កីឡាប្រដាល់សកល

ប្រដាល់​សកល​ជាកីឡាមួយ​ប្រភេទ​ដែលលោកអ្នក​ធ្លាប់តែឃើញ​តាមកញ្ចក់​ទូរទស្សន៍​បរទេស ពិសេស​នៅបណ្ដា​ប្រទេស អឺរ៉ុប។ ការប្រកួត​គួរឱ្យរន្ធត់​ព្រឺព្រួច ដោយប្រើ​កម្លាំងដៃ​តែមួយមុខ​ប៉ុណ្ណោះ។ សម្រាប់​ប្រទេស​កម្ពុជា កីឡាប្រដាល់​សកល​កំពុង តែបោះ​ជំហាន​បន្ដិចម្ដងៗ ទាំងលក្ខណៈ​ជាតិនិង​អន្ដរជាតិ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង បានជួប​សម្ភាសន៍​ជាមួយ​លោក មាស សុខគ្រី គ្រូបង្ហាត់​ក្នុងក្លឹប​ប្រដាល់​ក្រសួងមហាផ្ទៃ ដើម្បី ស្រាយបំភ្លឺ​អំពីកីឡា​ប្រដាល់សកល​ជូនមិត្ដអ្នកអាន។

ប្រវត្ដិកីឡាប្រដាល់សកល

កីឡា​ប្រដាល់សកល​ជាកីឡា​ប្រដាល់​មួយប្រភេទ​ដែលល្បីល្បាញ និង​កំពុងពេញ​និយម​នៅលើ​សាកលលោក។ នៅកម្ពុជា ថ្វី ត្បិតកីឡា​ប្រភេទនេះ​បាននិង​កំពុងឈាន​ទៅរកលក្ខណៈ​អន្ដរជាតិខ្លះ​ហើយ​ក៏ដោយ ប៉ុន្ដែ​ក៏នៅពុំទាន់​មានការ​ពេញនិយម​សម្រាប់ប្រជា ពលរដ្ឋ​នៅឡើយទេ។ ពុំមាន​ព័ត៌មាន​ច្បាស់លាស់​អំពីប្រវត្ដិ​កីឡាប្រដាល់​សកល​នេះឡើយ ហើយក៏ពុំ​មានការ​អះអាង​ណាមួយ​ដែល បង្ហាញ​ថាកីឡា​ប្រភេទនេះ​មានកំណើត​នៅក្នុងស្រុក ឬ​នាំចូលមក​ពីបរទេសដែរ។ ប៉ុន្ដែគ្រាន់​តែដឹងថាវា​មានកំណើត​ជាយូរ​ណាស់មក ហើយ​នៅក្នុង​ប្រទេសកម្ពុជា។

ប្រភេទកីឡា​ប្រដាល់សកល

កីឡានេះ​ចែកចេញជា​ពីរប្រភេទ គឺកីឡាសកល​បែបអាជីព និង​បែប​ស្ម័គ្រចិត្ដ។ កីឡា​ប្រដាល់​អាជីព​ពុំមាន​នៅប្រទេស កម្ពុជាទេ មានតែ​នៅបណ្ដា​បស្ចឹម​ប្រទេស​ប៉ុណ្ណោះ។ មានតែ​កីឡា​ប្រដាល់សកល​ស្ម័គ្រចិត្ដ​ប៉ុណ្ណោះ​ដែលមាន​នៅប្រទេស​កម្ពុជា ហើយ ក៏ធ្លាប់​បានចូលរួម​ប្រកួតជា​លក្ខណៈអន្ដរជាតិ​រួចមក​ហើយដែរ។

ការប្រកួតប្រដាល់សកល

ប្រដាល់​សកល​ជាប្រភេទកីឡា​ដែលប្រកួត​ដោយប្រើ​តែដៃ​ប៉ុណ្ណោះ។ ក្នុងលក្ខណៈ​ជាប្រដាល់​ដាល់ឆ្វេងស្ដាំ​(ម៉ាត់ឆ្វេងស្ដាំ  ឌឺរិចឆ្វេងស្ដាំ និង​ក្រូសសេ​ឆ្វេងស្ដាំ)​ដាល់ចំពី​មុខ និង​សើយពី​ក្រោម​ឡើងលើ។

  • ការប្រកួត​ប្រដាល់​សកល​អាជីព ៖ អ្នកប្រដាល់​អាជីពមាន​ការប្រកួត​ខុសប្លែក​ពីអ្នកប្រដាល់​ស្ម័គ្រចិត្ដ។ ប្រកួតជា លក្ខណៈ​អាជីព​គឺប្រកួត​ចាប់ពី៥​ទឹកដល់​១៥ទឹក ក្នុង១ទឹក​មានរយៈ​ពេល៣នាទី។ ពេល​ប្រកួត កីឡាករ​ប្រដាល់​អាជីព​ពុំមាន​ពាក់អាវ និង​ស្នាប់ការ​ពារក្បាលទេ ប៉ុន្ដែមាន​ពាក់ស្នាប់ដៃ ស្លៀកខោ​ជើងខ្លី ពាក់ស្បែកជើង និង​ស្នាប់ការពារ​ធ្មេញ។
  • ការប្រកួត​ប្រដាល់​សកល​ស្ម័គ្រចិត្ដ ៖ ប្រកួតតែ​៤ទឹក​ប៉ុណ្ណោះ ហើយក្នុង​១ទឹកមាន​រយៈពេល​២នាទី និង​សម្រាក​១នាទី។ ក្នុងការ​ប្រកួត​ជាលក្ខណៈ​ស្ម័គ្រចិត្ដនេះ កីឡាករ​មានពាក់អាវ​វាលក្លៀក ស្លៀក​ខោជើងខ្លី ពាក់​ស្បែកជើង ស្នាប់ដៃ ស្នាប់ធ្មេញ និង ស្នាប់សម្រាប់​ការពារក្បាល។

វ័យគួរចាប់​ផ្ដើមហាត់

វាជារឿង​សំខាន់ណាស់​សម្រាប់ការ​ហ្វឹកហាត់ ព្រោះវា​អាចមាន​ផលប៉ះពាល់​ទៅលើ​បញ្ហា​សុខភាព ជួនកាល​អាចផ្ដល់ជា គុណវិបត្ដិ​សម្រាប់​សុខភាព​រាងកាយ និង​ការ​លូតលាស់​សរីរាង្គ។ ដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ គួរចាប់ផ្ដើម​ហាត់នៅ​អាយុ១៤ឆ្នាំ ព្រោះថា​ក្នុងវ័យនេះ​កុមារកំពុង​មានកម្លាំង​ថាមពល​រឹងមាំ និង​មាំមួនល្អ មានការ​លូតលាស់​ទាំងផ្នែក​ខួរក្បាល និង​រូបរាងកាយ។ ផ្ទុយ ទៅវិញ​បើប្រឹងហាត់​ទាំងបង្ខំ​អាចធ្វើឱ្យ​បាក់កម្លាំង ហើយក៏ពុំ​មានការរីក​ចម្រើនដែរ។ ដូចនេះ​អ្នកហាត់​គួរតែមាន​អាយុចាប់ពី​១៤ឆ្នាំ ឡើងទើប​ការហ្វឹកហាត់​ទទួលបាន​ផលល្អ។

របៀបហាត់​កីឡា​ប្រដាល់សកល

  • ដំណាក់​កាលដំបូង ឬ​ដំណាក់កាល​មូលដ្ឋាន ៖ នេះជា​ដំណាក់កាល​ដែល​អ្នកហាត់​ត្រូវតែយកចិត្ដ​ទុកដាក់​ឱ្យបានខ្ពស់​ដើម្បី ឈានដល់​ដំណាក់កាល​បន្ដបន្ទាប់ ឬ​ដំណាក់កាល​ហ្វឹកហាត់។ ដំណាក់នេះ​អាចហៅថា​ដំណាក់កាល​កំដៅសាច់ដុំ គឺអ្នកហាត់​ត្រូវរៀបចំ ចលនា​រាងកាយ ហាត់ពី​បច្ចេកទេស​ជំហរ​ប្រយុទ្ធ ឬ​យុទ្ធសាស្ដ្រ​ការពារ​ជាដើម
  • ដំណាក់​កាលហ្វឹកហាត់ ៖ ពេលឆ្លងកាត់​ដំណាក់កាល​ដំបូងបាន​ជោគជ័យ​ហើយ គឺឈាន​ចូលដល់​ដំណាក់កាល​មួយទៀត ជាការ​ហ្វឹកហាត់​បច្ចេកទេស ហាត់​របៀបវ៉ៃ បច្ចេកទេស​វាយលុក ការពារ បច្ចេកទេស​ធ្វើឱ្យមាន​ថាមពលខ្លាំង និង​បច្ចេកទេស​ធ្វើឱ្យ មាន​ស្មារតីល្អ។

លក្ខណៈ​សម្បត្ដិ​របស់កីឡាករ

ជាលក្ខណៈ​ចាំបាច់បំផុត តម្រូវ​ឱ្យអ្នក​ហាត់​ទាំងឡាយ​មានគុណ​សម្បត្ដិ​គ្រប់គ្រាន់ ដើម្បី​ហាត់​ទទួលបាន​នូវភាព​ជោគជ័យ និង​ខ្លាំងក្លា។ កីឡាករ​គួរតែមាន​សុខភាព​រឹងមាំ មានរាង​កាយមាំមួន និង​ស្មារតី​ចងចាំ​បានល្អ ព្រោះ​អ្នកហាត់​ទាំងអស់​ត្រូវចង​ចាំរាល់ ការណែ​នាំរបស់គ្រូ ជាពិសេស​ត្រូវតែមាន​ភាពអំណត់ តស៊ូ និង​ព្យាយាម។ ម្យ៉ាងទៀត​អ្នកហាត់​គប្បី​បរិភោគ​គ្រប់គ្រាន់ និងជ្រើស រើស​ចំណីអាហារ​ណាដែល​មានគុណ​ប្រយោជន៍​សម្រាប់​សុខភាព ឬ​ជាជំនួយ​បង្កើន​ថាមពល។

គុណសម្បត្ដិ​នៃការហាត់​ប្រដាល់សកល

ការហាត់​ប្រដាល់​សកល​អាចជួយ​ឱ្យមាន​សុខភាពល្អ រាងកាយ​មាំមួន ព្រោះ​បានបញ្ចេញ​សារធាតុពុល​ពីក្នុងខ្លួន​តាមរយៈ ញើស និងធ្វើ​ឱ្យឈាម​ដើរស្រួល។ ការហាត់​ប្រដាល់​សកល​មិនត្រឹមតែ​អាចជួយឱ្យ​មានសុខភាព​ល្អប៉ុណ្ណោះទេ ថែមទាំង​អាចយក​ចំណេះនេះ​សម្រាប់​ការពារ​ខ្លួនបាន​ទៀតផង។

គុណវិបត្ដិ​ដែលអាច​កើតមានឡើង

ទន្ទឹមនឹង​គុណប្រយោជន៍ គុណវិបត្ដិ​ក៏អាច​កើតមាន​ប្រសិនបើ​ការហាត់​មិនបាន​ត្រឹមត្រូវ និង​ទៀងទាត់។ ការហាត់​បង្ខំពេក និង​ការហាត់​មុនអាយុ​(ក្រោម១៤ឆ្នាំ) អាចធ្វើ​ឱ្យប៉ះពាល់​ដល់សុខភាព​រាងកាយ បញ្ញា និង​បាត់បង់​ការលូតលាស់។ ហ្វឹកហាត់​ខ្លាំងពេក​ធ្វើឱ្យបាក់​កម្លាំង សុខភាព​ចុះខ្សោយ។ ប៉ុន្ដែ​បើហាត់​មិនបាន​ដិតដល់​ក៏ធ្វើឱ្យមាន​ផលវិបាក​សម្រាប់ការ​ប្រកួត​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

ដំបូន្មានអ្នកប្រឹក្សា

សូមរួមគ្នា​លើកស្ទួយ​កីឡាជាតិ​ឱ្យមាន​សភាព​រស់រវើក។ សូម​កីឡាករ​ជំនាន់ក្រោយ​ប្រឹងប្រែង​ហាត់ដើម្បី​សុខភាពផង និង អនាគត​ខ្លួនឯងផង។ ប្រការ​សំខាន់​គួរចៀសវាងគឺការ​ប្រើប្រាស់​គ្រឿងញៀន និង​ប្រព្រឹត្ដ​អបាយមុខ​ផ្សេងៗដែល​ផ្ដល់នូវ​គុណវិបត្ដិ​ដល់ខ្លួន គ្រួសារ​និង​សង្គម។ ព្រោះ​គ្រឿងញៀន​អាចទាញ​មនុស្ស​ឱ្យធ្លាក់​ទៅក្នុងរណ្ដៅ​ដោយមិន​ដឹងខ្លួន។

 

Categories:

Leave a Reply

Your email address will not be published. Required fields are marked *