ចូលឆ្នាំជាពិធីបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយ ដែលប្រជាពលរដ្ឋខ្មែរតែងប្រារឰធ្វើឡើងជារៀងរាល់ឆ្នាំ។ នៅមុនថ្ងៃចូល ឆ្នាំមកដល់មួយសប្ដាហ៍ ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបតែងនាំកូនចៅបោសច្រាសសម្អាតផ្ទះសម្បែង ភូមិដ្ឋាន និងរៀបចំជាគោម រំយោល ផ្កាភ្ញី ចម្រុះពណ៌យ៉ាងស្រស់ស្អាត ដើម្បីអបអរទទួលទេវតាឆ្នាំថ្មី។ អត្ថន័យនៃការររៀបចំបោសសម្អាតនេះ គឺដើម្បីជម្រះចេញនូវ ឧបទ្រពចង្រៃទាំងឡាយដែលមាននៅក្នុងឆ្នាំចាស់។ តើគួររៀបចំផ្ទះសម្បែងដូចម្ដេចខ្លះ ដើម្បីទទួលទេវតាឆ្នាំថ្មី?
សូមប្រិយមិត្ដអ្នកអានស្វែងយល់អំពីការរៀបចំផ្ទះសម្បែងសម្រាប់ទទួលទេវតាឆ្នាំថ្មី ជាមួយទស្សនាវដ្ដី សុខភាពយើង ដែលនឹងត្រូវបរិយាយនៅលេខនេះ។
ហេតុអ្វីត្រូវរៀបចំផ្ទះសម្បែង?
នៅរយៈពេលមុនថ្ងៃចូលឆ្នាំថ្មីមកដល់មួយសប្ដាហ៍់ ប្រជាពលរដ្ឋតែងនាំកូនចៅបោសសម្អាតទីធ្លាភូមិដ្ឋាន និងសម្អាតផ្ទះ សម្បែង រានទេវតាជាដើម។ រីឯនៅតាមទីវត្ដអារាមវិញក៏ដូចគ្នាដែរ ព្រះចៅអធិការវត្ដបានចាត់ពុទ្ធបរិស័ទបោសសម្អាតទីធ្លាវត្ដ និងរៀបចំកន្លែងសំខាន់មួយចំនួនសម្រាប់រៀបចំពិធីផ្សេងៗ។ កន្លែងទាំងនោះមានដូចជាកន្លែងស្រង់ព្រះ កន្លែងពូូនភ្នំខ្សាច់ ពូនភ្នំអង្ករ ចេតិយ និងទីកន្លែងផ្សេងៗទៀតទុកដើម្បីទទួលពុទ្ធបរិស័ទដែលមកធ្វើបុណ្យទាន និងដើម្បីទទួលពុទ្ធបរិស័ទដែលមកលេងល្បែង កម្សាន្ដទទួលទេវតាឆ្នាំថ្មីផង។
តាមជំនឿប្រពៃណីខ្មែរ ការរៀបចំសម្អាតផ្ទះសម្បែង លំនៅដ្ឋាន ឬវត្ដនេះ គឺដើម្បីអបអរទទួលទេវតាឆ្នាំថ្មីដែលនឹងត្រូវ ចុះមកអភិបាលលោកនេះ។ មួយវិញទៀត គឺដើម្បីបណ្ដេញចេញឱ្យអស់ឧបទ្រពចង្រៃដែលមាននៅក្នុងឆ្នាំចាស់ ហើយទទួលពរសព្វ សាធុការពីទេវតាឆ្នាំថ្មីនូវសេរីសួស្ដី សុភមង្គល។ ផ្ទុយទៅវិញ ប្រសិនបើមិនបានរៀបចំផ្ទះទេ ទេវតាមិនឱ្យពរជ័យឡើយ ហើយ គ្រួសារនឹងជួបឧបទ្រពចង្រៃ ឬជម្ងឺតម្កាត់ផ្សេងៗ។ ប្រការនេះមិនខុសពីការទទួលភ្ញៀវឡើយ នៅពេលដែលភ្ញៀវមកលេងផ្ទះ ហើយ ឃើញផ្ទះស្អាតភ្ញៀវនោះតែងនឹកចង់មកទៀត និងតែងអួតសរសើរពីផ្ទះនោះជាមិនខានឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋខ្មែរ ខិតខំរៀបចំលំនៅដ្ឋានរបស់ខ្លួនឱ្យបានស្អាតដើម្បីទទួលទេវតាឱ្យពរជ័យសព្វសាធុការ។
ដង្វាយរៀបទទួលទេវតាឆ្នាំថ្មី
ប្រជាពលរដ្ឋខ្មែរប្រារឰពិធីបុណ្យចូលឆ្នាំថ្មីចំនួនបីថ្ងៃ គឺនៅថ្ងៃ១២ ១៣ និងទី១៤រោចខែចេត្រត្រូវនឹងថ្ងៃទី១៤ ១៥ និងទី ១៦ ខែមេសាជារៀងរាល់ឆ្នាំ។
- នៅថ្ងៃទីមួយ គេមានរៀបគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាឆ្នាំថ្មី មានបាយសីមួយគូ ស្លាធម៌មួយគូ ធូប៥ ទៀន៥ ទឹកអប់មួយគូ ស្លា៥ ម្លូ៥ បារី៥ ផ្កា លាជ ទឹកមួយផ្ដិល និងភេសជ្ជៈ នំនែក ផ្លែឈើគ្រប់មុខផងដែរ។
- ចំពោះគ្រឿងសក្ការ និងក្រយាស្ងោយដាក់ថ្វាយទេវតានោះ គេនិយមទិញតម្រូវតាមចិត្ដទេវតាដែលនឹងត្រូវចុះមកក្នុងឆ្នាំ នីមួយៗ។ ឧទាហរណ៍ បើទេវតាសោយលោហិត គេទិញផ្កា ឬផ្លែឈើពណ៌ក្រហមជានិមិត្ដរូប។ តែប្រសិនបើទេវតាសោយល្ង សណ្ដែក គេដាក់ល្ងសណ្ដែកថ្វាយ។
- ការតុបតែងធ្វើឡើងទៅតាមចំណង់ចំណូលចិត្ដ និងទៅតាមធនធានរបស់ម្ចាស់ផ្ទះ។ ចំពោះផ្ទះសម្បែង គេតុបតែង និង រំលេចចង្កៀងគោមគ្រប់ពណ៌ជាលំអសម្រាប់ទទួលទេវតា។ គេហដ្ឋានខ្លះមានដាក់រំយោលរំលេចចេញជាអក្សរធំៗនៅខ្លោងទ្វារផ្ទះថា សួស្ដីឆ្នាំថ្មី។
- ចំណែកនៅតាមទីសាធាណៈ ឬតាមស្ថាប័ននានា ក៏មានរៀបចំភ្លើងពណ៌ចម្រុះតាំងលំអដោយផ្កាភ្ញីផ្សេងៗ។ មិនតែ ប៉ុណ្ណោះ គេមានលើកផ្លាកបដាធំៗដាក់ថា សួស្ដីីឆ្នាំថ្មី ផងដែរ។
- ឆ្នាំថ្មីមកដល់ស្នូរស្គរ រគាំង សម្លេងធម៌ពរជ័យលាន់ឮរន្ទឺអឺងកងចេញពីវត្ដអារាម។ ភ្លេងពិណពាទ្យរោទិ៍តាមវិទ្យុ និងវាយ ស្គរធំ វាយគងនៅតាមវត្ដអារាម តាមម៉ោងទេវតាចុះមកផ្លាស់វេនគ្នា ដោយការកំណត់របស់ហោរាសាស្ដ្របានប្រកាសឱ្យដឹងជាមុន។
ការកម្សាន្ដពេលចូលឆ្នាំ
ចាស់ទុំ ក្រមុំកម្លោះ ក្មេងក្មាងតូចធំមានសម្លៀកបំពាក់ស្អាតៗចេញមកទទួលទេវតាឆ្នាំថ្មី ម្នាក់ៗមានទឹកមុខរីករាយ។ ជាពិសេសក្មេងៗសប្បាយក្អាកក្អាយជាងគេ ព្រោះជាឱកាសដ៏ពិសេសបំផុតសម្រាប់ពួកគេ។ ពួកគេលេងកម្សាន្ដនូវល្បែងប្រជាប្រិយជា មួយគ្នាដោយគ្មានចាស់ទុំណារារាំងឡើយ។ ល្បែងប្រជាប្រិយមានដូចជាល្បែងចាប់កូនខ្លែង លាក់កន្សែង។ ការលេងកម្សាន្ដអបអរ ឆ្នាំថ្មីនេះ មិនត្រឹមតែក្នុងរយៈពេលបីថ្ងៃប៉ុណ្ណោះទេ គេលេងតាំងពីមុន និងក្រោយប៉ុន្មានថ្ងៃបុណ្យទៀតផង។
គ្រួសារខ្លះនាំកូនចៅដើរកម្សាន្ដតាមរមណីយដ្ឋាននានា។ ពេលចូលឆ្នាំថ្មីជាពេលជម្រះឧបទ្រពចង្រៃនៃឆ្នាំចាស់ឱ្យជ្រះស្រ ឡះ ដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោមនស្សក្សេមក្សាន្ដ និងសុភមង្គល។
ប្រជាពលរដ្ឋខ្មែរនាំគ្នាធ្វើបុណ្យតាមចិត្ដយ៉ាងសប្បាយ ដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់គេដែលបានហែលឆ្លងកាត់ឧប សគ្គ និងទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ។ លើសពីនេះប្រជាពលរដ្ឋត្រៀមចាំបំពេញភារកិច្ចថ្មី ត្រៀមចាំរដូវដកស្ទូង និងត្រៀមចាំទឹកភ្លៀងដែលនឹងបង្អុរចុះនាដើមវស្សារដូវនៃឆ្នាំថ្មីដ៏ខ្លីខាងមុខ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply