ពេញ១ឆ្នាំ២០១០កន្លងទៅនេះ នៅលើទំព័រទស្សនាវដ្ដី សុខភាពយើង នឹងនៅតាមកញ្ចក់ទូរទស្សន៍នានា ជាពិសេស ទូរទស្សន៍ស៊ីធីអ៊ិន“កម្មវិធីសម្រស់ស្ដ្រី” ខ្ញុំបាទវេជ្ជបណ្ឌិត លី ចេងហ៊ុយ បានលាតត្រដាងជម្រាបជូននូវវីតាមីនទាំង១៣ប្រភេទនេះ។ នេះជាដើមទុនមួយសម្រាប់សុខុមាលភាពនិងសុខភាពប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។ វីតាមីន ចុងក្រោយដែលត្រូវចូលមកបង្ហាញខ្លួនគឺវីតាមីនកា(k)។
តួនាទីវីតាមីនកា
វីតាមីនកា ឬវីតាមីនខេ(k)ត្រូវបានគេស្គាល់ថាជាវីតាមីនឃាត់ឈាម ឬប្រឆាំងនឹងការហូរឈាម។ វីតាមីនកានេះមាន នៅក្នុងធម្មជាតិ និងចែកចេញជា២ប្រភេទគឺ ផីឡូគីណូន ដែលឃើញមាននៅក្នុងរុក្ខជាតិ និងម៉េណាគីណូន ផលិតដោយបាក់តេរីម្យ៉ាង នៅក្នុងពោះវៀនតូច។
- ប្រើសម្រាប់ទារកទើបនឹងកើត : ហេតុនេះហើយបានជាការបម្រុងវីតាមីនការបស់ទារកទើបនឹងកើតមានបរិមាណទាប រីឯពោះវៀនតូចរបស់គាត់មិនមានមេរោគ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតម៉េណាគីណូន។ ជាទូទៅគេចាក់វីតាមីនកាឱ្យ ទារក បន្ទាប់មកគេបន្ដប្រើបរិមាណទ្រទ្រង់ប្រមាណពី២ទៅ៥មីក្រូក្រាមក្នុង១សប្ដាហ៍ នៅក្នុងរយៈពេល៣ខែដំបូង។
- ប្រើសម្រាប់ឃាត់ឈាម : វីតាមីនកាដើរតួនាទីសំខាន់ជាងគេ គឺឃាត់ឈាមឬប្រឆាំងនឹងការហូរឈាម គឺនៅក្នុងដំណើរការកកនៃឈាម។
- ជួយភ្ជាប់សារធាតុកាល់ស្យូម : វីតាមីនកាដើរតួនាទីសំខាន់ផងដែរ នៅក្នុងការជួយភ្ជាប់សារធាតុកាល់ស្យូមទៅនឹងឆ្អឹង។
របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនកា
ខ្លួនប្រាណមនុស្សយើងត្រូវការទទួលទានចូលទៅក្នុងខ្លួនជាប្រចាំនូវវីតាមីនកាក្នុងបរិមាណចំនួន៤៥មីក្រូក្រាម នេះជាតួ លេខសម្រាប់មនុស្សពេញវ័យទូទៅ។
កង្វះវីតាមីនកានាំឱ្យប៉ះពាល់ដល់សុខភាព
ប្រសិនបើមនុស្សយើងទទួលទានវីតាមីនកាមិនបានគ្រប់គ្រាន់នោះទេ អាចនាំឱ្យប៉ះពាល់សុខភាពគួរឱ្យកត់សម្គាល់។ ផល ប៉ះពាល់ដែលចម្បងជាងគេ គឺនាំឱ្យមានការហូរឈាមយ៉ាងសន្ធឹកសន្ធាប់ ឬអាចបន្ដិចបន្ដួច។
ចំណីអាហារដែលមានជាតិវីតាមីនកា
វីតាមីនកាមាននៅលើចំណីអាហារមួយចំនួន ជាពិសេសនៅក្នុងចំណីអាហារ ដូចជាស៊ុត ឬពងមាន់ ពងទា បន្លែដែលសម្បូរ ស្លឹក អាហារជាតិទឹកដោះ ប្រេងរុក្ខជាតិជាដើម។
សូមចំណាំថា វីតាមីនកាមួយផ្នែកធំត្រូវបានផលិតឡើងដោយផ្លរពោះវៀនតូចមានតុល្យភាព។ ករណីផ្លរ ពោះវៀនតូច មានកង្វះបាក់តេរីមួយចំនួន ដូចជាអាស៊ីដូភីលីស ឬឡាក់តូបាក់ស៊ីលីស ការសំយោគផលិតវីតាមីនកាធ្វើឡើងមិនបានល្អនោះទេ។
ពេលដែលគួរប្រើប្រាស់ថ្នាំវីតាមីនកា
ករណីវីតាមីនកា ខុសពីវីតាមីនមុនៗ ឬដទៃទៀត ដែលបានលើកមកជម្រាបជូន។ មនុស្សទូទៅ ឬអ្នកជម្ងឺមិនមានសិទ្ធិ ឬក៏ត្រូវអនុញ្ញាតឱ្យប្រើប្រាស់វីតាមីនកា ដោយគ្មានវេជ្ជបញ្ជា ឬយោបល់វេជ្ជសាស្ដ្រនោះទេ។ ការប្រើប្រាស់សារធាតុវីតាមីនកា ពីធម្មជាតិ ដូចជានៅក្នុងចំណីអាហារអាចធ្វើទៅបាន ព្រោះថាករណីថ្នាំវីតាមីនកាដែលសំយោគឬផលិតឡើងមិនល្អប្រើនោះទេ ដោយ សារសារធាតុពុល ឬនាំឱ្យពុល។
បណ្ដាំផ្ញើ ៖ លោកអ្នកបានជ្រាបហើយអំពីវីតាមីនទាំង១៣មុខនៅលើទំព័រទស្សនាវដ្ដី សុខភាពយើង សង្ឃឹមថាលោកអ្នកពេញ ចិត្ដពេញថ្លើមនឹងព័ត៌មានទាំងអស់នេះ។ ជាបន្ដទៅលេខក្រោយទស្សនាវដ្ដី សុខភាពយើង នឹងលើកយកសារធាតុបំប៉នម្យ៉ាងទៀត មកជម្រាបជូន គឺសារធាតុរ៉ែខនិជ។
នាពេលឆាប់ៗខាងមុខនេះ លោកអ្នកនឹងបានអានសៀវភៅ“វចនានុក្រមវីតាមីន” ដែលចងក្រងរៀបរៀងដោយលោក វេជ្ជបណ្ឌិត លី ចេងហ៊ុយ និងបោះពុម្ពផ្សាយដោយក្រុមបោះពុម្ពផ្សាយ កាឡាក់ស៊ី សហការណ៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
ដោយ : វេជ្ជ. លី ចេងហ៊ុយ
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិល ស៊ី ស៊ី
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១
Leave a Reply