រន្ទះ គឺជាមច្ចុរាជ្យដ៏កាចសាហាវ ដែលតែងតែឆក់យកជីវិតមនុស្ស សត្វដោយគ្មានត្រាប្រណី និងតែងតែកើតឡើងជាញឹកញាប់បំផុតនៅក្នុងប្រទេសកម្ពុជា។ ភាគច្រើននៃការស្លាប់ដោយសាររន្ទះចំពោះបុគ្គលម្នាក់ៗគឺកើតឡើងដោយសារការមិនបានប្រុងប្រយ័ត្នពោះបញ្ហានេះទុកជាមុន។ យោងតាមការឲ្យដឹងពី លោក កែវ វី អនុប្រធាននាយកដ្ឋានគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីខែកក្កដាឆ្នាំ២០១១មានករណីស្លាប់កើនឡើងដល់១០៤នាក់ និងមានអ្នករបួស៧៥ និងមានសត្វគោ ក្របីងាប់៤៨ក្បាល។
ស្ដ្រីម្នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈពេលដែលស្ដ្រីរូបនោះ ចេញទៅដឹកគោនៅវាលស្រែស្របពេលមេឃកំពុងភ្លៀងខ្លាំង ហើយត្រូវរន្ទះបាញ់ស្លាប់ចោលកូនជំទង់ៗ៥នាក់ឱ្យរស់នៅកំព្រា។ ហេតុការណ៍ដ៏គួរឱ្យរន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង៥និង៤០នាទី ល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០១២ នៅ ភូមិគោកចំបក់ សង្កាត់-ក្រុងសំរោងខេត្ដ ឧត្ដរមានជ័យ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាននគរវត្ត។
បើតាមការរៀបរាប់ពីបុរសឈ្មោះ អេង ស៊ីវុឌ្ឍី អាយុ៤៣ឆ្នាំ ត្រូវជាប្ដីស្ដ្រី រងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានត្រឡប់មកពីស្រុកអន្លង់វែង ហើយពេលមកដល់ផ្ទះ ភ្លៀងក៏ចាប់ផ្ដើមធ្លាក់ស្រិចៗ ។ ពេលនោះប្រពន្ធ របស់គាត់បានប្រាប់ថា ឱ្យនៅចាំផ្ទះដាំបាយផង គាត់និងកូនប្រុសទី៣ទៅដឹក គោនៅវាលស្រែ។ ចេញបានមួយសន្ទុះ កូនប្រុសទី៣ដែលទៅដឹកគោជាមួយ បានរត់មកផ្ទះប្រាប់គាត់ថា ម៉ែត្រូវរន្ទះបាញ់ដួលហើយ។ ឮដំណឹងកូននិយាយ ប្រាប់បែបនេះ រូបគាត់ស្ទើរទប់ជំហរមិន បាន ហើយក៏បានប្រាប់បងប្អូនក្នុងភូមិឱ្យទៅជួយមើល តែគ្មានអ្នកណាហ៊ានចេញក្រៅនោះទេ ព្រោះមេឃកំពុងភ្លៀងខ្លាំង ហើយផ្គររន្ទះនៅក្ដុងក្ឌាំងនៅឡើយ។
១ម៉ោងក្រោយមកពេលមេឃចាប់ ផ្ដើមរាំងភ្លៀងបងប្អូននៅក្នុងភូមិ ក៏ចេញទៅមើលស្រាប់តែឃើញស្ដ្រីរងគ្រោះដេកផ្កាប់មុខ ពេលដែលគេចាប់ផ្ងារឡើងឃើញមានឈាមចេញតាមត្រចៀកទាំងសងខាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ដោយឡែកកូនប្រុសទី៣របស់គាត់ ដែលទៅដឹកគោជាមួយម្ដាយបាននិយាយថា ពេលទៅដល់វាលស្រែ រូបគេបានទៅ ស្រាយចំណងមេគោពណ៌ស ឯម្ដាយរបស់គេទៅស្រាយចំណងមេគោពណ៌ក្រហម។ ប៉ុន្ដែមិនទាន់ទាំងបានស្រាយចំណងផង ក៏ត្រូវរន្ទះបាញ់តែម្ដង។
បុរសជាប្ដីបានរៀបរាប់ទៀតថា សព្វ ថ្ងៃរូបគាត់ជាមន្ដ្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដឧត្ដរមានជ័យ ជីវភាពសព្វថ្ងៃពឹងផ្អែកទៅលើប្រាក់ខែបន្ដិចបន្ដួច គួបផ្សំនឹងរបរធ្វើស្រែជាមួយប្រពន្ធ។ ពេលនេះប្រពន្ធរបស់គាត់ស្លាប់ទៅគ្មានអ្វីពឹងផ្អែកនោះទេ ណាមួយកូនក្នុងបន្ទុកទាំង៥នាក់ សុទ្ធតែមានវ័យជំទង់មិនអាចជំនួសកិច្ចការអ្វីបាននៅឡើយ។
សូមបញ្ជាក់ថា ពេលមេឃភ្លៀងម្ដងៗតែងតែមានផ្គររន្ទះ ហើយតែងបានសម្លាប់ជីវិតមនុស្ស និងសត្វរួមទាំង រុក្ខជាតិផង ដូច្នេះដើម្បីការពារអាយុជីវិត ឱ្យផុតនឹងគ្រោះថ្នាក់នេះ សូមបងប្អូន ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន កុំដើរតាមទីវាលពេលមេឃកំពុងភ្លៀងប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិតដូចស្ដ្រីខាងលើនេះ៕
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៦ មេសា ឆ្នាំ ២០១២
Leave a Reply