ពីមួយថ្ងៃទៅមួយថ្ងៃ រាងកាយកាន់តែធាត់ឡើងជាលំដាប់ ធ្វើឱ្យស្ដ្រីមួយចំនួនខ្វល់ខ្វាយជាខ្លាំង។ អ្នកខ្លះធាត់ខ្លាំងរហូត ទាល់តែដូចជ្រូក កុំថាតែអ្នកដទៃ សូម្បីតែខ្លួនឯងក៏មិនពេញចិត្ដនឹងរាងកាយបែបនេះដែរ។ ព្រោះវាធ្វើឱ្យសម្រស់ធម្មជាតិដ៏ស្រស់ស្អា តរបស់ស្ដ្រីត្រូវបាត់បង់ទាំងស្រុង។ មិនមែនមានតែសម្រស់ទេដែលបាត់បង់នោះ នៅមានច្រើនយ៉ាងទៀតរួមទាំងបញ្ហាសំខាន់មិនគួរ មើលរំលងនោះ គឺបញ្ហាសុខភាព។ ការលើសទម្ងន់ និងធាត់ជាសត្រូវចម្បងរបស់សុខភាព។
មានរឿងរ៉ាវមួយចំនួនដែលស្ដ្រីមានរាងកាយធាត់ទ្រលុកទ្រលន់ទាំងឡាយគួរជ្រាបនោះ គឺការប្រឈមមុខនឹងជម្ងឺនិងបញ្ហា ជាច្រើនដែលស្មានមិនដល់។ តទៅនេះលោកអ្នក ជាពិសេសសុភាពនារីនឹងជ្រាបអំពីបញ្ហាទាំងនេះ តាមរយៈការបកស្រាយរបស់ លោកសាស្ដ្រាចារ្យមហាបរិញ្ញា លៀង ច័ន្ទរិទ្ធ អនុប្រធានមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត។
ដូចម្ដេចដែលហៅថាធាត់?
ខ្លួនមនុស្សយើងផ្សំផ្គុំឡើងដោយម៉ាសធាត់(ម៉ាសខ្លាញ់) និងម៉ាសស្គម(សាច់ដុំ ឆ្អឹង សរីរាង្គជាដើម)។ កាលណាម៉ាសធាត់ កើនឡើងមានន័យថាអ្នកធាត់ ដូច្នេះមនុស្សធាត់ជាមនុស្សដែលមានម៉ាសខ្លាញ់ ឬជាតិខ្លាញ់ក្នុងកម្រិតខ្ពស់។ ធាត់ គឺជាការលើសជាតិ ខ្លាញ់ មនុស្សប្រុសធាត់មានម៉ាសខ្លាញ់លើសពី២០%នៃខ្លួនសរុប និងចំពោះមនុស្សស្រីមានលើសពី២៣%។
បញ្ហារបស់ស្ដ្រីធាត់
ការធាត់មិនមែនជារឿងល្អនោះទេ ព្រោះត្រូវប្រឈមមុខនឹងបញ្ហាសុខភាពជាច្រើន មិនថាបុរសភេទ ឬស្ដ្រីភេទនោះឡើ យ។ មនុស្សដែលមានរាងកាយធាត់ខ្លាំងប្រឈមនឹងជម្ងឺមួយចំនួន ដូចជាទឹកនោមផ្អែម លើសឈាម ផ្លូវដង្ហើម អាចប្រឈមមុខ នឹងជម្ងឺមហារីកស្បូនជាដើម។
- ជម្ងឺទឹកនោមផ្អែម ៖ ស្ដ្រីដែលធាត់មានអត្រាប្រឈមមុខនឹងជម្ងឺទឹកនោមផ្អែមលើសពីមនុស្សធម្មតាពី៤ទៅ៨ដង។ ប្រសិនបើស្ដ្រីមានជម្ងឺទឹកនោមផ្អែមនោះមានផ្ទៃពោះ នោះទារកដែលនៅក្នុងផ្ទៃរបស់គាត់ត្រូវប្រឈមមុខនឹងគ្រោះថ្នាក់ ដោយសារ តែកូនដែលកើតពីម្ដាយដែលមានជម្ងឺទឹកនោមផ្អែមត្រូវការតាមដានសុខភាពតាំងពីនៅក្នុងផ្ទៃរហូតដល់ពេលកើតទាំងម្ដាយទាំងកូន។
- ជម្ងឺលើសឈាម ៖ អត្រាដែលអាចកើតមានជម្ងឺលើសឈាមច្រើនជាងស្ដ្រីធម្មតាពី២ទៅ៨ដង។ បញ្ហានេះបើកើតលើ ស្ដ្រីធាត់ហើយមិនមានផ្ទៃពោះ វាទាមទារឱ្យមានការព្យាបាលរយៈពេលយូរអង្វែង ឬត្រូវរស់នៅជាមួយជម្ងឺនេះអស់មួយជីវិត។ ផ្ទុយ ទៅវិញបើស្ដ្រីធាត់ហើយមានជម្ងឺលើសឈាម នៅពេលដែលគាត់មានផ្ទៃពោះនោះនឹងអាចឱ្យស្ដ្រីប្រកាច់នៅពេលឈឺពោះសម្រាល កូន នៅពេលសម្រាលច្រើនជាងស្ដ្រីធម្មតាដែលយើងនិយមហៅថាក្រឡាភ្លើង។ សូមអានអត្ថបទ “ព្រាយក្រឡាភ្លើង ឃាដកពេល សម្រាលកូន” ចេញផ្សាយក្នុងទស្សនាវដ្ដីសុខភាពយើង លេខ០០៩ ខែតុលា ២០០៦។
- ពិបាកសម្រាល ៖ ទារកដែលកើតមកពីម្ដាយដែលមានរាងកាយធាត់ ច្រើនជួបប្រទះនូវបញ្ហាមួយចំនួន ដូចជាទារកកើត មកមានទម្ងន់ធ្ងន់លើសពីទារកធម្មតា ចាប់ពី៤គីឡូក្រាមឡើងទៅ ធ្វើឱ្យនៅពេលសម្រាលមានការពិបាក ជួនកាលបណ្ដាលឱ្យមាន គ្រោះថ្នាក់ទាំងម្ដាយទាំងកូន។
- រលាកសរសៃឈាម ៖ ជាទម្លាប់សម្រាប់ប្រជាពលរដ្ឋខ្មែរយើង ក្រោយពេលសម្រាល ស្ដ្រីមិនត្រូវបានអនុញ្ញាតឱ្យដើរ ឬបញ្ចេញកាយវិការមួយចំនួនឡើយ។ ករណីនេះប្រសិនបើអនុវត្ដចំពោះស្ដ្រីដែលមានសុខភាពល្អ និងរាងកាយល្មមមិនស្គមមិនធាត់ នោះមិនថ្វីទេ។ ផ្ទុយទៅវិញ ចំពោះស្ដ្រីធាត់បើអនុវត្ដតាមវិធីខាងលើនេះ ត្រូវប្រឈមមុខនឹងការរលាកសរសៃឈាមដែលធ្វើឱ្យមាន កំណកឈាម ជួនកាលធ្វើឱ្យស្ទះសរសៃឈាមនៅក្នុងសួតអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតសម្រាប់ស្ដ្រីជាម្ដាយ។
បញ្ហារបស់ទារកដែលកើតមកពីម្ដាយធាត់
ស្ដ្រីដែលមានរាងកាយធាត់ទ្រលុកទ្រលន់នោះ អាចមានបញ្ហាជាច្រើននៅពេលសម្រាល ដូចជាកើតកូនមិនរួច ជាប់ស្មា បាក់ឆ្អឹងដងកាំបិតជាដើម ជួនកាលបណ្ដាលឱ្យពិការដៃ លើកដៃមិនរួចដោយការខូចសរសៃនៅពេលសម្រាល។ ព្រោះទារកមានទម្ងន់ ខ្លួនធ្ងន់ ម្លោះហើយពេលបង្កើត គ្រូពេទ្យខិតខំទាញយកទារកចេញដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជីវិត។ ម្យ៉ាងទៀតទារកដែលកើត មកពីស្ដ្រីដែលធាត់ ច្រើនជួបនឹងបញ្ហាកង្វះជាតិស្ករជាប្រចាំ។
ការព្យាបាលបញ្ហាធាត់ឬលើសទម្ងន់
ជាដំបូងសុភាពនារីទាំងឡាយដែលឡើងទម្ងន់ ចាប់ផ្ដើមមានទម្ងន់លើស បន្ទាប់មកធាត់ ហើយទីបំផុតធាត់ជ្រុល។ ផលវិ បាកស្រាល ឬធ្ងន់អាស្រ័យទៅតាមកម្រិតគីឡូដែលលើស ហើយការព្យាបាលក៏ដូច្នោះដែរ ត្រូវផ្អែកទៅលើកម្រិតលើសនៃទម្ងន់ផង ដែរ។ ការបណ្ដែតបណ្ដោយឱ្យការឡើងទម្ងន់បង្កជាធាត់ដែលជាសណ្ឋានមួយនៃជម្ងឺ មានឈ្មោះថាជម្ងឺធាត់។ ស្ដ្រីដែលមានទម្ងន់ខ្លួន លើសប្រឈមមុខនឹងជម្ងឺជាច្រើន ដូចនេះលោកស្រីអ្នកនាងកញ្ញាគួរតែមានវិធានការដើម្បីរក្សាតុល្យភាពរាងកាយឱ្យបានសមសួន។ របបទទួលទានអាហារមានកម្រិតត្រឹមត្រូវ គួបផ្សំជាមួយនឹងការហាត់ប្រាណជាប្រចាំ អាចជួយអ្នកនាងឱ្យមានរាងកាយប្រកបដោយ សុខភាពល្អបាន។ ជាមួយគ្នានេះផងដែរ បច្ចុប្បន្ននេះមានឱសថជាច្រើនដែលផលិតឡើងដើម្បីជួយសម្រួលដល់ការរក្សាសម្រស់រាង កាយរបស់លោកស្រីអ្នកនាងកញ្ញា។
ប្រសិនបើសុភាពនារីចង់ជ្រាបកាន់តែច្បាស់ពីការសម្រកទម្ងន់ ការរក្សាទម្ងន់រាងកាយដើម្បីឱ្យមានសុខភាពល្អ លោកស្រី អ្នកនាងកញ្ញាអាចរកអានបានជាមួយសៀវភៅ១០នាទីដើម្បីសម្រស់រាងកាយ និងសុខភាពល្អ ព្រមជាមួយសៀវភៅ២៤ម៉ោងដើម្បី សុខភាពល្អដែលនិពន្ធដោយលោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ។ នៅពេលនោះ លោកអ្នកនឹងបានទទួលនូវចំណេះដឹងបន្ថែមទៀតពីសុខ ភាពលើអ្វីដែលលោកអ្នកមានស្រាប់។
ដំបូន្មានអ្នកជំនាញ
បើលោកស្រីមានរាងកាយធាត់នៅពេលមានផ្ទៃពោះ លោកស្រីគួរទៅពិនិត្យសុខភាពជាប្រចាំ ដើម្បីចៀសវាងនូវគ្រោះ ថ្នាក់ដូចដែលបានរៀបរាប់ជូនខាងលើ។ ក្រៅពីនេះ ប្រសិនបើចង់សម្រកទម្ងន់ដោយការប្រើឱសថ សូមជ្រើសរើសដោយប្រុងប្រយ័ត្ន ដើម្បីកុំឱ្យស្ដាយក្រោយនៅពេលដែលមានបញ្ហាដោយសារឱសថ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply