ស្ថិតនៅក្នុងបរិយាកាសសប្បាយរីករាយនាពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាពលរដ្ឋកម្ពុជាយើងតែងតែនាំគ្នាលេង ល្បែងប្រជាប្រិយមួយចំនួនដើម្បីជាការកម្សាន្ដនាឱកាសជួបជុំគ្នា។ ទន្ទឹមនឹងនោះដែរ មានលោកអ្នកមួយចំនួនបានប្រែក្លាយការ កម្សាន្ដឱ្យទៅជាបញ្ហាមិនរីករាយ ដោយបង្កើត ឬកាឡៃល្បែងប្រជាប្រិយដែលមានលក្ខណៈមិនត្រឹមត្រូវនាំឱ្យអ្នកផងទាំងពួងកើតក្ដី ក្ដៅក្រហាយទៅវិញ។ តើការលេងល្បែងប្រជាប្រិយបែបណាដែលបណ្ដាលឱ្យមានគ្រោះថ្នាក់នោះ? តើផលប៉ះពាល់អ្វីខ្លះដែល បណ្ដាលមកពីការសប្បាយដោយគ្មានព្រំដែនកំណត់នេះ? តើហេតុអ្វីបានជាមានទង្វើបែបនេះកើតឡើង?
ល្បែងដែលប្រជាពលរដ្ឋខ្មែរយើងនិយមលេងនារដូវចូលឆ្នាំមានដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្រជាដើម។ ក៏ប៉ុន្ដែ លោកអ្នកមួយចំនួនជាពិសេសយុវវ័យតែម្ដងបានយកពិធីមួយចំនួន ដូចជាការលេងប៉ាតម្សៅ ស្រង់ទឹកជាដើមមកបង្កទៅជាគ្រោះថ្នាក់ ដល់ខ្លួន និងអ្នកដទៃក៏ដូចជាធ្វើឱ្យបាត់បង់ប្រពៃណីដ៏ល្អរបស់ខ្មែរយើង។
ប្រពៃណីនិងទំនៀមទម្លាប់ដ៏ល្អរបស់ខ្មែរ
ជាការប្រពៃណាស់ក្នុងពិធីចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋយើងទាំងប្រុសទាំងស្ដ្រីតែងតែរៀបចំជាពិធីស្រង់ទឹកជូនចំពោះព្រះពុទ្ធ រូប ព្រះសង្ឃ មាតាបិតា ជីដូនជីតា ព្រមទាំងបុព្វការីជននៅតាមវត្ដអារាម និងភូមិស្រុក។ បានជាកើតមានពិធីស្រង់ព្រះនេះឡើង គឺ ដោយសារប្រជាពលរដ្ឋ និងពុទ្ធសាសនិកជនទាំងអស់មានជំនឿ និងទំនៀមទម្លាប់ទៅលើប្រវត្ដិនៃពិធីស្រង់ទឹកដែលបានតំណាលថា អ្នកដែលបានស្រង់ជូនឪពុកម្ដាយ បុព្វការីជននោះ នៅអនាគតជាតិនឹងបានទៅកើតក្នុងឋានទេវលោក មានបុណ្យបារមីច្រើន មានរូប ល្អ មានទ្រព្យសម្បត្ដិច្រើន មានសេចក្ដីសុខគ្រប់យ៉ាង។ល។ កាលពីដើមទំនៀមទម្លាប់នៃការស្រង់ទឹកជូនមាតាបិតា ជីដូនជីតា និង ចាស់ទុំ កូនចៅទាំងអស់គេច្រើនរៀបកន្លែងមានគ្រែចងជាបុស្បុក មានពាងទឹក៤តម្រៀបនៅតាមចែងគ្រែ រួចកូនចៅលុតជង្គង់សុំ ខមាទោសមាតាបិតាជីដូនជីតានូវអំពើកំហុសឆ្គងដែលកូនចៅអនុវត្ដខុសឆ្គងកន្លងមកជាពាក្យសម្ដី ឬកូនចៅមានទំនាស់ទាស់ទែងជា មួយបងប្អូនខ្លួន ប្រកាន់ពាក្យសម្ដីគ្នាដែលធ្វើឱ្យមាតាបិតាព្រួយបារម្ភ និងសុំពរជ័យពីគាត់ហើយថ្វាយបង្គំសុំអញ្ជើញឱ្យស្រង់ទឹក និង ផ្លាស់សម្លៀកបំពាក់ថ្មីជូនគាត់។ ចំណែកឯការស្រង់ព្រះ គេច្រើនធ្វើនៅក្នុងព្រះវិហារដោយនាំគ្នាចាក់ទឹកដុសលាងសម្អាតលំអងធូលីដី ដែលកាន់ស្នឹមពេញមួយឆ្នាំនៅលើខ្លួនព្រះពុទ្ធបដិមាឱ្យជ្រះស្រឡះ បាញ់ទឹកអប់ឱ្យក្រអូប និងសុំសេចក្ដីសុខដល់គ្រួសារ។ ទឹកដែល ស្រង់នោះមានអប់ជាមួយផ្កាមួយចំនួន ដូចជាផ្កាឈូក ផ្កាម្លិះជាដើម ដើម្បីឱ្យមានក្លិនក្រអូប។
ការច្នៃប្រឌិតប្រពៃណីថ្មី
ឆ្លងតាមការរៀបរាប់ជូនខាងលើ លោកអ្នកបានទទួលជ្រាបរួចមកហើយអំពីប្រពៃណីដ៏ល្អរបស់ខ្មែរយើង។ ក៏ប៉ុន្ដែកន្លងមក ការលេងល្បែងជះទឹក ប៉ាតម្សៅ ដែលលោកអ្នកខ្លះលេងមិនសមទំនង បង្កឱ្យកើតមាននូវការមិនសប្បាយចិត្ដ និងមិនពេញចិត្ដពីសំ ណាក់លោកអ្នកមួយចំនួន ជាពិសេសសម្រាប់លោកអ្នកជាចាស់ទុំ ដូចជាអ្នកខ្លះគប់ថង់ទឹកដាក់ភក់ ឬវត្ថុមិនល្អផ្សេងៗទៅលើអ្នកដំណើរជាដើម។ អ្នកខ្លះទៀតបន្លំលូកស្ទាបស្រីៗ អ្នកទៀតបន្លំយកគ្រឿងអលង្ការរបស់គេនៅពេលលេងប៉ាតម្សៅ ដោយស្ទាបរាវតាំង ពីក្បាលរហូតដល់ចុងជើង។ អ្នកខ្លះទៀតបើមិនឱ្យប៉ាតម្សៅនោះទាមទារសុំប្រាក់ពីគេ ទើបឱ្យគេធ្វើដំណើរទៅមុខ ឬរួចខ្លួន និងពេល ខ្លះរហូតដល់យករំពាត់វាយទៅលើអ្នកធ្វើដំណើរទៀតផង។ មានអ្នកខ្លះទៀតយកទឹកទៅចាក់លើផ្លូវធ្វើឱ្យអ្នកដំណើរអាចរអិលដួល ឬបង្កគ្រោះថ្នាក់ចរាចរក៏មាន។ ក្រៅពីនេះក៏មានអ្នកខ្លះមិននាំគ្នាលេងល្បែងប្រជាប្រិយទេ បែរជានាំគ្នាទៅលេងល្បែងស៊ីសង ដូចជា បៀរ ឬចាក់អាប៉ោងទៅវិញដែលផ្ទុយអំពីគន្លងច្បាប់របស់យើង។
ការប៉ះពាល់នៃល្បែងប្រជាប្រិយ
លោកអ្នកប្រហែលជាចាប់អារម្មណ៍ដែលបណ្ដាញសារព័ត៌មានជាច្រើនបានរាយការណ៍អំពីចំនួនកើនឡើងនៃគ្រោះថ្នាក់ ចរាចរណ៍នាពេលបុណ្យចូលឆ្នាំ។ មូលហេតុមួយក្នុងចំណោមមូលហេតុទាំងអស់គឺបណ្ដាលមកពីការលេងជះ បាចទឹក ឬប៉ាតម្សៅដាក់គ្នាទៅវិញទៅមកនៅតាមដងផ្លូងដ៏ចង្អៀតណែននាពេលចូលឆ្នាំនោះ។ គ្រោះថ្នាក់ទាំងនោះមិនត្រឹមតែបណ្ដាលឱ្យអ្នកដែលប្រព្រឹត្ដមានគ្រោះថ្នាក់ប៉ុណ្ណោះទេ តែវាថែមទាំងឱ្យអ្នកដែលធ្វើដំណើរតាមដងផ្លូវរងគ្រោះជាមួយដែរ។ ម្យ៉ាងវិញទៀតចំពោះការនិយមរាំ លេងកម្សាន្ដហើយបង្កជារឿងឈ្លោះប្រកែកគ្នាដោយគ្រាន់តែរាំប៉ះគ្នាបន្ដិចតែប៉ុណ្ណោះ ដែលពេលខ្លះអាចធ្វើឱ្យភាគីម្ខាងៗមានគ្រោះ ថ្នាក់ដល់ជីវិតទៀតផង។ ទង្វើទាំងនេះកើតឡើងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូរ និងប្រពៃណីដ៏ល្អរបស់ខ្មែរយើង។ ប្រការមួយទៀតដែលលោកអ្នកគួរគិតដល់នោះ គឺនៅពេលបច្ចុប្បន្នអត្រាអ្នករងគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាមានការកើតឡើងជា លំដាប់។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃនៅក្នុងឱកាសបិទមហាសន្និបាតរបស់ខ្លួននាពេលថ្មីនេះបានឱ្យដឹងថាមានការកើន ឡើងនៃគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៩២៧ករណីក្នុងឆ្នាំ២០០៦ដែលបណ្ដាលឱ្យមនុស្សស្លាប់ជាមធ្យមពី៣ទៅ៤ក្នុងមួយថ្ងៃ និងរងរបួស ពី២០ទៅ២៥នាក់ក្នុងមួយថ្ងៃ ដែលជាអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតបើប្រៀបធៀបជាមួយប្រទេសនានាក្នុងតំបន់។ សូមធ្វើការ គូសបញ្ជាក់ថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាខ្ពស់រីឯអត្រាគ្រោះថ្នាក់ដោយប្រការផ្សេងៗទៀតរួមមានដូចជាជម្ងឺអេដស៍ និង គ្រាប់មីនក៏ខ្ពស់ផងដែរ។
បណ្ដាំផ្ញើ
ខ្លឹមសារដែលរៀបរាប់ខាងលើធ្វើឱ្យលោកអ្នកបានទទួលជ្រាបអំពីបញ្ហាដែលទាក់ទងនឹងចំណុចល្អ និងចំណុចដែលគួរចៀស វាងនៅពេលបុណ្យចូលឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយក៏លោកអ្នកចាំបាច់គិតពីសុវត្ថិភាព និងសេចក្ដីសុខជាចម្បង។ អ្វីដែលលើកមក ជម្រាបជូននេះជាបំណងល្អរបស់ទស្សនាវដ្ដី សុខភាពយើង។ សូមឱ្យបុណ្យចូលឆ្នាំនេះប្រកបដោយភាពសប្បាយរីករាយទៅតាមគន្លង ប្រពៃណីខ្មែរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply