យោងតាមអង្គការសុខភាពពិភពលោកបានឱ្យដឹងថាកម្ពុជាជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសទាំង២២នៅលើពិភពលោក ដែលមានបន្ទុកជម្ងឺរបេងធ្ងន់ធ្ងរ និងមានអត្រាអ្នកកើតជម្ងឺរបេងច្រើនជាងគេ។ របេងជាជម្ងឺងាយឆ្លងបំផុត គឺឆ្លងតាមរយៈ ខ្យល់ដែលមានមេរោគរបេង ហើយអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត បើបណ្ដែតបណ្ដោយមិនព្យាបាលឱ្យទាន់ពេលវេលា ។ ការព្យាបាលជម្ងឺរបេងទាមទារពេលវេលាយូរ និងភាពអត់ធ្មត់នៅពេលកំពុងប្រើប្រាស់ថ្នាំសម្រាប់ព្យាបាល។
ដើម្បីឱ្យលោកអ្នកអានបានយល់កាន់តែច្បាស់ និងបំបាត់នូវចម្ងល់ផ្សេងៗដែលមានចំពោះជម្ងឺរបេង នៅពេលនេះទស្សនាវ ដ្ដី សុខភាពយើង បានទទួលការចូលរួមបកស្រាយពីលោកវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង នាយកមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និង ហង់សិន។
ជម្ងឺរបេង ជាអ្វី?
របេងជាជម្ងឺឆ្លងមួយដែលអាចបណ្ដាលឱ្យអ្នកជម្ងឺស្លាប់បាន វាមិនមែនជាជម្ងឺតពូជទេ។ របេងបង្កឡើងដោយមេរោគ ឈ្មោះបាស៊ីដឺកុក ដែលត្រូវបានរកឃើញជាង១០០ឆ្នាំហើយ។ ជាទូទៅជម្ងឺរបេងតែងតែប៉ះពាល់លើសួតដែលបង្កឱ្យទៅជារបេងសួត។ មេរោគរបេងក៏អាចប៉ះពាល់បានដែរទៅលើសរីរាង្គផ្សេងៗទៀតក្រៅពីសួត ដែលហៅថារបេងក្រៅសួត។
ការឆ្លងរាលដាលជម្ងឺរបេង
មនុស្សដែលមានជម្ងឺរបេងសកម្មជាប្រភពចម្លងនៃជម្ងឺរបេង។ មានតែអ្នកដែលកើតរបេងសួតប៉ុណ្ណោះដែលអាចចម្លងជម្ងឺ នេះបាន។ ជម្ងឺរបេងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈខ្យល់។ នៅពេលដែលមានជម្ងឺរបេងសួត ការក្អក កណ្ដាស់ ខាក ស្ដោះ ឬនិយាយក្ដីមិនបានយកក្រមា ឬកន្សែងខ្ទប់មាត់ មេរោគរបេងដែលមាននៅក្នុងសួតចេញមកក្រៅទៅក្នុងខ្យល់តាមតំណក់ទឹក តូចៗបំផុត។ នៅពេលដែលមានមនុស្សម្នាក់ទៀតនៅក្បែរ ហើយបានដកដង្ហើមចូលដោយនាំយកទៅនូវខ្យល់ដែលមានផ្ទុកមេរោគ របេងនោះ អ្នកនោះឯងនឹងអាចឆ្លងជម្ងឺរបេងបាន។ ផ្ទុយទៅវិញ របេងមិនឆ្លងតាមការហូបចុកជាមួយគ្នា ការប្រើប្រាស់សម្ភារៈរួមគ្នា ដូចជាបន្ទប់ទឹក បង្គន់ ចាន ស្លាបព្រា កែវ ទឹកជាដើម។ ជាធម្មតា នៅពេលដែលមេរោគរបេងឆ្លងចូលក្នុងខ្លួនមនុស្ស ប្រព័ន្ធការពាររាងកាយធ្វើការវាយតប និងទប់ស្កាត់ការបង្ក រោគដោយមិនឱ្យមេរោគរបេងរាលដាលបាន។ នៅពេលដែលមេរោគស្ថិតក្នុងខ្លួនមនុស្សសម្ងំ មិនលេចចេញនូវរោគសញ្ញាអ្វីទេ និងពុំ មានលទ្ធភាពចម្លងទៅឱ្យអ្នកដទៃបាន ស្ថានភាពនេះគេឱ្យឈ្មោះថារបេងអាំងហ្វិចស្យុង(ផ្ទុកមេរោគរបេង)។ ផ្ទុយទៅវិញសម្រាប់ លោកអ្នកដែលមានរបេងអាំងហ្វិចស្យុងរួចហើយ បើលោកអ្នកមានសុខភាពល្អ ប្រព័ន្ធការពាររាងកាយរបស់លោកអ្នកនឹងទប់ទល់មិន ឱ្យលោកអ្នកមានជម្ងឺរបេងទេ។ ក៏ប៉ុន្ដែនៅពេលលោកអ្នកមានសុខភាពទ្រុឌទ្រោម កង្វះចំណីអាហារ ឬជាពិសេសមានផ្ទុកមេរោគ អេដស៍ទៀត នោះប្រព័ន្ធភាពស៊ាំការពាររាងកាយនឹងចុះខ្សោយ ហើយពេលនោះមេរោគរបេងនឹងរីកចម្រើនលូតលាស់ ទីបំផុតលោក អ្នកនឹងមានជម្ងឺរបេងសកម្ម។
ប្រភេទជម្ងឺរបេង
ជម្ងឺរបេងអាចកើតនៅលើសរីរាង្គផ្សេងៗរបស់មនុស្ស ភាគច្រើនជាងគេ គឺកើតនៅលើសួតដែលហៅថារបេងសួត។ របេង ដែលកើតលើសរីរាង្គក្រៅពីសួតហៅថារបេងក្រៅសួត។ ដូចនេះជម្ងឺរបេងមានពីរប្រភេទ គឺរបេងសួត និងរបេងក្រៅសួត។
រោគសញ្ញាជម្ងឺរបេង
ដោយសារជម្ងឺរបេងមានពីរប្រភេទ រោគសញ្ញាជម្ងឺក៏ត្រូវបានចែកជាពីរប្រភេទផងដែរ។
1. ជម្ងឺរបេងសួត ៖ លោកអ្នកនឹងត្រូវបានសង្ស័យថាមានជម្ងឺរបេង បើលោកអ្នកមានរោគសញ្ញាចម្បង គឺក្អកលើសពី២១ ថ្ងៃ និងមានរោគសញ្ញាបន្ទាប់បន្សំមួយចំនួនទៀត ដូចជាគ្រុនក្ដៅស្រៀវស្រាញនៅពេលល្ងាច បែកញើសនៅពេលយប់ បាយមិនឆ្ងាញ់ ដេកមិនលក់ ស្រកទម្ងន់ ឈឺដើមទ្រូង(ពិសេសនៅតំបន់បោះដៃផុត)អស់កម្លាំងជាដើម។ ក្នុងករណីដែលអ្នកជម្ងឺមិនបានព្យាបាលទាន់ ពេលវេលា ជម្ងឺនេះនឹងវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរដែលអ្នកជម្ងឺអាចក្អកធ្លាក់ឈាម ហត់ជាដើម។
2. ជម្ងឺរបេងក្រៅសួត ៖ របេងប្រភេទនេះមានច្រើនសណ្ឋាន ដូចជារបេងស្រោមខួរក្បាល របេងស្រោមសួត របេងកូន កណ្ដុរ ឬម្រេញ របេងឆ្អឹង របេងតម្រងនោម របេងពោះវៀនជាដើម។ ជម្ងឺរបេងក្រៅសួតមានរោគសញ្ញាប្លែកគ្នាទៅតាមទីកន្លែង គឺ មានន័យថាបើកើតជម្ងឺរបេងលើសរីរាង្គណា នឹងស្ដែងចេញរោគសញ្ញាដែលទាក់ទងនឹងសរីរាង្គនោះ។ ឧទាហរណ៍ បើរបេងកូនកណ្ដុរ គឺ មានដុំពកនៅនឹងក ស្ទាបទៅមិនឈឺមានសភាពក្រឡិចក្រឡាច់ មិនជាប់នឹងស្បែកខាងក្រៅ ហើយការវិវឌ្ឍន៍របស់វានឹងអាចធ្លាយ ដោយគ្មាន ឬមានហូរទឹករង៉ៃលាយខ្ទុះជាដើម។
ការធ្វើរោគវិនិច្ឆ័យ
ការពិនិត្យរកមេរោគរបេងនៅក្នុងកំហាក គឺជាមធ្យោបាយសំខាន់តែមួយគត់សម្រាប់ធ្វើរោគវិនិច្ឆ័យជម្ងឺរបេងសួត។ ចំណែកឯការថតសួត ជាទូទៅមានតម្លៃថ្លែ ហើយពុំអាចផ្ដល់ព័ត៌មានច្បាស់លាស់ទេ ដោយសាររូបភាពរបស់សួតអាចច្រឡំនឹងជម្ងឺសួតដទៃ ទៀត។ ដូចនេះមានតែគ្រូពេទ្យជំនាញទេដែលអាចផ្ដល់ការពិភាក្សាពន្យល់ឱ្យអ្នកជម្ងឺបានយល់ច្បាស់ពីសារៈសំខាន់នៃការពិនិត្យកំហាក និងរបៀបស្រង់កំហាក។
របៀបស្រង់កំហាក
កំហាកជាវត្ថុដែលយកចេញពីសួតដែលជាវត្ថុគំរូសម្រាប់ពិនិត្យរកមេរោគរបេង។ ចំណែកឯស្លេសដែលយកចេញពីបំពង់ក និងច្រមុះមិនមែនជាវត្ថុគំរូសម្រាប់ពិនិត្យទេ។ ការស្រង់កំហាកយកមកពិនិត្យដើម្បីធ្វើរោគវិនិច្ឆ័យត្រូវធ្វើចំនួនបីដង(បីកំប៉ុង)ក្នុង រយៈពេលពីរថ្ងៃ។
- ថ្ងៃទីមួយ ៖ ការស្រង់កំហាកកំប៉ុងទីមួយត្រូវធ្វើនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ចំពោះអ្នកជម្ងឺដែលសង្ស័យថាមាន ជម្ងឺរបេង។ បន្ទាប់ពីស្រង់កំហាកលើកទីមួយរួចហើយ គ្រូពេទ្យនឹងប្រគល់កំប៉ុងទីពីរមួយទៀតសម្រាប់អ្នកជម្ងឺយកទៅស្រង់កំហាក នៅផ្ទះដោយខ្លួនឯងនៅថ្ងៃបន្ទាប់។
- ថ្ងៃទីពីរ ៖ ការស្រង់កំហាកលើកទីពីរត្រូវធ្វើឡើងនៅពេលព្រឹកបន្ទាប់ពីលោកអ្នកក្រោកពីដំណេក។ បន្ទាប់ពីលោកអ្នក ប្រគល់កំប៉ុងកំហាកទីពីរទៅឱ្យគ្រូពេទ្យរួចហើយ លោកអ្នកនឹងធ្វើការស្រង់កំហាកសម្រាប់កំប៉ុងទីបីទៀត ជាមួយគ្រូពេទ្យនៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យ។ ការស្រង់កំហាកមានវិធីពីរយ៉ាងសម្រាប់អនុវត្ដ។
1. វិធីទីមួយ
- ខ្ពុលសម្អាតមាត់នឹងទឹកឱ្យបានស្អាត
- ដកដង្ហើមវែងៗឱ្យបានបីដង
- ក្អកឱ្យខ្លាំង បន្ទាប់មកដកដង្ហើមវែងលើកទី៣ ហើយព្យាយាមខាកកំហាកចេញពីសួត
- ខាកកំហាកទៅដាក់ក្នុងកំប៉ុង រួចបិទឱ្យជិត។
2. វិធីទីពីរ
- ដកដង្ហើមវែងៗ
- ទទួលទានទឹកក្ដៅឧណ្ហៗ
- អង្គុយឱនបន្ដិច រួចឱ្យគេជួយគក់ខ្នងស្រាលៗ
- ប្រឹងក្អកឱ្យខ្លាំង
វិធីទីពីរ ឬវិធីចុងក្រោយមិនត្រូវបានអនុវត្ដនៅពេលដែលលោកអ្នកមានជម្ងឺក្អកធ្លាក់ឈាមខ្លាំង ឬទើបតែក្អកមានធ្លាក់ ឈាម ព្រោះអាចបង្កឱ្យមានឈាមធ្លាក់កាន់តែខ្លាំងបាន។
ការព្យាបាលជម្ងឺរបេងដោយថ្នាំ
ប្រសិនបើលោកអ្នកត្រូវបានរកឃើញថាមានជម្ងឺរបេង លោកអ្នកចាំបាច់ត្រូវតែធ្វើការព្យាបាលដោយថ្នាំរបេង។ ការទទួល ការអប់រំពីការប្រើប្រាស់ថ្នាំរបងមានសារៈសំខាន់ណាស់សម្រាប់លោកអ្នក។ ការព្យាបាលជម្ងឺរបេងមានរយៈពេលវែងជាងការព្យាបាលជម្ងឺឆ្លងដទៃទៀត។ ដើម្បីឱ្យថ្នាំរបេងសម្លាប់មេរោគបានអស់ នោះលោកអ្នកត្រូវលេបថ្នាំរបេងរយៈពេលយូរ គឺមានរយៈពេលពី៦ ទៅ៨ខែ ដោយចែកចេញជាពីរដំណាក់កាល។
1. ដំណាក់កាលដំបូង ឬដំណាក់កាលសម្រុក ៖ មានរយៈពេល២ ឬ៣ខែ ទៅតាមប្រភេទនៃការព្យាបាល។ នៅក្នុង ដំណាក់កាលនេះ លោកអ្នកត្រូវសម្រាកនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បើសិនជាលោកអ្នកចង់សម្រាកនៅផ្ទះ លោកអ្នកត្រូវ ត្រឡប់មកមណ្ឌលសុខភាពជារៀងរាល់ព្រឹក ដើម្បីលេបថ្នាំនៅចំពោះមុខគ្រូពេទ្យ ហៅកាត់ថាដូតស៍។
2. ដំណាក់កាលបន្ដ ៖ មានរយៈពេលពី៥ទៅ៦ខែ។ ក្នុងដំណាក់កាលនេះ លោកអ្នកត្រូវមកបើកថ្នាំនៅមន្ទីរពេទ្យ ឬ មណ្ឌលសុខភាព ឬទទួលថ្នាំពីសមាជិកសហគមន៍ ព្រមទាំងលេបថ្នាំក្រោមការអង្កេតផ្ទាល់របស់ពួកគេ(សមាជិកសហគមន៍) ដែល ហៅកាត់ថាដូតស៍សហគមន៍។
ក្នុងអំឡុងពេលប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជម្ងឺរបេងនេះ មានផលប៉ះពាល់ ឬផលរំខានមួយចំនួនដែលអាចកើតមាន ឡើង ដូចជារលាកស្បែក ស្រវាំងភ្នែក វិលមុខ កើតលឿងជាដើម ដែលចាំបាច់ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ។ ក្រៅពីនេះនៅមាន ផលប៉ះពាល់មួយចំនួនទៀត ដូចជាចង្អោរ ឈឺសន្លាក់ ឈឺពោះ ឈឺផ្សានៅលើប្រអប់ជើង ទឹកនោម និងញើសមានពណ៌ក្រហម ឬ ពណ៌ទឹកក្រូច។ ផលប៉ះពាល់ទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេល២ទៅ៣ថ្ងៃបន្ទាប់។ ប្រសិនបើវាមាននៅបន្ដលើសពីមួយសប្ដាហ៍ ត្រូវត្រឡប់មកជួបគ្រូពេទ្យវិញ។ ជាបណ្ដើរៗក្រោយពេលប្រើប្រាស់ថ្នាំ ជម្ងឺរបេងនឹងត្រូវបានធូរស្រាល រោគសញ្ញាជម្ងឺរបេងនឹងបាត់ ទៅវិញ។ ប៉ុន្ដែលោកអ្នកត្រូវតាមដានសុខភាពដោយការស្រង់កំហាកយកទៅពិនិត្យទៅតាមពេលវេលាដែលគ្រូពេទ្យបានកំណត់ គឺ នៅពេលដំណាច់ខែទី២ ទី៣ ទី៥ ទី៦ និងទី៨។ បើសិនរាល់ការពិនិត្យបញ្ជាក់ថាគ្មានមេរោគរបេងនៅក្នុងកំហាកទៀតទេ បានន័យថា ការព្យាបាលមានប្រសិទ្ធភាព។
ការព្យាបាលដោយចលនា
ជាមួយគ្នានេះដែរ ការព្យាបាលដោយចលនាមានសារៈសំខាន់សម្រាប់អ្នកជម្ងឺរបេងដែលអាចកាត់បន្ថយការឈឺចាប់នៅក្នុង សួត និងអាចជួយសម្រាលបញ្ហាមួយចំនួន។
- ជួយបញ្ចេញកំហាកឱ្យឆាប់អស់ពីសួតរបស់លោកអ្នក ដែលធ្វើឱ្យការព្យាបាលដោយថ្នាំកាន់តែមានប្រសិទ្ធភាព និងធ្វើឱ្យ ខ្យល់ដែលលោកអ្នកដកដង្ហើមចូលជ្រាបបានល្អ
- រក្សានូវមុខងារដកដង្ហើមរបស់សួតដោយជួយឱ្យភាពរីករួមនៃសាច់សួតមានសភាពដូចដើមវិញ
- បន្ថយនូវផលវិបាក ឬសំណល់នៃជម្ងឺរបេងបន្ទាប់ពីជាសះស្បើយ។
លោកអ្នកដែលមានជម្ងឺរបេង គប្បីហាត់ធ្វើចលនាឱ្យបានរាល់ថ្ងៃដើម្បីកាត់បន្ថយការឈឺចាប់ក្នុងដំណាក់កាលព្យាបាល។ ការព្យាបាលដោយចលនាចែកចេញជាពីរដំណាក់កាល គឺលំហាត់សម្រាប់អ្នកព្យាបាលនៅដំណាក់កាលដំបូង និងនៅដំណាក់កាលបន្ដ។
1. ការព្យាបាលដោយចលនាក្នុងដំណាក់កាលដំបូង
- ស្ថិតក្នុងស្ថានភាពអង្គុយ ដាក់ដៃទាំងពីរលើក្បាលជង្គង់ ដកដង្ហើមចូលដោយដងខ្លួនត្រង់ បន្ទាប់មកដកដង្ហើមចេញ ដោយឱនក្បាលដល់ជង្គង់។
- ស្ថិតក្នុងការដេកដកដង្ហើមចូលតាមច្រមុះឱ្យពោះឡើងប៉ោងតឹង រួចបញ្ចេញខ្យល់តាមមាត់ឱ្យអស់ពីពោះ បន្ទាប់មកធ្វើ ដូចគ្នាក្នុងស្ថានភាពដេកផ្អៀងឆ្វេង និងផ្អៀងស្ដាំ។
2. ការព្យាបាលដោយចលនាក្នុងដំណាក់កាលបន្ដ
- ស្ថិតក្នុងស្ថានភាពឈរកន្ធែកជើងបន្ដិច ដកដង្ហើមចូលឱ្យប៉ោងពោះស្របនឹងការលើកដៃឡើងទៅលើឱ្យត្រង់ និងផ្លុំខ្យល់ ចេញតាមមាត់ស្របគ្នានឹងការដាក់ដៃចុះមកវិញស្របនឹងដងខ្លួន។ រួចបន្ដអនុវត្ដតាមវិធីដដែលនេះដោយផ្លាស់ប្ដូរម្ដងឆ្វេងម្ដងស្ដាំ។
- ឈរដដែល តែលើកដៃទាំងពីរធ្វើចលនាស្របគ្នា រួមជាមួយនឹងការដកដង្ហើមដូចវិធីខាងលើ។
វិធីការពារជម្ងឺរបេង
មានវិធីជាច្រើនដែលអាចការពារជម្ងឺរបេង និងការចម្លងរបស់វាបាន។
- ការចាក់ថ្នាំបង្ការ បេសេហ្សេ គឺជាវ៉ាក់សាំងដែលផ្ដល់ទៅឱ្យទារកទើបនឹងកើត
- អ្នកជម្ងឺរបេងត្រូវខ្ទប់មាត់នឹងកន្សែង ឬក្រមានៅពេលដែលលោកអ្នកក្អក កណ្ដាស់ ឬនិយាយ។ លោកអ្នកមិនត្រូវខាក ស្ដោះពាសវាលពាសកាលនៅតាមទីសាធារណៈឡើយ។
- មានកត្ដាមួយចំនួនទៀតដែលអាចជួយកាត់បន្ថយការចម្លងបាន ដូចជាអនាម័យផ្ទះសម្បែង ត្រូវបើកទ្វារបង្អួចដើម្បីឱ្យ មានពន្លឺព្រះអាទិត្យ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ជាដើម។ កន្លែងដែលមានខ្យល់អាកាសចេញចូលបានល្អ អាចកាត់បន្ថយនូវ គ្រោះថ្នាក់នៃការចម្លងមេរោគថ្មីៗ។ ម្យ៉ាងទៀតពន្លឺព្រះអាទិត្យអាចសម្លាប់មេរោគរបេងបានយ៉ាងលឿនបំផុត។
- ការព្យាបាលជម្ងឺរបេងឱ្យជាសះស្បើយ គឺជាវិធានការការពារការឆ្លងរាលដាលនៃមេរោគរបេង។
ដំបូន្មានអ្នកជំនាញ
ការព្យាបាលជម្ងឺរបេងទាន់ពេលវេលា និងលេបថ្នាំទៀងទាត់រហូតដល់ទីបញ្ចប់នៃការព្យាបាល គឺជាការព្យាបាល និងការពារយ៉ាងប្រសើរបំផុតទប់ស្កាត់កុំឱ្យមេរោគរបេងឆ្លងទៅអ្នកដទៃ។ ការបញ្ឈប់ការព្យាបាលដោយខ្លួនឯង អាចបណ្ដាលឱ្យមេរោគរ បេងស៊ាំនឹងថ្នាំ។ ជម្ងឺរបេងដែលស៊ាំនឹងថ្នាំពិបាកក្នុងការព្យាបាលឱ្យជាណាស់ ហើយត្រូវចំណាយប្រាក់អស់ច្រើនទៀតផង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply