បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងកើតមាននៅពេលមានពិធីបុណ្យជាតិមកដល់។ នៅឆ្នាំថ្មីនេះ គ្រោះថ្នាក់ចរាចរណ៍គិតចាប់ពីថ្ងៃទី១២ មេសា ដល់ថ្ងៃទី១៦ ឆ្នាំ២០១២ ឆ្នាំនេះ មានការថយចុះ ហើយចំនួនមនុស្សស្លាប់ក៏មានការថយចុះផងដែរ បើប្រៀបធៀបទៅនឹងរយពេលចូលដូចគ្នានៃពិធីបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំ២០១១កន្លងទៅ។
អត្រានៃចំនួនជនរងគ្រោះឆ្នាំ២០១២
ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៥ថ្ងៃ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០១២ មានចំនួន ១៦៥ករណី បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៤៨នាក់ របួសធ្ងន់ ២១៤នាក់ និងរបួសស្រាល ១៣០នាក់។ ចំនួនគ្រោះថ្នាក់ទាំងនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១១ កន្លងទៅ គឺមានការថយចុះចំនួន ២២%។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១២
មូលហេតុដោយសារល្មើសល្បឿន ៥០ភាគរយ ស្រវឹង ១៣ភាគរយ ប្រជែងគ្រោះថ្នាក់ និងមិនគោរពសិទ្ធិអទិភាពដប់ភាគរយ មិនប្រកាន់ស្ដាំប្រាំបីភាគរយ ការបត់ឆ្វេងស្ដាំមិនប្រយ័ត្នបីភាគរយ ក្មេងរត់ឆ្លងផ្លូវបីភាគរយ ងងុយគេងកត្តាផ្លូវ និងយានយន្ដមួយភាគរយ។ ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោក ហឹម យ៉ាន មានប្រសាសន៍នៅថ្ងៃទី១៧ ខែមេសា ថា ខែត្រដែលគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ មាននៅខែត្រកំពង់ចាម ខែត្រតាកែវ និងខែត្របាត់ដំបង។ ដោយសារតែបញ្ហាល្បឿន និងបញ្ហាសេពគ្រឿងស្រវឹងដែលជាបញ្ហាសំខាន់ ហើយបញ្ហាទាំងនេះកើតមានជារៀងរាល់ឆ្នាំ៖ «យុវវ័យភាគច្រើន មាន គ្រោះថ្នាក់ ដោយសារគាត់មិនដែលបានយល់ បានរៀនអំពីច្បាប់សោះ។ ទីពីរ ពួកគាត់ដឹងពីច្បាប់ តែគាត់មិនអនុវត្តដូចជាការបើកល្បឿនលើសកំណត់ ជាដើម»។
អត្រាគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១១
សូមគូសបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល ៥ថ្ងៃដូចគ្នានៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១១ កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួន ២១១ករណី និងបានបណ្ដាលឲ្យមនុស្ស ៥៨នាក់ស្លាប់ របួសធ្ងន់ចំនួន ២៧៩នាក់ របួសស្រាល ២០៥នាក់។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០១១
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានរកឃើញថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើងនោះ ដោយសារតែអ្នកបញ្ជាយានយន្តបើកបរក្នុងល្បឿនហួសកំណត់។ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ធ្វេសប្រហែស មិនគោរពច្បាប់ចរាចរណ៍ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព មិនប្រកាន់ខ្ជាប់តាមគន្លងផ្លូវ ឬចំណែកផ្លូវ ដែលតម្រូវសម្រាប់យានរបស់ខ្លួនជាដើម។ រីឯអ្នកថ្មើរជើងក៏មានការធ្វេសប្រហែស មិនបានដើរអែបចិញ្ចើមថ្នល់ និងខ្វះការប្រុងប្រយ័ត្ននៅពេលឆ្លងកាត់ថ្នល់ជាដើម។
មតិជុំវិញគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
អ្នកគ្រប់គ្រងកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអង្គការជន ពិការបែលហ្សិក (Handicap) កញ្ញា សាន សុជាតា បានឲ្យដឹងថា មូលហេតុចម្បងដែលនៅតែគ្រោះចរាចរណ៍កើតមាន បញ្ហាដដែលៗនោះ ដោយសារការគោរពច្បាប់ចរាចរណ៍របស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ។ ពីព្រោះ គេសង្កេតឃើញថា ប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍មានតែនៅក្នុងទីក្រុងភ្នំពេញ និងតាមទីប្រជុំជនមួយចំនួនប៉ុណ្ណោះនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានសណ្ដាប់ធ្នាប់នៃក្រសួងមហាផ្ទៃ លោក ហឹម យ៉ាន បានពន្យល់ថា នាយកដ្ឋានសណ្ដាប់ធ្នាប់ក្រសួងមហាផ្ទៃ មានផែនការរឹតបន្តឹងការអនុវត្តច្បាប់បន្ថែមទៀតនៅពេលខាងមុខ ដើម្បីសម្រេចយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិត ទាបបំផុត។ យុទ្ធសាស្ត្រទាំងនោះ មានដូចជា ការត្រួតពិនិត្យគោលដៅដើមទីមិនឲ្យមានការដឹកលើសចំណុះ ការត្រួតពិនិត្យបច្ចេកទេសយានយន្ត ត្រួតពិនិត្យលិខិតស្នាម ប័ណ្ណបើកបរ រឹតបន្តឹងបើកបរលើសល្បឿនកំណត់ រឹតបន្តឹងការបើកបរក្រោយសេពគ្រឿងស្រវឹង បន្តការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅគ្រប់ទីកន្លែង រឹតបន្តឹងការពាក់មួកសុវត្ថិភាព និងកញ្ចក់ ព្រមទាំងបញ្ហាផ្សេងៗទៀត។
ថ្វីបើតួលេខផ្លូវការរបស់រដ្ឋាភិបាលបង្ហាញពីការ ចុះថយនៃករណីគ្រោះថ្នាក់ចរាចរ ក៏ដោយក៏មន្ដ្រីរបស់អង្គការជនពិការអន្ដរជាតិបែលហ្ស៊ីកចាត់ទុកថា នេះគ្រាន់តែជាតួលេខផ្លូវការបណ្ដោះអាសន្នតែប៉ុណ្ណោះ។
កញ្ញា សាន សុជាតា ប្រធានកម្មវិធីសុវត្ថិភាពចរាចររបស់អង្គការនេះបញ្ជាក់ថា តួលេខពិតប្រាកដប្រចាំឆ្នាំនឹងត្រូវបូកបញ្ចូល និងផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យបានមកពីមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានានៅទូទាំងប្រទេសផងដែរ។ «នេះគឺជាលទ្ធផលដំបូងដែលយើងអាចទទួលយកបានខ្លះៗ ពីក្រសួងមហាផ្ទៃ ប៉ុន្ដែមិនមែនជាតួលេខចុងក្រោយនៅឡើយពីព្រោះត្រូវរង់ចាំបូកសរុប ទិន្នន័យពីខាងមន្ទីរពេទ្យ និងមណ្ឌលសុខភាពតាមរយៈក្រសួងសុខាភិបាល»។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ១៩ មេសា ឆ្នាំ ២០១២
Leave a Reply