អាហារលក់ដូរដែលដាក់លក់នៅតាមដងផ្លូវ ឬតាមទីសាធារណៈមានស្ទើរគ្រប់ទីកន្លែង។ ការលក់ដូរអាហារបែបនេះអាច ជាការដោះដូរដើម្បីបានកម្រៃសម្រាប់ទប់ទល់ជីវភាពគ្រួសារ ឬអាចជួយសម្រួលតម្រូវការសម្រាប់មនុស្សភាគច្រើន។ វាមានតម្លៃ ថោក ងាយរកបាន និងចំណេញពេលវេលា។ ប៉ុន្ដែករណីខ្លះ អ្នកលក់ដូរមិនបានយកចិត្ដទុកដាក់ ឬគិតគូរដល់សុវត្ថិភាពចំណីអាហារ ជាហេតុបង្កឱ្យមានជម្ងឺ ឬការពុលចំណីអាហារដល់អ្នកបរិភោគ ដូចជាក្អួត រាករូសជាដើម។ តើលោកអ្នកធ្លាប់បានគិតឬទេថាចំណី អាហារនៅតាមដងផ្លូវមានសុវត្ថិភាពត្រឹមកម្រិតណា?
អាហារតាមដងផ្លូវជាប្រធានបទដែលទស្សនាវដ្ដី សុខភាពយើង លើកយកមកបកស្រាយនៅលេខនេះ តាមរយៈការជួប សម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត សែន ពិសិដ្ឋ អនុប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីទុកជាការស្វែងយល់ដល់ប្រិយមិត្ដ អ្នកអាន។
ប្រភេទចំណីអាហារលក់ដូរតាមដងផ្លូវ
យើងអាចសម្គាល់ចំណីអាហារលក់ដូរតាមដងផ្លូវបាន។
- ជាអាហារដែលលក់ដូរចល័តតាមដងផ្លូវ តាមសួនច្បារ ឬតាមទីសាធារណៈ។
- ជាអាហារដែលលក់ដូរដាក់លើតុ ឬគ្រែតូចៗ ទាំងអាហាររៀបចំស្រេច ទាំងអាហារកំពុងចម្អិនលើចិញ្ចើមផ្លូវ មានកៅអី អង្គុយ៤ទៅ៥ សម្រាប់អ្នកបរិភោគ។ រយៈពេលនៃការលក់ដូរមានតែមួយព្រឹក មួយល្ងាច ពេលយប់ ឬបន្ដលក់ដូរទាំងបីពេល។
- ជាអាហារដែលលក់ដូរ ជារូបភាពភោជនីយដ្ឋាន តែបន្ដហៀរចេញពីក្នុងផ្ទះរហូតមកដល់ពេញចិញ្ចើមផ្លូវ ធ្វើឱ្យបាត់បង់ សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ។
ចំណីអាហារលក់តាមដងផ្លូវមានច្រើនប្រភេទណាស់ ជាប្រភេទចំណីអាហារចម្អែតដែលមនុស្សទូទៅត្រូវការចាំបាច់ ដូចជា បបរស បបរត្រី នំបញ្ចុក បាញ់ឆែវ នំគ្រក់ នំប៉័ងសាច់ ទឹកសណ្ដែក បង្អែម ទឹកអំពៅ ប្រភេទគ្រឿងក្លែមជាដើម។
គុណសម្បត្ដិរបស់ចំណីអាហារតាមដងផ្លូវ
- ងាយស្រួលរកហូបចុកបាននៅជិតៗខ្លួន ជិតផ្ទះ ជិតកន្លែងធ្វើការ មិនចំណាយពេលវេលា និងសោហ៊ុយធ្វើដំណើរឆ្ងាយ។
- ចំណីអាហារមានតម្លៃសមរម្យ។
- រសជាតិអាចបរិភោគបានតាមទម្លាប់របស់មហាជនទូទៅ។
គុណវិបត្ដិរបស់ចំណីអាហារតាមដងផ្លូវ
តាមការសិក្សារបស់ក្រសួងសុខាភិបាល ក្រោមការចូលរួមឧបត្ថម្ភពីអង្គការសុខភាពពិភពលោកនៅឆ្នាំ១៩៩៥ ដោយធ្វើ អង្កេតនៅតាមបណ្ដាខេត្ដមួយចំនួន និងនៅក្នុងរាជធានីភ្នំពេញលើចំណីអាហារនានា ដូចជាបបរត្រី នំបញ្ចុក បាញ់ឆែវ ទឹកសណ្ដែក និងបបរសណ្ដែក បង្ហាញឱ្យឃើញថាលើសពី៥០%នៃចំណីអាហារទាំងនោះមានមេរោគច្រើន ដែលមិនគួរបរិភោគបាន។ មានកត្ដាជា ច្រើនដែលពាក់ព័ន្ធដល់គុណភាពអាហារទាំងនោះ។
1. បរិស្ថាន ៖ ការលក់ដូរមិនបានទុកដាក់ត្រឹមត្រូវ មិនមានគម្រប ឬទូរកញ្ចក់បិទបាំង ខ្យល់អាចបក់នាំធូលីចូលទៅក្នុង ចំណីអាហារ។ នៅតាមដងផ្លូវជាទីល្ហល្ហេវ ធូលីនៅលើផ្លូវ និងចិញ្ចើមផ្លូវ នៅជាប់នឹងកង់យានយន្ដគ្រប់ប្រភេទ រួមទាំងពងព្រូន និង មេរោគនានា នឹងហោះហើរមកធ្លាក់លើចំណីអាហារបានយ៉ាងងាយ។
2. ចិញ្ចើមផ្លូវ ៖ ដងផ្លូវដែលមានការគ្រប់គ្រង និងរៀបចំសណ្ដាប់ធ្នាប់បានល្អ មិនសូវមានលក់ចំណីអាហារបែបអនាធិបតេយ្យច្រើនទេ។ ចំណីអាហារទាំងនោះច្រើនលក់នៅទីកន្លែងដែលមិនទាន់បានគ្រប់គ្រងល្អ ដូចជាទីកន្លុកកន្លៀត កាច់ជ្រុង និងទីដែល មានប្រជុំមនុស្សច្រើន ដែលអាចជាកន្លែងចោលសម្រាម កន្លែងបន្ទោរបង់ខ្វះអនាម័យ ឬជាកន្លែងបង្ហូរកាកសំណល់ជាដើម ហើយ សម្បូរទៅដោយភ្នាក់ងារចម្លងរោគ ដូចជារុយ កន្លាត កណ្ដុរជាដើម។
3. ការលាងសម្អាត ៖ គឺសំដៅដល់ទឹកសម្រាប់ប្រើប្រាស់ និងបរិភោគ។ ការចំណាយលើជើងក្រាន និងជើងឆ្នាំងមាន កម្រិតខ្ពស់ នាំឱ្យការដាំទឹកសម្រាប់ភ្ញៀវបរិភោគមិនបានឆ្អិន ឬពុះល្អ ឬអាចប្រើទឹកឆៅតែម្ដង។ ការសន្សំសំចៃលើការប្រើប្រាស់ទឹក ស្អាត នាំឱ្យមានការកំណត់នូវបរិមាណទឹកក្នុងការលាងសាច់ បន្លែ ឬឬការលាងសម្អាតចានឆ្នាំង កែវ ស្លាបព្រា សមជាដើម។ ទឹកដែល លាងហើយ គ្មានកន្លែងចាក់បង្ហូរ ត្រូវបានជះចោលនៅក្បែរកន្លែងលក់ដូរនោះតែម្ដង។
4. ការផលិត ៖ តើការចម្អិន និងការទុកដាក់ធ្វើបានកម្រិតណា? ការចម្អិន និងការផលិតមុខម្ហូបធ្វើទៅតាមទម្លាប់ ដោយ មិនមានទទួលនូវការយល់ដឹងពីក្បួនអនាម័យអ្វីឡើយ។ អាហារខ្លះចម្អិនក្ដៅៗ ហើយលក់ភ្លាមៗ ដូចជាបបរត្រីជាដើម។ អាហារខ្លះ ទៀតរៀបចំក្ដៅៗ តែគ្រឿងផ្សំរៀបចំទុកជាមុនច្រើនម៉ោង ឧទាហរណ៍ស្នូលបាញ់ឆែវត្រូវបានធ្វើទុកជាមុនរយៈពេលយូរ។ ចំណែកនំ បញ្ចុក សរសៃនំស្ងោរក្នុងទឹកក្ដៅ ហើយស្រង់ទៅលាងទឹកឆៅដែលមានប្រភពពីទឹកអណ្ដូង ស្រះ ឬត្រញំងទៅវិញ។ អាហារខ្លះចម្អិន តែម្ដងបានត្រឹមត្រូវ តែទុកលក់រយៈពេលយូរ ជាអាទិទឹកសណ្ដែក បង្អែម ឬខ្ទិះដូង។
5. សង្គម ៖ ខ្វះការគ្រប់គ្រងល្អ ការលក់ដូរតាមដងផ្លូវបានបង្កជាភាពអនាធិបតេយ្យ នាំឱ្យបាត់សោភ័ណភាព និងសណ្ដាប់ ធ្នាប់នៅតាមទីសាធារណៈ ឬតាមដងផ្លូវ ដែលនាំឱ្យកើតជាន្លែងមានភក់ជ្រាំ និងរំខានដល់ការធ្វើចរាចរណ៍ទៀតផង។
ជម្ងឺបង្កពីចំណីអាហារនៅតាមដងផ្លូវ
ប្រសិនបើអ្នកលក់មិនបានចម្អិនចំណីអាហារឱ្យបានឆ្អិនល្អ មិនបានទុកដាក់ក្នុងទូកញ្ចក់ ឬមិនមានគម្របត្រឹមត្រូវ កន្លែង លក់ដូរមិនមានលក្ខណៈអនាម័យ និងគ្មានបរិយាកាសល្អ តើអ្នកបរិភោគប្រឈមមុខនឹងបញ្ហាអ្វី? ការពុលចំណីអាហារមិនកើតមាន តែចំពោះចំណីអាហារដែលមានសារធាតុគីមីពុលប៉ុណ្ណោះទេ គឺការពុលអាចនឹងកើតមានឡើងដោយមេរោគចម្លងក្នុងអាហារ បង្កឱ្យមាន
ជម្ងឺរាក ក្អួត ចុកពោះ មួល គ្រុនពោះវៀន ឬជម្ងឺរលាកថ្លើមប្រភេទអាជាដើម។ ទាំងនេះក៏មិនមែនមានន័យថាគ្រប់ចំណីអាហារដែលលក់ដូរតាមដងផ្លូវសុទ្ធតែមានគ្រោះថ្នាក់ទាំងអស់នោះទេ។ ប៉ុន្ដែគួរគិតដល់ប្រភព និងហេតុផលនានា ដែលនាំដល់ការចម្លង រោគ និងការបង្កគ្រោះថ្នាក់ក្រោយការបរិភោគ និងសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាននីមួយៗផងដែរ។
វិធានការលើកកម្ពស់ការលក់ដូរតាមដងផ្លូវ
- អ្នកលក់ ៖ ត្រូវមានសុខភាពល្អ ត្រូវចម្អិនអាហារឱ្យបានឆ្អិនល្អ កម្ដៅត្រូវលើសពី៧០អង្សា។ បើទុកក្នុងកន្លែងត្រជាក់ គួរ តែទុកក្រោម៥អង្សា ទើបអាចទប់ស្កាត់ការរាលដាលនៃមេរោគបាន។
ប្រសិនបើការលក់ដូរតែមួយពេល មួយព្រឹក ឬមួយល្ងាច មិនជាអ្វីទេ។ ប៉ុន្ដែបើចំណីអាហារប្រើប្រាស់មិនអស់ ហើយទុករយៈពេលយូរទៀតនោះមេរោគក្នុងអាហារដែលស្ថិតក្នុងសីតុណ្ហភាពធម្មតាងាយបំបែកខ្លួនរីករាលដាលបានយ៉ាងលឿន។ អ្នកលក់ត្រូវ លាងបន្ថែមជាមួយនឹងទឹកស្អាត ជាពិសេសបន្លែឆៅ។ ទឹកត្រូវដាំឱ្យពុះសម្រាប់ភ្ញៀវបរិភោគ ឬទទួលទាន។ គួរលក់ដូរនៅកន្លែងស្អាត និងគ្មានប្រភពចម្លងមេរោគ។
- អ្នកបរិភោគ ៖ ជាការងាយស្រួលទេ មុននឹងបរិភោគលោកអ្នកអាចសង្កេតមើលស្ថានភាពទូទៅនៃការលក់ដូរ ដោយ មើលទៅលើអ្នកលក់ តើគាត់អាចមានសុខភាពល្អកម្រិតណា? តើគាត់មានអនាម័យល្អឬទេ? គាត់កាត់ក្រចកដៃជើង ចងសក់ ពាក់ មួកបានត្រឹមត្រូវឬទេ?
ដំបូន្មានអ្នកប្រឹក្សា
ប្រជាពលរដ្ឋជាអ្នកលក់ដូរ គួរចាប់អារម្មណ៍ចូលរួមទស្សនា អាន និងស្ដាប់នូវការអប់រំណែនាំលើបញ្ហាអនាម័យចំណីអាហា រ តាមរយៈការផ្សព្វផ្សាយ ដូចជាទូរទស្សន៍ វិទ្យុ ឯកសារ ឬការអប់រំផ្ទាល់ពីភ្នាក់ងារអនាម័យ។ ការចូលរួមនេះ គឺដើម្បីជាទុនក្នុង ការពិចារណាផ្លាស់ប្ដូរឥរិយាបថ និងទម្លាប់មិនល្អទាំងការអនាម័យខ្លួនប្រាណ និងការអនាម័យទូទៅ ដើម្បីផលិត និងលក់ដូរនូវ អាហារដែលធានាបាននូវគុណភាព និងអនាម័យបានត្រឹមត្រូវ។ គួរជ្រើសរើសទីតាំងលក់ដូរនៅកន្លែងស្អាត និងមានបរិយាកាសល្អ។ ប្រជាពលរដ្ឋជាអ្នកបរិភោគគួរពិនិត្យស្ថានភាពទីកន្លែងលក់ថាចំណីអាហារណាដែលគួរបរិភោគ ឬមិនគួរបរិភោគ។ ការលក់ដូរគួរគិត ដល់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ទាំងនេះ គឺដើម្បីសុខុមាលភាពលោកអ្នក និងសង្គមជាតិទាំងមូល។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply