ផ្ទះ គឺជាទីកន្លែងសំខាន់មួយសម្រាប់ស្នាក់នៅ។ ផ្ទះបានចូលរួម ចំណែកក្នុងការលើក កម្ពស់សុខភាពផងដែរ ប្រសិនបើលំនៅដ្ឋាន នោះប្រកបដោយបរិយាកាសល្អ។ ការតុបតែងផ្ទះសម័យទំនើបនេះ ច្រើននិយមម៉ូដទៅតាមការចូលចិត្ដរបស់គ្រួសារនីមួយៗ ។ ក្នុងនោះដែរ ការតុបតែងផ្ទះមានច្រើនបែបច្រើនម៉ូដតាមសម័យកាល និងតាមការវិវឌ្ឍន៍រីកចម្រើនរបស់សង្គម និងប្រទេស នីមួយៗ។
ការតុបតែងមានម៉ូដជាច្រើនផ្សេងៗគ្នា ដូចជាម៉ូដសម័យទំនើបតាមបែបអឺរ៉ុប ឬតាមបែបអាស៊ីជាដើម។ បើតាមប្រសាសន៍របស់លោក តាំង ហេង ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនតុបតែង បានឱ្យដឹងថាអ្នកជ្រើសរើសយកការតុបតែងផ្ទះតាមបែប សម័យទំនើប ច្រើនតែជ្រើសរើសយកការរៀបចំតាមបែបសម័យទំនើបរបស់ប្រទេសថៃ ឬចិន។
អ្វីទៅជាការតុបតែងផ្ទះ?
តុបតែងមានន័យថា គឺជាការធ្វើឱ្យស្អាត។ ជាទូទៅការតុបតែងកែលម្អច្រើនតែធ្វើទៅលើផ្ទះ ឬនៅតាមហាងនានា ដែលគេ សាងសង់ដើម្បីលក់ ដែលគេពុំទាន់មានការតុបតែងច្បាស់លាស់នៅឡើយ។ ការតុបតែងផ្ទះធ្វើឡើងទៅលើការតុបតែងពិដានបន្ទប់ ទទួលភ្ញៀវ ជញ្ជំាងផ្ទះ ផ្ទះបាយ ឬគ្រឿងសង្ហារឹមផ្សេងទៀតជាដើម ដើម្បីឱ្យសោភ័ណភាពក្នុងផ្ទះបានស្អាត។ កាលណាយើងតុបតែង ឃើញថាផ្ទះរបស់យើងស្អាត និងទាន់សម័យ។ ឧទាហណ៍ ផ្ទះដែលគ្មានពិដាន យើងធ្វើឱ្យមានពិដាន ដោយតុបតែងឱ្យមានជាអំពូលភ្លើងម៉ូដ មើលទៅឃើញស្អាតហើយ។ នៅក្នុងបន្ទប់គេងវិញ ធម្មតាមានតែទូដាក់សម្លៀកបំពាក់ និង គ្រែសម្រាប់គេងតែប៉ុណ្ណោះ ប៉ុន្ដែអាចច្នៃដាក់ជាកូនទូមួយនៅលើក្បាលគ្រែ ហើយរៀបជាអំពូលភ្លើង ឬអាចកែច្នៃជញ្ជំាងដើម្បីដាក់ វត្ថុផ្សេងៗទៀតបាន ធ្វើឱ្យបន្ទប់កាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត។
របៀបតុបតែងផ្ទះ
សព្វថ្ងៃនេះ ពេលចង់បានស្អាត និងត្រូវការតុបតែង គេតែងទាក់ទងក្រុមហ៊ុនដើម្បីតុបតែងផ្ទះរបស់គេ។ អ្នកដែលនិយម រៀបចំតុបតែងផ្ទះភាគច្រើនជាអ្នកមានលុយធូធារតែប៉ុណ្ណោះ។ ម៉ូដមានបែបទាន់សម័យ អាចបែបអឺរ៉ុប និងអាស៊ី ភាគច្រើនគេផ្ដោតលើភាពទាន់សម័យ។ ប្រសិនបើគ្មានការតុបតែងធ្វើ ឱ្យផ្ទះហាក់មានភាពសោះកក្រោះ មិនស្អាតជាដើម។ ទោះបីជានៅតាមភោជនីយដ្ឋាន ឬនៅតាមហាងនានា ក៏តម្រូវឱ្យមានការរៀបចំ តុបតែងជានិច្ចផងដែរ។ អ្នកខ្លះពេញចិត្ដម៉ូដតុបតែងបែបថៃ អ្នកខ្លះទៀតចូលចិត្ដបែបចិន។ ការតុបតែងបែបថៃភាគច្រើនមានដូចជា ឈើបេង នាងនួនជាដើម។ សារៈសំខាន់ដែលបានមកពីការតុបតែង គឺផ្ទះបានស្អាត រស់នៅស្រួល និងមានផាសុកភាព។ ចំពោះការតុបតែងផ្ទះ យើង អាចបន្ថែមផ្កាភ្ញីបន្ដិចទៀតក៏បាន។ ផ្ទះមួយស្អាតទៅបាន ត្រូវរួមផ្សំដូចជាបំពាក់វាំងនន គ្រឿងសង្ហារឹម(មានកៅអី តុ ឬសាឡុង)ជា ដើម។ ពិដាន ត្រូវមានអំពូលភ្លីង ជញ្ជាំងមានម៉ូដខុសគ្នាផងដែរ។ ចំពោះពណ៌ គេច្រើនយកពណ៌ស និងពណ៌ពងមាន់។ ពណ៌បៃតង និងពណ៌ខៀវអាចដាក់តែមួយផ្នែកខ្លះតែប៉ុណ្ណោះ។ គេ អាចបាញ់ថ្នាំពណ៌បៃតងនៅលើកញ្ចក់ទៅតាមការពេញចិត្ដរបស់អតិថិជន។ ចំពោះបន្ទប់ទទួលភ្ញៀវ ត្រូវតុបតែងយ៉ាងណាកុំឱ្យមើលទៅស៊ាំញុំាពេក ដើម្បីឱ្យមើលទៅស្អាតបានយូរ។ បន្ទប់ទទួលភ្ញៀវ គឺជាកន្លែងដែលត្រូវស្អាតជាងគេ ត្រូវរៀបចំឱ្យបានស្អាតជាងនៅកន្លែងដទៃ។ ហើយត្រូវមានទូរទស្សន៍ និងសាឡុង ដើម្បីឱ្យភ្ញៀវ អង្គុយ សាឡុងដាក់តែមួយឈុតតែប៉ុណ្ណោះ ជាការគ្រប់គ្រាន់ហើយ។តែសូមជ្រើសរើសពណ៌ទៅតាមការចូលចិត្ដ អ្នកខ្លះមើលតាម ពណ៌ជញ្ជាំង ឬបរិយាកាសជុំវិញខ្លួនផងដែរ។ អ្នកខ្លះទៀតមិនគិតទៅលើបញ្ហាទាំងនេះទេ។ នៅក្នុងបន្ទប់ទទួលភ្ញៀវ គួរតុបតែងឱ្យ មានពិដានម៉ូដ ដែលធ្វើពីម្នាងសិលា និងឈើ ត្រូវមានទូជាប់ជញ្ជំាងសម្រាប់ដាក់ទូរទស្សន៍មួយ ហើយនិងអំពូលដាក់នៅចន្លោះពិដាន មួយផង។ ចំពោះវាំងនន បើផ្ទះធម្មតាមិនចាំបាច់ដាក់ក៏បាន ព្រោះវាំងននមានតម្លៃថ្លៃដែរ។ យើងអាចយកវត្ថុអនុស្សាវរីយ៍ផ្សេងៗ មកដាក់តាំងនៅក្នុងបន្ទប់ទទួលភ្ញៀវ ឬតាំងរូបគំនូរខ្លះៗនៅជញ្ជាំង។ ប្រសិនបើបន្ទប់គេងមានលក្ខណៈធំ យើងអាចដាក់ជាកៅអីមួយ ឬពីរ។ រីឯផើងផ្កាអាចដាក់តែមួយ ឬពីរតែប៉ុណ្ណោះ។ សម្រាប់អ្នកមានលុយច្រើន គេចំណាយតុបតែងផ្ទះគ្រប់ជ្រុងជ្រោយទាំងអស់តែម្ដង មានន័យថាគេរៀបចំតុបតែងតាំងពី ជាន់ទីមួយរហូតដល់ជាន់លើតែម្ដង។ អ្នកមិនសូវមានថវិការៀបចំតុបតែងតែនៅជាន់ទីមួយតែប៉ុណ្ណោះ។
ដំបូន្មានអ្នកជំនាញ
ផ្ទះតូចចង្អៀតបន្ដិចមែន តែប្រសិនបើរៀបចំវាឱ្យបានស្អាតនោះ យើងពិតជាអាចរស់នៅដោយក្ដីរីករាយ និងទាន់សម័យ ជាក់ជាពុំខាន។ ប៉ុន្ដែការរៀបចំតុបតែងត្រូវចំណាយថវិកាច្រើន។ ការតុបតែងផ្ទះតាមបែបសម័យទំនើប អាចធ្វើទៅបានសម្រាប់តែ អ្នកមានទ្រព្យសម្បត្ដិច្រើនប៉ុណ្ណោះ។ ចំពោះបន្ទប់ទទួលភ្ញៀវសម័យថ្មីមួយ ត្រូវចំណាយថវិការវាងពីបួនពាន់ទៅប្រាំពាន់ដុល្លារអាមេរិកឯណោះ។ សរុបការតុបតែង អាស្រ័យទៅលើតម្លៃសម្ភារៈដែលបំពាក់នោះផងដែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply