ដុតមាត់ស្បូន ជាវិធីសាស្ដ្រមួយក្នុងការព្យាបាលជម្ងឺមួយចំនួនដែលបង្កឡើងនៅមាត់ស្បូនរបស់ស្ដ្រី។ នៅពេលឮថាដុតមាត់ស្បូន ស្ដ្រីមួយចំនួនយល់ថាជាវិធីព្យាបាលមួយមានគ្រោះថ្នាក់គួរឱ្យខ្លាចរអា។ ផ្ទុយទៅវិញមិនមានគ្រោះថ្នាក់ទេ បើធ្វើបានត្រឹម ត្រូវ។ តើហេតុអ្វីត្រូវដុតមាត់ស្បូន?
លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាគ្លីនិកនៃសមាគមថែទាំសុខភាពគ្រួសារកម្ពុជារ៉ាក់ បានផ្ដល់បទសម្ភាសន៍ដល់ ទស្សនាវដ្ដី សុខភាពយើង លើប្រធានបទវិធីដុតមាត់ស្បូនជូនមិត្ដអ្នកអានស្វែងយល់ ជាពិសេសសម្រាប់ស្ដ្រីទាំងឡាយ។
ដុតមាត់ស្បូន ជាអ្វី?
ដុតមាត់ស្បូន គឺជាវិធីសាស្ដ្រព្យាបាលជម្ងឺដែលកើតលើមាត់ស្បូន។ ភាគច្រើនជាជម្ងឺដែលកើតឡើងពីការប្រែប្រួលមិន ធម្មតារបស់កោសិកានៃមាត់ស្បូន។ ប្រសិនបើនិយាយដល់ការដុតមាត់ស្បូននេះ ប្រហែលជាអ្នកខ្លះគិតថាវាជាការយកភ្លើងទៅដុត កម្ដៅ។ តាមការពិត បច្ចេកទេសនៃការដុតមាត់ស្បូនមានពីរយ៉ាង គឺការដុតដោយវិធីត្រជាក់ និងដោយវិធីក្ដៅ។
1. ការដុតដោយវិធីត្រជាក់ ៖ គេប្រើឧបករណ៍វេជ្ជសាស្ដ្រតភ្ជាប់ជាមួយឧស្ម័នម្យ៉ាង។ នៅពេលដុត គ្រូពេទ្យដាក់ ឧបករណ៍នោះទៅក្នុងមាត់ស្បូន ចំកន្លែងកោសិកាដែលប្រែប្រួល ឧស្ម័ននោះមានភាពត្រជាក់ខ្លាំងអាចធ្វើឱ្យកោសិកាមិនធម្មតាត្រូវ បានបំផ្លាញ។
2. ការដុតដោយវិធី ក្តៅ ៖ គេប្រើឧបករណ៍វេជ្ជសាស្ដ្រតភ្ជាប់ទៅចរន្ដអគ្គិសនី។ នៅពេលដុត គ្រូពេទ្យយកឧបករណ៍ សម្រាប់ដុតទៅដាក់នៅមាត់ស្បូន។ ឧបករណ៍នោះអាចបំផ្លាញកោសិកាមិនធម្មតា ឬកោសិកាមហារីកបាន។
មូលហេតុដុតមាត់ស្បូន
ការព្យាបាលដោយដុតមាត់ស្បូនអាចប្រព្រឹត្ដទៅលើជម្ងឺដែលកើតឡើងធ្វើឱ្យមានការប្រែប្រួលមិនធម្មតានៃកោសិកាមាត់ស្បូន។ នៅពេលដែលពិនិត្យឃើញថាកោសិកាមាត់ស្បូនមានលក្ខណៈប្រែប្រួលមិនធម្មតាហើយ គ្រូពេទ្យនឹងធ្វើការព្យាបាលទៅតាម ការប្រែប្រួលនោះ។ ករណីនេះអាចព្យាបាលដោយដុតមាត់ស្បូន។ ប៉ុន្ដែមិនមែនមានន័យថាឱ្យតែមានការប្រែប្រួលមិនធម្មតានៃកោ សិកាមាត់ស្បូនសុទ្ធតែត្រូវព្យាបាលដោយការដុតទាំងអស់នោះទេ។ ចាំបាច់ត្រូវមានការវិភាគពីគ្រូពេទ្យជំនាញរកមើលពីកម្រិតនៃ ការប្រែប្រួលរបស់កោសិកាមាត់ស្បូននោះ ព្រោះកម្រិតនៃការប្រែប្រួលខ្លះមិនទាមទារឱ្យធ្វើការដុតទេ។ ជម្ងឺគីសមាត់ស្បូន និងជម្ងឺ មហារីកមាត់ស្បូនសុទ្ធតែជាដើមហេតុតម្រូវឱ្យមានការព្យាបាលដោយដុតមាត់ស្បូន។
ជាទូទៅការប្រែប្រួលកោសិកានៅក្នុងមាត់ស្បូនមិនអាចមើលឃើញដោយភ្នែកទទេ ឬដោយបញ្ចេញអាការឱ្យស្ដ្រីនោះដឹង ជាមុននោះឡើយ។ ស្ដ្រីអាចដឹងថាកោសិកាមាត់ស្បូនមានការប្រែប្រួលបាននៅពេលមកជួបគ្រូពេទ្យ ហើយទាមទារឱ្យមានការស្រាវ ជ្រាវរកមើលកោសិកាមហារីកមាត់ស្បូន ដែលជាជម្ងឺមួយមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ជាពិសេសស្ដ្រីដែលមានអាយុចាប់ពី៣០ឆ្នាំឡើង ទៅ។ ការប្រែប្រួលកោសិកាមាត់ស្បូននេះក៏អាចមើលដឹងតាមរយៈការយករំអិលនៅនឹងមាត់ស្បូនរបស់ស្ដ្រីទៅវិភាគនៅមន្ទីរពិសោធន៍ ផងដែរ។
របៀបថែរក្សាសុខភាពក្រោយពេលដុតមាត់ស្បូន
ជាធម្មតាក្រោយពេលដុតមាត់ស្បូនហើយ ស្ដ្រីមួយចំនួនមិនមានអាការអ្វីប្រែប្រួលជាធំដុំទេ។ ប៉ុន្ដែមានស្ដ្រីមួយចំនួនទៀត មានការរំខានខ្លះផងដែរ ដូចជាមានអារម្មណ៍ថាឈឺអួលៗ ឬឈឺដូចជាស្រមោចខាំ។ ក្រោយពេលដុតមាត់ស្បូន ស្ដ្រីមានអាការធ្លាក់ស ច្រើនជាងធម្មតា ហើយមានសភាពរាវដូចទឹក ព្រមទាំងមានលាយកម្ទេចខ្មៅៗ។ កម្ទេចខ្មៅនោះ គឺជាការជ្រុះកម្ទេចក្រមររបស់ កោសិកាមិនធម្មតាក្រោយពេលដុតបំផ្លាញ។ នៅពេលមានការធ្លាក់សច្រើន ស្ដ្រីគប្បីត្រូវទៅជួបគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ចៀសវាងការប្រើប្រាស់ថ្នាំផ្ដេសផ្ដាស់ និងប្រើប្រាស់ឧបករណ៍ផ្សេងៗ ដើម្បីបើកមើលស្បូន។
រយៈពេលនៃការដុតរហូតដល់ជាសះស្បើយមានរយៈពេលពីមួយសប្ដាហ៍ទៅ៤សប្ដាហ៍។ ដូច្នេះក្រោយពេលដុតមាត់ស្បូន ស្ដ្រីគួរតែខំថែទាំសុខភាព។
- ចាំបាច់ស្ដ្រីត្រូវតមកុំលូកប៉ះពាល់ទៅក្នុងមាត់ស្បូន ព្រោះមាត់ស្បូនកំពុងមានរបួស។ ហាមធ្វើអនាម័យដោយយកម្រាម ដៃលូកលាងសម្អាតទៅក្នុងមាត់ស្បូន។
- ត្រូវតមការរួមដំណេក ព្រោះអាចធ្វើឱ្យកោសិកាដែលដុតនោះជ្រុះមកមុនពេលកំណត់់ ជាហេតុនាំឱ្យមានការធ្លាក់ ឈាម។
ដំបូន្មានអ្នកប្រឹក្សា
ស្ដ្រីទាំងឡាយចាប់ពីអាយុ៣០ឆ្នាំឡើងទៅ និងធ្លាប់ឆ្លងកាត់ការរួមភេទ គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីស្រាវ ជ្រាវរកមើលកោសិកាមហារីកមាត់ស្បូន ក៏ដូចជាជម្ងឺផ្សេងទៀតដែលអាចកើតឡើង ជាពិសេសជម្ងឺកាមរោគ។ ស្ដ្រីគួរតាមដានសុខ ភាពរបស់ខ្លួនឱ្យបានជាប្រចាំយ៉ាងហោចណាស់ឱ្យបានម្ដងក្នុងមួយឆ្នាំ ដើម្បីរកការព្យាបាលឱ្យទាន់ពេលវេលា។ ព្រោះថាជម្ងឺមហារីក មាត់ស្បូនមកដល់បច្ចុប្បន្ននេះ ពុំទាន់មានការសិក្សាណាបញ្ជាក់ពីមូលហេតុពិតប្រាកដដែលនាំឱ្យកើតជម្ងឺនេះនៅឡើយទេ។ ថ្វីត្បិតគ្រូ ពេទ្យរកឃើញមានការប្រែប្រួលកោសិកានៅមាត់ស្បូនរបស់លោកស្រីអ្នកនាងកញ្ញា ប៉ុន្ដែសូមកុំមានការព្រួយបារម្ភ ឬបាក់ទឹកចិត្ដ ព្រោះថាករណីខ្លះមិនធ្ងន់ធ្ងរឡើយ អាចព្យាបាលជាសះស្បើយបាន ឬករណីខ្លះអាចជាសះស្បើយដោយឯកឯង។ ស្ដ្រីគួរស្វែងរកសេវាព្យាបាលឱ្យបានត្រឹមត្រូវ កុំជឿតាមពាក្យគេ ព្រោះជម្ងឺខ្លះស្ដ្រីមិនគួរព្យាបាលដោយការដុតមាត់ស្បូន ទេ។ ការដុតមិនត្រឹមត្រូវអាចឱ្យមានគ្រោះថ្នាក់ ដូចជាការដុតជ្រៅពេក ឬដុតមិនចំកន្លែង។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៥ ខែមេសា ឆ្នាំ២០០៧
Leave a Reply