នៅក្នុងយុគ្គសម័យបច្ចុប្បន្ន ស្ដ្រីដើរតួនាទីសំខាន់ក្នុងសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ទាំងសង្គមគ្រួសារទាំងសង្គម ជាតិ។ បើយើងក្រឡេកមើលពីអតីតកាល ស្ដ្រីគ្មានតួនាទីអ្វីនៅក្នុងសង្គមក្រៅពីការងារជាមេផ្ទះ ចំណែកឯការសិក្សាទៀតសោត គឺ គ្មានតែម្ដងដូចពាក្យចាស់មួយឃ្លាពោលថា ស្ដ្រីវិលចង្ក្រានមិនជុំ។ ឥទ្បូវនេះស្ដ្រីសម័យថ្មីមានភាពរឹងប៉ឹងដែលអាចឈរជើងលើតួនាទី សំខាន់ៗមួយចំនួននៅក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា សង្គមស៊ីវិល និងទីផ្សារពាណិជ្ជកម្មនានាជាច្រើន។ ទាំងនេះ សុទ្ធតែមានការរួមចំណែកពីស្ដ្រីបើទោះបីនៅមានចំនួនតិចជាងបុរសក៏ដោយ ក៏នៅតែខិតខំពង្រឹងខ្លួនឱ្យក្លាយជាដៃគូមិនអាចខ្វះបាន របស់បុរស។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកបទពិសោធន៍របស់ស្ដ្រីខ្មែរមួយចំនួនដែលជោគជ័យក្នុងជីវិតការងាររបស់ខ្លួន ដើម្បីចែករំលែកទៅកាន់ស្ដ្រីមួយចំនួនទៀតនៅក្នុងសង្គមឱ្យសក្ដិសម និងស្ថានភាពនាពេលបច្ចុប្បន្ន ដែលស្ដ្រីកំពុងទទួលបានសិទ្ធិសេរី ភាពការលើកតម្កើង និងជំរុញការលើកទឹកចិត្ដឱ្យរួមចំណែកក្នុងការងារក្រៅផ្ទះ។
លោកជំទាវ អ៊ឹង កន្ថាផាវី គឺជាស្ដ្រីខ្មែរមួយរូបដែលតស៊ូប្រឡូកក្នុងវិស័យនយោបាយ ដោយមានតួនាទីជារដ្ឋមន្ដ្រីក្រសួង កិច្ចការនារីនាអាណត្ដិទី៣នេះ ២០០៣-២០០៨។ លោកជំទាវ ត្រូវបាន គេចាត់ទុកថា ជាស្ដ្រីខ្មែរ ដ៏ក្លាហានដែលលះបង់ ភាពសុខសាន្ដ នៅ ឯបរទេស វិលមករួម សុខរួមទុក្ខជា មួយស្ដ្រីខ្មែរ លើកស្ទួយស្ដ្រី ផ្ដល់តម្លៃដល់ស្ដ្រីជាដើម។ លោកជំទាវ អ៊ឹង កន្ថាផាវីបានរៀបរាប់ប្រាប់ពីជីវិត និងការតស៊ូរហូតដល់មានតួនាទីជាអ្នកដឹកនាំថ្នាក់រដ្ឋមន្ដ្រីនៅក្រសួងដ៏ ធំនេះ។ លោកជំទាវមានស្រុកកំណើតនៅរាជធានីភ្នំពេញ និងបន្ដការសិក្សាផ្នែកពេទ្យនៅទីក្រុងប៉ារីសប្រទេសបារាំងរហូតបានទទួល សញ្ញាប្រ័តវេជ្ជបណ្ឌិតជម្ងឺទូទៅ ហើយបានបន្ដយកឯកទេសព្យាបាលជម្ងឺសម្រាប់ប្រទេសក្ដៅ និងផ្នែកអាហារូបត្ថម្ភ និងសុខភាព សហគមន៍។ នៅប្រទេសបារាំង លោកជំទាវបានបម្រើការងារនៅក្នុងមន្ទីរពេទ្យ និងមានបើកបន្ទប់ពិគ្រោះជម្ងឺផ្ទាល់ខ្លួនទៀតផង។ ក្នុងពេលនោះ លោកជំទាវបានចូលរួមការងារជាមួយសមាគមគ្រូពេទ្យកម្ពុជានៅប្រទេសបារាំង មានតួនាទីជាអគ្គលេខាធិការង។ តាមរយៈសមាគមនេះហើយ ដែលលោកជំទាវមានឱកាសបានវិលត្រឡប់មកប្រទេសកម្ពុជាក្នុងតួនាទីជាវេជ្ជបណ្ឌិត ចុះផ្ដល់សេវា សុខាភិបាលនៅតាមភូមិនៅខេត្ដឧត្ដរមានជ័យ ប៉ែកពាយព្យនៃប្រទេសកម្ពុជាក្នុងរយៈពេលខ្លី។ ពេលនោះទើបលោកជំទាវបានដឹង និងមើលឃើញពីកង្វះខាតទាំងឡាយរបស់ប្រជាពលរដ្ឋកម្ពុជាជាពិសេសស្ដ្រីក្រោយពេលសង្គ្រាម លើបញ្ហាសុខភាព និងអាហារូបត្ថម្ភ ។ ដោយមូលហេតុនេះលោកជំទាវបានសម្រេចចិត្ដវិលត្រឡប់រហូត ក្នុងបំណងរួមចំណែកជួយគ្នាដើម្បីអភិវឌ្ឍន៍សង្គម ជាពិសេស ជួយដល់ស្ដ្រីតែម្ដង ព្រោះលោកជំទាវបានជួបផ្ទាល់ជាមួយស្ដ្រីមួយចំនួន ដែលមានការលំបាកជាខ្លាំងទាំងសេវាសុខភាព ទាំងការទ្រ ទ្រង់នៅក្នុងក្រុមគ្រួសារ។ បន្ទាប់មកនៅក្នុងឆ្នាំ១៩៩៥ លោកជំទាវបានចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទមានតួនាទីជាទីប្រឹក្សា ផ្នែកបច្ចេកទេសលើវិស័យសុខភាពបឋម និងអភិវឌ្ឍន៍សហគមន៍។ តាមរយៈការងារដែលបានបំពេញនៅក្រសួងអភិវឌ្ឍន៍ជនបទ នេះធ្វើឱ្យលោកជំទាវមានការយល់ដឹងពីស្ដ្រីកាន់តែច្រើន ទាំងការលំបាកសព្វបែបយ៉ាង សុខភាព អាហារូបត្ថម្ភ និងការទទួលខុសត្រូវ លើគ្រួសារ ជាហេតុធ្វើឱ្យលោកជំទាវមានសណ្ដានចិត្ដចង់ជួយស្ដ្រីកាន់តែច្រើនឡើង។ លុះមកដល់ឆ្នាំ១៩៩៨ ទើបលោកជំទាវមាន កិត្ដិយសទទួលឋានៈជារដ្ឋលេខាធិការក្រសួងកិច្ចការនារី និងអតីតយុទ្ធជន។ នៅក្នុងឆ្នាំ២០០៤ ក្រោយការបោះឆ្នោតអាណត្ដិទី៣ លោកជំទាវបានបំពេញការងារក្នុងតួនាទីជារដ្ឋមន្ដ្រីក្រសួងកិច្ចការនារី រហូតមកដល់បច្ចុបន្ននេះ។
ឆ្លងតាមរយៈបទពិសោធន៍ដែលបានរៀបរាប់ខាងលើ លោកជំទាវ អ៊ឹង កន្ថាផាវី សូមមានប្រសាសន៍ផ្ដាំផ្ញើជូនស្ដ្រីទាំង ទ្បាយថាសូមស្ដ្រីទាំងអស់ត្រូវមានទំនុកចិត្ដ និងជឿជាក់លើខ្លួនឯង ទើបអាចធ្វើឱ្យអ្នកដ៏ទៃជាពិសេសក្រុមគ្រួសារ(ឪពុកម្ដាយ ស្វាមី និងបងប្អូន) និងសង្គមទាំងមូលមានការជឿជាក់ និងផ្ដល់ឱកាសដល់ស្ដ្រីបាន។ ជាមួយគ្នានេះផងដែរ លោកជំទាវបានទទូចដល់ឪពុក ម្ដាយទាំងឡាយសូមមេត្ដាវិនិយោគនៅលើការសិក្សារបស់កូនស្រី យ៉ាងហោចណាស់ឱ្យបានត្រឹមកម្រិតមធ្យមសិក្សាថ្នាក់ទី៩ តាម គោលការណ៍របស់រដ្ឋាភិបាលដែរ ដើម្បីពួកគេមានលទ្ធភាពបំពេញតួនាទីក្នុងសង្គមធ្វើដៃគូរកចំណូលផ្នែកសេដ្ឋកិច្ចទ្រទ្រង់គ្រួសារ និង ជាធនធានមនុស្ស ដែលអាចចូលរួមក្នុងកិច្ចអភិវឌ្ឍន៍សង្គមឱ្យសក្ដិសមជាដៃគូមិនអាចខ្វះបានរបស់បុរសទាំងក្នុង និងក្រៅផ្ទះ។
បន្ទាប់ទៅទៀត លោកអ្នកសូមទទួលជ្រាប អំពីបទពិសោធន៍ របស់ស្ដ្រីខ្មែរម្នាក់ទៀត ដែលមានតួនាទីជាតំណាងរាស្ដ្រ ខេត្ដកំពង់ចាមគឺលោកជំទាវ ចែម សាវ៉ៃ។ ក្នុងឋានៈជាតំណាងរាស្ដ្រ លោកជំទាវជាស្ដ្រីម្នាក់ក្នុងចំណោមស្ដ្រីចំនួន១២នាក់នៅក្នុង រដ្ឋសភា ជាចំនួនតិចតួច បើប្រៀបធៀបជាមួយសមាជិក សភាទាំង១២៣នាក់។ ដោយសារការតស៊ូជំនះរើបម្រះក្នុងនឹមទុគ្គតភាព យ៉ាងស្វិតស្វាញរបស់លោកជំទាវ ទើបលោកជំទាវមានថ្ងៃនេះ ហើយចាត់ទុកជាគំរូមួយយ៉ាងល្អប្រសើរសម្រាប់ស្ដ្រីទាំងឡាយ។
ដោយផ្ដើមចេញពីគ្រួសារកសិករក្រីក្រ លោកជំទាវ ចែម សាវ៉ៃ មានស្រុកកំណើត នៅស្រុកពញាឮ ខេត្ដកណ្ដាល។ ក៏ព្រោះតែភាពធ្លាក់ ចុះនៃសេដ្ឋកិច្ចគ្រួសារនៅពេលមានអាយុ៧ឆ្នាំ លោកជំទាវ និងក្រុមគ្រួសារបានផ្លាស់ទីលំនៅមករស់នៅស្រុកមេមត់ ខេត្ដ កំពង់ចាមដែលពេលនោះឪពុកម្ដាយរបស់លោកជំទាវជាកម្មករចំការកៅស៊ូ។ នៅពេលនោះ ដោយសារតែម្ដាយលោកជំទាវមានជម្ងឺ ហើយលោកជំទាវត្រូវបំពេញការងារជាកម្មករចំការកៅស៊ូ និងធ្វើកិច្ចការងារផ្ទះជំនួសម្ដាយក្នុងការថែទាំប្អូន និងការងារលំបាកផ្សេង ទៀតជាច្រើន។ ដោយសារកត្ដាជីវភាពនេះ ទើបលោកជំទាវមិនមានឱកាសសម្រាប់ការសិក្សារៀនសូត្រអ្វីទាំងអស់។ មកដល់ឆ្នាំ ១៩៧០ដោយសារសភាពការប្រទេសជាតិមានការប្រែប្រួល លោកជំទាវបានចូលរួមជាមួយចលនាតស៊ូតាមការអំពាវនាវរបស់សម្ដេចឪ។ នៅក្នុងរបបប៉ុលពត លោកជំទាវបានឆ្លងកាត់ជីវិតដ៏សែនលំបាកវេទនាដូចប្រជាពលរដ្ឋកម្ពុជាដ៏ទៃទៀតដែរ ក្នុងស្ថានភាពជាកង ចល័ត។ នៅឆ្នាំ១៩៧៨ លោកជំទាវក៏ដូចជាប្រជាពលរដ្ឋមួយចំនួនទៀតបានក្រោកឡើងតស៊ូនៅប្រទេសវៀតណាម បង្កើតឡើងនូវ ចលនារណសិរ្សសង្គ្រោះជាតិកម្ពុជា២ធ្នូ។ ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ លោកជំទាវបានចូលរួមបំពេញការងារក្នុងក្របខ័ណ្ឌជា អ្នកដឹកនាំមួយរូបនៅខេត្ដកំពង់ចាមដោយចាប់ផ្ដើមចេញពីតួនាទីជាប្រធានសមាគមយុវជនខេត្ដនៅឆ្នាំ១៩៨២។ ហើយនៅឆ្នាំ១៩៨៦ ក្រោយពីត្រឡប់មកពីបំពេញការសិក្សាបន្ថែមនៅប្រទេសវៀតណាមវិញ លោកជំទាវបានទទួលការងារជាប្រធានសមាគមនារីប្រចាំ ខេត្ដកំពង់ចាម។ លោកជំទាវបានជាប់ឈ្មោះជាតំណាងរាស្ដ្រនៅឆ្នាំ១៩៩៣ក៏ប៉ុន្ដែដោយសារលោកជំទាវមានតួនាទីមួយផ្សេងទៀត ជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដ ទើបលោកជំទាវត្រូវអាក់ខានបំពេញការងារជាតំណាងរាស្ដ្រ។ លុះមកដល់ឆ្នាំ២០០៣ ទើប លោកជំទាវបានទទួលភារៈកិច្ចជាតំណាងរាស្ដ្រពេញលេញរហូតទល់ពេលនេះ។
លោកជំទាវសូមផ្តាំផ្ញើដល់បងប្អូនស្រ្តីទាំងអស់គ្នាសូមមានជំនឿទុកចិត្តលើខ្លួនឯង ត្រូវមានភាពសង្ឈឹម ចេះតស៊ូមតិនិង រៀនសូត្រឲមានចំនេះដឹងខ្ពង់ខ្ពស់ ទើបគ្រួសារមានសុភមង្គល ជីវិតមានសេរីភាព អាចបត់បែនតាមកាលៈទេសៈ និងធ្វើឲសង្គមរឹងមាំ។ សូមក្រឡេកមកមើលបទពិសោធន៍របស់ស្ដ្រីដែលមានជោគជ័យ ក្នុងទីផ្សារ ពាណិជ្ជកម្ម នៅប្រទេស កម្ពុជា យើងវិញមកដែលក្នុងចំណោមស្ដ្រីមានស្ដ្រីភាគតិចបំផុតដែលទទួលបានជោគជ័យ។ លោកជំទាវឧកញ៉ា ឈួង ច័ន្ទសុភា ប្រធានក្រុមហ៊ុនអប្សរា ទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា និងជាសមាជិកសភាពាណិជ្ជកម្មរាជធានីភ្នំពេញ។ ជាស្ដ្រីដែលមានមុខជំនួញដ៏ធំបែបនេះ មិនមែនស្ដ្រីរូបណាក៏អាចសម្រេចបាននោះទេ តើលោកជំទាវឆ្លងកាត់អ្វីខ្លះទើបមានថ្ងៃនេះ?
ស្ថិតក្នុងវ័យ៥៣ឆ្នាំ លោកជំទាវ ឈួង ច័ន្ទសុភា គឺជាប្រធានក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលក្ដោបសំខាន់ទៅលើការនាំភ្ញៀវទេសចរណ៍ចូលមកក្នុងប្រទេស។ លទ្ធផលថ្ងៃនេះផ្ដើមចេញពីការតស៊ូដ៏ច្រើនលើសលប់របស់លោកជំទាវ ទើបអាច សម្រេចបាន។ លោកជំទាវ ឈួង ច័ន្ទសុភា មានស្រុកកំណើតនៅក្រុងភ្នំពេញ ប៉ុន្ដែដោយសារការបំពេញការងារបស់លោកឪពុក ទើប លោកជំទាវត្រូវទៅរស់នៅខេត្ដបាត់ដំបង។ នៅកុមារភាព លោកជំទាវបានចូលសិក្សានៅសាលាស្វាយស៊ីសុផុន។ ក្រោយពេលបញ្ចប់ ការសិក្សា លោកជំទាវក៏បានបន្ដការសិក្សានៅរាជធានីភ្នំពេញក្នុងសាលាវិចិត្រសិល្បៈផ្នែករបាំប្រពៃណីបានរយៈពេលពីរឆ្នាំ។ ក្នុង កំឡុងពេលដែលសភាពការស្រុកទេសមានការប្រែប្រួល នាសម័យប៉ុលពត លោកជំទាវក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ ត្រូវរស់នៅ យ៉ាងលំបាកវេទនា។ ក្រោយថ្ងៃរំដោះ៧មករា លោកជំទាវបានសាងជីវិតថ្មីនៅក្នុងទឹកដីខេត្ដសៀមរាប តំបន់ទេសចរណ៍នៃប្រទេស យើង។ លោកជំទាវជាមនុស្សម្នាក់ឧស្សាហ៍ព្យាយាមតស៊ូនឹងការងារដើម្បីរកប្រាក់ចំណូលជួយគ្រួសារ បើទោះបីជាស្វាមីរបស់លោក ជំទាវមានតុល្យភាពខាងប្រាក់ចំណូលយ៉ាងណាក៏ដោយ។ មុនដំបូងនៃអាជីព លោកជំទាវបានប្រកបរបរច្រើនផ្នែក ដែលទាក់ទងទៅ លើវិស័យសេវាកម្មដែលមានដូចជាសម្អាងការភោជនីយដ្ឋាន ទិញលក់ដីធ្លីជាដើម។ ដោយសារមុខរបរកាន់តែរីកចម្រើន និងការ សម្លឹងមើលឃើញពីសន្ទុះកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាចង់បង្ហាញពីអ្វីដែលប្រទេសយើងមានដល់ជនបរទេសនោះ ទើបនៅឆ្នាំ ១៩៩២ លោកជំទាវបានបង្កើតជាក្រុមហ៊ុនអប្សរាទេសចរណ៍ឡើង។ មុនដំបូង ក្រុមហ៊ុនលោកជំទាវមានបុគ្គលិកតែ២នាក់ប៉ុណ្ណោះ។ ដោយសារផ្លូវគមនាគមន៍ និងបណ្ដាញទូរគមនាគមន៍ក្នុងប្រទេសយើងមិនទាន់រីកចម្រើន ធ្វើឱ្យក្រុមហ៊ុនរបស់លោកជំទាវធ្វើដំណើរ លើផ្លូវមួយដែលលំបាកជាទីបំផុត។ ទោះបីជាយ៉ាងណាក៏លោកជំទាវបានជំនះរាល់ឧបសគ្គដែលរារាំងទាំងអស់ ហើយបានពង្រីកក្រុម ហ៊ុនឱ្យកាន់តែមានទ្រង់ទ្រាយកាន់តែធំ ដោយមានទាំងផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងការនាំភ្ញៀវទេសចរណ៍ចូលមកកម្សាន្ដក្នុង ប្រទេសយើងជាដើម។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនអប្សរាទេសចរណ៍មានសាខាពីរកន្លែង គឺទីក្រុងភ្នំពេញ និងខេត្ដសៀមរាប ដែលមានបុគ្គលិកទាំងអស់ចំនួន៨០នាក់។
លោកជំទាវ ឈួង ច័ន្ទសុភា សូមផ្ដាំផ្ញើដល់បងប្អូនស្រីៗថា ស្ដ្រីត្រូវតែមានការងារអ្វីមួយ ឬចេះជំនាញអ្វីមួយពិតប្រាកដ ដើម្បីត្រួសត្រាយជីវិតឱ្យរីកចម្រើន មិនត្រូវពឹងផ្អែកលើស្វាមីទាំងស្រុងពេកទេ។ ហើយសូមស្ដ្រីទាំងអស់យកពេលវេលាមកអប់រំខ្លួន ឬធ្វើអ្វីមួយទុកជាស្នាដៃ ដើម្បីជួយរំលែកបន្ទុកនៅក្នុងគ្រួសារក៏ដូចជារួមចំណែកជួយសង្គម។ ផ្ទុយទៅវិញបើមានចំណេះដឹងទាបពេក ធ្វើឱ្យស្ដ្រីងាយជឿតាមការបោកប្រាស់របស់គេ។
ទស្សនាវដ្ដី សុខភាពយើង សង្ឃឹមថាបទពិសោធន៍របស់លោកជំទាវទាំង៣ខាងលើ នឹងនាំផ្លូវមិត្ដនារីទាំងអស់ឱ្យមានជំនឿ ចិត្ដ មានកម្លាំងពុះពារទៅមុខមិនរាថយ។ សូមចងចាំថាស្ដ្រីចាញ់បុរសតែកម្លាំងកាយមួយប៉ុណ្ណោះ ក្រៅពីនេះស្ដ្រីក៏អាចធ្វើអ្វីបានដូច បុរសដែរ។សូមបរាជ័យរាល់គំនិតទាំងឡាយដែលមានបំណងបង្អាក់ដំណើរអភិវឌ្ឍន៍របស់ស្ដ្រី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧
Leave a Reply