សឿ សុធារ៉ា តារាវ័យក្មេងសម្រស់បាន ជាតារាលំដាប់ជួរមុខមួយរូបក្នុងចំណោមតារាដែលល្បីៗ នៅក្នុងប្រទេសយើង។ ថ្វីត្បិតតែនៅក្នុងវ័យក្មេងត្រឹមតែប៉ុណ្ណេះ ប៉ុន្ដែទេពកោសល្យសម្ដែងរបស់នាងពិតជាសក្ដិសមគ្មានទាស់តែម្ដង។ ព្រោះតែដូច្នេះហើយ ទើបនាងមមាញឹកក្នុងការងារខ្លាំងណាស់។ ទោះបីជាយ៉ាងណានាងនៅតែរក្សាបាននូវសម្រស់ដ៏ផូរផង់របស់នាងដដែលដោយមិនឱ្យ ស្រកស្រុតទេ។ ដើម្បីបើកកកាយអាថ៌កំបាំងក្នុងការថែរក្សាសម្រស់ និងសុខភាពរបស់តារាដ៏ស្រស់ស្អាត សឿ សុធារ៉ា ទស្សនាវដ្ដី សុខភាពយើង បានទៅជួបសម្ភាសន៍ជាមួយនាងផ្ទាល់។
ការថែរក្សាសក់
ស្រីស្រស់សុធារ៉ាស្រឡាញ់សក់របស់នាងណាស់។ នាងថែរក្សាសក់យ៉ាងម៉ត់ចត់ជាទីបំផុត ដោយកក់សក់ជារៀងរាល់ថ្ងៃ និងប្រើផលិតផលសម្រាប់ថែបំប៉នសក់ជាពិសេសទៀតផង។ ព្រោះសុធារ៉ាយល់ថាសរសៃសក់ប្រៀបដូចជាដើមរុក្ខជាតិដូច្នេះដែរ ដែលត្រូវការការស្រោចទឹកថែដាក់ជីទើបលូតលាស់បានល្អ។ សុធារ៉ាតែងតែអប់សក់ដោយខ្លួនឯងនៅរៀងរាល់ពេលដែលនាងកក់សក់ ដោយមិនដែលចេញទៅហាងដើម្បីអប់ទេ ព្រោះនាងមិនមានពេលវេលាគ្រប់គ្រាន់។ សុធារ៉ាមិនចូលចិត្ដគាបសក់ទេ ព្រោះនាងយល់ ថាការគាបសក់ធ្វើឱ្យសក់នាងខូចដោយសារកម្ដៅរបស់ម៉ាស៊ីនគាប។
ការថែរក្សាស្បែកមុខ
នៅពេលចេញសម្ដែង ស្បែកមុខរបស់សុធារ៉ាត្រូវទទួលរងនូវកម្ដៅថ្ងៃ និងគ្រឿងសម្អាងគ្រប់ប្រភេទ។ ប៉ុន្ដែសុធារ៉ាមិន ចូលចិត្ដប្រើក្រែមសម្រាប់ការពារកម្ដៅថ្ងៃទេ ព្រោះនាងពិបាកទ្រាំនៅពេលដែលបែកញើសមកលាយជាមួយក្រែមការពារកម្ដៅថ្ងៃ ព្រមជាមួយធូលីផ្សេងៗដែលមកប៉ះជាប់នឹងផ្ទៃមុខរបស់នាងដែលសើមដោយសារក្រែមនោះ។ ក្រោយចប់ការសម្ដែង សុធារ៉ាលុប លាងមុខឱ្យស្អាតរួច ទើបប្រើក្រែមសម្រាប់ថែរក្សាស្បែកមុខដើម្បីកុំឱ្យជ្រីវជ្រួញ និងឱ្យស្បែកមានសំណើមជានិច្ច។ ជារៀងរាលយប់ សុធារ៉ាប្រើក្រែមសម្រាប់បំប៉នស្បែកមុខដែលជ្រើសរើសជាពិសេសសម្រាប់ស្បែកមុខរបស់នាង។ ជាងនេះទៅទៀត ទោះបីជារវល់ យ៉ាងណាក៏ដោយនៅពេលមុនទទួលទានដំណេក នាងតែងតែលាបទឹកឃ្មុំនៅលើស្បែកមុខទុករយៈពេល១៥នាទីទើបលាងសម្អាតចេញដើម្បីជំនួយដល់ស្បែកមុខ។ ដោយសារមិនមានពេលវេលាគ្រប់គ្រាន់ សុធារ៉ាមិនដែលទៅម៉ាស្សា ឬស្ទីមមុខនៅហាងកែសម្រស់នានានោះទេ។ ក្រៅពីការចេញសម្ដែង សុធារ៉ាចូលចិត្ដតុបតែងមុខតាមបែបធម្មជាតិស្រាលៗដើម្បីកុំឱ្យមើលទៅឃើញស្លេកស្លាំងពេក។
ការថែរក្សាស្បែកខ្លួន
នៅពេលចេញសម្ដែងក្រោមកម្ដៅថ្ងៃ តារាម្នាក់ៗតែងតែជ្រើសរើសក្រែមការពារកម្ដៅថ្ងៃសម្រាប់ការពារស្បែករបស់ខ្ល្លួន ។ ដោយឡែកសុធារ៉ាមិនដូចពួកគេទេ គឺសុធារ៉ាគ្រាន់តែផាត់ម្សៅធម្មតាដូចស្បែកមុខដែរ ដោយមិនឱ្យស្បែកឡើងខ្លាញ់ដោយសារ ញើស ធូលី និងជាតិប្រេងនៃក្រែមនោះទេ។ នៅពេលចប់ការសម្ដែង សុធារ៉ាសម្អាតខ្លួន រួចលាបឡេដែលផ្ដល់សំណើមដល់ស្បែក ដែលជាប្រភេទឡេលាយយ៉ាងពិសេសដែលជួយឱ្យស្បែកស ភ្លឺរលោង និងមិនជ្រីវជ្រួញ។
ការថែរក្សាបបូរមាត់
សុធារ៉ាចូលចិត្ដលាបបបូរមាត់ពណ៌ស្រាលៗលើកលែងតែការសម្ដែងដែលតម្រូវឱ្យលាបពណ៌ក្រហម ឬពណ៌ដិតនោះ។
ការថែរក្សាក្រចក និងប្រអប់ដៃ
សុធារ៉ាមិនចូលចិត្ដលាបពណ៌ក្រចក និងទុកក្រចកវែងទេ។ ចំពោះប្រអប់ដៃជើងសុធារ៉ាមិនមានការថែទាំជាពិសេសណា ឡើយហើយក៏មិនដែលទៅម៉ាស្សាឱ្យម្រាមដៃជើងស្រឡូនម្ដងណាទេ។ ហើយនាងក៏គ្មានក្រែមពិសេសដាច់ដោយឡែកណាដែរ គឺប្រើ រួមជាមួយក្រែមសម្រាប់បំប៉នស្បែកខ្លួនតែម្ដង។
ការថែរក្សារោមចិញ្ចើម និងរោមភ្នែក
សុធារ៉ាចូលចិត្ដកោរតម្រឹមចិញ្ចើមតិចៗមួយសបា្ដហ៍ម្ដងដើម្បីឱ្យមានរាងចិញ្ចើមស្អាតបន្ដិច។ សុធារ៉ាច្រើនពាក់រោមភ្នែក នៅពេលសម្ដែងដើម្បីឱ្យមើលទៅឃើញភ្នែកនាងធំជាងធម្មតាបន្ដិច។
វិធីសម្រកទម្ងន់ និងការថែរក្សាសុខភាព
សុធារ៉ាចូលចិត្ដទទួលទានបន្លែ និងផ្លែឈើណាស់ ដើម្បីសម្រស់ និងសុខភាព។ រីឯទឹកក៏សំខាន់ណាស់ដែរសម្រាប់នាង។ ដោយឡែកចំពោះការបរិភោគអាហារ សុធារ៉ាចូលចិត្ដសាច់ត្រីច្រើនជាងសាច់សត្វនានា ព្រោះត្រីមិនធ្វើឱ្យឡើងទម្ងន់។ ដើម្បីរក្សា ទម្ងន់រាងកាយ សុធារ៉ាមិនទម្លាប់ទទួលទានអាហារពេលព្រឹក និងពេលយប់ទេ ជំនួសមកវិញដោយផ្លែឈើ និងភេសជ្ជៈ។ ចំពោះការ ហាត់ប្រាណ សុធារ៉ាចូលចិត្ដការហែលទឹកច្រើនជាងកីឡាផ្សេងៗទៀត។ ពេលមានពេលទំនេរ ឬមានអាការផ្ដាសាយនោះ សុធារ៉ា តែងតែទៅឆ្ពុងដើម្បីសម្រាលអាការនឿយហត់របស់នាង។
ការទទួលទានដំណេក
ដោយសារតែនាងរវល់ជាមួយអាជីពជាអ្នកសម្ដែង និងសម្អាងការផងនោះ សុធារ៉ាមិនសូវមានពេលវេលាគ្រប់គ្រាន់សម្រា ប់ទទួលទានដំណេកទេ។ មានពេលខ្លះ នាងត្រូវក្រោកតាំងពីម៉ោង៣ទៀបភ្លឺដើម្បីទៅសម្អាងឱ្យអតិថិជន និងពេលខ្លះទៀតត្រូវ សម្ដែងមួយយប់ទល់ភ្លឺក៏មាន។ ហេតុនេះហើយនាងតែងតែគេងពេលណាដែលនាងអាចគេងបាន ដើម្បីសងបង្គ្រប់ពេលវេលា ជាប្រយោជន៍កុំឱ្យឆាប់ចាស់មុនអាយុ។
បំណងទៅអនាគត
សុធារ៉ាបានអះអាងថាបើទស្សនិកជននៅតែគាំទ្រ នាងនៅតែបំរើខាងផ្នែកសិល្បៈនេះរហូតដល់ចាស់សក់ស្កូវ។ ទោះបីជា យ៉ាងណាក៏បច្ចុប្បន្ននេះនាងបានបង្កើតអាជីពមួយផ្សេងទៀតក្រៅពីសិល្បៈ គឺសម្អាងការ និងកាត់ដេរសម្លៀកបំពាក់។ ជាមួយគ្នានេះ ផងដែរថ្មីៗនេះសុធារ៉ាសម្អាងការមានជូនសម្លៀកបំពាក់ដល់កូនក្រមុំដែលមកជាវសម្អាងការរបស់នាងមួយសម្រាប់(តាមការពេញចិត្ដរបស់កូនក្រមុំផ្ទាល់)ជាអនុស្សាវរីយ៍ផងដែរ។ ជាងនេះទៅទៀតនៅហាងរបស់នាងមានជាងចំណានជាច្រើន ដែលមានបទពិសោ ធន៍មកពីបរទេសក្នុងការកាត់ដេរសម្លៀកបំពាក់។
បណ្ដាំផ្ញើរបស់ សឿ សុធារ៉ា
សុភាពនារីទាំងឡាយសម្រស់ជាទ្រព្យសម្បត្ដិដ៏មានតម្លៃរបស់ស្ដ្រី សូមថែរក្សាវាឱ្យនៅជាមួយយើងឱ្យបានយូរតាមតែអាច ធ្វើបាន។ របបទទួលទានអាហារ ការទទួលទានដំណេក ការថែរក្សាសម្រស់ និងការហាត់ប្រាណសុទ្ធតែអាចជួយលោកស្រីអ្នកនាង កញ្ញានៅក្នុងរឿងនេះ។ សូមចាប់ផ្ដើមអនុវត្ដន៍ពីថ្ងៃនេះទៅ!
ការរៀបរាប់ជូនខាងលើនេះ ជាការយល់ឃើញ និងជាការអនុវត្ដរបស់កញ្ញា សឿ សុធារ៉ាតែប៉ុណ្ណោះ។ សូមលោកស្រីអ្នក នាងកញ្ញាជ្រើសរើសយកអ្វីដែលលោកអ្នកយល់ថាល្អត្រឹមត្រូវសម្រាប់អនុវត្ដបានហើយ។
ប្រវត្ដិរូបសង្ខេប
- ឈ្មោះ ៖ សឿ សុធារ៉ា
- អាយុ ៖ ២១ ឆ្នាំ
- កម្ពស់ ៖ ១,៦២ ម៉ែត្រ
- ទម្ងន់ ៖ ៥៣ គីទ្បូក្រាម
- ទំហំទាំងបី ៖ ៣២ , ២៧ , ៣៣
- បងប្អូន ៖ ៧ នាក់ (ជាកូនទី៧ )
- ស្ថានភាពគ្រួសារ ៖ រស់នៅជាមួយឪពុកមា្ដយ
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply