ស្នាមក្រហម កន្ទួល ពងទឹក ឬខ្ទុះនៅលើស្បែកដែលបង្កឱ្យមានការឈឺចាប់ដល់លោកអ្នកមានច្រើនប្រភេទណាស់ក្នុង នោះបូសក៏ជាជម្ងឺមួយនៅក្នុងចំណោមបញ្ហាទាំងនោះដែរ។ លោកអ្នកមួយចំនួនតែងតែគិតថាកើតបូសជារឿងធម្មតារបស់មនុស្ស ទូទៅ មិនមាននរណាអាចគេចវេសបានទេ ហើយក៏មិនទាមទារឱ្យមានការព្យាបាលអ្វីទាំងអស់។ ផ្ទុយទៅវិញបើលោកអ្នកកើតបូស ហើយព្យាបាលមិនទាន់ពេលវេលា និងមិនត្រឹមត្រូវអាចធ្វើឱ្យមានគ្រោះថ្នាក់ច្រើនប្រការណាស់។
លោកវេជ្ជបណ្ឌិត ឡា ភៀវ អ្នកឯកទេសជម្ងឺសើស្បែក និងកាមរោគចូលរួមបកស្រាយជម្រាបជូនលោកអ្នកអំពីជម្ងឺបូស នេះបន្ថែមលើអ្វីដែលលោកអ្នកយល់ដឹងកន្លងមកតាមរយៈទស្សនាវដ្ដី សុខភាពយើង។
បូស ជាអ្វី?
បូសជាប្រភេទជម្ងឺសើស្បែកម្យ៉ាងដែលបង្កឡើងដោយមេរោគបាក់តេរីឈ្មោះស្ដាហ្វីឡូសកូក។ បូសអាចកើតមាននៅលើ មនុស្សគ្រប់វ័យ និងគ្រប់ទីកន្លែងទាំងអស់នៃរាងកាយមនុស្ស។ ជំហានដំបូងជម្ងឺបូសចាប់ផ្ដើមដោយការរលាកគល់រោមតូចៗ រួចបន្ដ ស៊ីទៅខាងក្នុង ហើយបង្កជាដុំតូចមួយមានខ្ទុះ។ បូសអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ជាមួយទឹករងៃ ឬខ្ទុះដែលមានមេរោគនៅក្នុងនោះ។ ជាទូទៅបូសមានពីរប្រភេទគឺៈ
- បូសមុខច្រើន ឬហៅថាខាបាំងខល
- បូសមុខមួយ ឬហៅថាហ្វុយរាំងខល។
រោគសញ្ញាជម្ងឺបូស
បូសជាប្រភេទជម្ងឺងាយកត់សម្គាល់ គ្រាន់តែពេលខ្លះលោកអ្នកមិនបានចាប់អារម្មណ៍ហើយអាចច្រឡំជាមួយនិងជម្ងឺសើ ស្បែកផ្សេងទៀតតែប៉ុណ្ណោះ។ នៅដំណាក់កាលដំបូង បូសស្ដែងចេញជាអាការកន្ទួលក្រហមតូចមួយមានការរមាស់ហើយឈឺចាប់ បន្ដិចបន្ដួច។ រយៈពេលពីរទៅបីថ្ងៃបន្ទាប់ កន្ទួលក្រហមនោះមានទំហំធំបង្កឱ្យមានខ្ទុះហើយមានការឈឺចាប់ខ្លាំង។ ប្រសិនបើស្បែក លោកអ្នកមិនមានប្រព័ន្ធការពារមាំទាំ គួបផ្សំនិងកត្ដាកង្វះអនាម័យផងនោះមេរោគបូសអាចសាយភាយខ្លាំងបណ្ដាលឱ្យកម្ដៅក្នុង ខ្លួនលោកអ្នកឡើងខ្លាំង ហើយអាចធ្វើឱ្យលោកអ្នកគ្រុនរងាព្រោះមេរោគជ្រៀតចូលទៅក្នុងសរសៃឈាម។
មូលហេតុជម្ងឺបូស
ដើមចមដំបូងដែលបង្កឱ្យមានជម្ងឺបូសនេះ គឺដោយសារការអេះរលាត់ស្បែកឬមានរបួសតាមគល់រោមដែលធ្វើឱ្យមេរោគ ជ្រៀតចូលបាន។ ម្យ៉ាងទៀតជម្ងឺបូសអាចបណ្ដាលមកពីកង្វះអនាម័យដោយការប៉ះពាល់នឹងមជ្ឈដ្ឋានដែលមានមេរោគ ហើយក៏ចូល ទៅក្នុងស្បែកហើយបង្កជាជម្ងឺបូស។
ការព្យាបាលជម្ងឺបូស
លោកអ្នកភាគច្រើនពុំសូវចាប់អារម្មណ៍ទៅលើការព្យាបាលបូសទេ ដោយសារលោកអ្នកគិតថាជារឿងធម្មតាទុកយូរទៅ អាចបាត់ដោយខ្លួនឯង។ បើមិនដូច្នោះទេលោកអ្នកអាចបិតនេះបិតនោះតាមទម្លាប់ ឬការនិយមរបស់ខ្លួន។ លោកអ្នកធ្លាប់បានដឹង ហើយថា ក្រោយពីកើតជម្ងឺបូសហើយ មួយរយៈពេលក្រោយមកក៏កើតមាននៅកន្លែងផ្សេងៗទៀតនេះបណ្ដាលមកពីលោកអ្នកមិន បានទទួលការព្យាបាលត្រឹមត្រូវហើយមេរោគបូសមិនទាន់ត្រូវបានកម្ចាត់ចោលទាំងស្រុងនៅឡើយ។ ក្នុងករណីជម្ងឺបូសស្រាលបន្ដិច បន្ដួចនោះមិនមានបញ្ហាចោទឡើយគ្រាន់លោកអ្នកលាបក្រែមសម្លាប់មេរោគបូសហើយនៅពេលដែលខ្ទុះធ្លាយចេញមកក្រៅនោះ នឹងជាសះស្បើយហើយ។ ក្នុងករណីធ្ងន់ធ្ងរដែលបូសរាលដាលខ្លាំងទាមទារឱ្យលោកអ្នកទៅជួបគ្រូពេទ្យជំនាញ ដើម្បីពិនិត្យរោគ វិនិច្ឆ័យ និងព្យាបាលឱ្យទាន់ពេលវេលា។ ការព្យាបាលត្រូវប្រើពពួកថ្នាំអង់ទីប៊ីយ៉ូទិកលាប និងលេប។ បើបូសមានមុខក្រាស់ហើយធំ ភាគច្រើនកើតនៅកន្លែងដែលមានស្បែកយារមិនព្រមធ្លាយក្រោយពេលប្រើប្រាស់ថ្នាំនោះ ចាំបាច់ត្រូវវះដើម្បីយកខ្ទុះចេញ។ ការវះយកខ្ទុះនេះត្រូវធ្វើឡើងដោយគ្រូពេទ្យជំនាញទើបអាចចៀសផុតពីការកររោគផ្សេងៗទៀត។
ផលវិបាកជម្ងឺបូស
នៅពេលដែលលោកអ្នកមានជម្ងឺបូស ហើយព្យាបាលមិនទាន់ពេលវេលាអាចបង្កជាផលវិបាកមួយចំនួនក្រោយពេលជាសះ ស្បើយ ដូចជាធ្វើឱ្យខូចស្បែកទៅជាក្រហូង និងសម្លាក។ ហើយបើបូសនោះកើតនៅលើក្បាលធ្វើឱ្យបរិវេណដែលកើតនោះជ្រុះសក់ អស់ នាំឱ្យសក់លែងដុះ ក្បាលទំពែក។ ទាំងនេះអាចនាំឱ្យសោភ័ណភាពនិងសម្រស់របស់លោកអ្នកបាត់បង់ ហើយក៏ជាការរំខានមួយ ដែរ។ ក្នុងករណីធ្ងន់ធ្ងរដែលបូសរីកហើមធំហើយមេរោគសាយភាយចូលទៅក្នុងចរន្ដឈាមដែលខ្មែរយើងនិយមហៅតៗគ្នាថាកើត ពិស ដែលនាំឱ្យលោកអ្នកមានអាការគ្រុនញាក់ហើយមានគ្រោះថ្នាក់។
វិធីការពារជម្ងឺបូស
បូសក៏ដូចជាជម្ងឺសើស្បែកដ៏ទៃទៀតដែរ បើលោកអ្នកមានអនាម័យខ្លួនប្រាណគ្រប់គ្រាន់នោះលោកអ្នកប្រាកដជាអាចគេច ផុតមិនខានឡើយ។ ការធ្វើអនាម័យត្រូវធ្វើជាប្រចាំដោយប្រើសាប៊ូជាពិសេសសម្រាប់លោកអ្នកដែលឧស្សាហ៍កើតមានបូសញឹក ញាប់គួរប្រើសាប៊ូដែលមានសារធាតុសម្លាប់មេរោគផងដែរ។
ដំបូន្មានអ្នកជំនាញ
បើលោកអ្នកមានជម្ងឺបូស សូមស្វែងរកសេវាព្យាបាលឱ្យបានត្រឹមត្រូវតាមលក្ខណៈវេជ្ជសាស្ដ្រនិងឱ្យទាន់ពេលវេលា។ នោះទើបលោកអ្នកអាចចៀសផុតពីផលវិបាកផ្សេងៗដូចដែលរៀបរាប់ពីខាងដើម។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply