លោកអ្នកតែងប្រាថ្នាចង់បាននូវសេចក្ដីសុខស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ។ ពុំមាននរណាម្នាក់ចង់ឱ្យអ្នកដទៃស្ដីបន្ទោស មើលងាយលើខ្លួន និងរឹតតែមិនចង់ឱ្យខ្លួនឯងរស់នៅតែឯងឯកកោនោះដែរ។ បញ្ហាដែលកើតឡើងមួយចំនួនអាចធ្វើឱ្យលោកអ្នក មានការអាក់អន់ស្រពន់ចិត្ដ តូចចិត្ដ អស់សង្ឃឹមបាត់បង់កម្លាំងចិត្ដអាចធ្វើឱ្យប៉ះពាល់ដល់ជីវិតរស់នៅប្រចាំថ្ងៃ។ ការកសាងកម្លាំង ចិត្ដមកវិញដើម្បីសេចក្ដីសុខ សុភមង្គលក្នុងជីវិតគ្រួសារនិងសង្គមជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប។ កសាងកម្លាំងចិត្ដជាកត្ដាចម្បង ដែលមនុស្សទាមទារចង់បាន។ តើមកពីមូលហេតុអ្វី? ត្រូវធ្វើយ៉ាងណា?
ចម្ងល់នេះនឹងបកស្រាយបំភ្លឺដោយលោកសាស្ដ្រាចារ្យ ផាន់ ចាន់ពៅអនុប្រធានសមាគមចិត្ដវិទ្យាកម្ពុជាតាមរយៈទស្សនា វដ្ដី សុខភាពយើង។
ការកសាងកម្លាំងចិត្ដ ជាអ្វី?
ការកសាងកម្លាំងចិត្ដគឺជាការធ្វើឱ្យមានជំនឿលើខ្លួនឯង ដើម្បីឱ្យក្លាយជាម្ចាស់លើខ្លួនឯង អាចសម្រេចចិត្ដនិងគ្រប់គ្រង ខ្លួនឯងបាន។ បើតាមទស្សនៈ និងការស្រាវជ្រាវរបស់លោកម៉ាស្លូ តម្រូវការរបស់មនុស្សជាចាំបាច់បំផុតមាន៥យ៉ាង។
1. ផ្នែកសរីរាង្គកាយ ៖ ការហូបចុក ស្លៀកពាក់ សុខភាពនិងរស់នៅនេះជាកត្ដាគ្រឹះដំបូងបំផុតដែលមនុស្សត្រូវការមុន នឹងស្វែងរកអ្វីជាបន្ដទៀត។
2. ផ្នែកសុវត្ថិភាព ៖ មនុស្សចង់រស់នៅពោរពេញដោយសុវត្ថិភាព មានសន្ដិសុខផ្ទាល់ខ្លួននិងមានសេរីភាពគ្រប់បែប យ៉ាង។
3. ការទទួលស្គាល់ពីសង្គម ៖ ចង់មានទំនាក់ទំនងរវាងសមាជិកក្នុងសង្គម ចង់ទទួលបានការសិក្សាអប់រំរៀនសូត្រ ដើម្បី ក្លាយខ្លួនជាសមាជិកម្នាក់ និងមានតួនាទីក្នុងសង្គមដែលគេរស់នៅ។
4. កិត្ដិយសផ្ទាល់ខ្លួន ៖ ការផ្ដល់នូវកិត្ដិយសដ៏សក្ដិសមមួយពីអ្នកដទៃ ចង់រស់នៅដោយមានតម្លៃ សេចក្ដីថ្លៃថ្នូរអ្នកផង ទាំងពួងគោរពរាប់អាន។
5. កម្លាំងចិត្ដ ៖ ជាតម្រូវការចុងក្រោយ ហើយដែលមនុស្សទាមទារចង់បានភាពស្កប់ស្កល់ហើយពិបាកនឹងទទួលបានជោគ ជ័យ។ នេះជាចំណុចកំពូល និងជាចំណុចដែលលំបាកបំផុតសម្រាប់មនុស្ស។
ហេតុអ្វីត្រូវកសាងកម្លាំងចិត្ដ?
មិនមានមូលហេតុ និងល័ក្ខខ័ណ្ឌពិសេសណាមួយដែលតម្រូវឱ្យលោកអ្នកធ្វើការកសាងកម្លាំងចិត្ដនោះទេ។ ជាទូទៅការ កសាងកម្លាំងចិត្ដនេះអាចធ្វើបានចំពោះមនុស្សគ្រប់វ័យ គ្រប់រូបភាព ដើម្បីឱ្យមានភាពជឿជាក់លើខ្លួនឯង។ ថ្វីត្បិតតែការកសាង កម្លាំងចិត្ដមិនទាមទារមូលហេតុ ប៉ុន្ដែវាមានមូលហេតុធ្វើឱ្យបាត់បង់កម្លាំងចិត្ដ។ មូលហេតុដែលធ្វើឱ្យបាត់បង់កម្លាំងចិត្ដមានដូច តទៅ
- ភាពព្រងើយកន្ដើយរបស់មនុស្សដែលនៅជុំវិញខ្លួន ហើយមិនបានលើកពីចំណុចល្អៗរបស់ខ្លួនដែលបានធ្វើ
- ការមិនយកចិត្ដទុកដាក់ ផ្ដាច់ទំនាក់ទំនង សម្ព័ន្ធភាព និងគ្មានការប្រាស្រ័យទាក់ទងធ្វើឱ្យក្លាយជាជនឯកោ
- ការប្រមាថ ជាន់ឈ្លីកិត្ដិយស និងមិនលើកតម្លៃភាពជាមនុស្សធ្វើឱ្យមនុស្សអស់សង្ឃឹមគិតថាខ្លួនគ្មានតម្លៃគ្មានសារៈប្រ យោជន៍សម្រាប់សង្គម និងសម្រាប់ខ្លួនឯង។
- ការស្ដីបន្ទោសចំពោះកំហុសឆ្គងបន្ដិចបន្ដួចជាមូលហេតុធ្វើឱ្យមនុស្សបាត់បង់កម្លាំងចិត្ដ។
ផលប៉ះពាល់នៃការបាត់បង់កម្លាំងចិត្ដ
បាត់បង់កម្លាំងចិត្ដនឹងធ្វើឱ្យលោកអ្នកឈានដល់ការអស់សង្ឃឹម រហូតដល់ធ្លាក់ទឹកចិត្ដ។ ទាំងនេះសុទ្ធតែជារោគសញ្ញានៃ ជម្ងឺផ្លូវចិត្ដ និងជម្ងឺធ្លាក់ទឹកចិត្ដ ធ្វើឱ្យលោកអ្នកវិលវល់ស្មុគស្មាញពេលខ្លះរហូតដល់អាចសម្លាប់ខ្លួនឬធ្វើអត្ដឃាតទៀតផង។ ផ្ទុយទៅ វិញបើសង្គមមានតែមនុស្សបាត់បង់កម្លាំងចិត្ដ តើសង្គមនឹងទៅជាយ៉ាងណា?ការបាត់បង់កម្លាំងចិត្ដធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍន៍សង្គម ព្រោះមនុស្សគ្មានភាពជឿជាក់លើខ្លួនឯងមិនអាចប្រឈមមុខនឹងការខ្វះឆន្ទៈក្នុងការដោះស្រាយបញ្ហារស់នៅក្នុង សង្គម។
របៀបកសាងកម្លាំងចិត្ដ
កសាងកម្លាំងចិត្ដ គឺធ្វើយ៉ាងណាដើម្បីឱ្យមានភាពជឿជាក់លើខ្លួនឯង អាចសម្រេចចិត្ដធ្វើអ្វីមួយដោយខ្លួនឯងនិងចេះអារ កាត់ ដោះស្រាយបញ្ហាអ្វីមួយដោយខ្លួនឯងផ្ទាល់ដោយមិនពឹងផ្អែកទៅលើអ្នកដទៃជាជំនួយ។ ដើម្បីធ្វើការកសាងកម្លាំងចិត្ដឱ្យមាន ភាពជោគជ័យគឺអាស្រ័យទៅលើកត្ដាច្រើនយ៉ាងដូចខាងក្រោម។
- ជាជំហានដំបូងត្រូវជួយខ្លួនឯងដោយព្យាយាមតស៊ូ អត់ធ្មត់ចំពោះអ្វីដែលខ្លួនបានធ្វើ និងបម្រុងធ្វើ។ ការធ្វើចិត្ដឱ្យស្ងប់ ស្គាល់ខ្លួនឯង ទើបឈានបានទៅដល់ភាពជឿជាក់ មានកម្លាំងចិត្ដដើម្បីសម្រេចជោគជ័យលើភារកិច្ច។
- ទោះបីលោកអ្នកជាបុគ្គលសំខាន់ តែក៏នៅតែត្រូវការជំនួយពីអ្នកដទៃដែរ។ លោកអ្នកត្រូវទទួលយកនូវដំបូន្មានល្អៗពី អ្នកដទៃ ដើម្បីកែសម្រួលនូវអ្វីជាកំហុសដែលអាចបង្កឈានទៅរកការបាត់បង់កម្លាំងចិត្ដ។
- ត្រូវមានការលើកទឹកចិត្ដ កោតសរសើរចំពោះអ្វីដែលលោកអ្នកបានធ្វើទោះជាលទ្ធផលនោះមានជោគជ័យកម្រិតណា ក៏ដោយ ព្រោះអាចជំរុញឱ្យមានកម្លាំងចិត្ដកាន់តែខ្លាំង និងមានឆន្ទៈមោះមុតក្នុងចិត្ដដើម្បីសម្រេចការងារនិងសកម្មភាពផ្សេងៗ ទៀតជាច្រើន។
ប្រការគួរប្រតិបត្ដិដើម្បីកុំឱ្យបាត់បង់កម្លាំងចិត្ដ
កត្ដាសំខាន់ដែលលោកអ្នកគួរប្រតិបត្ដិ ទាំងមិត្ដ្ដភ័ក្ដិ ក្រុមគ្រួសារ និងសមាជិកក្នុងសង្គមគួរចាប់ផ្ដើមពីការយកចិត្ដទុក ដាក់លើកទឹកចិត្ដ បង្កើនទំនាក់ទំនងភាពស្និទ្ធស្នាល និងជំរុញឱ្យមានការខិតខំប្រឹងប្រែងដើម្បីចៀសវាងកុំឱ្យលោកអ្នកធ្លាក់ក្នុងភាព អស់សង្ឃឹម។
ដំបូន្មានអ្នកប្រឹក្សា
សូមលោកអ្នកជ្រាបថា មនុស្សសុទ្ធតែមានតម្លៃ និងចំណុចពិសេសដោយឡែកៗពីគ្នា។ លោកអ្នកគួរមានការអធ្យាស្រ័យ ការអន់អោន ចេះសរសើរ និងលើកទឹកចិត្ដ ការឱ្យតម្លៃ យោគយល់ឱ្យគ្នាទៅវិញទៅមកនិងផ្ដល់ឱកាសដើម្បីចូលរួមចំណែកក្នុងការ អភិវឌ្ឍន៍។ ការចេះទទួលយកនូវអ្វីដែលល្អ និងជួយកែសម្រួលអប់រំដោយសន្ដិវិធីនូវអ្វីដែលជាគុណវិបត្ដិ ជាជោគជ័យមួយក្នុងការ កសាងកម្លាំងចិត្ដ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៦ ខែឩសភា ឆ្នាំ២០០៧
Leave a Reply