ការកាត់ត្របកភ្នែកពីរជាន់ពិតជាមានការចាប់អារម្មណ៍ពីសំណាក់លោកអ្នក ជាពិសេសសុភាពនារី ព្រោះវាបានរួមចំណែក លើកសម្រស់ផ្ទៃមុខមួយកម្រិតថែមទៀត។ ហេតុនេះហើយទើបមានសុភាពនារីមួយចំនួនខំចំណាយពេលវេលា និងថវិកាដើម្បីទៅវះកាត់កែត្របកភ្នែកឱ្យមានស្រទាប់ពីរជាន់។ ជាពិសេសសុខចិត្ដទ្រាំឈឺគ្រប់បែបយ៉ាងដើម្បីឱ្យបានសម្រស់ស្រស់ស្អាតដោយត្របក ភ្នែកពីរជាន់។
ដើម្បីស្វែងយល់ពីរបៀបនៃការថែរក្សាសម្រស់ត្របកភ្នែក ទស្សនាវដ្ដី សុខភាពយើង បានជួបសម្ភាសន៍ជាមួយលោកស្រី ហេង យុង ជាអគ្គនាយកនៃមជ្ឈមណ្ឌលថែរក្សាសម្ផស្សសាលីណា។
កាត់ត្របកភ្នែកពីរជាន់
កាត់ត្របកភ្នែកពីរជាន់ គឺជាការវះកាត់ផ្នែកខាងលើនៃត្របកភ្នែក កែច្នៃត្របកភ្នែកឱ្យមានលក្ខណៈស្អាតក្លាយជាពីរជាន់។ ការកាត់ត្របកភ្នែកពីរជាន់ត្រូវមើលទៅតាមប្រភេទ ឬទម្រង់ត្របកភ្នែកនីមួយៗ ព្រោះត្របកភ្នែករបស់មនុស្សម្នាក់ៗមានពីធម្មជាតិ មកមិនដូចគ្នានោះទេ។ ដូច្នេះទាមទារឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាទាំងនេះ មិនមែនចេះតែធ្វើការវះកាត់ទៅតាមអ្វីដែលនឹក ឃើញនោះទេ ត្រូវពិនិត្យឱ្យបានហ្មត់ចត់។
ជាធម្មតា ភ្នែកនីមួយៗមានលក្ខណៈខុសគ្នា អ្នកខ្លះមានទម្រង់ភ្នែកធំ ទម្រង់ភ្នែកវែង ទម្រង់ភ្នែកតូចជាដើម មានត្របក ភ្នែកតែមួយជាន់ ឬគ្មានត្របកភ្នែកតែម្ដង។ ភ្នែកដែលកាត់ស្អាតជាងគេ ហើយទទួលលទ្ធផលបានល្អ គឺត្របកភ្នែកដែលសម្បូរទៅ ដោយខ្លាញ់ មានដូចជាទម្រង់ភ្នែកធំ និងទម្រង់ភ្នែកវែង ងាយធ្វើការវះកាត់ ហើយទទួលលទ្ធផលគួរជាទីគាប់ចិត្ដ។
ការកាត់ត្របកភ្នែកពីរជាន់មិនមែនសុទ្ធតែធ្វើការវះកាត់ ដើម្បីតែភាពស្អាតមានសោភ័ណភាពនោះទេ។ ការកាត់ត្របក ភ្នែកមានមូលហេតុមួយទៀត ជួនកាលភ្នែកលោកអ្នកខ្លះមានបញ្ហាដូចជាដុះសាច់លើភ្នែក ស្បែកត្របកភ្នែកធ្លាក់ មានផ្លែនៅលើ ត្របកភ្នែក មានសន្លាកជាដើម។ ពេលដែលមានបញ្ហាទាំងអស់នេះតម្រូវឱ្យធ្វើការកែច្នៃឱ្យមានសភាពធម្មតាវិញ។
របៀបកាត់ត្របកភ្នែកពីរជាន់
មុនដំបូងនៃការចាប់ផ្ដើមធ្វើការវះកាត់ អ្នកជំនាញត្រូវវាស់ទម្រង់ភ្នែក ត្រូវគូសលើភ្នែកគួរយកស្បែកកម្រាស់ប៉ុន្មាន ប្រភេទភ្នែកដែលមានខ្លាញ់ច្រើនត្រូវការយកខ្លាញ់ប៉ុន្មាន ទាមទារឱ្យមានការពិនិត្យ និងកាត់ទៅតាមភ្នែកនីមួយៗ។ ជាពិសេសការវះ កាត់ត្របកភ្នែកធ្វើទៅតាមបច្ចេកទេសត្រឹមត្រូវ។
ចំពោះឧបករណ៍សម្រាប់វះកាត់ មានដូចជាកន្ដ្រៃកៀប ម្ជុល ថ្នាំស្ពឹកជាដើម។ មុនដំបូង ត្រូវលាបថ្នាំស្ពឹកជាមុនសិន ដើម្បី កុំឱ្យមានការឈឺចាប់ខ្លាំងពេក។ បន្ទាប់មកទៀតចាប់ផ្ដើមធ្វើការវះកាត់យកខ្លាញ់ចេញ កាត់យកស្បែកទៅតាមភ្នែកដែលមានសាច់ ច្រើន ឬតិច។ ក្រោយពីកាត់ហើយ ត្រូវដេរនៅលើភ្នែកទាល់តែបានរយៈពេល៥ថ្ងៃ ទើបអាចហូតអំបោះចេញបាន។ របៀបនៃការ កាត់ត្របកភ្នែកប្រៀបដូចទៅនឹងការកាត់ខោអាវដូច្នោះដែរ ត្រូវមើលទៅតាមសាច់ក្រណាត់ និងរូបរាងដែលចង់បាន។ ការវះកាត់ ត្រូវចំណាយពេលប្រហែលពី២០ទៅ២៥នាទី។
ផលវិបាករបស់ការកាត់ត្របកភ្នែកពីរជាន់
ក្រោយពីធ្វើការវះកាត់ហើយ ត្របកភ្នែករបស់លោកអ្នកឡើងហើម និងក្រហម។ ចំណែកឯការកាត់ត្របកភ្នែកមនុស្ស ចាស់ត្រូវប្រឈមនឹងការហើមយូរជាងមនុស្សវ័យក្មេង។
ការកាត់ត្របកភ្នែកដែលធ្វើឡើងដោយអ្នកជំនាញខាងវះកាត់កែសម្ផស្សមានសញ្ញាប័ត្រត្រឹមត្រូវមិនមានផលប៉ះពាល់ទៅ ដល់កញ្ចក់ភ្នែក និងកែវភ្នែកនោះទេ ព្រោះការវះកាត់ត្របកភ្នែកពីរជាន់ធ្វើតែនៅលើស្បែកភ្នែកខាងក្រៅតែប៉ុណ្ណោះ។
ដំបូន្មានអ្នកជំនាញ
បន្ទាប់ពីការវះកាត់ លោកអ្នកត្រូវថែរក្សាអនាម័យឱ្យបានល្អ ចៀសវាងកុំឱ្យត្រូវទឹករហូតដល់ពេលដែលភ្នែកជាសះស្បើយ មានសភាពធម្មតាវិញ។ ស្បែកត្របកភ្នែកងាយនឹងមានប្រតិកម្ម ឬក្លាយ ដូច្នេះលោកអ្នកត្រូវតមអាហារមួយចំនួន ដូចជាគ្រឿងសមុទ្រ សាច់គោជាដើម។ ពេលវះកាត់ហើយ គប្បីទទួលទានថ្នាំផ្សះ និងថ្នាំសម្រាប់បំបាត់ហើមក្នុងរយៈពេល១០ថ្ងៃ ដើម្បីជួយឱ្យ ស្បែកត្របកភ្នែកឆាប់ផ្សះជាដូចដើម។ មុននឹងសម្រេចចិត្ដជ្រើសរើសសេវាកែសម្ផស្សណាមួយ គប្បីមានការប្រុងប្រយ័ត្នទាំងការប្រើ ប្រាស់ផលិតផល និងបច្ចេកទេសវះកាត់មួយចំនួនដែលគ្មានក្បួនខ្នាតច្បាស់លាស់។
បណ្ដាំផ្ញើរបស់សុខភាពយើង
ទស្សនាវដ្ដី សុខភាពយើង សូមរំលឹកថាខ្លឹមសារដែលបានលើកឡើងមកជម្រាបជូនជាព័ត៌មាននេះជាចំណេះដឹងផ្ទាល់របស់ អ្នកប្រឹក្សា។ ដូច្នេះ មុននឹងលោកអ្នកសម្រេចចិត្ដទៅធ្វើការវះកាត់កែសម្ផស្ស សូមទៅរកសេវានៅកន្លែង និងអ្នកជំនាញណាដែល ទទួលស្គាល់ និងអនុញ្ញាតដោយក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធនៃព្រះរាជាណាកម្ពុជា។ បច្ចុប្បន្ននេះ មានហាងកែសម្ផស្សជា ច្រើនកំពុងធ្វើការវះកាត់កែសម្ផស្ស ជាការលំបាកណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរអាចដឹងថាតើអ្នកជំនាញណា និងកន្លែងណាដែលមាន ការអនុញ្ញាតត្រឹមត្រូវស្របច្បាប់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply