សុភមង្គល​នៅក្នុងគ្រួសារ

មនុស្សម្នាក់ៗ​តែងប្រាថ្នា​ចង់បាននូវ​គ្រួសារមួយ​ប្រកបដោយ​សេចក្ដីសុខ និង​សុភមង្គល។ ជីវិតក្រោយ​រៀប​អាពាហ៍ពិពាហ៍ តែងតែ​មានវិបត្ដិ​បន្ដិច​បន្ដួច​ចៀសមិន​ផុតឡើយ។ តើសុភមង្គល​នៅក្នុង​គ្រួសារ​កើតមាន​ឡើង​បានអាស្រ័យ​លើកត្ដា​អ្វីខ្លះ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង សូមបង្ហាញ​ជូន​លោកអ្នកនូវ​កត្ដាមួយ​ចំនួនស្ដី​ពីសុភមង្គល​នៅក្នុង​គ្រួសារ​តាមរយៈ​ការជួប សម្ភាសន៍​ជាមួយ​លោក​សាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សា​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ខ្មែរ នៃពុទ្ធសាសន​បណ្ឌិត។

1. ជីវភាព​គ្រប់គ្រាន់

គ្រួសារ​មូយមាន​សុភមង្គល​ទៅបាន លុះត្រាតែ​ការរស់នៅ​ដោយមិន​មានការ​ខ្វះខាត។ គ្រួសារមួយ​ដែលហ៊ុំព័ទ្ធ​ទៅដោយ ការខ្វះខាត មិនអាច​ជាគ្រួសារ​មានសុភមង្គល​ពេញ​លេញទេ។ ក្នុងន័យនេះ​កូនប្រុស​ត្រូវមាន​មុខរបរ អាចមាន​ប្រាក់ចំណូល​គ្រប់គ្រាន់ សម្រាប់​រ៉ាប់រង​ដំណើរការ​ជីវភាព​គ្រួសារបាន។ ទន្ទឹម​នឹងប្រពន្ធ​ត្រូវតែត្រៀម​លក្ខណៈ​ជាស្រេច​ថាខ្លួនត្រូវ​មានអាជីវកម្ម​មួយដែរ ដើម្បី រួមចំណែក​ក្នុងការ​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ប្រសិនបើ​អាចធ្វើ​ទៅបាន។ ការផ្គត់ផ្គង់​គ្រួសារ​មិនមែន​មានទ្រព្យធន​តែមួយមុខ គ្រប់គ្រាន់​នោះទេ គឺមានន័យ​ថាសល់​ដើម្បីទប់ទល់​ពេល​ឈឺថ្កាត់ និង​ពេល​មានបុណ្យទាន​ផ្សេងៗ។ មានគ្រួសារខ្លះ បុរសមាន​ប្រាក់ចំ ណូលច្រើន គាត់ថ្នាក់ថ្នម​ប្រពន្ធ ឱ្យ​ប្រពន្ធ​រ៉ាប់រង​តែការងារ​នៅក្នុងផ្ទះ​ប៉ុណ្ណោះ ដោយប្ដី​ជាអ្នករ៉ាប់រង​ការចិញ្ចឹម​ទាំងស្រុង នេះក៏ចាត់ ទុកថាជា​សុភមង្គល​មួយដែរ។ កត្ដារួម​ចំណែក​ធ្វើឱ្យ​គូស្វាមី​ភរិយា​ថ្មីថ្មោង ជំនួយ​ឪពុកម្ដាយ​ខាងប្រុស​ខាងស្រី​ជួយឧបត្ថម្ភ​ជាទុនឱ្យកូន ឈាន​ឡើងដោយ​ខ្លួនឯង រហូត​មានសមត្ថភាព​រឹងមាំ ទើបឈាន​ទៅកាន់​សុភមង្គលបាន។

2. ការស្វែងយល់ចិត្ដគ្នា

មុនពេលរៀបការ​គូស្វាមីភរិយា ថ្វីត្បិត​តែមាន​ការស្វែងយល់​ចិត្ដគ្នាខ្លះ​ហើយ​ក៏មិនទាន់​គ្រប់គ្រាន់ដែរ។ បន្ទាប់​ពីរៀប​អាពាហ៍ពិពាហ៍​ចាប់ដៃគ្នា​ជាប្ដីប្រពន្ធ​រួចមក ត្រូវមាន​ការស្វែងយល់​គ្នាទៅវិញ​ទៅមក​បន្ថែមទៀត។ នៅពេល​រស់នៅ​ជាមួយគ្នា ពេលខ្លះទង្វើ របស់ស្វាមី ឬ​ភរិយា​មិនបាន​ពេញចិត្ដ​តាមការចង់​បានរៀងៗ​ខ្លួនទេ។ ដូចនេះ​ស្វាមីភរិយា​ត្រូវហាត់ទ្រាំ ហាត់​ទទួលនូវ​ចំណុចខ្វះខាត នោះ តាមរយៈ​ការព្យាយាម​យោគយល់គ្នា​ទៅវិញ​ទៅមក ដូចជាពេល​ស្វាមីនិយាយ​លឿនពេក​ស្ដាប់​មិនទាន់ បន្ដបរិភោគ​អាហារ ដែលមិន​ចូលចិត្ដ​ជាដើម។ កត្ដាទាំងនេះ​ក៏នាំឱ្យ​មានការរំខាន​ផ្លូវចិត្ដ​ខ្លាំងណាស់​ដែរ។ មានរឿងរ៉ាវ​ជាច្រើនទៀត ដែលទាមទារ​ឱ្យសម្រ បសម្រួល​ជាមួយគ្នា រហូតដល់​ការចូល​ដំណេក​ត្រូវចូល​ដំណាលគ្នា។ ប្រសិនបើ​ម្នាក់ទទួលទាន​ដំណេកមុន ម្នាក់ចូល​ដំណេក​ក្រោយនាំឱ្យ​មិនបាន​សំណេះ​សំណាល​ជាមួយគ្នា។ ដូចនេះ​ម្នាក់ៗ​ហាក់មាន​អារម្មណ៍​ថាមិនមាន​ចិត្ដមួយ​ថ្លើមមួយ ម្នាក់ទៅ​មុនម្នាក់​ទៅក្រោយ មិនស្រុះគ្នា។ ការប្រច័ណ្ឌ​បណ្ដាលមក​ពីការភ័ន្ដ​ច្រឡំ​រវាងប្ដីប្រពន្ធ ក៏ជាកត្ដា​មួយដែល​នាំឱ្យគ្រួសារ​មិនមាន​សុភមង្គលដែរ។ ដូចនេះ អ្នកទាំងពីរ​ត្រូវព្យាយាម​ពន្យល់​ប្រាប់គ្នា​ទៅវិញ​ទៅមក ពីមូលហេតុ​នៃការភ័ន្ដ​ច្រឡំនោះ។

3. ការជ្រើសរើសគូស្រករ

តាមការ​សិក្សាផ្នែក​សង្គមសាស្ដ្រ ភាគច្រើន​នៃគូស្វាមី​ភរិយា​បច្ចុប្បន្ន​ច្រើនតែឱ្យ​តម្លៃទៅ​លើសម្ភារៈ និង​ទ្រព្យសម្បត្ដិ។ អ្នកដែល​មានទ្រព្យ​សម្បត្ដិច្រើន ច្រើនតែ​មិនចង​សម្ព័ន្ធភាព​ជាមួយអ្នក​ដែលក្រខ្លាំង​នោះទេ។ រហូត​មានទស្សនៈ​ខ្លះថាអ្នក​ដែលអាច ចងសម្ព័ន្ធភាព​ជាមួយខ្ញុំបាន លុះត្រាតែ​អ្នកនោះ​មានឋានៈ​ស្មើ ឬ​ប្រហាក់​ប្រហែលខ្ញុំ។ ប្រសិនបើ​ដៃគូទាំងពីរ​នាក់មាន​ម្នាក់ក្រជាង ឬមានម្នាក់មានជាង យើង​សង្កេតឃើញ​ថាសម្ព័ន្ធភាព​អ្នកទាំងពីរ​នោះពិបាក​ទទួលយក​បានណាស់។ នៅសម័យ​ពុទ្ធកាល ការជ្រើសរើស​បុរសមក​ធ្វើជាស្វាមី ព្រះពុទ្ធ​ទ្រង់ឱ្យ​តម្លៃទៅ​លើបុរស​មានសីល ជាជាង​ឱ្យតម្លៃទៅ បុរស​ដែលមាន​រូបសម្បត្ដិល្អ មានទ្រព្យ​សម្បត្ដិច្រើន ឬ​បុរសមាន​វ័យចំណាស់។ ព្រោះបុរស​មានសីល​អាចធ្វើឱ្យ​គ្រួសារ​មួយរស់នៅ រហូតដល់​ចាស់ព្រឹទ្ធចាស់​ព្រេងបាន។ អ្នកមាន​សីល គឺសំដៅ​​ទៅលើបុរស​ដែលបាន​ទទួលការ​អប់រំបណ្ដ្ដុះ​បណ្ដាល សីលធម៌ ចរិយាធម៌ ល្អ ចេះ យល់ចិត្ដ​ថ្លើមគ្នា មិនបង្ក​ឱ្យមានទំនាស់​នៅក្នុង​គ្រួសារ ជាមនុស្ស​មានគុណ​ធម៌ខ្ពង់ខ្ពស់ ចេះដឹកនាំ​ខ្លួនឯងឱ្យ​បានសុខផង និង អាចដឹកនាំ​មនុស្សដទៃ​ក្នុងសង្គម​ឱ្យបានសុខ​ផងដែរ។ បើធៀប​មកសម័យ​បច្ចុប្បន្ននេះ ក៏មិន​ខុសគ្នាដែរ ទោះបីអ្នក​នោះមាន​រូបរាងមិន សូវស្អាត មិនសូវ​មានទ្រព្យ​ក៏ដោយ ឱ្យតែបុរស​នោះចេះ​រក្សាសុខ​ឱ្យកូនស្រី​របស់គាត់។ ដូចពាក្យ​ចាស់​លោកជូន​ពរថា សូមឱ្យ​បានសុខ ចម្រើន ព្រោះ​ថាកាលណា​បានសុខ គឺចម្រើន​ហើយ។ ចំណែក​បុរស​មានសីល​នៅក្នុង​សង្គម​បច្ចុប្បន្នវិញ សំដៅលើ​មនុស្សដែល​បានរៀន សូត្រ​ចេះដឹង មានការ​វិភាគ និង​ត្រិះរិះ​ត្រឹមត្រូវ។ អ្នកខ្លះ​មិនបាន​រៀនសូត្រ​បានជ្រៅជ្រះ​ទេ ប៉ុន្ដែគេកើត​ចេញពី​ត្រកូល​ដែលមានការ អប់រំ​បានល្អ។

4. ទំនាក់ទំនង​នៅក្នុងគ្រួសារ

ទំនាក់ទំនង​នៅក្នុង​គ្រួសារ ក៏ជាកត្ដា​មួយស្ថិត​នៅក្នុង​សុភមង្គល និង​អពមង្គល​ក្នុងគ្រួសារ​ដែរ។ គូស្វាមី​ភរិយាត្រូវ ស្រឡាញ់​ឪពុកម្ដាយ​ញាតិសន្ដាន​ខាងប្រពន្ធ ឬ​ខាងប្ដីឱ្យ​បានស្មើគ្នា។ នៅក្នុងច្បាប់​ស្រីបាន​លើកឡើង​ហើយថា ត្រូវរក្សា​ភ្នក់ភ្លើង​ទាំងបី។ មានន័យ​ថាប្ដីប្រពន្ធ​ជាភ្នក់ភ្លើង​មួយ ដូច្នេះ​អ្នកទាំងពីរ​ត្រូវថែរក្សា​ភ្នក់ភ្លើង​នេះកុំឱ្យ​រលត់។ ប្ដីត្រូវ​យកចិត្ដ​ទុកដាក់​ជាមួយ​ប្រពន្ធ ចេះ ថ្នាក់ថ្នមគ្នា​ទៅវិញទៅមក ដើម្បីឱ្យ​សប្បាយចិត្ដ​ទាំងអស់គ្នា។ ភ្នក់ភ្លើង​ទីពីរ គឺគ្រួសារ​ខាងប្ដី ហើយ​ភ្នក់ភ្លើងទីបី គឺគ្រួសារ​ខាងប្រពន្ធ។ ទាំងពីរ​នាក់ប្ដី​ប្រពន្ធ​ត្រូវរក្សា​ភ្នក់ភ្លើង​ទាំងបីនេះ​កុំឱ្យ​រលត់ ដោយត្រូវ​ស្រឡាញ់​រាប់អាន​ញាតិខាងប្ដី ឬ​ខាងប្រពន្ធ​ឱ្យបានដូច​ស្រឡាញ់ ញាតិខាង​ខ្លួន។ ប្រសិនបើ​ភ្នក់ភ្លើង​ទាំងបីនេះ​រលត់ណា​មួយហើយ នាំឱ្យ​គ្រួសារ​មិនមាន​សុភមង្គលទេ។

5. កត្ដាសុខភាព

សុខភាព​ជាកត្ដាមួយ​ចម្បងដែរ​ក្នុងការរួម​ចំណែក​ជួយឱ្យ​គ្រួសារមួយ​មានសុភមង្គល។ ឧទាហរណ៍ គ្រួសារមួយ​ជាកូនអ្នក មានទ្រព្យ តែបើមាន​សុខភាព​មិនល្អ ឧស្សាហ៍ឈឺ គ្រួសារ​នោះក៏មិន​បានសេចក្ដីសុខដែរ យូរ និង​ឆាប់នឹង​អស់ទ្រព្យ​សម្បត្ដិ្ដ​មិនខាន។ ផ្ទុយទៅវិញ​បើគ្រួសារមួយ​ដែលមិនសូវ​មានទ្រព្យ​សម្បត្ដិ ប៉ុន្ដែសុខ​ភាពប្ដី និង​ប្រពន្ធល្អ​ទាំងអស់គ្នា គេអាចមាន​ឱកាសក្នុង​ការរក ស៊ីបានច្រើន និង​ទ្រព្យសម្បត្ដិ​គង់វង្ស។

6. ការជ្រោមជ្រែង​ពីឪពុកម្ដាយ

សុភមង្គល​នៅក្នុងគ្រួសារ​ក៏ទាមទារ​ឱ្យមានជំនួយ​ពីឪពុកម្ដ្កាយ​ទាំងសងខាង​ផងដែរ។ ជួនកាល​កូនប្រុសកូន​ស្រីទើប​តែរៀបការ​មិនទាន់មាន​ជម្លោះអ្វីទេ។ ឪពុកម្ដាយ​ទាំងសងខាង​មាននាទី​ចាំបាច់ណាស់​ក្នុងការណែនាំ​កូនទាំងពីរ​ឱ្យធ្វើដំណើរ​រហូតដល់​ចាស់ ព្រឹទ្ធចាស់​ព្រេង។ នៅពេលកូន​ទៅលេង​ឪពុកម្ដាយ​ទាំងសងខាង គួរជួយ​រំលឹកកូនទាំងពីរ​កុំឱ្យមានជម្លោះ​នៅក្នុង​គ្រួសារ និងត្រូវចេះ អត់ឱនអធ្យា​ស្រ័យ​ឱ្យគ្នាទៅ​វិញទៅមក ព្រោះនៅ​ក្នុងគ្រួសារ​តែងតែមានការ​ខុសឆ្គង​បន្ដិចបន្ដួច​ចៀសមិន​ផុតឡើយ។ បុរស និងស្ដ្រី នៅពេល​ឆ្លងកាត់​ជីវិតរៀប​អាពាហ៍ពិពាហ៍​ហើយ ត្រូវដាក់ចិត្ដ​ថាខ្លួនជាប្ដី ឬ​ប្រពន្ធគំរូ ឪពុក ឬ​ម្ដាយគំរូ ត្រូវផ្លាស់ប្ដូរ​ឥរិយាបថ​ឆ្គាំឆ្គង មួយចំនួន​ចេញ ដូចជាការ​ដើរលេង​ផឹកស៊ីហួស​ហេតុជាដើម។ ម្នាក់ៗ​ត្រូវធ្វើខ្លួន​ឱ្យល្អ ឱ្យប្រពន្ធ ឬ​ប្ដីគិតថា​គេជាមនុស្ស​មានសំណាង ណាស់​ដែលបាន​យើងជាប្ដី ឬ​ជាប្រពន្ធ។ ដូច្នេះ​កូនទាំងពីរ​ត្រូវចេះ​យោគយល់គ្នា ចេះអត់ធ្មត់​កុំឱ្យមានការ​បែកបាក់គ្នា ព្រោះការ បែកបាក់គ្នា នាំឱ្យខាតបង់​សេដ្ឋកិច្ច កេរ្ដិ៍ឈ្មោះ និង​កិត្ដិយស​គ្រួសារ​ជាដើម។

ដំបូន្មានអ្នកជំនាញ

តាមបទពិសោធន៍​របស់លោក​សាស្ដ្រាចារ្យ មៀច ប៉ុណ្ណ ដែលលោក​ធ្លាប់បាន​អានសៀវភៅ និង​ធ្លាប់សរសេរ​សៀវភៅ​ច្រើន ផងនោះ លោកយល់​ឃើញថា​នៅក្នុងជីវិត​គ្រួសារ អ្នកដែល​មានសុភមង្គល​ច្រើនជាងគេ គឺនៅលើ​អ្នកដែល​ពូកែទ្រាំ ទាំងកូន​ប្រុស ទាំង កូនស្រី។ នៅក្នុង​ជីវិតរបស់​មនុស្ស គ្មានអ្នក​ណាម្នាក់​ដែលរស់នៅ​សុក្រិត្យ​មិនមានវិបត្ដិ​អ្វីសោះ​នោះទេ។ គុណវិបត្ដិ​ដែលមាន​នៅក្នុង គ្រួសារ​នឹងរលាយបាត់​ដោយការ​អត់ធ្មត់ ព្យាយាម​ប្រើសម្ដីល្អៗ​ជាមួយគ្នា​ទៅវិញទៅមក។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *