ជម្ងឺពកក

បច្ចុប្បន្ននៅ​ប្រទេស​កម្ពុជា ជម្ងឺពកក​មានការ​កើនឡើង​គួរឱ្យ​កត់សម្គាល់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ។ ជម្ងឺពកកនេះ កើតឡើង​លើស្ដ្រី​ច្រើនជាង​បុរសពី​៣ទៅ​៧ដង ក្នុងវ័យពី​៥០ឆ្នាំ​ឡើងទៅ។ ជម្ងឺពកក​មានលក្ខណៈ​ផ្សេងៗគ្នា ហើយមាន​គ្រោះ ថ្នាក់​ដល់ជីវិត ប្រសិន​បើព្យាបាល​មិនទាន់​ពេលវេលា។

រូបភាពទស្សនាវដ្តីសុខភាពយើង

សូមស្វែងយល់​ជាមួយ​ទស្សនាវដ្ដី សុខភាពយើង អំពីជម្ងឺ​ពកក​តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​លោក​វេជ្ជបណ្ឌិត ផិត រ៉ាដា អ្នកជំនាញ​ផ្នែកសង្គ្រោះ​បន្ទាន់ និងជម្ងឺ​ទឹកនោមផ្អែម នៃមន្ទីរពេទ្យ​ព្រះសីហនុ​មណ្ឌល​នៃក្ដីសង្ឃឹម។

ជម្ងឺពកក ជាអ្វី?

មុននឹង​ឈានដល់​ការស្គាល់​និយមន័យ​របស់​ជម្ងឺពកក លោកអ្នក​ចាំបាច់​ជ្រាបជា​មុនសិន​អំពី​ក្រពេញ​ទីរ៉ូអ៊ីត។ ក្រពេញ ទីរ៉ូអ៊ីត ជាក្រពេញ​បញ្ចេញក្នុង មានតួនាទី​ផលិតអ័រម៉ូន និងបញ្ចេញ​សារធាតុ​អ័រម៉ូន​នេះទៅ​ក្នុងឈាម​សម្រាប់​ដំណើរ​ការផ្លាស់ប្ដូរ រូបធាតុ​នៃសរីរាង្គ​មនុស្ស។ អ័រម៉ូន​ដែលបញ្ចេញ​ដោយក្រពេញ​ទីរ៉ូអ៊ីត​នេះមានពីរ គឺទីរ៉ូស៊ីន និងទ្រីអ៊ីយ៉ូដូទីរ៉ូនីន។ ក្រពេញ​ទីរ៉ូអ៊ីត នេះមាន​ទំហំតូច​ស្ថិតនៅខាង​មុខបំពង់ក និងខាងក្រោម​គ្រាប់ពោន​បន្ដិច។ ជម្ងឺពកក គឺជាជម្ងឺ​ដែលបណ្ដាល​មកពីកង្វះ ឬលើស ជាតិអ័រម៉ូន​ក្នុងក្រពេញ​ទីរ៉ូអ៊ីត។

មូលហេតុ​ជម្ងឺពកក

ជម្ងឺពកក​អាចបណ្ដាល​មកពី​មូលហេតុ​ច្រើនយ៉ាង។

  • កង្វះសារធាតុ​អ៊ីយ៉ូដ និងកង្វះ​អាហា​រូបឧបត្ថម្ភ ជាពិសេស​នៅពេល​ស្ដ្រីមាន​ផ្ទៃពោះ អាចបណ្ដាល​ឱ្យមាន​ជម្ងឺពកក
  • ជម្ងឺពកក​បណ្ដាលមក​ពីរោគ​អូតូអ៊ីម៉ូន​ដែលច្រើន​កើតមាន​ក្នុង​ជម្ងឺក្រែវ ដែលធ្វើ​ឱ្យការ​បញ្ចេញអ័រម៉ូន​ទីរ៉ូស៊ីន និងទ្រី អ៊ីយ៉ូ ដូទីរ៉ូនីន​ក្នុងក្រពេញ​ទីរ៉ូអ៊ីត​ច្រើនជាង​ធម្មតា
  • ជម្ងឺពកកបណ្ដាលមក​ពីមានដុំលើ​ក្រពេញ​ទីរ៉ូអ៊ីត​ធ្វើឱ្យការ​បញ្ចេញអ័រម៉ូន​លើសធម្មតា
  • ជម្ងឺពកកបណ្ដាលមក​ពីជម្ងឺមហារីក​ក្នុងក្រពេញ​ទីរ៉ូអ៊ីត
  • ជម្ងឺពកកអាចបណ្ដាល​មកពីកង្វះ​ជាតិអ័រម៉ូន​របស់ក្រពេញ​ទីរ៉ូអ៊ីត ដែលអាចរក​ឃើញក្នុង​ជម្ងឺរលាក​ទីរ៉ូអ៊ីត និងជម្ងឺមី សេដឺម៉ា។
  • ការប្រើថ្នាំមួយ​ចំនួនក៏អាចនាំ​ឱ្យកើតជម្ងឺ​ពកកដែរ។
  • រួមសេចក្ដីមក ជម្ងឺពកកមាន​មូលហេតុធំ​២ចម្បង គឺបណ្ដាលមក​ពីខ្វះ ឬលើសជាតិ​អ័រម៉ូន​ដែលបញ្ចេញ​ដោយក្រពេញ ទីរ៉ូអ៊ីត។

រោគសញ្ញា​ជម្ងឺពកក

រោគសញ្ញា​ប្រែប្រួល​ទៅតាម​មូលហេតុ​នីមួយៗ។

  • រោគសញ្ញាជម្ងឺពកកបណ្ដាល​មកពីកង្វះ​ជាតិអ័រម៉ូន អ្នកជម្ងឺ​មានអាការ ដូចជា​ទល់លាមក ត្រជាក់សាច់ ស្ងួត ស្បែក ឡើងទម្ងន់ ហើមមុខ សម្លេងស្អា ចង្វាក់បេះដូង​ដើរយឺតខុស​ធម្មតា វង្វេងវង្វាន់ ជួនកាល​រហូតដល់​សន្លប់ក៏មាន។
  • រោគសញ្ញាជម្ងឺពកក​បណ្ដាលមក​ពីលើស​ជាតិអ័រម៉ូន ៖ អ្នកជម្ងឺ​មានអាការ ដូចជាក្ដៅខ្លួន​តិចៗ រាក នោមច្រីន ស្រក ទម្ងន់ អស់កម្លាំង ឆាប់ខឹង គេងមិនលក់ លៀនភ្នែក សើមស្បែក វង្វេងវង្វាន់ ញ័រដៃ ឬក្បាល ចង្វាក់បេះដូង​ដើរលឿន​ជាដើម។

ក្រៅពីរោគ​សញ្ញាខាងលើនេះ គ្រូពេទ្យ​អាចធ្វើការ​ពិសោធន៍ឈាម​វាស់កម្រិត​ជាតិអ័រម៉ូន​ដើម្បីឱ្យ​ប្រាកដ​បន្ថែមពីលើ រោគសញ្ញា និងកំណត់​ប្រភេទជម្ងឺពកក​នីមួយៗ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាល​ជម្ងឺពកក

ការព្យាបាល​ប្រែប្រួល​ទៅតាម​ប្រភេទជម្ងឺ​នីមួយៗ។ នៅប្រទេស​កម្ពុជា ការព្យាបាល​ច្រើនធ្វើទ្បើង​ដោយការ​ប្រើថ្នាំ និងការ​វះកាត់។ រយៈពេល​ព្យាបាល​ដោយថ្នាំ​អាចប្រែប្រួល​ពី៦ខែទៅ​១៨ខែ ជួនកាល​អ្នកជម្ងឺ​ត្រូវប្រើថ្នាំ​ជាប់ជាប្រចាំ។ មានតែ គ្រូពេទ្យ​ជំនាញទេ​ទើបដឹងថា​ពេលណា​ត្រូវប្រើថ្នាំ និងពេលណា​ត្រូវវះកាត់។

ផលវិបាកនៃ​ការវះ​កាត់ជម្ងឺពកក

ជម្ងឺពកកកម្រ​ព្យាបាលដោយ​ការវះកាត់​ណាស់ បើមិនចាំបាច់។ ព្រោះថាក្រោយ​ពេលវះកាត់ អ្នកជម្ងឺ​អាចប្រឈម​មុខ នឹងបញ្ហាមួយ​ចំនួនដែលអាច​នឹងកើតមាន។

  • អ្នកជម្ងឺអាចមាន​សម្លេងស្អា​ខុសពីមុន ឬនិយាយមិនឮ
  • ជួនកាលក្រោយ​ពេលវះកាត់ អាចឱ្យអ្នក​ជម្ងឺខ្វះជាតិ​កាល់ស្យូម​មួយជីវិត។ កង្វះជាតិ​កាល់ស្យូម​នេះធ្វើឱ្យ​អ្នកជម្ងឺ ក្រញង់​ដៃជើង ទាល់តែ​ចាក់ថ្នាំ​កាល់ស្យូម ទើបត្រទ្បប់​មកសភាព​ដើមវិញ។

វិធីបង្ការជម្ងឺពកក

ដើម្បីកាត់បន្ថយបានខ្លះៗពីជម្ងឺពកក លោកអ្នក​ចាំបាច់​ត្រូវអនុវត្ដ​ប្រការ​មួយចំនួន។

  • សូមទទួលទានអាហារដែល​មានសារជាតិ​អ៊ីយ៉ូដ​ឱ្យបាន​គ្រប់គ្រាន់ ជាពិសេស​សម្រាប់ស្ដ្រីពេល​មានផ្ទៃពោះ។
  • មុនសម្រេច​ចិត្ដប្រើប្រាស់​ថ្នាំ ទោះជាថ្នាំអ្វី​ក៏ដោយ ចាំបាច់​ត្រូវពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យជា​មុនសិន ព្រោះថ្នាំ ប្រភេទខ្លះ​អាចធ្វើ​ឱ្យកើត​ជម្ងឺពកក។

ប្រការដែល​អ្នកជម្ងឺ​ពកកគួរ​ប្រតិបត្ដិ

នៅពេល​កំពុងទទួល​ការព្យាបាល អ្នកជម្ងឺពកក​ចាំបាច់​ត្រូវតែ​ព្យាយាម​អនុវត្ដឱ្យ​បាននូវ​ប្រការ​មួយចំនួន។

  • ប្រើប្រាស់ថ្នាំតាម​វេជ្ជបញ្ជា​ឱ្យបាន​ត្រឹមត្រូវ ព្រោះថ្នាំ​សម្រាប់​ព្យាបាល​ជម្ងឺពកក​នេះ បើលេប​មិនត្រឹម​ត្រូវ មិនអាច មានប្រសិទ្ធ​ភាពទេ។ ផ្ទុយទៅវិញ​បើលេប​លើសកម្រិត នឹងមាន​ផលវិបាក​ដល់អ្នក​ជម្ងឺដោយ​ស្ដែងចេញ​ជាអាការ​ផ្សេងៗ។
  • ប្រសិនបើមាន​រោគសញ្ញា​មិនប្រក្រតី​កើតមាន​ទ្បើង អ្នកជម្ងឺត្រូវ​ត្រទ្បប់មក​កាន់មន្ទីរ​ពេទ្យជា​ប្រញាប់។
  • មុននឹងប្រើប្រាស់​ថ្នាំសម្រាប់​ព្យាបាលជម្ងឺ​ផ្សេងទៀត ចាំបាច់​ត្រូវជួប​គ្រូពេទ្យ​ជាមុនសិន ព្រោះអាច​មានប្រតិកម្ម​ជា មួយថ្នាំ​ដែលប្រើ​សម្រាប់ព្យាបាល​ជម្ងឺពកក។

ដំបូន្មានអ្នក​ជំនាញ

បើលោកអ្នក​ស្ទាបនៅលើក​របស់​លោកអ្នក ឃើញមាន​ដុំពកអ្វី​ក៏ដោយ មិនថាតូច ឬធំ លោកអ្នក​ត្រូវប្រញាប់​ទៅ ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ដើម្បីរក​រោគវិនិច្ឆ័យ និងព្យាបាល​ទាន់ពេលវេលា។ ក្នុងករណីខ្លះ ដូចជាជម្ងឺ​មហារីក​ក្រពេញទីរ៉ូ អ៊ីតជាដើម ទាមទារ​ឱ្យព្យាបាល​ជាបន្ទាន់ មិនអាច​អូសបន្លាយ​ពេលយូរ​ទ្បើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧

Categories:

Leave a Reply

Your email address will not be published. Required fields are marked *