កុមារចំនួន១០ម៉ឺននាក់នៅក្នុងប្រទេសកម្ពុជា កំពុងមានបញ្ហាចោទទាក់ទងទៅនឹងជម្ងឺបេះដូងប្រហោង។ អ្នកជម្ងឺ មានលទ្ធភាពតិចតូចណាស់ដែលមានថវិកាក្នុងការព្យាបាលជម្ងឺនេះ ដោយសារជម្ងឺនេះទាមទារការវះកាត់ និងត្រូវចំណាយថវិកាច្រើន។ ប៉ុន្តែថ្មីៗនេះអង្គការក្រៅរដ្ឋាភិបាលខ្មែរអាមេរិកាំងមួយបានផ្តល់ការវះកាត់ និងព្យាបាលជម្ងឺបេះដូងនេះដល់កុមារមួយចំនួននៅក្នុងប្រទេសកម្ពុជា។
កុមារដែលទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ
មានតែកុមារចំនួន១៥នាក់តែប៉ុណ្ណោះ ដែលមានសំណាងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យនៃអង្គការមនុស្សធម៌ នៅខេត្តសៀមរាប ក្នុងមន្ទីរពេទ្យកុមារអង្គរ កាលពីមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ រីឯកុមាររាប់ម៉ឺននាក់ដែលមានជម្ងឺនេះផ្សេងទៀតពុំមានសំណាងទទួលបានការព្យាបាលជម្ងឺនេះនៅឡើយទេ ព្រោះតែបញ្ហាថវិកា។ នៅមានកុមារ១០នាក់ផ្សេងទៀត ក្នុងចំណោមកុមារ១០០ នាក់ កំពុងត្រូវការការព្យាបាលជាបន្ទាន់។ រីឯកុមារជាច្រើននាក់ផ្សេងទៀត បានស្លាប់មុននឹងទទួលបានការព្យាបាល និងកុមារដទៃទៀតត្រូវបានទុកចោលដោយមិនមានការព្យាបាល។
ការព្យាបាលរបស់អង្គការមនុស្សធម៌
អស់រយៈពេល៦ឆ្នាំមកហើយដែលលោក ភីតធឺ ឈុន ដែលជាអ្នកធ្វើការបានចូលនិវត្តទៅហើយនោះ បាននាំយកកុមារខ្មែរ ដែលមានជម្ងឺបេះដូងប្រហោងទៅទទួលការព្យាបាលនៅសហរដ្ឋអាមេរិក។ ប៉ុន្តែដោយសារតែការចំណាយខ្ពស់ លោកក៏សម្រេចចិត្តនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តពីសហរដ្ឋអាមេរិក មកជួយព្យាបាលកុមារនៅប្រទេសកម្ពុជាវិញម្តង។ លោកបន្តថា «កូនគេកូនយើង បើឲ្យគ្នាចាំទាល់តែស្លាប់ គឺថា ជីវិតគ្មានតម្លៃស្អីទេ។ ចុះបើយើងជាអ្នកចេះដឹង ជាអ្នកមានមុខមានមាត់ មានការងារត្រឹមត្រូវនោះ តើនៅឈរក្រព័ទ្ធដៃមើលគ្នាស្លាប់ឬ?»
ក្រុមគ្រូពេទ្យ ដែលមកជួយព្យាបាលកុមារនៅក្នុងប្រទេសកម្ពុជា បានសំដែងក្តីសោមនស្សយ៉ាងខ្លាំង ក្នុងកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយព្យាបាលជម្ងឺបេះដូងប្រហោង ដល់កុមារកម្ពុជាដោយមិនយកកម្រៃ។ បើទោះជាការព្យាបាលកុមារដែលមានជម្ងឺបេះដូចប្រហោងនេះ ត្រូវចំណាយថវិកាអស់រាប់ពាន់ដុល្លារក្នុងក្មេងម្នាក់ៗក៏ដោយ ក៏លោកភីតធឹ ឈុននៅតែប្តេជ្ញាបន្តបេសកកម្មរបស់លោកក្នុងការជួយសង្គ្រោះជីវិត ក្មេងទាំងនេះដដែល។ លោកមានចំណាប់អារម្មណ៍បន្តថា គ្មានអ្វីដែលធ្វើឲ្យលោកសប្បាយចិត្តជាងឃើញកុមារដែលជិតស្លាប់ អាចបន្តជីវិតរបស់ពួកគេយ៉ាងសប្បាយរីករាយទៅមុខទៀតនោះទេ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ១៩ មេសា ឆ្នាំ ២០១២
Leave a Reply