លំនៅដ្ឋានមួយប្រកបដោយផាសុកភាព អាស្រ័យដោយការផ្សំបានត្រឹមត្រូវរវាងធាតុទាំង៤ គឺទឹក ដី ភ្លើង និងខ្យល់។ ក្រៅពីនេះ មានកត្ដាបន្ទាប់បន្សំផ្សេងទៀត ដូចជាកត្ដាសម្ភារៈប្រើប្រាស់នៅក្នុងលំនៅដ្ឋាន ការរៀបចំឱ្យមានទំនាក់ទំនងល្អពីលំហ មួយទៅលំហមួយជាដើម។ ការសាងសង់ផ្ទះមិនទៅតាមក្បួនខ្នាតធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការរស់នៅ និងបណ្ដាលឱ្យមានជម្ងឺ ដង្កាត់ផ្សេងៗ ចំពោះសមាជិកគ្រួសារលោកអ្នក។
នៅក្នុងទំពរ័លំនៅដ្ឋាន និងបរិស្ថាន ទស្សនាវដ្ដី សុខភាពយើង សូមលើកយកការសាងសង់ផ្ទះតាមលក្ខណៈទាញផល ប្រយោជន៍ពីខ្យល់ធម្មជាតិ មកបកស្រាយជូនប្រិយមិត្ដអ្នកអានស្វែងយល់តាមរយៈការជួបសម្ភាសន៍ជាមួយលោក ជា សារិន ដែល ជាស្ថាបត្យករ និងជានាយកក្រុមហ៊ុនសិក្សាគំរោងប្លង់ស្ថាបត្យកម្ម និងវិស្វកម្ម ហ្គ្រីនហ្គោល។
គួរតែសាងសង់បែររកទិសខ្យល់
ការទាញយកផលចំណេញពីធម្មជាតិដែលអាចធ្វើទៅបាន គួរតែធ្វើដើម្បីជាប្រយោជន៍ដល់ការរស់នៅ។ នៅកម្ពុជាបច្ចុប្បន្ន ការអនុវត្ដគោលការណ៍សាងសង់ផ្ទះដោយកេងចំណេញពីខ្យល់ធម្មជាតិមានកម្រិតតិចនៅឡើយជាពិសេសនៅតំបន់ទីក្រុង។ ប៉ុនែ្ដបើ សម្លឹងមើលផ្ទះបុរាណខ្មែរវិញ ការសាងសង់តាមលក្ខណៈខ្យល់ធម្មជាតិនេះឃើញមានស្ទើរគ្រប់ផ្ទះទំាងអស់ ជាពិសេសការសង់ផ្ទះ លើកផុតពីដី ការប្រើរនាបក្ដារ ជញ្ជាំងក្ដារ និងប្រក់ដំបូលក្បឿងដែលមានប្រហោងសម្រាប់ខ្យល់ចេញចូលបាន។
ដោយឡែកការសាងសង់អគារ ឬផ្ទះទំនើបៗនៅតាមទីក្រុង ហាក់ពុំសូវគិតអំពីបញ្ហាខ្យល់ធម្មជាតិទេ ព្រោះនិយមប្រើម៉ាស៊ីនត្រជាក់។ ម្យ៉ាងទៀត ការទាញយកផលប្រយោជន៍ពីខ្យល់ក៏ផ្ដល់នូវគុណវិបត្ដិខ្លះដែរ ព្រោះខ្យល់មិនត្រឹមតែនាំមកនូវខ្យល់ បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងនាំធូលីផងដែរ ដែលធ្វើឱ្យផ្ទះកខ្វក់។ ជួនកាល ដោយសារការគូសប្លង់់មិនបានគិតដល់បញ្ហាខ្យល់អាកាស មិនចង់ឱ្យមានការខាតបង់ផ្ទៃដី ប្រើប្រាស់ដីឱ្យអស់លទ្ឋភាព ជាពិសេសផ្ទះល្វែង។ ការនិយមម៉ូដបរទេសដោយមិនបានគិតពីការ សម្របសម្រួលគំនូរប្លង់តាមអាកាសធាតុប្រទេសដែលខ្លួនរស់នៅឡើយក៏ជាហេតុផលមួយដែរ។
ប្រភេទសំណង់បែររកទិសខ្យល់
គួរតែធ្វើការសាងសង់ដែលអនុញ្ញាតឱ្យខ្យល់ឆ្លងកាត់បានគ្រប់បន្ទប់ទាំងអស់ ពិសេសបន្ទប់សម្រាក ព្រោះថាខ្យល់ខាងក្រៅ មានលក្ខណៈបរិសុទ្ធជាងខ្យល់ខាងក្នុង។ ស្វែងយល់ពីការបំពុលខ្យល់ខាងក្នុងដោយឧស្ម័នកាបូនិចដែលចេញពីរាងកាយយើង និងពីការដាំស្ល សូមអានអត្ថបទ “ ការបំពុលខ្យល់អាកាសនៅក្នុងលំនៅដ្ឋាន ” ចេញផ្សាយនៅក្នុងទស្សនាវដ្ដី សុខភាពយើង លេខ០០១ ខែ កុម្ភៈ ២០០៦។ ដើម្បីទាញប្រយោជន៍ពីខ្យល់ ដាច់ខាតត្រូវដឹងឱ្យច្បាស់ពីទិសខ្យល់បក់។ នៅប្រទេសកម្ពុជា ខ្យល់បក់់ពីទិសឥសាន ទៅនិរតីរយៈពេល៣ខែ និងពីទិសនិរតីទៅឥសានមានរយៈពេល៩ខែ។ ខ្យល់ដែលបក់ពីឥសានទៅនិរតីជាខ្យល់ត្រជាក់ ដែលគេមិនសូវ ចង់បានទេ។ ខ្យល់ដែលបក់ពីនិរតីទៅឥសាន ជាខ្យល់ត្រជាក់ល្មមសម្រាប់ទ្រទ្រង់រាងកាយឱ្យមានអារម្មណ៍ត្រជាក់ស្រួលខ្លួន។ ម្យ៉ាង ទៀតដោយសារប្រទេសកម្ពុជាទទួលឥទ្ធិពលអាកាសធាតុមូសុងដែលមានលក្ខណៈក្ដៅហើយសើម ទើបសំណើមនៅក្នុងបរិយាកាស ខ្ពស់ នាំឱ្យស្បែកសើមហើយស្អិត ដែលធ្វើឱ្យមានអារម្មណ៍ស្អុះស្អាប់នៅពេលគ្មានចរន្ដខ្យល់បក់មកប៉ះរាងកាយ។ ដូច្នេះទាមទារ ឱ្យមានចរន្ដខ្យល់បក់មកប៉ះរាងកាយ ដើម្បីធ្វើការបណ្ដូរកម្ដៅជាមួយស្បែក។ ពេលនោះ សីតុណ្ហភាពស្បែកចុះត្រជាក់នាំឱ្យរាងកាយ មានអារម្មណ៍ស្រួលខ្លួន។ ការសាងសង់ផ្ទះដើម្បីឱ្យមានចរន្ដខ្យល់រត់កាត់បានត្រឹមត្រូវធ្វើឡើងតាមវិធី៤យ៉ាង។
1. រក្សាល្បឿនខ្យល់ខាងក្រៅ និងខាងក្នុងអគារស្មើគ្នា ៖ ករណីនេះគួររៀបចំនៅតំបន់ណា ដែលមានល្បឿនខ្យល់ល្មម។ គួរដាក់ទ្វារ ឬបង្អួចនៅចំទិសខ្យល់ចូលឱ្យមានទំហំប៉ុនទ្វារ ឬបង្អួចនៃទិសខ្យល់ចេញ។ សូមចងចាំថាលំហ ឬបន្ទប់មួយដែលអាចមាន ចរន្ដខ្យល់ឆ្លងកាត់លុះត្រាតែមានប្រភពខ្យល់ចូល និងខ្យល់ចេញ។
2. បង្កើនល្បឿនខ្យល់ក្នុងអគារឱ្យលឿនជាងល្បឿនខ្យល់ខាងក្រៅ ៖ គួរអនុវត្ដនៅតំបន់ណាដែលមានល្បឿនខ្យល់ ខ្សោយដោយរៀបចំទ្វារ ឬបង្អួចដែលនៅចំទិសខ្យល់ចូលឱ្យមានទំហំតូចជាងទំហំទ្វារ ឬបង្អួចដែលនៅខាងទិសខ្យល់ចេញ។ សូមចង ចាំថាទ្វារ ឬបង្អួចត្រូវតែអាចបិទបើកបានសម្រាប់ខ្យល់ចេញចូល មិនមែនជាទ្វារ ឬបង្អួចសម្រាប់តែយកពន្លឺនោះទេ។
3. បន្ថយល្បឿនខ្យល់ក្នុងអគារឱ្យយឺតជាងល្បឿនខ្យល់ក្រៅអគារ ៖ គួរអនុវត្ដនៅតំបន់ណាដែលមានល្បឿនខ្យល់ខ្លាំង ឬលឿន។ គួររៀបចំទ្វារ ឬបង្អួចដែលបែរចំទិសខ្យល់ចូលឱ្យមានទំហំធំជាងទំហំទ្វារ ឬបង្អួចដែលនៅខាងទិសខ្យល់ចេញ។ សូមចងចាំ ថាបម្រែបម្រួលល្បឿនខ្យល់ក្នុងអគារអាស្រ័យទាំងស្រុងលើបម្រែបម្រួលនៃទំហំទ្វារ ឬបង្អួច។
4. បង្កើតឱ្យមានចរន្ដខ្យល់ក្នុងអគារដោយឯកឯង ៖ គួររៀបចំច្រកសម្រាប់ខ្យល់ចូលនៅផ្នែកខាងក្រោម ហើយច្រក សម្រាប់ខ្យល់ចេញនៅផ្នែកខាងលើអគារ។ ទំហំច្រកខ្យល់ចូលត្រូវតូចជាង ឬស្មើនឹងទំហំច្រកខ្យល់ចេញ។ សូមចងចាំថាទំហំច្រក ខ្យល់ចូលកាន់តែតូចធៀបនឹងទំហំច្រកខ្យល់ចេញនោះ ចរន្ដខ្យល់រត់ក្នុងអគារកាន់តែលឿន។ កម្ពស់ធៀបរវាងច្រកខ្យល់ចូល និងច្រក ខ្យល់ចេញមិនត្រូវខ្លីជាងជម្រៅនៃបន្ទប់ឡើយ។
ផលវិបាកនៃសំណង់មិនមានចរន្ដខ្យល់ល្អ
ការសាងសង់ផ្ទះមិនមែនសាងសង់សម្រាប់តែរស់នៅតែមួយគ្រាៗនោះទេ គឺជាលំនៅដ្ឋានសម្រាប់រស់នៅមួយជីវិត ដូចនេះ ទាមទារនូវបរិយាកាសល្អ។ លំនៅដ្ឋានគ្មានខ្យល់អាកាសគ្រប់គ្រាន់ ជីវិតមិនមានផាសុកភាពទេ បណ្ដាលមកពីការបំពុលខ្យល់ខាង ក្នុងអគារ ដូចជាអ្នករស់នៅឧស្សាហ៍ឈឺ ពិបាកដកដង្ហើម អារម្មណ៍មួហ្មងជាដើម។
ខ្យល់ពិតជាមានសារៈសំខាន់ណាស់ យើងមិនអាចរស់នៅដោយគ្មានខ្យល់បានឡើយ។ យើងត្រូវការខ្យល់ដើម្បីដកដង្ហើម និងទទួលបានអារម្មណ៍ត្រជាក់ស្រួលនៅក្នុងខ្លួន។ ទោះបីជាខ្យល់មាននៅក្នុងបរិយាកាសក៏ដោយ តែបើខ្យល់មិនបានមកប៉ះនៅលើ រាងកាយទេ យើងក៏មិនអាចទទួលបានអារម្មណ៍ក្ដៅឬត្រជាក់ស្រួលនោះទេ។ ដើម្បីឱ្យការរស់នៅមានផាសុកភាព និងមានខ្យល់ឆ្លង កាត់បានល្អនោះ ការសាងសង់ផ្ទះ ឬអគារនានា និងការគូសប្លង់ត្រូវទាញយកផលចំណេញពីធម្មជាតិជាការសំខាន់។ នៅពេលខ្យល់អាកាសឆ្លងកាត់នៅក្នុងអគារធ្វើឱ្យកាត់បន្ថយការចំណាយប្រចាំថ្ងៃ ដូចជាការប្រើប្រាស់កង្ហារ ម៉ាស៊ីនត្រជាក់ជាដើម។
ដំបូន្មានអ្នកប្រឹក្សា
ប្រសិនបើលោកអ្នកសាងសង់ផ្ទះដោយប្រើប្រព័ន្ធម៉ាស៊ីនត្រជាក់ទាំងស្រុងនោះ ក៏គួរតែរៀបចំឱ្យមានខ្យល់ធម្មជាតិចេញ ចូលផងដែរ ទើបជាការប្រសើរ ព្រោះខ្យល់ធម្មជាតិជួយលាងសម្អាតខ្យល់ពុលនៅក្នុងអគារ ដែលបង្កឡើងដោយទង្វើរបស់យើង។ ដូច្នេះមុននឹងសាងសង់ផ្ទះ គួរតែធ្វើការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ដូចពាក្យខ្មែរពោលថា “ គិតរួចទើបគូរក្រោយ ”។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៣ ខែកុម្ភៈ ឆ្នាំ២០០៧
Leave a Reply