កម្ពុជាប្រជាធិបតេយ្យត្រូវបានគេស្គាល់ថាជារបបមួយដែលកាន់កាប់ដោយពួកខ្មែរក្រហមប៉ុលពត មានរយៈពេល៣ឆ្នាំ៨ ខែ២០ថ្ងៃ គឺក្នុងរវាងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។ រយៈពេលជិត៤ឆ្នាំនៅក្រោមរបបខ្មែរក្រហម ប្រទេសកម្ពុជាបានក្លាយជាកន្លែង មនុស្សឃាតមួយដ៏ធំសម្បើមប្រៀបបានដូចជាឋាននរកវលោកិយ ដែលជោគជាំទៅដោយឈាម និងទឹកភ្នែក។ ប្រជាជនខ្មែររស់នៅ យ៉ាងសែនវេទនា និងខ្លោចផ្សាជាទីបំផុត។ តើរយៈពេលជិត៤ឆ្នាំក្រោមរបបខ្មៅងងឹតនេះ ប្រទេសកម្ពុជាមានវិនាសសកម្ម អ្វីខ្លះ?
ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការដកស្រង់នូវស្ថិតិខ្លះនៃផលប៉ះពាល់ដែលបង្កឡើងដោយរបបខ្មែរក្រហម ដើម្បីទុកជូន ប្រិយមិត្ដអ្នកអានជាការស្វែងយល់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រទេសកម្ពុជាបានជួបនូវវិនាសកម្មយ៉ាងច្រើនលើសលប់។ ពួក ខ្មែរក្រហមបានបំបាត់ចោលនូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រណិតរបស់កម្ពុជា និងបំផ្លាញខឿនវប្បធម៌ជាតិដែលមានជាយូរលង់ណា ស់មកហើយ។ លើសពីនេះ របបនេះបានបំផ្លាញ និងបំបាត់ចោលស្ទើរតែទាំងស្រុងនូវមន្ទីរពេទ្យ សាលារៀន វត្ដអារាម ព្រះពុទ្ធសាស នា វិហារកាតូលិក និងសាសនាអ៊ីស្លាម។
- ចំនួនមនុស្សស្លាប់ ៖ ប្រជាជនស្លូតត្រង់ជាង៣លាននាក់ត្រូវបានសម្លាប់យ៉ាងរង្គាល និងព្រៃផ្សៃបំផុត។ នៅកម្ពុជា គ្រួសារណាក៏មានឪពុកម្ដាយ បងប្អូន ឬញាតិសន្ដានដែលត្រូវពួកខ្មែរក្រហមប៉ុលពតសម្លាប់ដែរ ភាគច្រើនជាគ្រួសារអ្នកទីក្រុង និងប្រជា ជននៅភូមិភាគអាស៊ីអាគ្នេយ៍។ ព្រះសង្ឃស្ទើរតែ៨២០០០អង្គត្រូវបានសម្លាប់។ តាមសាក្សី ក្នុងចំណោមបញ្ញវន្ដកម្ពុជាដែលសិក្សា នៅបរទេស មានចំនួន១០០០នាក់ត្រូវប៉ុលពតបោកបញ្ឆោតឱ្យត្រឡប់មកស្រុកវិញ និងត្រូវពួកនេះយកទៅសម្លាប់ចោលអស់ជា ច្រើននាក់។ កីឡាករល្បីឈ្មោះ ដែលបានចូលរួមប្រកួតប្រជែងអន្ដរជាតិ២០០០នាក់ និងអ្នកហឹ្វកហឺ្វនកីឡា៣០០០នាក់ ក៏ត្រូវពួកវា សម្លាប់ផងដែរ។
- ទំនាក់ទំនងគ្រួសារនិងទំនៀមទម្លាប់ ៖ មនោសញ្ចេតនារវាងមនុស្ស និងការជួយគ្នារវាងអ្នកជិតខាងត្រូវបានលុបបំបាត់។ គណៈសង្ឃ និងពុទ្ធបរិស័ទត្រូវបានសម្លាប់ ព្រមទាំងលុបបំបាត់ចោលសាសនា និងវប្បធម៌ជាតិ។ ពួកប៉ុលពតបានបង្ខំព្រះសង្ឃឱ្យចាក សិក្ខាបទ ហើយសម្លាប់ចោល។ វត្ដអារាម រូបបដិមាករ និងគម្ពីរធម៌ត្រូវបានបំផ្លិចបំផ្លាញអស់។ វត្ដអារាមចំនួន២៨០០បំផ្លាញស្ទើរ តែទាំងអស់។
- ការអប់រំគ្រប់ថ្នាក់ ៖ សាលារៀនត្រូវប្រែក្លាយជាមន្ទីរឃុំឃាំង ឃ្លាំងស្រូវ ឬឃ្លាំងជី។ សៀវភៅឯកសារនានានៅក្នុង បណ្ណាល័យត្រូវបានដុតបំផ្លាញចោល។ ក្នុងរយៈពេល៤ឆ្នាំក្រោមរបបប៉ុលពត គ្រូបង្រៀនប្រមាណ៤ភាគ៥ត្រូវពួកវាសម្លាប់។
- វប្បធម៌ជាតិ ៖ ក្នុងកំឡុងពេលជិត៤ឆ្នាំ ពួកវាកម្ទេចជាមូលដ្ឋាននូវសម្ភារៈ វប្បធម៌ និងសម្លាប់រង្គាលអ្នកដែលរក្សា និង ពង្រីកខឿនវប្បធម៌ជាតិ។ សិល្បៈករល្បីៗ៩០%ត្រូវបានសម្លាប់។ សិល្បៈករ១,២៤១នាក់នៅឆ្នាំ១៩៧៥ នៅសល់តែ១២១នាក់ ប៉ុណ្ណោះ។ បណ្ណាល័យធំៗ បណ្ណាគារសំខាន់ៗមហាវិទ្យាល័យ មន្ទីរវិទ្យាសាស្ដ្រ និងវត្ដអារាមជាច្រើនត្រូវបំផ្លាញ។ សំណង់ស្ថាបត្យ កម្មបូរាណចំនួន៥០ដែលល្បីឈ្មោះក៏ត្រូវបានបំផ្លាញ ជាពិសេសនៅប្រាសាទអង្គរធំ។
- សេដ្ឋកិច្ចជាតិ ៖ មូលដ្ឋានឧស្សាហកម្ម នៅមុនឆ្នាំ១៩៧៥ ពិតមែនតែពុំទាន់ពង្រីក។ នៅក្រុងភ្នំពេញក៏មាន៣១រោងចក្រ និងកម្មករជិត១៣,០០០នាក់ ហើយមាន៣,៧០០អង្គភាពសិប្បកម្ម។ ក្រោមរបបខ្មែរក្រហមកម្មាភិបាល មូលដ្ឋានច្រើនកន្លែងត្រូវ បិទទ្វារ ឬបង្រួញសកម្មភាព។ រោងចក្រស៊ីម៉ង់មានកម្លាំង៥០,០០០តោនក្នុងមួយឆ្នាំ និងរោងចក្រកែវ៤០,០០០តោនក្នុងមួយឆ្នាំ បាន ផ្អាកសកម្មភាព។ រោងចក្រតូចធំជាច្រើនទៀតត្រូវបានបិទទ្វារ ដោយកម្លាំងផលិតត្រូវបានបំផ្លាញ។
តើយុត្ដិធម៌មាននៅពេលណា?
រយៈកាលជិត៤ឆ្នាំនៃរបបខ្មៅងងឹតរបស់កម្ពុជាប្រជាធិបតេយ្យ ពិតជាមានវិនាសកម្មធំធេងណាស់។ អង្គជំនុំជម្រះវិសាមញ្ញ ដែលបានបង្កើតឡើងមានសារៈសំខាន់ណាស់សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហម ចំពោះមហាវិនាសកម្មនេះ ដើម្បី ឱ្យមានយុត្ដិធម៌នៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១២ ខែមករា ឆ្នាំ២០០៧
Leave a Reply