ខ្ញុំស្ពឹក​ជើង

លោកអ្នក​ប្រហែល​ជាធ្លាប់​បានជួប​ប្រទះ ឬមាន​អារម្មណ៍ថា​ជើង​របស់​លោកអ្នក​កម្រើក​មិនបាន​ស្រួល ឬក៏​ឈឺចាប់​នៅ ពេលដែល​លោកអ្នក​អង្គុយ ឬឈរ​យូរពេក។ គ្រានោះ​លោកអ្នក​ប្រាកដ​ជាគិត​ថាវា​គ្រាន់តែ​ជាការ​ស្ពឹកជើង​ធម្មតា។ ប៉ុន្ដែការ​ពិតនោះ ជាអាការ​ជម្ងឺមួយ​ប្រភេទដ៏​ធ្ងន់ធ្ងរ​អាចធ្វើ​ឱ្យ​លោកអ្នក​មានគ្រោះថ្នាក់​រហូតដល់​ពិការភាព​អស់មួយ​ជីវិតក៏​មាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

លោក​វេជ្ជបណ្ឌិត គួយ សំណាង អ្នកឯកទេស​វេជ្ជសាស្ដ្រ​ទូទៅ និងជម្ងឺ​មហារីក នៃមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ស្រាយ បំភ្លឺ​អំពីបញ្ហា​ជម្ងឺស្ពឹកជើង​នេះជូន​មិត្ដអ្នក​អាន​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង។

ស្ពឹក​ជើង ជាអ្វី?

ពាក្យស្ពឹក​ជើងមាន​បញ្ហាលំបាក​ក្នុងការ​ដាក់ឈ្មោះ​ជាពាក្យ​បច្ចេកទេស ឬប្រភេទជម្ងឺ​ជាភាសាខ្មែរ។ មានជម្ងឺ​មួយ​ប្រភេទ ដែល​ឆ្លើយតប​នឹងរោគ​សញ្ញានេះ ហើយកើត​មានច្រើន​ក្នុង​ប្រទេសកម្ពុជា គឺជម្ងឺ​ប៉ូលីនេវ្រិត។ ប៉ូលីនេវ្រិត​ជាជម្ងឺ​មួយដែល​ប៉ះពាល់ទៅ លើសរសៃ​ប្រសាទ​ដោយផ្ទាល់ និងមាន​ភាពស្មើគ្នា​ទាំងខាង​ឆ្វេង និងខាងស្ដាំ។ ការប៉ះ​ទង្គិចទៅ​លើប្រសាទ​នេះធ្វើ​ឱ្យកើត​ជារោគ សញ្ញាមួយ​ចំនួន​បង្កើតជា​វិបត្ដិ​កាយវិញ្ញាណ។

មូលហេតុ​ស្ពឹកជើង ឬជម្ងឺ​ប៉ូលីនេវ្រិត

មានមូលហេតុ​ច្រើនយ៉ាង​ដែលបណ្ដាល​ឱ្យកើត​មានជម្ងឺ​ស្ពឹកជើង ឬប៉ូលីនេវ្រិត។

  • ការរលាក​សរសៃ​ប្រសាទ​ជើង ឬដៃបណ្ដាល​មកពីខ្វះ​ជាតិវីតាមីន​បេមួយ។ កង្វះ​វីតាមីន​ប្រភេទនេះ​បណ្ដាលមក​ពីកត្ដា មួយចំនួន​ដែលតែងតែ​កើតមាន​ក្នុងជីវភាព​ប្រចាំថ្ងៃ ដូចជា​ការទទួល​ទានស្រា​ច្រើនយូរ​ឆ្នាំជាដើម។ ជាធម្មតា ស្រាដែល​ទទួលទាន​ទៅ ក្នុងខ្លួន​តែងត្រូវ​ការវីតាមីន​បេមួយ​ក្នុងបរិមាណ​ច្រើនដើម្បី​បំបែកខ្លួន។ ទទួលទាន​ស្រាកាន់​តែច្រើន​ធ្វើឱ្យ​តម្រូវការ​វីតាបេ​មួយកាន់ តែច្រើន បើ​សព៌ាង្គកាយ​មិនមាន​លទ្ធភាព​ផ្ដល់ឱ្យ​គ្រប់គ្រាន់​នាំឱ្យកើត​ជាជម្ងឺ​ស្ពឹកជើង​ឡើង។
  • កង្វះអាហារូបត្ថម្ភ​ក៏ជា​មូលហេតុ​នាំឱ្យ​កើតមាន​ជម្ងឺស្ពឹក​ជើងដែរ។
  • ស្ពឹកជើង ឬប៉ូលីនេវ្រិច​អាចបណ្ដាល​មកពី​ជាតិពុល ដូចជា​ជាតិសំណ ជាតិអាសេនិច​ជាដើម ដែលធ្វើ​ឱ្យប៉ះពាល់​ទៅលើ សរសៃ​ប្រសាទ ជាពិសេស​ទៅលើ​ចលនា។
  • ការប្រើប្រាស់​ឱសថលើ​សកម្រិត​មួយចំនួន ជាពិសេស​ឱសថ​ប្រឆាំងជម្ងឺ​របេង និងឱសថ​ព្យាបាល​ជម្ងឺមហារីក។
  • ប្រតិកម្ម​គីមី​មួយចំនួន​នៅក្នុង​ខ្លួនដើម្បី​បំបែក​សារធាតុ​ជាថាមពល​(អាតេប៉េ)​សម្រាប់​ប្រើប្រាស់​ក៏បណ្ដាល​ឱ្យមាន​ជម្ងឺប៉ូ លីនេវ្រិច​នេះដែរ។
  • ជម្ងឺទឹកនោមផ្អែម​ក៏អាច​នាំឱ្យ​មាន​ប៉ូលីនេវ្រិច ឬស្ពឹកជើង​នេះដែរ។ ចំណី​អាហារ និងការ​គ្មានបញ្ចេញ​ពលកម្ម​ធ្វើឱ្យ​កើត ជម្ងឺ​ទឹកនោមផ្អែម ក្នុងនោះ​៣០%បង្ក​ជាប៉ូលីនេវ្រិច ស្ពឹកដៃជើង និងទន់ដៃ​ទន់ជើង។
  • ខ្សោយ​តម្រងនោម​ដែលធ្វើ​ឱ្យជាតិ​ពុលមួយ​ចំនួនត្រូវ​កកស្ទះ​មិនបាន​បញ្ចេញ​ចោល។ ជាតិពុល​ដែលមិន​បានបញ្ចេញ​តាម ទឹកនោម​ក៏ជ្រាប​ចូលទៅ​ក្នុងឈាម និងប៉ះពាល់​ទៅសរសៃ​ប្រសាទ​ណាមួយ​ដែលធ្វើ​ឱ្យស្ពឹក​ជើង ឬប៉ូលីនេវ្រិច។
  • កង្វះជាតិ​អ័រម៉ូនស្ដេរ៉ូអ៊ីដ​ដែលមាន​នាទី​សំខាន់ក្នុង​ប្រតិកម្ម​នាំ​កាល់ស្យូម​ចូលទៅ​ក្នុងឆ្អឹង។
  • ជម្ងឺ​ប៉ូលីនេវ្រិត​ក៏អាច​បណ្ដាលមក​ពីមេរោគ​មួយឈ្មោះ​ប៊រឌុយរីត ដែលបញ្ចេញ​ជាតិពុល​ធ្វើឱ្យ​ប៉ះពាល់​សរសៃ​ប្រសាទ។ ក្រៅពី​មេរោគ​នេះនៅ​មានមេរោគ​នៃជម្ងឺ​មួយចំនួន​ទៀត ដូចជា​មេរោគ​ជម្ងឺ​ខាន់ស្លាក់​ជាដើម។
  • ជម្ងឺមហារីក​ឈាមក៏​ជាមូលហេតុ​មួយនាំ​ឱ្យស្ពឹក​ដៃជើងដែរ។ ជម្ងឺមហារីក​ឈាមធ្វើ​ឱ្យអ្នក​ជម្ងឺ​ស្លេកស្លាំង​ដែលបណ្ដាល មកពី​ការ​ហូរឈាម និងទប់​មិនឱ្យ​អង់ស៊ីម​ផលិតគ្រាប់​ឈាមក្រហម។

រោគសញ្ញា​ជម្ងឺ​ប៉ូលីនេវ្រិត

នៅបណ្ដា​ប្រទេស​អឺរ៉ុប គេអាច​ដឹងពី​រោគសញ្ញា​ជម្ងឺស្ពឹក​ជើងដោយ​ការប្រើ​ឧបករណ៍​វាស់សាច់ដុំ។ រោគសញ្ញា​ដំអូញ​របស់ អ្នកជម្ងឺ គឺមាន​អាការ​ធ្ងន់ដៃ​ធ្ងន់ជើង ឬធ្វើចលនា​មិនបាន​តាមចិត្ដ និងបាត់បង់​ទំនាក់​ទំនង​ផ្នែកកាយ​វិញ្ញាណ​(លែងដឹងថា​មានអ្វីប៉ះ ពាល់ទៅ​លើស្បែក)។ រោគសញ្ញា​ខ្លះទៀត​មានលក្ខណៈ​ហាក់ដូចជា​មានម្ជុល​ចាក់លើដៃ និងជើង ខ្លះមាន​ការឈឺចាប់​ទៀតផង។

ផលប៉ះពាល់បង្ក​ដោយជម្ងឺ​ប៉ូលីនេវ្រិត

ជម្ងឺប៉ូលីនេវ្រិត​ធ្វើឱ្យ​មានផល​វិបាក​យ៉ាងខ្លាំង​ចំពោះ​អ្នកជម្ងឺ ដូចជា​មិនអាច​ធ្វើដំណើរ​ជិតឆ្ងាយ ឬចេញទៅ​ប្រកប​កិច្ចការរក ស៊ីដើម្បី​ចិញ្ចឹម​ជីវិតបាន។ ប្រសិន​បើជម្ងឺ​នេះកើត​លើអ្នក​ដែលមាន​ជីវភាព​ក្រីក្រ ឬមធ្យម អ្នកនោះ​នឹងជួប​បញ្ហាវិបត្ដិ​សេដ្ឋកិច្ច​ជាក់ជា មិនខាន។ ម្យ៉ាងទៀត​ជម្ងឺប៉ូលីនេវ្រិត​អាចធ្វើ​ឱ្យលោកអ្នក​ក្លាយជា​ជនពិការ​ថែមទៀត​ផង។

ការព្យាបាលជម្ងឺ​ប៉ូលីនេវ្រិត

ដោយសារ​ជម្ងឺប៉ូលីនេវ្រិត​បង្កឡើង​ដោយមូលហេតុ​ច្រើនយ៉ាង ដូចនេះ​ដើម្បី​ធ្វើការ​ព្យាបាល អ្នកជម្ងឺ​ចាំបាច់​ត្រូវព្យាបាល​នូវ ជម្ងឺ​ទាំងឡាយ​ដែលជា​មូល​ហេតុបង្ក ដោយទៅ​ជួបនឹង​វេជ្ជបណ្ឌិត​ឯកទេស។ ចំពោះ​មូលហេតុ​មួយចំនួន​ដែលលោកអ្នក​អាចធ្វើ​បាន ដោយ​ខ្លួនឯង ដូចជា​បញ្ហាកង្វះ​ចំណី​អាហារ និងវីតាមីន។ ប៉ុន្ដែទោះបី​ជាយ៉ាងណា​លោកអ្នក​ក៏គួរពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផងដែរ។

វិធីបង្ការជម្ងឺ​ប៉ូលីនេវ្រិត

ដើម្បីចៀសវាង​កើតមាន​ជម្ងឺ​ស្ពឹកជើង លោកអ្នក​គួរប្រតិបត្ដិ​នូវប្រការ​មួយចំនួន។

  • ត្រូវទទួលទាន​អាហារ​ដែលមាន​គុណប្រយោជន៍​គ្រប់គ្រាន់ ពិសេស​អាហារ​ដែលមាន​វិតាមីនបេ​មួយ ដូចជាអង្ករ​សម្រូប ជាដើម
  • មិនត្រូវ​ទទួលទាន​ស្រាច្រើន និងកុំឱ្យ​ការទទួលទាន​នោះមាន​លក្ខណៈ​ជារ៉ាំរ៉ៃ
  • លោកអ្នក​គួរមាន​ការប្រុងប្រយ័ត្ន​ចំពោះជម្ងឺ​មួយចំនួន​ដែលជាមូល​ហេតុនៃ​ជម្ងឺស្ពឹកជើង​ដូចរៀបរាប់​ជូនខាងលើ។ ចាំបាច់ គួរប្រញាប់​ទៅធ្វើ​ការព្យាបាល​ជាបន្ទាន់​ដើម្បីកុំ​ឱ្យឈានដល់​ដំណាក់កាល​ជម្ងឺនោះ​បង្កឱ្យ​ទៅជា​ជម្ងឺស្ពឹកជើង​បាន។

ដំបូន្មានអ្នក​ជំនាញ

លោកអ្នក​គួរប្រញាប់​ទៅពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និងព្យាបាល​ក្នុងករណី​មានអាការ​ស្ពឹកជើង។ ប្រការ សំខាន់​លោកអ្នក​គួរកុំពិសា​ស្រាច្រើន និងកុំ​ប្រើប្រាស់​ឱសថ​ប្រឆាំងជម្ងឺ​ដោយមិន​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាមុន ជាពិសេស​ថ្នាំប្រ ឆាំង​ជម្ងឺរបេង និងប្រឆាំង​ជម្ងឺមហារីក។ សូមលោក​អ្នកចងចាំ​ថាជម្ងឺ​ស្ពឹកជើង ឬប៉ូលីនេវ្រិត​នេះអាច​កើតឡើង​សារជា​ថ្មីម្ដង​ទៀត ក្រោយពី​បានព្យាបាល​ជាសះស្បើយ បើលោកអ្នក​មិនបាន​ការពារ​ឱ្យ​បានល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *