សុដន់ជាវត្ថុសំខាន់ផលិតទឹកដោះប្រកបដោយជីវជាតិពិសេសសម្រាប់ទ្រទ្រង់សុខភាពទារក។ លៀសដោះជាបញ្ហាមួយ របស់ស្ដ្រីច្រើនកើតមានក្រោយពេលសម្រាលបុត្ររួច ជាពិសេសសម្រាប់អ្នកម្ដាយដែលទើបមានបុត្រដំបូង។ លៀសដោះមិនមែន ជាជម្ងឺទេ តែវាជាផលវិបាកនៃឥរិយាបថ និងការប្រព្រឹត្ដរបស់ម្ដាយមិនបានល្អ ឬមិនប្រក្រតី។ តើលៀសដោះបង្កផលវិបាកអ្វីខ្លះដល់ ស្ដ្រីជាម្ដាយ?
លោកអ្នកអានធ្លាប់បានដឹងរួចខ្លះៗមកហើយនូវបញ្ហាមួយចំនួនដែលស្ដ្រីជួបប្រទះនៅក្នុងវ័យបន្ដពូជ។ លៀសដោះជាប្រធានបទមួយទៀតដែលទស្សនាវដ្ដី សុខភាពយើង នឹងធ្វើការ បរិយាយ នៅលេខនេះ តាមរយៈការជួបសម្ភាសន៍ជាមួយលោកវេជ្ជ បណ្ឌិត ឡឹក សែប្រធានផ្នែកសម្ភពនៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ។
លៀសដោះ ជាអ្វី?
លៀសដោះមិនមែនជាជម្ងឺទេ តែជាការច្រាលទឹកដោះច្រើនពេញនៅក្នុងក្រពេញដែលផលិតទឹកដោះ។ នៅពេលទឹកដោះ ស្ទះមិនអាចចេញរួចដោយសារដោះគ្មានរន្ធបញ្ចេញ នោះហើយដែលហៅថាលៀសដោះ។
មូលហេតុកើតលៀសដោះ
មានកត្ដាជាច្រើនដែលជម្រុញឱ្យកើតលៀសដោះនេះ។ ប៉ុន្ដែភាគច្រើនបណ្ដាលមកពីឥរិយាបថរបស់ស្ដ្រីជាម្ដាយផ្ទាល់។ គេសង្កេតឃើញលៀសដោះច្រើនកើតលើម្ដាយដែលមានកូនដំបូង ព្រោះជាលើកដំបូងដែលសុដន់របស់ម្ដាយត្រូវបញ្ចេញទឹកដោះ។ ម្យ៉ាងវិញទៀត អ្នកម្ដាយមិនទាន់មានការយល់ដឹងអំពីការសម្អាត និងថែទាំសុដន់ដូចស្ដ្រីដែលធ្លាប់មានកូនរួចមកហើយនោះទេ។ នៅពេលសុដន់បញ្ចេញទឹកដោះជាលើកដំបូង ដោះអាចឡើងក្ដៅ ធ្ងន់ហើយរឹង។ ការឡើងដោះនេះ បណ្ដាលមកពីទឹកដោះពេញក្នុង ក្រពេញដោះ និងមកពីការកើនឡើងចំនួនឈាម និងជាតិទឹកនៅក្នុងជាលិកាទ្រទ្រង់។ នៅប៉ុន្មានថ្ងៃបន្ទាប់ដោះម្ដាយមិនឡើងខ្លាំង ពេកទេ ប៉ុន្ដែដោះម្ដាយនៅតែបន្ដផលិតទឹកដោះល្អដដែល។ ប្រសិនបើទឹកដោះមិនបានបញ្ចេញគ្រប់គ្រាន់ទេ ដោះអាចកើតអាការ លៀសបាន ហើយដោះលៀសនេះមានការឈឺចាប់ទៀតផង។
ផលវិបាកលៀសដោះ
ប្រសិនបើព្យាបាលមិនទាន់ពេលវេលា បញ្ហាលៀសដោះនឹងវិវឌ្ឍទៅជាជម្ងឺបូសដោះ អាប់សែដោះ មានដំបៅ ឬមានខ្ទុះនៅ ក្នុងដោះបាន ក្នុងរយៈពេលតែ៣ទៅ៤ថ្ងៃប៉ុណ្ណោះ។ ដោយហេតុថាទឹកដោះចេញកាន់តែច្រើន ធ្វើឱ្យសុដន់តឹងឡើងៗ ហើយមិនមាន ច្រកសម្រាប់បញ្ចេញ។ ស្ដ្រីជាម្ដាយមានការឈឺចាប់យ៉ាងខ្លាំងនៅត្រង់សុដន់ សុដន់មានដំបៅ ឬខ្ទុះ ជួនកាលរហូតត្រូវធ្វើការវះកាត់ ដោយសារការជ្រាបចូលនៃមេរោគ។
វិធីព្យាបាលលៀសដោះ
ដើម្បីព្យាបាលលៀសដោះ ត្រូវបញ្ចេញទឹកដោះពីដោះចោលឱ្យអស់ បន្ទាប់មកលោកអ្នកអាចប្រើមធ្យោបាយដូចខាងក្រោម៖
- ត្រូវបន្ដបំបៅទារកតទៅទៀត ប្រសិនបើអាចធ្វើទៅបាន។ ក្នុងករណីទារកជញ្ជក់មិនបានល្អ អ្នកម្ដាយត្រូវជួយច្របាច់ទឹកដោះចោល។ ការច្របាច់ ត្រូវច្របាច់ ដោយដៃខ្លួនឯង ផ្ទាល់ ទើបប្រសើរ។
- ស្ដ្រីជាម្ដាយត្រូវឧស្សាហ៍សម្អាតក្បាលដោះ ដោយឆ្កឹះក្រម៉នៅជាប់ក្បាលដោះចេញ។
- សូមបំបៅដោះកូនឱ្យស្មើគ្នា គឺត្រូវបំបៅដោយប្រើសុដន់ទាំងសងខាង។ ប្រសិនបើទឹកដោះចេញច្រើនពេកគប្បីច្របាច់ ចោលខ្លះ។
- ប្រសិនបើដោះឈឺខ្លាំង ស្ដ្រីអាចប្រើឧបករណ៍បឺតបន្ដិចម្ដងៗ ហើយអាចប្រើទឹកក្ដៅដាក់ក្នុងដបស្អំសុដន់ ដើម្បីឱ្យក្រពេញ ដោះឆាប់បើក។ នៅពេលច្របាច់ទឹកដោះចេញខ្លះហើយ សុដន់នឹងទន់ជ្រាយ ពេលនោះទារកនឹងអាចជញ្ជក់ដោះបានល្អជាងមុន។
- ការធ្វើម៉ាស្សានៅលើគល់ដោះ និងនៅចុងដោះអាចជួយសម្រាលបញ្ហាបានខ្លះ។
- បន្ដការច្របាច់ដោះឱ្យបានញឹកញាប់ទៅតាមតម្រូវការចាំបាច់ ដើម្បីឱ្យដោះទន់ជាងមុនរហូតទាល់តែឈប់មានលៀសដោះ។
ជួនកាលលៀសដោះអាចធ្វើឱ្យស្ដ្រីក្ដៅខ្លួនពេញមួយថ្ងៃ ដែលបណ្ដាលមកពីទឹកដោះ និងសមាសធាតុក្នុងទឹកដោះជ្រាបចូល ទៅក្នុងឈាមរបស់ស្ដ្រី។ ការក្ដៅខ្លួននេះជារឿងធម្មតា វានឹងបាត់ទៅវិញដោយខ្លួនឯងមិនបាច់ព្យាបាល។
ប្រការគួរចៀសវាង
តាមមធ្យោបាយចាស់បុរាណនៅពេលមានបញ្ហាលៀសដោះ គាត់តែងតែយកសរសៃសក់ត្បាល់លើក្បាលដោះ ដើម្បី ឱ្យមានរន្ធបញ្ចេញទឹកដោះ ឬវិធីម្យ៉ាងទៀតដោយយកឪទិនដុតក្រដាសដាក់ចូលខាងក្នុងរួចទើបដាក់បញ្ចូលសុដន់ចូលទៅក្នុងឪទិនពេលនោះផ្សែងនឹងបឺតទឹកដោះចេញពីសុដន់បាន។ មាតាទាំងឡាយមិនគួរជ្រើសរើសវិធីទប់ស្កាត់បញ្ហាលៀសដោះ ដោយដុតដាក់ឪទិនទេ ព្រោះវាធ្វើឱ្យក្បាលសុដន់កាន់តែប្រេះថែមទៀត។
- នៅពេលក្បាលសុដន់ប្រេះ មិនត្រូវពាក់អាវទ្រនាប់ ឬកន្លែងដែលផ្អិបហប់នោះទេ។ ត្រូវដាក់សុដន់ឱ្យត្រូវខ្យល់។
- ចំពោះវិធីប្រើឧបករណ៍បឺតទឹកដោះចេញ ក៏មិនគួរប្រើដែរ ប្រសិនបើមិនចាំបាច់។
វិធានទប់ស្កាត់បញ្ហាលៀសដោះ
ដើម្បីការពារកុំឱ្យកើតលៀសដោះ សូមបញ្ចេញទឹកដោះពីដោះចោលឱ្យបានច្រើន។
- ត្រូវបំបៅដោះទារកដោយមិនកំណត់ពេលបន្ទាប់ពីសម្រាលភ្លាម
- ត្រូវឧស្សាហ៍សម្អាតសុដន់នៅក្រោយពេលសម្រាល យកកុំប្រេស ឬសំឡីមកជ្រលក់់ជាមួយទឹកក្ដៅឧណ្ណៗឱ្យសើម ហើយ នៅបរិវេណក្បាលសុដន់ដែលជាកន្លែងនាំឱ្យស្ទះ និងឆ្កឹះយកក្រម៉ចេញឱ្យអស់។
- នៅពេលមានបញ្ហាឡើងសុដន់តឹងណែន ត្រូវឧស្សាហ៍ធ្វើម៉ាស្សាសុដន់ ដើម្បីឱ្យទឹកដោះចេញបានល្អ។ នៅពេលចេញទឹក ដោះស្ដ្រីគួរយកសំឡីត្រងមើលតើមានខ្ទុះឬទេ ប្រសិនបើមានខ្ទុះ នោះដោះរបស់ស្ដ្រីអាប់សែហើយ។ បន្ទាប់ពីម៉ាស្សាហើយ ត្រូវយក ទឹកក្ដៅស្អំជាប្រយោជន៍កាត់បន្ថយការឈឺចាប់ និងធ្វើឱ្យក្រពេញទឹកដោះបើក។
- ប្រសិនបើមានបញ្ហាប្រេះក្បាលសុដន់នោះ ត្រូវយកទឹកដោះលាបលើក្បាលសុដន់។
ដំបូន្មានអ្នកប្រឹក្សា
ក្រោយពេលសម្រាលបុត្ររួច ស្ដ្រីជាម្ដាយច្រើនជួបបញ្ហាសុដន់ ដូច្នេះសូមស្ដ្រីជាម្ដាយស្វែងយល់ដឹងពីការថែទាំ និងសម្អាត សុដន់។ ជាទូទៅអ្នកម្ដាយត្រូវឧស្សាហ៍មើលមាត់កូនផងដែរ ប្រសិនបើមាត់កូនមានកើតជ្រាំង នេះបញ្ជាក់ថាម្ដាយអាចមានបញ្ហាមេ រោគផ្សិតនៅត្រង់ក្បាលសុដន់ហើយ។ ដូចនេះទាមទារឱ្យម្ដាយព្យាបាលរោគផ្សិតឱ្យបានជាសះស្បើយជាបន្ទាន់។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply