ពុលឡាន

អ្នកណា​ក៏ចង់ឱ្យ​ការធ្វើ​ដំណើរ មិនថាតាម​រថយន្ដ ឬ​យានជំនិះ​ផ្សេងៗ​នោះទេ ទោះជិត​ក្ដីឆ្ងាយក្ដី​ប្រកប​ដោយ​សេចក្ដីសុខ គ្មានការ​នឿយហត់ អស់កម្លាំង ក្អួតចង្អោរ និង​ឈឺចុក​ចាប់ដែរ។ ប៉ុន្ដែ​មានមនុស្ស​មួយចំនួន​ទោះបើដឹង​ថាកន្លែង​នោះចាំបាច់​ត្រូវតែ ទៅខាន​មិនបាន ឬ​ជាកន្លែង​ដែលអាច​ផ្ដល់នូវ​សេចក្ដីសុខ និង​ទ្រព្យសម្បត្ដិ​ក៏ដោយ​គាត់សុខចិត្ដ​បាត់បង់​លាភនោះ ដោយគាត់​មិនចង់ ធ្វើដំណើរ​តាមរថយន្ដ ព្រោះគាត់​ពុលឡាន!

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកវេជ្ជបណ្ឌិត គួយ សំណាង អ្នកឯកទេស​វេជ្ជសាស្ដ្រ​ទូទៅ និង​ជម្ងឺមហារីក នៃ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត​ចូលរួម បកស្រាយបំភ្លឺ​អំពីបញ្ហា​ពុលឡាននេះជូនមិត្ដ​អ្នកអាន​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

ពុលឡាន ជាអ្វី?

ពុលឡាន ជាពាក្យ​បច្ចេកទេស​ហៅថាពុល​ដំណើរ​ដែលរួម​មានការ​ពុលឡាន ពុលយន្ដហោះ ពុលកប៉ាល់​ពុល​រលក​ជាដើម។ ដោយសារ​អាការ​ទាំងនេះ​កើតឡើង​ដោយបាតុ​ភាពតែមួយ។ ពុលឡាន​ជាវិបត្ដិ​មួយដែល​កើតឡើង​ក្រោយ​ពីអ្នកដំណើរ​ធ្វើដំណើរ​ដោ យជិះ​យានជំនិះ ដូចជា​រថយន្ដ កប៉ាល់ យន្ដហោះ​ជាដើម។

មូលហេតុ​ពុលឡាន

ពុលឡាន​កើតឡើង ឬ​បណ្ដាលមក​ពីមាន​ចលនា​បីព្រមគ្នា​នៅពេល​តែមួយ​ដែលអ្នក​ជម្ងឺ​ទទួល​ក្នុងពេល​កំពុងធ្វើ​ដំណើរ។

  • អ្នកជម្ងឺ​ទទួលនូវ​ចលនា​បណ្ដោយខ្លួន
  • អ្នកជម្ងឺ​មានអារម្មណ៍​ថាខ្លួន​គាត់កំពុង​វិលជុំវិញ​វត្ថុអ្វីមួយ
  • អ្នកជម្ងឺ​ហាក់ដូច​ជាកំពុង​តែធ្វើដំណើរ​ឡើងចុះៗ ដូចទឹករលក។

ចលនា​ទាំងបី​ដែលអ្នក​ជម្ងឺ​ទទួលក៏​ធ្វើឱ្យ​សរីរាង្គ​នៅក្នុងខ្លួន​បានទទួលដែរ។ ដោយឡែក​សរីរាង្គ​ដែលងាយ​ទទួលរង​និង បញ្ចេញ​ជាបាតុភាព ឬ​រោគសញ្ញា​ឱ្យដឹង គឺសរីរាង្គ​ដែលមាន​នៅក្នុងពោះ ដូចជា​ពោះវៀន​ក្រពះ​ជាដើម។ ពេល​ដែល​សរីរាង្គ​ទាំងនេះ ទទួលនូវ​ចលនា​ទាំងនេះ ក៏បង្កើត​ឱ្យមាន​ចលនា​មិនធម្មតា​មួយប៉ះ​ទៅនឹង​សរសៃ​បញ្ជារបស់​ខ្លួនមនុស្ស។ នៅក្នុង​ខ្លួនមនុស្ស​មានប្រព័ន្ធ ប្រសាទ​ពីរជា​ប្រព័ន្ធ​ប្រសាទ​អូតូណូម​(មិនស្ថិត​នៅក្រោម​ការបញ្ជា​នៃខួរក្បាល​ពិតប្រាកដទេ​ប៉ុន្ដែ​មាន​ប្រភព​ចេញពី​ខួរក្បាល) គឺប្រ សាទ​សាំប៉ាទិច​និង​ប្រសាទ​ប៉ារ៉ាសាំប៉ាទិច​(សរសៃ​ប្រសាទ​ដែលធ្វើ​ឱ្យប្រព័ន្ធ​សរីរាង្គ​ក្នុងរាង​កាយធ្វើ​ការលឿន ឬ​យឺត)។ ប្រព័ន្ធប្រសាទ ទាំងពីរ​នេះមានតួនាទី​ធ្វើឱ្យ​សរីរាង្គ​ក្នុងខ្លួន​មានចលនា និង​មានលំនឹង។ នៅពេល​ដែលចលនា​ទាំងបី​ដូចរៀប​រាប់ខាងលើ​កើតឡើង សរីរាង្គ​ក្នុងពោះ​មានចលនា ធ្វើឱ្យ​ភ្ញោចសរសៃ​សាំប៉ាទិច​ភ្ញោច​ប្រព័ន្ធ​មួយក្នុង​ខួរក្បាល ពេលនោះ​នឹងកើត​មានអាការ​ក្អួតចង្អោរ វិល មុខជាដើម​នោះហើយ​ជាដំណាក់​កាល​នៃការ​ពុលឡាន។

រោគសញ្ញា និងផល​វិបាកពុល​ឡាន

មាន​រោគសញ្ញា​មួយចំនួន​ដែល​អ្នកជម្ងឺ​តែងជួបប្រទះ និង​អាចបង្ហាញ​ថាមាន​ការពុល​ឡាន​ដូចជា​អាការចង់​ក្អួតចង្អោរ​វិល មុខ អស់​កម្លាំងខ្លាំង មានទឹកមុខ​ស្លេកស្លាំង​ជាដើម ហើយ​ពេលខ្លះ​ធ្វើឱ្យ​អ្នកជម្ងឺ​ចេះតែ​មានអារម្មណ៍​ថាល្វីង​ក្នុងមាត់។ ក្នុង​ករណីដែល អ្នកជម្ងឺ​ពុលធ្ងន់ធ្ងរ អាចធ្វើឱ្យ​សម្ពាធឈាម​ចុះជាលំដាប់។

ថ្វីត្បិត​តែពុលឡាន​មិនមែន​ជាជម្ងឺ​ធ្ងន់ធ្ងរ និង​មិនត្រូវការ​ព្យាបាល​ពិសេស​ក៏ដោយ​ក៏ការ​ពុលឡាន​នេះនៅតែ​មានជាផល វិបាក​សម្រាប់​អ្នកពុល​ឡានដែរ។ ពុលឡាន​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​សុខភាព ធ្វើឱ្យ​អស់កម្លាំង ហេវហត់​ខ្សោយ​កម្លាំង ទន់ដៃ ទន់ជើង វិលមុខ ក្អួតជាដើម។ ការក្អួត​ខ្លាំងអាច​ធ្វើឱ្យ​មានផល​មិនល្អ​សម្រាប់​សុខភាពដែរ​អ្នកខ្លះ​ក្អួតរហូត​ទាល់តែ​កម្អួតនោះ​ឡើង ពណ៌ខៀវ ដែលគេ​តែងហៅ​ថាក្អួតបែក​ប្រម៉ាត់ថ្លាន់។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីព្យាបាល​ពុលឡាន

បញ្ហា​ពុលឡាននេះ​ពុំមែន​ជាប្រភេទ​ជម្ងឺដែល​ចាំបាច់​ត្រូវទៅ​ព្យាបាល​នៅមន្ទីរពេទ្យ ឬ​ត្រូវទៅឱ្យ​គ្រូពេទ្យ​ពិនិត្យ​ដូចជា​ពិនិត្យ​ឈាមជាដើម​នោះទេ។ លោកអ្នក​គ្រាន់តែ​ប្រតិបត្ដិ​តាមវិធី​មួយចំនួន​ដែលនឹង​រៀបរាប់​ជូនខាងក្រោម​ឬ​សម្រាក​បន្ដិចក្រោយ ពេលធ្វើ​ដំណើរ និង​ព្យាបាល​ទៅតាម​រោគសញ្ញា​ដែលកើត​ឡើងនោះ លោកអ្នក​នឹងបាន​ជាធម្មតាវិញ។

វិធីបង្ការ​ពុលឡាន

  • ពេលធ្វើ​ដំណើរ​មិនត្រូវ​មើលទៅ​វត្ថុអ្វីដែល​មានបម្លាស់​ទីលឿនៗ ដូចជា​ចិញ្ចើមផ្លូវ​ជាដើម​ព្រោះអាច​ភ្ញោចទៅ​នឹងប្រព័ន្ធ ប្រសាទ នាំឱ្យ​មានអាការ​ចង់ក្អួត និងវិលមុខ
  • ត្រូវមើលទៅទីឆ្ងាយៗ ព្រោះកន្លែងឆ្ងាយមានបម្លាស់ទីយឺតអាចឱ្យខួរក្បាល និងខ្លួនយើងធ្វើការសម្របតម្រូវបាន
  • មិនត្រូវ​ធ្វើចលនា​មួយចំនួន ដូចជាកាច់ខ្លួន ពត់ខ្លួន​ជាដើម
  • មិនត្រូវ​ធ្វើដំណើរ​ក្នុងរថយន្ដ​ដែលមាន​ក្លិនមិនល្អ
  • ត្រូវអង្គុយ​ក្នុងស្ថានភាព​សមរម្យមួយ ដៃ និង​ជើងសណ្ដូក​ឱ្យបានអស់ ដាក់ក្បាល​ឱ្យនឹង
  • លោកអ្នក​អាចប្រើ​ឱសថ ឬ​ថ្នាំពុលឡាន
  • លោកអ្នក​គួរអង្គុយ​នៅកៅអី​ខាងមុខ ក្នុងពេល​ធ្វើដំណើរ​តាមរថយន្ដ ឬ​កប៉ាល់។ ព្រោះ​ផ្នែកខាងមុខ​នៃយាន​យន្ដមិនសូវ មានចលនា​ខ្លាំងដូច​ផ្នែកខាង​ក្រោយ​ដែលអាច​ធ្វើឱ្យ​លោកអ្នក​ឆាប់ទទួល​រំញោច។

ដំបូន្មាន​អ្នកជំនាញ

លោកអ្នក​គួរប្រតិបត្ដិ​តាមការ​រៀបរាប់​ជូនខាងលើ​ដើម្បី​ការពារកុំ​ឱ្យមានការ​ពុលឡាន។ ក្នុង​ករណី​ពុលឡាន​នៅតែ​មិនបាត់ ទៀតនោះ លោកអ្នក​គួរប្រើថ្នាំ ឬ​ទៅពិគ្រោះ​យោបល់ និង​ពិនិត្យ​សុខភាព​ជាមួយ​គ្រូពេទ្យ​ជំនាញ។ សូមកុំ​បណ្ដោយ​ឱ្យការ​ពុលឡាន របស់​លោកអ្នក​ចេះតែអូស​បន្លាយ ព្រោះធ្វើឱ្យ​លោកអ្នក​បាត់បង់​ពេលវេលា ប៉ះពាល់ដ​ល់សុខភាព​និង​ខាតបង់​ធនធាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *