ជម្ងឺផ្តាសាយជ្រូកគឺជាប្រភេទជម្ងឺថ្មីមួយ ដែលអាចចម្លងទៅលើមនុស្សគ្រប់វ័យ និងបង្កដោយវីរុស H1N1 ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងងាយស្រួលដែលបង្កឲ្យមានជម្ងឺធ្ងន់ធ្ងរ និងបណ្តាលឲ្យស្លាប់ ថែមទៀតផង។
វីរុស ជម្ងឺផ្តាសាយ H1N1 បានផ្ទុះឡើងសារជាថ្មី និងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅភាគខាងជើងនៃប្រទេសឥណ្ឌា ដោយបានសម្លាប់មនុស្សម្នាក់ និង១០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមការលើកឡើងរបស់ព័ត៌មានប្រចាំប្រទេសឥណ្ឌា។
មន្ត្រីបសុពេទ្យរបស់រដ្ឋាភិបាល នូស៊ីង ហូម៉េ បានអោយដឹងថា ក្រុមភ្នាក់ងារបសុពេទ្យរដ្ឋាភិបាល កំពុងចេញប្រតិបត្តិការចាក់ថ្នាំបង្ការ និងពន្យល់ដល់ប្រជាពលរដ្ឋអោយចេះការពារខ្លួន កុំអោយឆ្លងជម្ងឺផ្តាសាយនេះ។
មន្ត្រីបសុពេទ្យរូបនេះ បានបន្ថែមថា ជម្ងឺផ្តាសាយ H1N1 បានផ្ទុះឡើង ឆ្លងរាលដាលយ៉ាងខ្លាំងម្តងរួចមកហើយកាលពីឆ្នាំ២០០៩កន្លងទៅ ដោយបានសម្លាប់យុវតីអាយុ ១៤ឆ្នាំម្នាក់ផងដែរនៅពេលនោះ។
ចំណែកមន្ត្រីក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បានចេញនូវសេចក្តីប្រកាសមួយ កាលពីប៉ុន្មានថ្ងៃមុននេះថា សូមឲ្យអោយប្រជាពលរដ្ឋដែលកំពុងរស់ភាគខាងជើងនៃប្រទេសនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត អំពីការឆ្លងរាលដាលនៃជម្ងឺផ្តាសាយនេះ។ គូសបញ្ជាក់ផងដែរថា ជម្ងឺគ្រុនផ្តាសាយជ្រូកនេះអ្នកជម្ងឺតែងមានអាការៈ គ្រុនក្តៅ ( កំដៅលើសពី៣៨អង្សាសេ) ក្អក ឈឺបំពង់ក ឈឺក្បាល ឈឺសាច់ដុំ ឈឺសន្លាក់ និងរោគសញ្ញាមួយចំនួនផ្សេងទៀតដូចជា ហៀរសំបោរ ក្អួត និង រាកជាដើម។ ដើម្បីការពារការឆ្លងជម្ងឺផ្តាសាយជ្រូកH1N1 លោកអ្នកគួរពាក់ម៉ាស់ ឬក្រម៉ា គ្របមាត់ច្រមុះគ្រប់ពេលដែលក្អកឬកណ្តាស់ លាងសម្អាតដៃនឹងសាប៊ូឲ្យបានញឹកញាប់ និងអនាម័យខ្លួនប្រាណជាប្រចាំ។ ចំពោះការចម្អិនសាច់ជ្រូកវិញ គឺត្រូវចម្អិនឲ្យបានឆ្អិនល្អមុននឹងបរិភោគ ជាពិសេសលោកអ្នកត្រូវសម្អាតផ្ទះសម្បែង និងបើកទ្វារ ឬបង្អួចឲ្យមានខ្យល់ និងពន្លឺចេញចូលបានល្អ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៩ មិថុនា ឆ្នាំ ២០១០ មានសារពត៌មាននៅក្នុងស្រុក និងក្រៅស្រុកជាច្រើនបានចុះផ្សាយថាលោកនាយករដ្ឋមន្ត្រីខ្មែរ សម្តេច ហ៊ុន សែន បានកើតជម្ងឺផ្តាសាយជ្រូកនេះផងដែរ។ ហើយត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលជូនសាធារណៈជនឲ្យបានជ្រាបជាដំណឹងពីពត៌មាននេះនៅពេលនោះផងដែរ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ ២០១២
Leave a Reply