កីឡាអត្ដពលកម្មមានច្រើនប្រភេទ ដូចជាលោតកម្ពស់ លោតចម្ងាយ រត់ប្រណាំងជាដើម។ ម៉ារ៉ាតុងជាប្រភេទកីឡា អត្ដពលកម្មរត់ក្នុងចម្ងាយឆ្ងាយ ឬរត់ផ្លូវឆ្ងាយដែលមានរហូតដល់ទៅជាង៤២គីឡូម៉ែត្រ និងត្រូវចំណាយពេលវេលាអស់យ៉ាងតិចក៏ ២ម៉ោងកន្លះដែរ។ តើម៉ារ៉ាតុង មានប្រវត្ដិរឿងរ៉ាវយ៉ាងដូចម្ដេចខ្លះ? និងមានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព?
លោក តូ រិទ្ធិយ៉ា អតីតកីឡាករម៉ារ៉ាតុងជម្រើសជាតិកម្ពុជានឹងស្រាយបំភ្លឺអំពីកីឡានេះជូនមិត្ដអ្នកអានបានស្វែងយល់អំពី អត្ថប្រយោជន៍របស់វាតាមរយៈទស្សនាវដ្ដី សុខភាពយើង។
ប្រវត្ដិកីឡាម៉ារ៉ាតុង
ពាក្យថាម៉ារ៉ាតុងនេះដើមឡើយជាឈ្មោះរបស់កងទ័ពក្រិកម្នាក់កាលពីសម័យបុរាណ។ នៅសម័យសង្គ្រាមក្រិក ទំនាក់ទំ នងរវាងសមរភូមិមុខ និងទីបញ្ជាការទ័ពត្រូវដាច់ខ្សែរយៈ មិនអាចផ្ដល់ព័ត៌មានទៅវិញទៅមកបាន។ មេបញ្ជាការទ័ពនៅសមរភូមិ ក៏ប្រកាសជ្រើសរើសអ្នកស្ម័គ្រចិត្ដម្នាក់ដើម្បីទៅផ្ដល់ដំណឹងដល់ទីបញ្ជាការទ័ព។ ពេលនោះ មានកងទ័ពម្នាក់ឈ្មោះម៉ារ៉ាតុងដោយមាន របួសផងបានលើកដៃស្ម័គ្រចិត្ដជាអ្នកផ្ដល់ដំណឹង។ ក្នុងចម្ងាយផ្លូវ៤២គីឡូម៉ែត្រនិង១៩៥ម៉ែត្រ ម៉ារ៉ាតុងរត់ផងដើរផងរហូតដល់ទី បញ្ជាការ ប៉ុន្ដែជាអកុសលដោយសារគាត់មានរបួសផងនោះគាត់ក៏ត្រូវស្លាប់បាត់បង់ជីវិត។ ដើម្បីជាការដឹងគុណដល់អ្នកក្លាហានដែល បានធ្វើដំណើរលើចម្ងាយផ្លូវដ៏វែងឆ្ងាយនេះ គេក៏បានរៀបចំទិវារត់ប្រណាំងទុកជាការរំលឹកដល់វិញ្ញាណក្ខន្ធម៉ារ៉ាតុង ហើយបានកំណត់ យកចម្ងាយដែលម៉ារ៉ាតុងធ្វើដំណើរពីសមរភូមិមុខ មកដល់ទីបញ្ជាការទ័ពប្រវែង៤២គីឡូម៉ែត្រ និង១៩៥ម៉ែត្រ ព្រមទាំងយកឈ្មោះ ម៉ារ៉ាតុងដាក់ជាឈ្មោះកីឡានេះតែម្ដង។ កំណើតពិធីប្រកួតរត់ម៉ារ៉ាតុង ប្រារឰធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីពេលនោះមក មិនត្រឹមតែ ប៉ុណ្ណោះកីឡានេះបានផ្សព្វផ្សាយពេញទូទាំងពិភពលោក។ ពុំមានព័ត៌មានពិតប្រាកដណាមួយដែលអាចបញ្ជាក់ពីប្រវត្ដិពិតនៅក្នុង ប្រទេសកម្ពុជាបានឡើយ គ្រាន់តែដឹងមិនជាផ្លូវការថាកាលពីសម័យសង្គមរាស្ដ្រនិយម កម្ពុជាធ្លាប់មានកីឡាកររត់ផ្លូវឆ្ងាយបែបនេះ តែពុំទាន់ល្បីល្បាញនោះទេ ហើយកីឡានេះក៏មានជាបន្ដបន្ទាប់រហូតមកដល់បច្ចុប្បន្ន។
អត្ថប្រយោជន៍នៃការហាត់ម៉ារ៉ាតុង
ការហាត់ម៉ារ៉ាតុងអាចធ្វើឱ្យលោកអ្នកមានសុខភាពល្អ រាងកាយមាំមួន និងមានកម្លាំងជើងរឹងមាំ ជាងនេះទៅទៀតធ្វើឱ្យ លោកអ្នកមានភាពអំណត់ បេះដូងរឹងមាំ និយាយរួមគ្រប់ផ្នែកនៃរាងកាយសុទ្ធតែមានភាពរឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ ការហាត់រត់ម៉ារ៉ាតុងមានប្រយោជន៍អាចជួយការពារលោកអ្នកពីជម្ងឺផ្សេងៗដូចជាការស្ពឹកស្រពន់ជាដើម។ ពីព្រោះគ្រប់ផ្នែកនៃ សព៌ាង្គកាយមានចលនាធ្វើឱ្យសារធាតុខ្លាញ់ក្នុងខ្លួនត្រូវបានដុតបំផ្លាញ និងជម្រុះចេញ។
របៀបប្រកួតម៉ារ៉ាតុង
កីឡាម៉ារ៉ាតុងមានលក្ខណៈប្រកួតជាសាកលដែលអាចចូលរួមដោយសេរី ឬអ្នកចូលរួមច្រើននាក់។ ការចាត់ចំណាត់ថ្នាក់ ត្រូវបែងចែករវាងកីឡាករ និងកីឡាការិនីដែលរត់មកដល់ទីមុនគេទៅតាមលំដាប់ចុងក្រោយ។ ម៉ារ៉ាតុងដែលរត់ក្នុងចម្ងាយផ្លូវ ប្រវែង៤២,១៩៥គីឡូម៉ែត្រគឺត្រូវចំណាយពេលវេលាចាប់ពី២ម៉ោង៣០នាទី ទៅ២ម៉ោង៥០នាទី ឡើងទៅ។
ត្រៀមខ្លួនហាត់ម៉ារ៉ាតុង
ការហាត់កីឡាម៉ារ៉ាតុងទាមទារឱ្យមានភាពជាក់លាក់ និងទៀងទាត់ មិនមែនហាត់ត្រឹមតែមួយថ្ងៃ ឬមួយខែនោះឡើយ។ ព្រោះថាពេលខ្លះពុំមានកីឡាករណាម្នាក់អាចទទួលជោគជ័យក្នុងការហាត់ក៏មានដែរ។ នៅដំណាក់កាលដំបូង ត្រូវហាត់សន្សឹមៗមិន ត្រូវបង្ខំពេកទេ ដើម្បីស្ទាបស្ទង់ពីកម្រិតពិតប្រាកដនៃសមត្ថភាពរបស់អ្នកហាត់។ ការសិក្សាឱ្យបានច្បាស់ពីល្បឿន ថេរវេលា និងកម្លាំងផ្ទាល់ខ្លួនជារឿងសំខាន់ណាស់ដែលអ្នកហាត់ត្រូវយល់ដឹង ព្រោះថាទាំងបីផ្នែកនេះត្រូវមានសមាមាត្រគ្នា។ ពិសេសបំផុតការ ហាត់ម៉ារ៉ាតុងនេះមិនមែនអាចធ្វើដោយខ្លួនឯង ឬគ្មានការណែនាំនោះឡើយ ចាំបាច់ត្រូវមានអ្នកណែនាំទាំងបច្ចេកទេស របៀប ហ្វឹកហាត់ និងឆ្លងកាត់ការពិនិត្យសុខភាពពីវេជ្ជបណ្ឌិតជំនាញ។ ពីព្រោះមានបញ្ហាមួយចំនួនដែលមិនអាចឱ្យធ្វើការហ្វឹកហាត់ម៉ារ៉ាតុង បានឡើយដូចជាជម្ងឺខ្សោយបេះដូង ជម្ងឺសួតជាដើម។
ការជ្រើសរើសសម្លៀកបំពាក់
ការប្រកួតក៏ដូចជាការហាត់ ម៉ារ៉ាតុងទាមទារឱ្យស្លៀកពាក់យ៉ាងសមស្រប ដើម្បីផ្ដល់នូវភាពងាយស្រួល។ សម្លៀកបំពាក់ ប្រើសម្រាប់កីឡាម៉ារ៉ាតុងគួរជ្រើសរើសខោជើងខ្លីត្រឹមភ្លៅស្ដើង ជាមួយអាវវាលក្លៀក តែមិនមែនជាប្រភេទសាច់ក្រណាត់យឺត ឬជក់ទឹកនោះទេ។ ការប្រើសម្លៀកបំពាក់បែបនេះ ប្រយោជន៍ដើម្បីការពារការកកិតរវាងខោ និងស្បែកដែលអាចធ្វើឱ្យរលាកស្បែក បាន។ ចំណែកស្បែកជើងគួររើសយកស្បែកជើងដែលស្រាលបំផុតជាប្រភេទក្រណាត់ ឬអេប៉ុងជាមួយនឹងស្រោមជើងកខ្លី(ត្រឹមក ជើង)។
លក្ខណៈសម្បត្ដិរបស់កីឡាករ
ដើម្បីក្លាយជាកីឡាករម៉ារ៉ាតុងម្នាក់មានជោគជ័យ ចាំបាច់ត្រូវមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ទាំងកាយសម្បទា ទាំងសុខភាព។ អ្នកដែលមានសុខភាពល្អ រឹងមាំ អំណត់ តស៊ូព្យាយាម និងមានការជឿជាក់លើខ្លួនឯងទើបអាចរត់លើចម្ងាយផ្លូវ៤២,១៩៥គីឡូ ម៉ែត្រ។ កត្ដាទាំងអស់នេះអាចកើតមានចំពោះរូបលោកអ្នកដែលចៀសផុតពីការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងអំពើអបាយ មុខផ្សេងៗ។
ដំបូន្មានអ្នកប្រឹក្សា
កីឡាម៉ារ៉ាតុងមិនមែនហាត់ត្រឹមតែការប្រកួតនោះទេ ប៉ុន្ដែលោកអ្នកអាចហាត់ដើម្បីសុខភាព ធ្វើឱ្យរាងកាយរឹងមាំ បានផងដែរ។ បើលោកអ្នកដែលចង់ក្លាយជាកីឡាករម៉ារ៉ាតុងម្នាក់មានជោគជ័យ គួរថែរក្សាសុខភាពឱ្យបានល្អ និងធ្វើការហ្វឹកហាត់ឱ្យ បានដិតដល់ កុំចំណាយពេលវេលាឱ្យកន្លងហួសទៅដោយឥតប្រយោជន៍។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply