មួយ​យប់​មាន​ផ្ទុះអាវុធ​២​លើក​នៅ​ក្នុង​ខណ្ឌ​៧​មក​រា​

ភាពអសន្តិសុខដោយការបាញ់បោះសេរីនៅក្នុងប្រទេសបានធ្វើឲ្យប្រជាជនស្លូតត្រង់មានការភិតភ័យយ៉ាងខ្លាំងនៅប៉ុន្មានថ្ងៃកន្លងមកនេះបើទោះបីជាអាជ្ញាធរមានការរឹតបន្តឹងការយាមកាមនៅអំឡុងពេលប្រជុំអាស៊ាននា
ពេល
ថ្មីៗនេះមិនទាន់ទាំងចប់ក៏ដោយ។សួរថាតើនឹងមានអ្វីកើតឡើងបើមានករណី​​បាញ់បោះសេរីកើតមានច្រើននៅក្នុងទីក្រុង?

រូបភាពអ៊ិនធឺណេត

មាន​ករណី​ផ្ទុះអាវុធ​២​លើក​ ក្នុង​មួយ​យប់​នៅ​ខណ្ឌ​៧​មក​រា​ ដែល​មួយ​លើក​ត្រូវ​បាន​សមត្ថកិច្ច​លាក់លៀម​ថា​ មិន​មាន​កើតហេតុ​ផ្ទុះអាវុធ​នោះ​ទេ​ តែ​មួយ​លើក​ទៀត​បាន​អះអាង​ថា​ពិតជា​មានការ​ផ្ទុះអាវុធ​ពិតប្រាកដ​មែន​។ ​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ការ​ផ្ទុះ​ អាវុធ​មួយ​លើក​បាន​កើតឡើង​វេលា​ ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២​ខែមេសា​ ឆ្នាំ​២០១២​ នៅ​ផ្លូវ​ព្រះ​សីហ​នុ​ទល់មុខ​ អតីត​រោង​ភាពយន្ដ​គិរី​រម្យ​ សង្កាត់​វាល​ វង់​ ខណ្ឌ​៧​មក​រា​ ដែល​កើតឡើង​ដោយ​សារ​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏ ។​ នេះបើ​តាម​ការ​អះអាង​បានឲ្យ​ដឹងពី​សារព័ត៌មាន​នគរវត្ត។ សារព័ត៌មាន​ដដែល​នេះបន្តថា ករណី​គ្រោះថ្នាក់​ចរាចរណ៏​នេះ​ កើត​ឡើង​ដោយ​សារ​ម៉ូតូ​៤​គ្រឿង​បាន​ប៉ះ​គ្នា​បណ្ដាល​ឱ្យ​ដួល​ទាំងអស់​គ្នានលើ​ផ្លូវ​ ហើយ​ក្នុង​នោះ​បុរស​២​នាក់​ដែល​ជិះ​ម៉ូតូ​ធំ​មាន​គ្នា​២​នាក់​ មាន​កំហឹង​ក្រេវ​ក្រោធ​នឹង​ម៉ូតូ​២​គ្រឿង​ទៀត​ដែល​ប៉ះ​គ្នា​បណ្ដាល​ឱ្យ​ដួល​ ព្រមទាំង​ឈ្លោះ​គ្នា​អស់​រយៈពេល​យ៉ាង​យូរ​នោះ​ បាន​ដក​កាំភ្លើង​ម៉ាក​រ៉ូ​ឡូ​ពី​ចង្កេះ​បាញ់​ឡើង​លើ​ ២​គ្រាប់​ជា​ការ​ព្រមាន​ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​ ។​ ដោយឡែក​ អ្នក​រង​គ្រោះ​ ៤ទៅ៥​នាក់​ទៀត​ដែល​ជិះ​ម៉ូតូ​២​គ្រឿង​នោះ​បាន​រង​របួសធ្ងន់​និង​ស្រាល​ រួចនាំ​គ្នា​ទៅ​កាន់​មន្ទីរពេទ្យ​រៀងៗ​ខ្លួន​។ ​ខណៈ​ពេលដែល​មាន​ហេតុការណ៍​នេះ​កើតឡើង​ គេ​មិន​បានឃើញ​សមត្ថកិច្ច​របស់​ខណ្ឌ​៧​មក​រា​ ចេញ​ទៅ​អន្ដរាគមន៍​បាន​ទាន់​ពេលវេលា​នោះ​ទេ​ ដោយ​យក​លេស​ថា​ ករណី​នេះ​មិនមែន​កើតឡើង​លើ​ទឹកដី​របស់​ខ្លួន​នោះទេ គឺ​កើត​ឡើង​លើ​ទឹកដី​ខណ្ឌចំការមន​ ។​ ចំណែក​ករណី​បាញ់បោះ​មួយ​លើក​ទៀត​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​ នាទីកណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣​ខែមេសា​ ឆ្នាំ​២០១២​ នៅ​អគារ​ទី​៨​ប្លុក​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ ។​ ​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ការ​ផ្ទុះ​អាវុធ​នេះ​គឺ​កើតឡើង​ដោយសារ​មន្ដ្រី​អង្គរក្ស​ម្នាក់​ផឹកស៊ី​ស្រវឹង​រួច​ខឹង​នឹង​ប្រពន្ធ​ ក៏​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក​បាញ់​ឡើង​លើ​១​គ្រាប់​ រួច​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ​។​ តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ នោះ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មន្ដ្រី​អង្គរក្ស​រូប​នេះ​ចេញ​មក​ពី​ផឹកស៊ី​នៅ​ជាន់​ទី​២​អគារ​ទី​៨​ជាមួយ​ប្រពន្ធ​ ហើយ​នៅ​ពេល​ដល់​ផ្ទះ​ ប្រពន្ធ​យក​កាំភ្លើង​ទៅ​លាក់​ ព្រោះ​ដឹង​ថា​ នៅ​ពេល​ស្រវឹង​ម្ដងៗ​បុរស​ជា​ប្ដី​តែង​ប្រើ​ហិង្សា​ និង​យក​កាំភ្លើង​កំញើញ​គេឯង​ ។​ ដោយសារ​តែ​ខឹង​នឹង​ប្រពន្ធ​យក​កាំភ្លើង​លាក់​ បុរស​រូប​នេះ​បាន​ទៅ​រក​កាំភ្លើង​ឃើញ​ ក៏​យក​មក​បញ្ចូល​គ្រាប់​បាញ់​១​គ្រាប់​ឡើង​លើ​ផ្អើល​អ្នក​ជិត​ខាង​ទាំង​កណ្ដាល​យប់​ ។​ លោកនាយ​នគរបាល​ប៉ុស្ដិ៍​វាលវង់​ បានឱ្យ​ដឹង​ថា​ ពិតជា​មាន​ករណី​បាញ់បោះ​សេរី​យ៉ាង​អនាធិបតេយ្យ​នៅ​ប្លុក​បុរី​កីឡា​នោះ​មែន​ ប៉ុន្ដែ​ការ​បាញ់បោះ​នៅ​មុខ​អតីត​រោងកុន​គិរី​រម្យ​ គឺ​មិន​មាន​ទេ​ ហើយ​ ប្រសិនបើ​មាន​មែន​នោះ​ គឺ​កើត​នៅ​ទឹក​ដី​ខណ្ឌចំការមន​ ។​

​ទោះ​យ៉ាងណាក្តី​ ការ​ផ្ទុះអាវុធ​នៅខណៈពេល​មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​មិន​ទាន់​ចប់​ផង​នោះ​ វាបានធ្វើ​ឱ្យ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​គិត​ថា​ នេះ​ជា​រឿង​មួយ​ដែល​គួរតែ​ស្រាវជ្រាវ​ បង្ក្រាប​លើស​ពី​​ពេល​ណាៗ​ទាំងអស់​ ដោយ​មិន​គួរ​ណា​ឱ្យ​ជន​ប្រព្រឹត្ដ​គេចខ្លួន​បាន​ដោយ​សេរី​នោះ​ឡើយ​ ៕

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ​ ២០១២

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *