធីនេះក៏តជាទំនៀមរហូតមកដល់សព្វថ្ងៃ។
តើពិធីពូនភ្នំខ្សាច់ផ្តល់កុសលផលបុណ្យអ្វីខ្លះដល់គ្រហស្ថ ឬពុទ្ធសាសនិកជនក្នុងជាតិនេះ និងអនាគតជាតិ?
ដូចលោកអ្នកបានដឹងហើយមកថាពិធីពូនភ្នំខ្សាច់ផ្តាច់កម្មលោកិយ មានតាំងពីមុនសម័យព្រះសម្មាសម្ពុទ្ធទៅទៀត។ កាលដើមឡើយព្រះបាទ បសីទីកោសល្យ ដែលជាស្តេចផែនដី ទ្រង់បានក្រាបសួរទៅកាន់ព្រះអង្គម្ចាស់ថា នៅរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ តើទូលបង្គំខ្ញុំម្ចាស់គួរធ្វើបុណ្យអ្វី ដើម្បីទទួលបានផលបុណ្យអានិសង្ឃច្រើនឲ្យសមនឹងកាលវេលានេះ។ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងថា បពិតព្រះបាទ បសីទីកោសល្យដ៏ចម្រើន បើអ្នកចង់បានកុសលផលបុណ្យច្រើន ចូរអ្នកធ្វើបុណ្យស្រង់ព្រះ និងបុណ្យពូនភ្នំខ្សាច់ទៅ។ ឧបមាថាបើលោកអ្នកបានពូនភ្នំខ្សាច់ស្មើមួយកំប៉ុងអង្ករ ដើម្បីជាគ្រឿងតំណាងឲ្យព្រះចល្លាមុន្នីចេតិយនៅឋានត្រៃត្រឹងនោះផលបុណ្យកុសលរបស់លោកអ្នក និងមានច្រើនរាប់មិនអស់ដូចអង្ករ ឬខ្សាច់ទាំងនោះផងដែរ។ ការទទួលផលបុណ្យអានិសង្ឃនោះទៀតសោត មិនមែនមានន័យថាអាចផ្តាច់កម្មពាររបស់លោកអ្នកដែលធ្លាប់តែប្រព្រឹត្តិអំពើអាក្រក់ច្រើនរាប់មិនអស់នោះទេ គឺអាស្រ័យទៅលើស្ថានទម្ងន់អំពើបាបដែលលោកអ្នកបានសាង និងអាស្រ័យទៅលើឧបនិស្ស័យរបស់បុគ្គលនីមួយៗ។ ដូច្នេះពិធីនេះក៏ចេះតែមានបន្តជារៀងមក។
តើត្រូវធ្វើដូចម្តេចខ្លះនៅមុនពេលពូន និងក្រោយពេលពូនភ្នំខ្សាច់ម្តងៗ?
មុនពេលពូន លោកអ្នកត្រូវរៀបចំសម្ភារៈមួយចំនួនដូចដែលបានរៀបរាប់ខាងលើ ហើយចំនុចគួរឲ្យចងចាំមួយវិញទៀតនោះគឺត្រូវមានលោកអាចារ្យជួយដឹកនាំក្នុងការសូត្របាលីមុនពេលពូន ឬបើលោកអ្នកចេះលោកអ្នកអាចសូត្រដោយខ្លួនឯងក៏បានដែរ ដោយសូត្រទៅតាមវគ្គ និងឃ្លោងឃ្លារបស់ព្រះធម៌។ លុះដល់លោកអ្នកពូនភ្នំខ្សាច់រួចរាល់ មួយសន្ទុះក្រោយមកលោកអ្នកត្រូវផ្សឹកភ្នំខ្សាច់នោះវិញ ដោយមានសូត្រធម៌ផ្សឹកភ្នំខ្សាច់វិញ រួចស្រោចទឹកមួយកែវ ឬមួយកូនផ្តិលទៅលើភ្នំខ្សាច់ដើម្បីសុំសេចក្តីសុខ ត្រជាក់ត្រជុំ។ បន្ទាប់មកលោកអ្នកគ្រាន់តែក្រាបបង្គំភ្នំខ្សាច់នោះបីដងជាការស្រេច។
ដំបូន្មានអ្នកជំនាញ
សូមកូនខ្មែរ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយថែរក្សាពិធីពូនភ្នំខ្សាច់នេះឲ្យបានគង់វង្ស ព្រោះថាពិធីនេះមិនមែនជាពិធីបែបព្រាហ្មសាសនាទេ ហើយក៏មិនមែនជារឿងអបិយជំនឿនោះដែរ។ ពិធីពូនភ្នំខ្សាច់នេះមានតាំងពីមុនសម័យព្រះសមណគោត្តមមកម៉្លេះ ដែលមានចារនៅក្នុងគម្ពីរដីការបស់ព្រះសម្មាសម្ពុទ្ធត្រឹមត្រូវ និងច្បាស់លាស់ណាស់។ មួយវិញទៀត ការធ្វើពិធីបុណ្យពូនភ្នំខ្សាច់ផ្តាច់កម្មលោកិយនេះ គឺពិតជាទទួលបានផលបុណ្យកុសលច្រើនណាស់។ បុណ្យកុសលទី១ គឺបានផ្តាច់កម្ម ផ្តាច់ពៀរពីអតីតជាតិដែលយើងបានប្រព្រឹត្តឆ្គាំឆ្គងដោយចេតនា និងអចេតនាក្តី។ ទី២ ក្នុងបច្ចុប្បន្នជាតិ ដែលកំពុងរស់នៅ បុគ្គលដែលធ្វើពិធីបុណ្យនឹងទទួលបានផលបុណ្យអានិសង្ឃខ្ពស់។ ម្យ៉ាងវិញទៀតបុគ្គលដែលធ្វើដូច្នេះបានមានន័យថា គឺជាបុគ្គលដែលដឹងកំហុស ចេះស្គាល់កំហុស គាត់ជឿលើកម្មផល ជឿលើបុណ្យបាប ព្រោះថាមិនដឹងជាគាត់បានសាងអ្វីខ្លះទេពីមុនមកនោះ។ ហើយក៏សូមផ្តាំផ្ញើផងដែរដល់ជនទាំងឡាយថាការពូនភ្នំខ្សាច់នេះមិនមែនឲ្យតែបានពូនគឺទទួលបានអានិសង្ឃខ្ពស់ទាំងអស់នោះទេ។ ការទទួលបានអានិសង្ឃនោះ សំខាន់គឺទឹកចិត្ត និងឧបនិស្ស័យរបស់អស់លោកអ្នកជាមួយព្រះធម៌។
អត្ថបទដោយ ៖ សៀង វិរៈ
អ្នកប្រឹក្សា ៖ ព្រះតេជគុណ ហោ សុខុនជាក្រុមមូលដ្ឋានចុះជួយខេត្តស្វាយរៀងនិងជាព្រះគ្រូចៅអធិការវត្តច្បាអំពៅ
ចេញផ្សាយ ៖ ថ្ងៃទី ៥ មេសា ឆ្នាំ ២០១២
Leave a Reply