ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ គឺជាគ្រោះថ្នាក់មួយផ្សេងទៀត ដែលអាចកើតមានឡើងពីការប្លន់ តែបើគ្រោះថ្នាក់ដោយការផឹកគ្រឿងស្រវឹងហើយជិះទៅបុកទីកន្លែងដែលជាទ្រព្យសម្បត្តិសាធារណៈវិញ ក៏ជាបញ្ហាមួយដែលត្រូវរងគ្រោះក្នុងការដោះស្រាយជាមួយអាជ្ញាធរមានសមត្ថកិច្ច និងត្រូវមាត់របស់គ្រួសាររបស់ខ្លួនថែមទៀតផង។
យុវជនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរបាក់ជើងខាងឆ្វេងពីរកំណាត់និងដាច់រលាត់មុខសន្លប់បាត់ស្មារតីដេកដួលនៅលើចិញ្ចើមផ្លូវ ត្រូវប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវនោះប្រទះឃើញហៅរថយន្តពេទ្យដឹកទៅសង្គ្រោះ ដែលមុនដំបូងគេនឹកស្មានថា យុវជននោះរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែក្រោយពេលក្រុមគ្រូពេទ្យសង្គ្រោះឱ្យដឹងខ្លួនយុវជននោះប្រាប់ថា រូបគេត្រូវក្រុមចោរប្លន់មានគ្នា៣នាក់ប្រដាប់ដោយដំបងដែកជិះម៉ូតូដេញតាមស្ទាក់វាយប្លន់យកម៉ូតូ១គ្រឿង ខណៈពេលរូបគេកំពុងជិះម៉ូតូចេញពីភោជនីយដ្ឋានសែនរីករាយត្រឡប់ទៅផ្ទះជួលវិញ ។
យុវជនរូបនោះបានប្រាប់គេឯងនៅក្នុងមន្ទីរព្យាបាលនិងសម្ភពចោមចៅថា នៅវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្ររូបគេជិះម៉ូតូចេញពីកន្លែងធ្វើការនៅភោជនីយដ្ឋានសែនរីករាយ ក្នុងបំណងទៅផ្ទះជួលដែលខ្លួនស្នាក់នៅ ប៉ុន្តែរូបគេមិនបានប្រាប់ថាផ្ទះជួលនោះនៅម្តុំណាទេ ។ ពេលជិះម៉ូតូផុតពីហាងបន្តិច ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូដេញតាមពីក្រោយរួចកៀរផ្តួលបន្ទាប់មកក៏បានប្រើដំបងដែកវាយសំពងមកលើរូបគេបណ្តាលឱ្យរងរបួសបែបនេះ រួចក៏យកម៉ូតូជិះទៅបាត់ស្រមោលតែម្តង។ ទោះបីជាបែបណា ហេតុការណ៍នេះមិនបានធ្វើឱ្យមានការភ្ញាក់ផ្អើលនោះទេ ហើយគេពុំដឹងថា តើយុវជននេះត្រូវក្រុមចោរវាយប្លន់យកម៉ូតូបណ្តាលឱ្យរបួសបែបនេះមែន ឬយ៉ាងណានោះឡើយ។ ការនិយាយរៀបរាប់ខាងលើហាក់ដូចជាស្ថិតក្នុងស្ថានភាពរវើរវាយ។
គេនៅមានមន្ទិលសង្ស័យខ្លះៗ ប្រសិនបើមានហេតុការណ៍ប្លន់បែបនេះមែនហេតុអ្វីបានជាមិនមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចមិនដឹង ឬក៏ក្រុមចោរប្លន់មិនធ្វើសកម្មភាពវាយយុវជននោះទេ។ ប៉ុន្តែប្រសិនបើករណីគ្រោះថ្នាក់ចរាចរណ៍ក៏គួរតែម៉ូតូរបស់គេស្ថិតនៅក្បែរកន្លែងកើតហេតុ ឬមានកម្ទេចកម្ទីម៉ូតូដែលបែកជ្រុះនៅលើថ្នល់។ តែតាមការអះអាងថា គេឃើញតែជនរងគ្រោះដេកសន្លប់ប៉ុណ្ណោះ មិនឃើញម៉ូតូឡើយ ។ នេះបើតាមការចេញផ្សាយរបស់សារពត៌មានកោះសន្តិភាព ដែលបានដាក់ចំណងជើងថា «អ្នករត់តុនៅភោជនីយដ្ឋានរបួសបាក់ជើងពីរកំណាត់ដោយសារចោរប្លន់ម៉ូតូ»។
រីឯសារព័ត៌មាននគរវត្តឯណោះវិញ បានចេញផ្សាយដោយដាក់ចំណងជើងថា «ជិះម៉ូតូបុកស្ពានអាកាស៧មករាចោទថាចោរប្លន់យកម៉ូតូហុងដាស៊េរី២០១០» ទៅវិញ។ សារព័ត៌មាននេះបានរាយការណ៍ថា យុវជន២នាក់បានផឹកស៊ី ស្រវឹង ជិះម៉ូតូចេញពីភ្នំពេញឆ្ពោះទៅខណ្ឌពោធិសែនជ័យបុកបង្កាន់ដៃស្ពានអាកាស បណ្ដាលឱ្យបាក់ជើង ហើយភ័យពេកជិះ ម៉ូតូទៅដួលនៅផ្លូវលេខ២០០៤ ភូមិ ត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រួចអះអាងប្រាប់សមត្ថកិច្ចថាខ្លួនគេទាំង២នាក់ត្រូវចោរយកដំបងដែក វាយបាក់ជើង ប្លន់យកម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០យកទៅបាត់ ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១២ តាមបណ្ដោយផ្លូវ២០០៤ ភូមិត្រញំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។ មន្ដ្រីកងរាជអាវុធហត្ថខណ្ឌពោធិសែន ជ័យម្នាក់បានឱ្យដឹងថា តាមសាក្សីមួយ រូបដែលឃើញហេតុការណ៍នេះបានរាយការណ៍ឱ្យដឹងថា នៅមុនពេលកើតហេតុ យុវជន២នាក់នេះបានជិះម៉ូតូបុកស្ពាន អាកាស៧មករា ម្ដុំមន្ទីរពេទ្យលោកសង្ឃ បណ្ដាលឱ្យបាក់ជើង ហើយដោយភ័យពេក ត្រូវមិត្ដភក្ដិនាំគ្នាដឹកតាមម៉ូតូយក ទៅទម្លាក់ចោលនៅចំណុចកើតហេតុ ខាងលើ។ ហើយមួយសន្ទុះក្រោយមកមិត្ដភក្ដិបញ្ជូនជនរងគ្រោះម្នាក់ទៅដេកនៅមន្ទីរពេទ្យចោមចៅ និងម្នាក់ទៀតទៅដេកនៅមន្ទីរពេទ្យឯកជនមួយផ្សេងទៀត ។ ដោយឡែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបាននគរបាលម៉ូលដ្ឋានយកទៅរក្សាទុកនៅប៉ុស្ដិ៍ ហើយដោយទំនងជាជនរងគ្រោះ ទាំង២ស្រវឹងខ្លាំងវង្វេងស្មារតី ទើបបង្កើតទៅជារឿងថា មានគេប្លន់យកម៉ូតូ ។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ខេង ពឿន ភេទប្រុស អាយុ១៩ឆ្នាំមុខរបរអ្នករត់តុនៅ ភោជនីយដ្ឋានសែនរីករាយមានស្រុក កំណើតនៅស្រុកឈូក ម្ដុំផ្សារតានី ខេត្ដកំពត ។ ម៉ូតូដែលជនអះអាងថា ត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០១០ មិនចាំស្លាកលេខ ត្រូវក្រុមចោរបឧ្លន់យកទៅសុវត្ថិភាព ។ ចំណែកក្រុមចោរមានគ្នា៣នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១២ ។ ក្រោយធ្វើសកម្មភាពរួចពួកគេគេចខ្លួន បាត់ដោយមិនរំខានដល់ដំណេកសមត្ថកិច្ចបន្ដិចណាឡើយ ។ ករណីប្រឌិតរឿងគ្រោះថ្នាក់ចរាចរណ៏ ទៅជាចោរប្លន់នេះ ត្រូវបានលោក សាន ប៉ែត នាយប៉ុស្ដិ៍កាកាបបដិសេធថា មិនកើតមានអំពើចោរប្លន់ម៉ូតូនោះទេ ការពិតជនរងគ្រោះទាំង២នាក់បង្ករឿងនេះ ឡើងប្រយោជន៍ កុំឱ្យគ្រួសារស្ដីបន្ទោសប៉ុណ្ណោះ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ ២០១២
Leave a Reply