ជម្ងឺ​គ្រុន​ឈាម​កំពុង​ស្ថិត​នៅ​កម្រិត​ប្រកាស​អាសន្ន​នៅ​កម្ពុជា​

កត្តាភូមិសាស្ត្រអាកាសធាតុ និងអនាម័យបានរុញច្រានប្រទេសកម្ពុជាឲ្យប្រឈមមុខនឹងគ្រោះកើតជម្ងឺគ្រុនឈាមនិងគ្រុនចាញ់មិនឈប់ឈរ។ នៅកំឡុងឆ្នាំនេះចាប់ពីខែដើមខែមករា​​​ រហូតមកទល់នឹងខែមេសានេះ មានករណីកុមារកើតមានជម្ងឺគ្រុនឈាមនិងបានសម្លាប់កុមារអស់ជាច្រើននាក់ផងដែរមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានព្រមានថា ស្ថានការណ៍រីករាលដាលនៃជម្ងឺគ្រុនឈាមនៅកម្ពុជាដើមឆ្នាំ២០១២នេះ គឺកំពុងស្ថិតនៅក្នុងកម្រិតប្រកាសអសន្ននិងគួរឲ្យព្រួយបារម្ភជាខ្លាំង

រូបភាពទស្សនាវដ្តីសុខភាពយើង

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខា​ភិបាល កាលពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈ​ពេល ១៤​សប្ដាហ៍ ដើម​ឆ្នាំ​២០១២ នេះ ជម្ងឺ​គ្រុន​ឈាម​បាន​សម្លាប់​កុមារ​ចំនួន ៨​នាក់ និង​មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​ចំនួន១.០៦៤​នាក់។ បើ​​​ប្រៀបធៀបទៅនឹង​ឆ្នាំ​២០១១ កន្លង​ទៅ​ នៅ​ក្នុង​រយៈពេល​ដូច​គ្នា​នេះ ជម្ងឺ​គ្រុន​ឈាម​បាន​សម្លាប់​កុមារ​ចំនួន ៤​នាក់ និង​មាន​កុមារ​កើត​ជម្ងឺ​នេះ​ចំនួន៣៣៩​នាក់ គឺ​មាន​ន័យ​ថា ជម្ងឺ​គ្រុនឈាម​បាន​កើនឡើងច្រើន​ជាង​ឆ្នាំ​២០១១ ស្មើ​នឹង​ចំនួន៣០៣%។ នេះ​បើយោង​តាម​សារពត៌​មាន​អាស៊ី​សេរី។

ក្រសួង​សុខាភិបាល​កំពុង​តែ​ចាប់​ផ្ដើម​ដំណើរការ​ចែក​ថ្នាំ​អាប៊េត (Abet) ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ក្រុង​នានា ដោយ​មិន​យក​កម្រៃ​នោះទេ ដើម្បី​ដាក់​ក្នុង​ពាង​ទឹក​សម្លាប់ដង្កូវ​ទឹក ដែល​កើត​ជា​មូស​ខ្លា​ញី​ខាំ​នាំ​ឲ្យ​កុមារ​កើត​ជម្ងឺគ្រុន​ឈាម​នោះ។ ក្រសួង​សុខាភិបាល​កំពុង​តែ​ត្រៀម​ថ្នាំ​អាប៊េត​ចំនួន​ជាង១៧០​តោន នៅ​ឆ្នាំ​២០១២ នេះ គឺ​កើន​ជាង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​គ្រា​ដែល​ស្ថានការណ៍​ជម្ងឺ​គ្រុន​ឈាម​កំពុង​តែ​រីក​រាល​ដាល​ខ្លាំង​។

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជម្ងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល លោក ច ម៉េងចួ បាន​មាន​ប្រសាសន៍​ថា ក្រសួង​សុខាភិបាល​កំពុង​តែ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​នេះ៖ «យើង​បាន​ឆ្លើយ​ តប​នឹង​សភាពការណ៍​នេះ​តាំង​ពី​ដើម​ទី​មក។ យើង​បាន​សហការ​ជាមួយ​នឹង​អង្គការ​ដៃគូ ​​ក្រសួង​អង្គភាព​ពាក់ព័ន្ធ​ និងអាជ្ញាធរ​​​មូលដ្ឋាន គឺ​ថា​ទី​១ ​ផ្សព្វផ្សាយ​ជា​សាធារណៈ​សញ្ញា​ហានិភ័យ ដូច​បាន​ជម្រាប​ខាង​លើ​ហ្នឹង តាំង​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ មក»។​ សូមបញ្ជាក់ថា រដូវ​ជម្ងឺ​គ្រុន​ឈាម​ គឺ​ភាគច្រើន​​​កើតមាន​​​នៅកម្ពុជា​​​ចាប់​ពី​​​​ខែ​ឧសភា ដល់​ខែ​តុលា។ លោក ច ម៉េងចួ ក៏បាន​មាន​ប្រសាសន៍បន្ថែមថា រោគ​សញ្ញា​នៃ​ជម្ងឺ​គ្រុន​ឈាម គឺ​ធ្វើ​ឲ្យ​កុមារ​ក្ដៅ​ខ្លួន​ជិត ៤០​អង្សាសេ និង​មាន​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ដូច្នេះអាណាព្យាបាលទាំងឡាយ​ត្រូវ​តែ​ប្រញាប់ប្រញាល់​នាំ​អ្នក​ជម្ងឺ​ទៅ​ពិនិត្យ និងព្យាបាលនៅ​ឯ​មន្ទីរពេទ្យ និង​ហាម​ប្រើ​ថ្នាំ​អាស្ពីរីន (Aspirin) ដែល​អាច​បង្កគ្រោះថ្នាក់​ដល់​ជីវិតកុមារ។

យោងតាមរបាយការណ៍​របស់​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ១៤​សប្ដាហ៍​ដើម​ឆ្នាំ​២០១២ នៅ​ខេត្ត​កណ្តាល មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​ចំនួន ២២៥​នាក់ ស្លាប់​ម្នាក់ ប្រៀប​ធៀប​ឆ្នាំ​២០១១ មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​ចំនួនតែ៥៤​នាក់ និង​ស្លាប់​ម្នាក់តែប៉ុណ្ណោះ។ រីឯនៅ​រាជធានី​ភ្នំពេញ មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​ចំនួន ២០៧​នាក់ និង​ស្លាប់ ២​នាក់ ប្រៀបធៀប​ឆ្នាំ​២០១១ កន្លង​ទៅ មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​ចំនួន ១០៤​នាក់ និង​គ្មាន​អ្នក​ស្លាប់នោះ​ទេ។ ក្រៅ​ពី​នេះ នៅ​ដើម​ឆ្នាំ​២០១២ នេះ​ផងដែរ មាន​កុមារ​កើត​ជម្ងឺ​គ្រុន​ឈាម​នៅ​ខេត្ត​កំពង់ចាម ចំនួន ១៣៧​នាក់ និងនៅ​ខេត្ត​បន្ទាយមានជ័យ មាន​កុមារ​កើត​ជម្ងឺគ្រុន​ឈាម​ចំនួន ១២៧​នាក់ ស្លាប់ ២​នាក់ និង​ខេត្ត​កំពង់ស្ពឺ មាន​កុមារ​កើត​ជម្ងឺគ្រុនឈាម​ចំនួន ១២៥​នាក់។

កាលពី​ថ្ងៃ​ទី ១០ មិថុនា ឆ្នាំ២០១១ ក្រុម​ហ៊ុនផលិត​ឱសថ​ Sanofi Aventis បាន​អះអាងថា ​បាន​​រក​ឃើញ​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជម្ងឺ​គ្រុន​ឈាម​ ដែល​នឹង​អាច​ធ្វើ​ចរាចរណ៍​នៅ​លើ​ទីផ្សារ​​ នៅ​ឆ្នាំ​២០១៥ខាងមុខ។ ប្រសិន​បើ​ប្រសិទ្ធិភាព​នៃ​ថ្នាំ​វ៉ាក់សាំង​នេះ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​ផ្លូវការ​ វា​នឹង​អនុញ្ញាត​ឲ្យ​គេ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​ជា​ច្រើន​រយ​ពាន់​នាក់។​

បើ​តាម​អង្គការ​សុខភាព​ពិភពលោក បានឲ្យដឹងថា ជម្ងឺ​គ្រុន​ឈាម​ បានបង្ក​ឲ្យ​មាន​អ្នក​រង​គ្រោះ​ប្រមាណ​ ៥០០ ០០០ នាក់​ក្នុង​មួយ​ឆ្នាំៗ ដែលភាគ​ច្រើន​ជា​កុមារ។ ជាង​នេះ​ទៅ​ទៀត នៅ​លើ​ផែន​ដី​យើង​នេះ មាន​មនុស្ស​ប្រមាណជាងពីរពាន់​លាន​​​នាក់កន្លះ​​ ដែល​រស់​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ងាយ​នឹង​ទទួល​ឆ្លង​ជម្ងឺគ្រុន​ឈាម​នេះ (ជាពិសេស​អ្នក​រស់​នៅ​តាម​តំបន់​ត្រូពិក នៃ​ទ្វីប​អាមេរិក និង​ទ្វីប​អាស៊ី​ប៉ាស៊ីហ្វិក)។ ​

ចំណែក​ក្រសួង​សុខា​ភិបាល​កម្ពុជាត្រូវ​ការ​ថវិកា​ចំនួន​ជាង ២​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ដើម្បី​ចំណាយ​លើ​យុទ្ធនាការ​ទប់ទល់​ការ​រីក​រាល​ដាលនៃ​ជម្ងឺ​គ្រុន​ឈាម​នេះ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ១៧ មេសា ឆ្នាំ​ ២០១២

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *