នៅក្នុងគ្រួសារបរិយាកាសអាប់អួនៃការលែងលះកំពុងតែគ្របដណ្ដប់គ្រប់ទិសទី។ ការចែកផ្លូវគ្នារបស់គូស្វាមីភរិយាមិនមែនជារឿងងាយស្រួលត្រឹមតែដូចលុបអេតាស៊ីវិលនៅតុលាការឡើយ។ ការលែងលះបន្សល់ទុកនូវការឈឺចាប់ដល់ភាគីទាំងសងខាង បើពួកគេគ្មានកូននោះមិនអីទេ។ ផ្ទុយទៅវិញបើមានកូន បញ្ហាកាន់តែស្មុគស្មាញកូននឹងក្លាយជាជនរងគ្រោះដោយសារការលែងលះ។ ពេលនោះបញ្ហានឹងកើតឡើងចំពោះអ្នកទាំងពីរគឺការចិញ្ចឹមបីបាច់ថែរក្សាកូនក្រោយពេលលែងលះគ្នា។
ដើម្បីជាជំនួយដល់ភាគីទាំងសងខាង ទស្សនាវដ្ដី សុខភាពយើង នឹងលើកមកជម្រាបជូនលោកអ្នកក្នុងការថែរក្សាបីបាច់កូន ក្រោយពេលដែលគូជីវិតបែកបាក់ឬលែងលះគ្នា។
ការលែងលះរបស់ឪពុកម្ដាយ
ការលែងលះគ្នាគឺជាដំណោះស្រាយដ៏ល្អបំផុតចំពោះអ្នកដែលយល់ឃើញថាការប្រើជីវិតរួមគ្នាប្រែក្លាយទៅជានរកអវចី។ ទោះបីជាការចែកផ្លូវរបស់ឪពុកម្ដាយតាមសម្រួល ឬពោរពេញទៅដោយព្យុះភ្លៀងក៏ដោយក៏កូនៗមិនអាចរក្សាបានទាំងឪពុកទាំង ម្ដាយឱ្យរស់នៅជាមួយគ្នាតទៅទៀតបានដែរ។ កូនៗត្រូវជ្រើសរើសទៅតាមឪពុកឬតាមម្ដាយនៅពេលដែលគេមានសិទ្ធិជ្រើសរើស។ ការស្ទាក់ស្ទើរ និងការឈឺចាប់នៅពេលត្រូវបែកចេញពីឪពុក ឬពីម្ដាយគឺជារូបារម្មណ៍មិនអាចរលុបបាត់នៅក្នុងដួងចិត្ដកុមារ។ កូនៗ នឹងមានអារម្មណ៍ថាកុមារភាពរបស់ពួកគេត្រូវបានបំផ្លាញ ឬបោះបង់ចោលទោះបីជាគេឧស្សាហ៍ជួបឪពុក ឬម្ដាយក៏ដោយ។ ព្រោះ ពួកគេត្រូវបាត់ទាំងស្រុងនូវការស្រឡាញ់ថ្នាក់ថ្នមនិងការទទួលខុសត្រូវរបស់ឪពុកម្ដាយចំពោះពួកគេ។
នៅពេលពួកគេពេញវ័យ កូនៗដែលជាជនរងគ្រោះក្នុងគ្រួសារបែកបាក់ កម្រអាចមានជីវភាពឬស្មារតីធម្មតាដូចគេឯង ណាស់។ កុមារភាពឯកោជាប្រភពនៃបញ្ហា។ កុមារ៥០%ច្រើនស្រងូតស្រងាត់ ខ្វល់ខ្វាយ ស្ទាក់ស្ទើរក្នុងចិត្ដញ៉ាំញីនឹងខ្លួនឯង ហើយ ឆាប់ខឹងទៀតផង។ ស្រមោលនៃអាពាហ៍ពិពាហ៍មិនជោគជ័យរបស់ឪពុកម្ដាយធ្វើឱ្យយុវវ័យលែងមានជំនឿលើអាពាហ៍ពិពាហ៍ ឬសេច ក្ដីស្នេហាលើមនុស្សភេទផ្ទុយគ្នា។ ផ្ដើមចេញពីចំណុចនេះ គេអាចលែងមានអារម្មណ៍ឬភាពនឹងនក្នុងចិត្ដដើម្បីកសាងសុភមង្គល សម្រាប់ខ្លួនគេ។ ការមិនរវីរវល់នឹងសុភមង្គលផ្ទាល់ខ្លួននឹងអាចឈានទៅរកការប្រែប្រួលផ្នែកចិត្ដសាស្ដ្រយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះមិនយូរ មិនឆាប់ គេនឹងអាចដើរតាមគន្លងរបស់ឪពុកម្ដាយគេស្មារតីទ្រុឌទ្រោម និងផ្លូវចិត្ដប្រែប្រួល។
វិធីទប់ទល់បញ្ហារបស់កូនក្រោយពេលលែងលះ
កូន គឺជាផ្លែផ្កានៃអាពាហ៍ពិពាហ៍ ព្រោះកូនភាគច្រើនកើតមកពីសេចក្ដីស្រឡាញ់របស់ឪពុកម្ដាយ។ ប៉ុន្ដែក៏មានកូនមួយ ចំនួនមិនមែនកើតមកពីសេចក្ដីប្រាថ្នាដែរ ដូចជាការចាប់រំលោភ ឬជ្រុលជ្រួសមួយពេលហើយក៏មានផ្ទៃពោះជាដើម។ ការបង្ខំចិត្ដ ទទួលយកនូវអ្វីដែលមិនប៉ងកម្រមានអាយុវែងណាស់។ ផ្ទុយទៅវិញ បើកូនជាវត្ថុបំណងរបស់ឪពុកឬម្ដាយនោះ បន្ដិចម្ដងៗគេអាច ផ្សារភ្ជាប់ជីវិតអាពាហ៍ពិពាហ៍របស់ឪពុកម្ដាយគេវិញ។ បើមិនអាចជួបជុំគ្នាវិញទេលោកអ្នកចាំបាច់ត្រូវទទួលយកការពិត ពង្រឹងចិត្ដព្យាយាមតស៊ូជំនះរាល់ឧបសគ្គទាំងឡាយដែលកើតមានលើវិថីជីវិតជាបុរសពោះម៉ាយឬស្ដ្រីមេម៉ាយនោះ។ មានប្រការមួយចំនួន ដែលឪពុកម្ដាយទាំងឡាយគួរតែអនុវត្ដឱ្យបាននៅពេលដែលខ្លួនលែងលះប្ដីឬប្រពន្ធ ដើម្បីចៀសវាងបញ្ហាដែលកើតមានចំពោះកូន។
1. រម្ងាប់ចិត្ដ ៖ ត្រូវព្យាយាមកុំរំលឹករឿងដែលឈឺចាប់ពីមុនមកទៀតព្រោះវាមិនខុសពីយកឈើទៅចាក់លើស្នាមដំបៅ ចាស់នោះទេ និងធ្វើឱ្យលោកអ្នកតែងតែគិតដល់រឿងអតីតកាលមិនចប់មិនហើយ។ មានអ្នកខ្លះគិតដល់រហូតចាប់នេះចាប់នោះធ្វើមិន ត្រូវ មិនចេញពីផ្ទះនៅតែម្នាក់ឯងរហូតបោះបង់ចោលគ្រប់យ៉ាងទាំងក្រុមគ្រួសារនិងការងារដែលធ្វើឱ្យជីវិតរិតតែសោកសៅទ្វេឡើង កូនពុំបានទទួលការបីបាច់ថែទាំបានល្អ ធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត។ មធ្យោបាយល្អបំផុតលោកអ្នកគួរគិតពីរឿងអនាគតខ្លួន ឯង និងកូនជាពិសេសអនាគតកូនថាតើត្រូវបណ្ដុះបណ្ដាលអប់រំកូនបែបណាឱ្យដើរក្នុងផ្លូវត្រូវនៅពេលដែលគេធំឡើង ពោលគឺលោក អ្នកត្រូវយកកូនជាទិសដៅសំខាន់សម្រាប់ជីវិត។
2. កុំធ្វើឱ្យនឹកឃើញរឿងចាស់ ៖ បំភ្លេចចោលឱ្យអស់នូវទីកន្លែងឬវត្ថុអ្វីដែលនាំឱ្យលោកអ្នកនឹកឃើញរឿងពីមុន។ ទោះ បីពេលខ្លះមិនអាចគេចផុតក៏ដោយ ក៏លោកអ្នកចាប់ព្យាយាមដើរឱ្យផុតពីផ្លូវដ៏ឈឺចាប់នេះ។ លោកអ្នកត្រូវនៅឱ្យស្ងៀម នៅពេល ដែលកូននិយាយពីរឿងចែកផ្លូវគ្នានោះព្រោះជួនកាលវាធ្វើឱ្យលោកអ្នកអាចអត់ទ្រាំមិននិយាយអាក្រក់ពីគេមិនបាន ហេតុនេះវាធ្វើឱ្យ ប៉ះពាល់ដល់អារម្មណ៍របស់កូន។
3. កុំធ្វើការសងសឹក ៖ ព្រោះតែស្អប់ភាគីម្ខាងទៀតលោកអ្នកមួយចំនួនអាចជ្រើសយកកូនធ្វើជាចំណុចនៃការសងសឹក មានគំនិតស្អប់កូនជាជាងផ្ដល់ភាពកក់ក្ដៅដល់កូន។ លោកអ្នកមិនត្រូវស្អប់កូនរករឿងធ្វើបាបកូនដើម្បីធ្វើបាបចិត្ដអ្នកដែលបោះបង់ ចោលនោះទេ។ តាមពិតទៅ អ្នកនោះគេមិនមានការឈឺចាប់អ្វីទេប៉ុន្ដែកូនដែលជាឈាមជ័ររបស់លោកអ្នកទេតើដែលត្រូវទទួលរង ការឈឺចាប់តាមរយៈការដាក់ទោសដោយគ្មានហេតុផល។ ប្រការសំខាន់លោកអ្នកគួរតែផ្ដល់ការស្រឡាញ់ឱ្យដល់កូនបានច្រើនជាង ឪពុកម្ដាយទូទៅព្រោះកូនរបស់លោកអ្នកគ្មាននរណាជាទីពឹងក្រៅពីលោកអ្នកទៀតទេ។
4. រ៉ាប់រងភារកិច្ចទ្វេដង ៖ លោកអ្នកត្រូវទទួលស្គាល់ការពិតថានៅពេលដែលមានការលែងលះកើតឡើងមានន័យថានឹង មានការចែកផ្លូវគ្នាកើតឡើង ហើយកូននឹងត្រូវទៅរស់នៅជាមួយនរណាម្នាក់ក្នុងចំណោមអ្នកទាំងពីរ។ មិនថាកូនទៅនៅជាមួយឪពុក ឬម្ដាយទេ ម្នាក់ៗត្រូវខិតខំធ្វើខ្លួនជាម្ដាយផងជាឪពុកផង រួមគ្នាដើម្បីឱ្យកូនមានអារម្មណ៍កក់ក្ដៅឬអារម្មណ៍មិនខ្វះឪពុកម្ដាយ។ ជាពិ សេសជាងនេះទៅទៀត បើកូនស្រីត្រូវទៅរស់នៅជាមួយឪពុពេលនោះឪពុកត្រូវធ្វើខ្លួនជាម្ដាយ ដើម្បីកុំឱ្យកូនស្រីមានអារម្មណ៍ខ្វះអ្វី ម្យ៉ាង។ ឪពុកត្រូវស្វែងយល់ពីសរីរៈផ្សេងៗរបស់មនុស្សស្រីយ៉ាងហោចណាស់ក៏ត្រូវឱ្យយល់ដឹងខ្លះនៅពេលដែលកូនសួរអាចឆ្លើយ បានដោយពុំចាំបាច់អៀនប្រៀន។
ជាការពិតណាស់ ជួនកាលការលែងលះរវាងប្ដីប្រពន្ធអាចជាវិធីតែមួយគត់ដែលធ្វើឱ្យអ្វីៗប្រសើរឡើងក្នុងខណៈដែលអ្នក ទាំងពីរយល់ថាមិនអាចបន្ដជីវិតគូស្រករជាមួយគ្នាតទៅទៀត។ ចំណែកកូនក៏ដូចគ្នាដែរបើគេរស់នៅជាមួយឪពុកម្ដាយពោរពេញទៅ ដោយការគ្រោតគ្រាតនោះ ក៏គ្មានសុភមង្គលដូចជាជីវិតដែលគ្មានឪពុកឬក៏គ្មានម្ដាយដែរ។
បណ្ដាំផ្ញើ
វាជារឿងពិបាកណាស់ក្នុងការដែលចង់បំភ្លេចរឿងអ្វីមួយដែលនៅដិតដាមជាមួយយើងជាយូរមកហើយនោះមិនខុសនឹង ពាក្យដែលពោលថាខំបំភ្លេចរិតតែនឹកនោះទេ។ ទោះបីជាយ៉ាងណាគ្រប់យ៉ាងវាអាស្រ័យទៅលើការតាំងចិត្ដរបស់លោកអ្នកដើម្បីផ្សាំ ជីវិតដែលរស់នៅគ្មានគេម្នាក់នោះ។ ការតាំងចិត្ដរបស់លោកអ្នកនឹងនាំភាពជោគជ័យដល់កូនរបស់លោកអ្នក។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply