នៅប៉ុន្មានថ្ងៃខាងមុខនេះ ព្រះរាជពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនឹងចូលមកដល់ហើយ។ ដូច្នេះការឡើងថ្លៃទំនិញ និងថ្លៃសេវាកម្មដឹកជញ្ជូនក៏នឹងឡើងថ្លៃផងដែរ។ មានប្រជាជនមួយចំនួនតែងនិយាយថាការឡើងថ្លៃទំនិញ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើឡើងថ្លៃក៍ព្រោះតែមកពីការកើនឡើងនូវថ្លៃសាំង និងការឆ្លៀតឱកាស់របស់ជនអគតិមួយចំនួនឡើងថ្លៃហួសប្រមាណ។ រីឯមតិខ្លះទៀតបាននិយាយថាមកពីតម្រូវការច្រើនជាងការផ្គតផ្គង់ និងខ្លះទៀតថាការឡើងថ្លៃតម្លៃជិះរថយន្តក៍ដោយសារតែមានកាំកុងត្រូលជជុះច្រើនពេក។
ដោយសារតែមានមតិលើកឡើងជាច្រើនហូរហែយ៉ាងដូច្នេះ គេហទំព័រសុខភាពកម្ពុជា HealthCambodia.com បានជួបសម្ភាសន៍ផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលពួកគាត់នឹងលើកឡើងនូវមតិមួយចំនួនជុំវិញការឡើងថ្លៃទំនិញ សេវាកម្មដឹកជញ្ជូន សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន ជាដើម។ល។
កញ្ញា ចិន ស្រីម៉ុម និស្សិតនៃសកលវិទ្យាល័យធនធានមនុស្សដែលមានស្រុកកំណើតនៅខេត្តតាកែវបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានរបស់គេហទំព័រសុខភាពយើង HealthCambodia.com ថា ការឡើងថ្លៃទំនិញ និងសេវាដឹកជញ្ជូនអ្នកដំណើរខុសពីថ្ងៃធម្មតាបានធ្វើឲ្យកញ្ញាមានការពិបាកមែនទែនចំពោះបញ្ហានេះនៅពេលដែលកញ្ញាទៅលេងស្រុកកំណើតម្តងៗ។ ឆ្លើយតបទៅនឹងសំណួរដែលសួរថា តើការឡើងថ្លៃនូវទំនិញក៏ដូចជាសេវាកម្មដឹកជញ្ជូនទាំងនេះ ។ តើកញ្ញាគិតថាមកពីបញ្ហាអ្វី? ភ្លាមនោះកញ្ញាបានឆ្លើយតបវិញថា ការឡើងថ្លៃនេះក៏ដោយសារតែការឡើងថ្លៃសាំង និងមានកាំកុងត្រូលជជុះច្រើនពេក។ កញ្ញាបន្ថែមទៀតថាភាគច្រើននៅពេលកញ្ញាធ្វើដំណើរត្រឡប់ទៅស្រុកកំណើតនៅពេលចូលឆ្នាំថ្មីម្តងៗឃើញមានកាំកុងត្រូលជជុះចាំទារលុយពីរថយន្តដឹកអ្នកដំណើរទាំងនោះ។ បើមិនឲ្យទេគឺគាត់រកលេសនេះលេសនោះដោយឃាត់មិនឲ្យរថយន្តបន្តដំណើរទៅមុខ ទាល់តែតៃកុងឡានផ្តល់ប្រាក់ឲ្យទើបគាត់បើកផ្លូវឲ្យទៅមុខបន្ត។ ជាពិសេសកាំកុងត្រូលទាំងនោះទារប្រាក់ឡើងថ្លៃជាងពេលមុនទៅទៀត ព្រោះគាត់គិតថារថយន្តដឹកអ្នកដំណើរទាំងនោះក៏រកលុយបានច្រើនគួរសមផងដែរ។
រីឯអ្នកនាង អ៊ឹម សុជាតា និស្សិតនៅ វិទ្យាស្ថានវ៉ាន់ដា ដែលមានស្រុកកំណើតនៅខេត្តព្រះសីហនុ បាននិយាយថា ការកើនឡើងតម្លៃទំនិញ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរទាំងដោយសារតែតម្លៃសាំងនោះ គ្រាន់តែជាលេសរបស់អ្នករកស៊ីមួយចំនួនតែប៉ុណ្ណោះ ព្រោះតៃកុងឡានដឹកអ្នកដំណើរទាំងនោះគិតថានេះជាឱកាសមាសរបស់ខ្លួនដែលត្រូវតម្លើងថ្លៃ និងជាឱកាសរកលុយរបស់ពួកគាត់ ហើយណាមួយចំនួននៃអ្នកជិះក៏មានច្រើនផងដែរ។ មួយវិញទៀត ទាក់ទងទៅនឹងការតម្លើងថ្លៃទំនិញគ្រប់មុខវិញអ្នកនាងគិតថា មិនមែនមានតែអ្នករកស៊ីដឹកអ្នកដំណើរនោះទេ សូម្បីតែអ្នករកស៊ី ឬអាជីវករលក់ដូរនៅតាមផ្សារមួយចំនួនក៏តម្លើងថ្លៃផងដែរ។ ហើយពួកគាត់មួយចំនួនតែងនិយាយថាមកពីការតម្លើងថ្លៃរបស់ឈ្មួញកណ្តាលឆ្លៀតឱកាសកេងចំណេញទើបធ្វើឲ្យអ្នកលក់បន្តក៏ត្រូវតម្លើងថ្លៃដូចគ្នាផងដែរ។
ទាក់ទិនទៅនឹងការប្រកាសសេចក្តីជូនដំណឹងរបស់សាលរាជធានីភ្នំពេញ អ្នកនាងយល់ថាប្រហែលជានៅ អាចមានប្រសិទ្ធភាពតិចតួចណាស់ ព្រោះថាបើគ្រាន់តែជាការប្រកាសជូនដំណឹងតែប៉ុណ្ណឹង បើអត់បង្ហាញការចាត់វិធានការអ្វីផង នោះប្រហែលជានៅតែដដែលដូចឆ្នាំមុនៗអ៊ីចឹង។
សូមជម្រាបថាថ្មីនេះ សាលារាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរក្សាស្ថិរភាពតម្លៃដឹកជញ្ជូនអ្នកដំណើរពីទីក្រុងភ្នំពេញទៅកាន់បណ្តាខេត្តនានាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់សាលារាជធានីភ្នំពេញចុះថ្ងៃទី ០២ មេសា ឆ្នាំ ២០១២បានបញ្ជាក់ផងដែថាដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការលំបាក និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៏ ដែលបណ្តាលមកពីផ្ទុកលើសចំណុះនេះ សាលារាជធានីភ្នំពេញ ក៏បានអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តទាំងអស់ដែលប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទៅមកភ្នំពេញបណ្តាខេត្តនានាទាំងអស់កុំតម្លើងថ្លៃឈ្នួលរថយន្តនៅក្នុងឱកាសបុណ្យជាតិធំៗ។
ដោយឡែកកាលពីថ្ងៃទី០៤ មេសា ឆ្នាំ ២០១២កន្លងទៅថ្មីៗនេះលោក អាត់ ធន់ ដែលតំណាងឲ្យសហជីពការងារកម្ពុជា បានផ្ញើលិខិតជូនសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាជុំវិញការឡើងថ្លៃនូវរាល់ទំនិញសព្វសារពើរពីឈ្មួញរកស៊ីមួយចំនួន។ លោកបានសរសេរថា ជារៀងរាល់ឆ្នាំនៅពេលរដូវចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌមកដល់ តម្លៃទំនិញសព្វសារពើរបានឡើងថ្លៃយ៉ាងខ្លាំង ហើយគ្រប់សេវាកម្មដឹកជញ្ជូនទាំងអស់ ក៏មានបានឡើងថ្លៃឈ្នួលតាមតែអំពើចិត្តផងដែរ បើទោះបីជាអាជ្ញាធរ ឬសាលារាជធានីតែងតែបានប្រកាសជូនដំណឹងជាមុនក៏ដោយ ប៉ុន្តែការគ្រប់គ្រង ឬការចាត់វិធានការផ្សេងៗហាក់ពុំមានប្រសិទ្ធភាពទាល់តែសោះ។ លោកបានរៀបរាប់នៅក្នុងលិខិតនោះបន្ថែមថា ការឡើងថ្លៃឈ្នួលទាំងនោះបានបង្ខំចិត្តធ្វើឲ្យកម្មករ នយោជិកមួយចំនួនព្យាយាមសន្សំសំចៃលុយកាក់របស់ខ្លួន ដោយសុខចិត្តជិះលើដំបូលរថយន្តដែលធូរថ្លៃបន្តិច ឲ្យតែបានទិញរបស់របរខ្លះយកទៅស្រុកកំណើត។ បញ្ហាទាំងនេះ បានធ្វើឲ្យមានការប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗជាយថាហេតុក្នុងពេលធ្វើដំណើរ។ លោកបន្តថា ដើម្បីទប់ស្កាត់បញ្ហានេះបានគឺមានតែការប្តេជ្ញាចិត្តទប់ស្កាត់ឲ្យមានប្រសិទ្ធភាពរបស់អាជ្ញាធរសមត្ថកិច្ច ដែលពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់តែប៉ុណ្ណោះទើបអាចកាត់បន្ថយការធ្វើអាជីវកម្ម អសុចរិតគ្រប់ប្រភេទបាន។
សហជីពការងារកម្ពុជាបានស្នើរទៅសម្តេចនាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាគមន៍តាមសំណូមពររួមមាន ៖
1. អាជ្ញាធរពាក់ព័ន្ធ ត្រូវតែទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ចំពោះថ្លៃទំនិញគ្រប់ប្រភេទនៅលើទីផ្សារ និងថ្លៃរថយន្ដឈ្នួលដឹកអ្នកដំណើរ ដែលអាចនឹងឡើងថ្លៃហួសហេតុខុសពីតម្លៃធម្មតា ដោយត្រូវឲ្យតម្លៃទំនិញនៅលើទីផ្សារ និងតម្លៃគ្រប់សេវាកម្មទាំងអស់ ស្ថិតក្នុងកម្រិតតម្លៃធម្មតា ដូចនៅមុនពេលថ្ងៃបុណ្យ។
2. សូមទប់ស្កាត់ការឡើងថ្លៃតម្លៃប្រេងសាំង ដោយសូមជំរុញ ឬកាត់បន្ថយតម្លៃប្រេងសាំង ឲ្យបានចុះថ្លៃជាងតម្លៃបច្ចុប្បន្ន ដើម្បីរក្សាតម្លៃទំនិញ និងសេវាកម្មផ្សេងៗឲ្យដូចដើម។
3. សូមឲ្យអាជ្ញាធរធ្វើឲ្យមានប្រសិទ្ធភាព ចំពោះសណ្ដាប់ធ្នាប់នៅតាមបេនឡានឈ្នួល និងត្រូវផាកពិន័យចំពោះរថយន្ដឈ្នួលគ្រប់ប្រភេទ ដែលបានដាក់អ្នកដំណើរច្រើនណែនណាន់តាន់តាប់ក្នុងរថយន្ដ និងជិះលើដំបូលរថយន្ដ ដោយត្រូវចាត់វិធានការឲ្យរថយន្ដទាំងនោះ ដឹកអ្នកដំណើរតាមលក្ខណៈសមរម្យ។
លោក ស៊ាន ប៊ុណ្ណារិទ្ធ និស្សិតនៃវិទ្យាស្ថានស៊ីតិក ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ព្រមទាំងលោក ជួប សិរីយស និស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត ក៏បានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដោយសូមឲ្យលោកមានការចាត់វិធានការតឹងរឹងចំពោះការឡើងថ្លៃទំនិញ សេវាកម្មដឹកជញ្ជូនទំនិញ និងជាពិសេសសេវាស្នាក់នៅ តាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានផ្សេងៗដែលប្រជាពលរដ្ឋទៅកំសាន្ត កុំឲ្យឡើងថ្លៃជ្រុលហួសហេតុពេក ព្រោះប្រជាពលរដ្ឋកម្ពុជាសព្វថ្ងៃពិបាករកលុយចិញ្ចឹមជីវិតណាស់។
កញ្ញា ចិន ស្រីម៉ុម និងអ្នកនាង អ៊ឹម សុជាតា ក៏បានអរគុណផងដែរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងតែជួយសម្រួលចរាចរណ៏ និងរក្សាសុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរនៅពេលធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួននៅពេលមានបុណ្យទានម្តងៗ ទោះបីជាពេលខ្លះគាត់មានការរវល់មិនបានឈប់សម្រាកនៅក្នុងឱកាសបុណ្យចូលឆ្នាំនោះក្តី។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ៩ មេសា ឆ្នាំ ២០១២
Leave a Reply