ស្ដ្រីមាឌល្អិតមិនត្រឹមតែប្រឈមមុខនឹងបញ្ហាសម្រស់រូបរាងកាយប៉ុណ្ណោះទេ ដែលធ្វើឱ្យគាត់មិនសប្បាយចិត្ដនោះទេ។ សូម្បីតែបញ្ហាសុខភាពក៏គាត់មានបញ្ហាមួយចំនួនត្រូវប្រឈមមុខផងដែរ ជាពិសេសនៅពេលចូលដល់វ័យបន្ដពូជ។ ស្ដ្រីមាឌល្អិតច្រើន តែជួបបញ្ហាសម្រាលកូនលំបាក ដោយសារគាត់មានអាងត្រគាកតូច។
ដើម្បីឱ្យប្រិយមិត្ដអ្នកអានជ្រាបកាន់តែច្បាស់នូវបញ្ហាលំបាក និងសុខភាពរបស់ស្ដ្រីមាឌល្អិត ទស្សនាវដ្ដី សុខភាពយើង សូមធ្វើការបរិយាយជូន តាមរយៈការជួបសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ឡឹក សែ ប្រធានសម្ភពនៃមន្ទីរបង្អែករាជធានីភ្នំពេញ។
ស្ដ្រីមាឌល្អិត?
ស្ដ្រីដែលចាត់ទុកថាមានមាឌល្អិត ឬមាឌតូច គឺសំដៅដល់ស្ដ្រីដែលមានកម្ពស់ទាបជាង១,៥០ម៉ែត្រ ឬ១៥០សង់ទីម៉ែត្រ។
បញ្ហារបស់ស្ដ្រីមាឌល្អិត
ស្ដ្រីដែលមានមាឌល្អិត ឬមានកម្ពស់ទាបមិនមានបញ្ហាចោទចំពោះសុខភាពខ្លាំង ខុសពីស្ដ្រីដែលមានមាឌធម្មតា ឬមាឌធំ ប៉ុន្មានទេ។ តាមការសង្កេតឃើញថានៅវ័យបន្ដពូជស្ដ្រីមាឌល្អិតច្រើនជួបបញ្ហានៅពេលសម្រាលបុត្រ។ ព្រោះថាស្ដ្រីមានមាឌល្អិតច្រើនតែមានអាងត្រគាកតូច ដែលជាធម្មតាអាងត្រគាកមានទំហំសមស្របទៅនឹងមាឌរបស់គាត់។ អាងត្រគាកតូចពិបាកសម្រាលបុត្រ ឬទារកអាចកើតមិនរួច ដែលអាចឈានទៅរកការវះកាត់ ឬការបូមទាញយកទារកចេញទៀតផង។ នេះក៏មិនមែនមានន័យថាគ្រប់ ស្ដ្រីមាឌតូច ឬកម្ពស់ទាបសុទ្ធតែមានបញ្ហាអាងត្រគាកតូចទាំងអស់នោះទេ។ ជាក់ស្ដែងនៅក្នុងសង្គមខ្មែរយើងមានស្ដ្រីដែលមានមាឌ ល្អិតខ្លះ មានបុត្រច្រើនមិនមានការលំបាកក្នុងការសម្រាលផងដែរទេ។ ករណីនេះដោយសារអាងត្រគាករបស់ស្ដ្រីនោះមានការវិវឌ្ឍន៍ ល្អ ដូចស្ដ្រីមាឌធំដែរ។ ទារកដែលកើតចេញពីម្ដាយមាឌល្អិត មានសុខភាពល្អដូចគ្នានឹងទារកដែលសម្រាលចេញពីម្ដាយមាឌធំដែរ។ សុខភាពផ្លូវភេទមិនមានបញ្ហាដោយឡែកណាមួយចោទឡើង ចំពោះស្ដ្រីមាឌល្អិតនោះឡើយ។
បញ្ហារបស់ស្ដ្រីមាឌល្អិតធាត់
ចំពោះស្ដ្រីមាឌល្អិត ហើយមានរូបរាងធាត់ទៀតនោះ រិតតែមានបញ្ហាដោយសារគាត់សម្បូរសាច់នៅត្រង់គល់ភ្លៅ ជាហេតុ ធ្វើឱ្យទ្វារមាសត្បៀតចង្អៀត ដូចនេះស្ដ្រីនោះនឹងជួបនូវផលវិបាកពីរយ៉ាងក្នុងពេលសម្រាលបុត្រ។
- ផលវិបាកទី១ ៖ អាចសម្រាលបុត្រលំបាក ដោយសារមានអាងត្រគាកតូច។
- ផលវិបាកទី២ ៖ សាច់ដែលនៅគល់ភ្លៅ និងទ្វារមាសត្បៀត នៅពេលសម្រាលបុត្រឆ្លងផុតពីអាងត្រគាកហើយ អាចនឹង ជួបការលំបាកដោយទារកមិនអាចចេញមកបានដោយសារជាប់ណែននៅច្រកទ្វារមាស និងសាច់គល់ភ្លៅដែលត្បៀតរបស់គាត់។ ទារក អាចសម្រាលបានដែរ តែពិបាកក្នុងការជួយសង្គ្រោះ ដូចជាទាញ ឬបូមយកទារកចេញ។ ជាធម្មតា ទារកដែលកើតចេញពីការសម្រាល មិនធម្មតា មិនសូវជាមានសុខភាពល្អឡើយ។ វាអាចប៉ះពាល់ជាពិសេសទៅលើខួរក្បាលរបស់ទារក ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ ភាពវ័យឆ្លាតរបស់ទារកនោះ ឬធ្វើឱ្យទារកនោះមានលក្ខណៈមិនប្រក្រតីទៀតផង។
វិធានការបង្ការគ្រោះថ្នាក់នៅពេលសម្រាល
ដើម្បីចៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងនៅពេលសម្រាលបុត្រជាយថាហេតុ ស្ដ្រីមាឌល្អិតដែល ជាអនាគតមាតាគួរប្រតិបត្ដិនូវប្រការមួយចំនួននៅពេលមានផ្ទៃពោះ ដោយត្រូវធ្វើយ៉ាងណាកុំឱ្យទារកក្នុងផ្ទៃធំ ឬថ្លោសពេក។
1. ការបរិភោគចំណីអាហារ ៖ ដោយសារស្ដ្រីមានមាឌតូចអាចមានអាងត្រគាកតូចនោះ។ ដូច្នេះនៅពេលមានផ្ទៃពោះ ស្ដ្រីជាម្ដាយគួរគិតគូរពីការទទួលទានអាហារ។ ចូរកុំបរិភោគចំណីអាហារណាដែលនាំឱ្យកូនថ្លោស ដូចជាអាហារដែលមានជាតិស្ករ ច្រើនជាដើម។ ចូរបរិភោគអាហារដែលមានជាតិសាច់ឱ្យបានច្រើនជំនួសបង្អែម។ នៅពេលម្ដាយមានផ្ទៃពោះការទទួលទានចំណីអាហារច្រើនមិនបានគិត អាចឱ្យទារកក្នុងផ្ទៃថ្លោសជ្រុល មិនអាចសម្រាលរួចឡើយ។ ដូចនេះមិនត្រូវទទួលទានតាមចំណង់ឡើយ។ ទម្ងន់ដែលសមល្មមទារកអាចសម្រាលចេញពីផ្ទៃម្ដាយបានស្រួល គឺនៅក្រោមទម្ងន់៣គីឡូក្រាម។
2. ការពិនិត្យផ្ទៃពោះ ៖ នៅពេលមានផ្ទៃពោះ អនាគតមាតាគួរទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់នៅមណ្ឌលសុខភាព ឬ មន្ទីរសម្ភព ជាប្រយោជន៍ជួយដល់សុខភាពស្ដ្រីជាមាតា និងយល់ដឹងពីវិធីថែរក្សាគភ៌។ នៅពេលផ្ទៃពោះកាន់តែធំ ម្ដាយរិតតែមានការ ខ្វះជាតិដែក។ ដូច្នេះការទៅជួបគ្រូពេទ្យ គឺដើម្បីទទួលថ្នាំជាតិដែកផងដែរ។ ព្រោះទាំងទារកទាំងម្ដាយត្រូវការជាតិដែក ដើម្បីបំពេញ បន្ថែមគ្រាប់ឈាមក្រហម។
3. ឥរិយាបថពេលមានផ្ទៃពោះ ៖ ស្ដ្រីមានផ្ទៃពោះគប្បីសម្រាន្ដងាកទៅខាងឆ្វេង ដើម្បីចៀសផុតពីការគាបសង្កត់ទៅលើ សរសៃវ៉ែន ដែលនាំឱ្យហើមជើង។ នៅពេលមានបញ្ហាមិនប្រក្រតី ដូចជាហើមដៃជើងជាដើម ត្រូវទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។
4. វិធីទប់ទល់អាការចាញ់កូន ៖ ជាទូទៅស្ដ្រីមានផ្ទៃពោះនៅខែទីមួយរហូតដល់ខែទីបួន ច្រើនមានអាការចាញ់ ដូចជា ក្អួតចង្អោរជាដើម។ ការប្រើថ្នាំដើម្បីបំបាត់អាការចាញ់កូនមិនមានប្រសិទ្ធភាព១០០%ទេ ចាំបាច់ត្រូវតែមានការប្រតិបត្ដិនូវកត្ដាមួយ ចំនួន។
- ត្រូវភ្ញាក់ពីដំណេកដោយកាយវិការយឺតៗ មិនត្រូវរហ័សរហួនពេកទេ។
- បរិភោគអាហារដែលមិនមានទឹក អាហារក្រៀម ដូចជានំប៉័ងជាដើម។ មិនត្រូវបរិភោគអាហារច្រើនស្ទួនពេលតែមួយទេ គួរបរិភោគឱ្យតិចៗ តែញយដង និងទទួលទានទឹកតិចល្មមបានហើយ។ ត្រូវអនុវត្ដបែបនេះឱ្យបានញយដង ធ្វើយ៉ាងណាកុំឱ្យមានអា ការក្អួត។
ដំបូន្មានអ្នកជំនាញ
ស្ដ្រីមាឌល្អិតមិនមានអ្វីគួរឱ្យអាក់អន់ស្រពន់ចិត្ដពេកនោះទេ។ ចំពោះបញ្ហាសុខភាព ការថែរក្សាសុខភាពដូចគ្នានឹងស្ដ្រីដែល មានកម្ពស់ខ្ពស់ធម្មតាដែរ។ ប៉ុន្ដែស្ដ្រីមាឌល្អិតគួរប្រយ័ត្ននៅពេលមានផ្ទៃពោះត្រូវយកចិត្ដទុកដាក់ ជាពិសេសធ្វើយ៉ាងណាកុំឱ្យទារក ថ្លោសពេក ដើម្បីឱ្យទារកសម្រាលមកបានស្រួល។ ជាការប្រសើរគួរឱ្យគ្រូពេទ្យពិនិត្យអាងត្រគាកជាមុន តើអាចសម្រាលបុត្ររួច ឬ មិនរួច។ នៅលេខក្រោយទស្សនាវដ្ដី សុខភាពយើង នឹងលើកយកប្រធានបទស្ដ្រីមាឌធំ និងបញ្ហាសុខភាព មកជម្រាបជូនប្រិយមិត្ដ អ្នកអានទុកជាការស្វែងយល់វិញម្ដង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply