ទស្សនាវដ្ដី សុខភាពយើង បានជម្រាបជូនលោកអ្នកជាពិសេសសុភាពនារីទាំងឡាយជាច្រើនរួចមកហើយ អំពីគ្រប់យ៉ាងដែលទាក់ទងនឹងបញ្ហារដូវរបស់ស្ដ្រី។ បើទោះបីជាយ៉ាងណាក៏នៅមានចម្ងល់ជាច្រើន នៅតែមាននៅក្នុងការគិតរបស់នារីទាំងឡាយនៅឡើយ។ ទាំងនេះក៏ព្រោះតែស្ដ្រីគ្រប់រូបចាំបាច់ត្រូវមានការយល់ដឹងអំពីបញ្ហានេះ។ រដូវជាកញ្ចក់ឆ្លុះបញ្ចាំងពីសុខភាពស្ដ្រី។
សំណួរទី១ ៖ ហេតុអ្វីបានជាស្ដ្រីត្រូវមានរដូវ? ជាទូទៅរដូវដំបូងចាប់ផ្ដើមនៅពេលណា?
ចម្លើយ ៖ តាមពិតធម្មជាតិបានតាក់តែងឱ្យស្ដ្រីមានមេជីវិតញីនៅក្នុងខ្លួនជាស្រេច ចាប់តាំងពីពេលចាប់កំណើតមកម្ល៉េះ គ្រាន់តែមិន ទាន់ដល់ពេលដែលត្រូវបញ្ចេញមកតែប៉ុណ្ណោះ។ នៅពេលពេញវ័យត្រូវមានរដូវ ទើបមេជីវិតញីធ្លាក់ចុះមក ដែលជាសញ្ញាប្រាប់ថាស្ដ្រី អាចឈានដល់វ័យបន្ដពូជបានហើយ។ ហេតុនេះហើយទើបស្ដ្រីត្រូវមានរដូវ។ កាលពីជំនាន់មុន ភាពពេញវ័យរបស់ស្ដ្រីគឺនៅក្នុងវ័យ ១៧ឬ១៨ឆ្នាំ។ ផ្ទុយទៅវិញបច្ចុប្បន្ននេះ ស្ដ្រីឆាប់មានរដូវ ហើយការមករដូវដំបូងរបស់ស្ដ្រីធ្លាក់មកត្រឹម១១ ឬ១២ឆ្នាំតែប៉ុណ្ណោះ។
សំណួរទី២ ៖ ហេតុអ្វីបានជានៅពេលបច្ចុប្បន្ននេះ កុមារីឆាប់មានរដូវដំបូង? តើមានផលប៉ះពាល់អ្វីដែរឬទេ?
ចម្លើយ ៖ បានជានៅពេលបច្ចុប្បន្ននេះកុមារីឆាប់ពេញវ័យនោះ គឺដោយសារតែការបរិភោគរបស់ពួកគេបានគ្រប់គ្រាន់ សារជាតិ ទ្រទ្រង់រាងកាយមានពេញបរិបូរណ៍។ មិនមានផលប៉ះពាល់អ្វីទេចំពោះការឆាប់មករដូវរបស់កុមារីនោះ គ្រាន់តែថាកាលណាឆាប់មក ដល់ពេលចាស់ក៏ឆាប់អស់ទៅវិញដែរ។
សំណួរទី៣ ៖ ហេតុអ្វីបានជាមានការឈឺចាប់នៅពេលមានរដូវ? តើមានវិធីព្យាបាលការឈឺចាប់នេះឬទេ?
ចម្លើយ ៖ មានស្ដ្រីមួយចំនួនជួបប្រទះអាការឈឺចុកចាប់ម្ដុំខាងក្រោមពោះនៅពេលមករដូវ ហើយជួនកាលធ្វើឱ្យគាត់ពិបាកទ្រាំជា ខ្លាំង។ ការឈឺចាប់នៅពេលមករដូវនេះត្រូវបានចែកចេញជាពីរប្រភេទ គឺការឈឺចាប់ធម្មតា និងការឈឺចាប់មិនធម្មតា។
១ – ការឈឺចាប់ធម្មតា ៖ នៅពេលមករដូវ ស្ដ្រីអាចមានការឈឺចាប់បន្ដិចបន្ដួចនៅមុនពេលមករដូវមួយថ្ងៃ នោះមិនមាន បញ្ហាអ្វីដែលគួរឱ្យចាប់អារម្មណ៍ទេ អាការៈទាំងនេះនឹងបាត់ទៅនៅថ្ងៃដែលឈាមរដូវធ្លាក់មក។ ការឈឺចាប់បែបនេះច្រើនកើតមាន លើស្ដ្រីវ័យក្មេងដែលមិនទាន់បានឆ្លងកាត់ការរួមភេទ និងការសម្រាលកូន។
២ – ការឈឺចាប់មិនធម្មតា ៖ ភាគច្រើនកើតឡើងចំពោះស្ដ្រីដែលធ្លាប់ឆ្លងកាត់ការរួមភេទ និងការសម្រាលកូន។ ការឈឺ ចាប់ខ្លាំងនៅពេលមករដូវ ដែលជួនកាលធ្វើឱ្យស្ដ្រីទ្រាំមិនបាន ហើយអាចសន្លប់បាត់ស្មារតីក៏មានដែរ។ ចំពោះស្ដ្រីដែលកាលពីមុនមិន ធ្លាប់មានការឈឺចាប់ ហើយទើបតែចាប់ផ្ដើមឈឺចាប់នៅពេលនេះ អាចជារោគសញ្ញានៃជម្ងឺអង់ឌីម៉ែតទីយ៉ូ។ មានន័យថា កោសិកា អង់ដូម៉ែតដែលធ្លាប់នៅក្នុងស្បូន មានតួនាទីបញ្ចេញឈាមរដូវមកក្រៅ បានទៅទំនៅនឹងដៃស្បូន ឬក្រៅស្បូន ជាហេតុធ្វើឱ្យ ឈាមរដូវបញ្ចេញមិនបានល្អ នាំឱ្យស្អិតបង្កឱ្យមានការឈឺចាប់។
ការព្យាបាលចាំបាច់ត្រូវធ្វើឡើងដោយយោងទៅតាមមូលហេតុបង្ក។ គ្រូពេទ្យជំនាញខាងរោគស្ដ្រីនឹងធ្វើការព្យាបាលទៅ តាមលក្ខណៈនៃការឈឺចាប់។ មានកត្ដាបន្ទាប់បន្សំមួយចំនួនដែលស្ដ្រីអាចជួយខ្លួនឯងនៅពេលដែលមានការឈឺចាប់ ដូចជាអាចប្រើ ថ្នាំបន្ថយការឈឺចាប់ និងប្រើទឹកក្ដៅស្អំនៅបរិវេណខាងក្រោមពោះ អាការៈឈឺចាប់អាចកាត់បន្ថយបានមួយកម្រិត។ ទោះបីជាយ៉ាង ណាប្រការដែលល្អបំផុតសម្រាប់លោកស្រីអ្នកនាងកញ្ញា គឺការពិគ្រោះពិភាក្សាជាមួយគ្រូពេទ្យជំនាញ។
សំណួរទី៤ ៖ នៅពេលមានរដូវ ស្ដ្រីគួរមានអនាម័យថែទាំខ្លួនបែបណា និងមានរបបអាហារបែបណា?
ចម្លើយ ៖ នៅពេលមានរដូវជាពេលវេលាដែលត្រូវយកចិត្ដទុកថែទាំសុខភាពឱ្យត្រឹមត្រូវ។ មានកត្ដាមួយចំនួនដែលត្រូវចាប់ អារម្មណ៍គឺ ៖
– ការប្រើប្រាស់សំឡីអនាម័យ ៖ ស្ដ្រីគួរប្រើសំឡីអនាម័យឱ្យសមស្របទៅតាមចំណុះនៃឈាមរដូវ។ មានន័យថា ឈាម រដូវមកច្រើន យើងគួរប្រើសំឡីអនាម័យរាងក្រាស់បន្ដិច ឬសំឡីដែលជក់ទឹកបានល្អ ដើម្បីកុំឱ្យឈាមរដូវប្រឡាក់មកខាងក្រៅ។ ចំពោះសំឡីកាលណាយើងប្រើក្រាស់ពេក វាធ្វើឱ្យយើងស្អុះស្អាប់ពេក។ ដូច្នេះស្ដ្រីគួរប្រើប្រាស់សំឡីទន់ ឬបែបណាដែលងាយស្រួល ប្រើសម្រាប់ខ្លួនឯង។ ចំពោះស្ដ្រីនៅតាមជនបទដែលគ្មានថវិកាគ្រប់គ្រាន់ក្នុងការទិញសំឡីអនាម័យ លោកស្រីអ្នកនាងអាចប្រើក្រណាត់ជំនួសបាន ដោយបោកគក់ក្រណាត់នោះឱ្យបានត្រឹមត្រូវ។
– ចំណីអាហារ ៖ ស្ដ្រីមិនចាំបាច់តមចំណីទេ គាត់ចង់បរិភោគអ្វីគឺបរិភោគជាធម្មតា។ ព្រោះថា ដើម្បីមករដូវបានល្អ ទាល់ តែយើងបរិភោគអាហារឱ្យបានគ្រប់សព្វ ដើម្បីឱ្យអាហារនោះផលិតចេញជាឈាមរដូវបាន។ មានស្ដ្រីខ្លះ ពេលមករដូវមានសភាព ស្លេកស្លាំង។ ករណីដូចនេះ ស្ដ្រីត្រូវបន្ថែមចំណីឱ្យបានច្រើនដូចគ្នាដែរ ចំពោះនារីដែលរើសចំណីអាហារ មិនសូវញ៉ាំចំណីអាហារក្នុង កំឡុងពេលនេះ គាត់គួរតែញ៉ាំចំណីអាហារបន្ថែមទៀត។ ចំណីអាហារទាំងនោះអាចជាផ្លែឈើគ្រប់មុខ(ព្រោះវាមានវីតាមីនគ្រប់គ្រាន់) ឬចំណីអាហារផ្សេងៗទៀត។ ការបរិភោគចំណីអាហារបន្ថែមនេះ អាចចៀសវាងបាននូវសភាពស្លេកស្លាំង ព្រោះថានៅពេល មករដូវស្ដ្រីត្រូវបាត់បង់ជាតិដែក និងជាតិកាល់ស្យូមយ៉ាងច្រើនរួចទៅហើយ។
– អនាម័យសព៌ាង្គកាយ ៖ នៅពេលឈាមរដូវជោកសំឡី ស្ដ្រីត្រូវប្ដូរសំឡីចេញ ហើយងូតទឹកសម្អាតកាយជាធម្មតា រួចដាក់ ឬបោះចោលសំឡីអនាម័យឱ្យបានត្រឹមត្រូវ។ ក្នុងពេលមករដូវនេះ ស្ដ្រីមិនគួរគប្បីចុះទៅក្នុងទឹកត្រពាំង ឬស្រះទេ ព្រោះវានាំ ឱ្យឆ្លងមេរោគផ្សេងៗ។ សូមចៀសវាងនូវការស្លៀកខោដែលធ្វើពីជាតិនីឡុង ឬខោដែលហប់ពេក។ ខោសើមីត្រូវផ្លាស់ចេញដើម្បី ចៀសវាងនូវការរមាស់។
– សកម្មភាពផ្លូវកាយ ៖ នៅពេលមករដូវ ស្ដ្រីមានការនឿយហត់ និងអស់កម្លាំងច្រើន។ នៅពេលខ្លះ ស្ដ្រីកំពុងមករដូវក៏ មិនគួរលេង ឬហាត់កីឡាដែរ ព្រោះវាធ្វើឱ្យកាន់តែអស់កម្លាំងថែមទៀត។ ប៉ុន្ដែស្ដ្រីអាចលេងកីឡាដែលប្រើកម្លាំងតិចតួច ទៅតាម ស្ថានភាពសុខភាព។ ដូចគ្នាដែរ ចំពោះសកម្មភាពការងារប្រចាំថ្ងៃក្នុងពេលមករដូវ ស្ដ្រីចូរកុំធ្វើដំណើរផ្លូវឆ្ងាយពេក និងកុំធ្វើការងារ ប្រើកម្លាំងធ្ងន់ពេក។ ចូរធ្វើការទៅតាមកម្លាំងដែលអាចធ្វើទៅបាន។
សំណួរទី៥ ៖ ហេតុអ្វីបានជាស្ដ្រីមានរដូវមិនទៀងទាត់? តើរដូវមិនទៀងមានលក្ខណៈបែបណា?
ចម្លើយ ៖ ជាធម្មតាឈាមរដូវធ្លាក់មករៀងរាល់ខែ ខួបរដូវជាមធ្យម២៨ថ្ងៃ គឺនៅចន្លោះគម្លាតពី២១ទៅ៣៥ថ្ងៃ ហើយរដូវមាន រយៈពេលពី៣ទៅ៤ថ្ងៃ។ ជាឧទាហរណ៍ ស្ដ្រីខ្លះមានខួបរដូវ២៨ថ្ងៃ រៀងរាល់២៨ថ្ងៃគាត់មកម្ដង ឬ៣០ថ្ងៃមកម្ដង។ នៅខែក្រោយរដូវ គាត់មកមុន២ថ្ងៃឬលើសពី២ថ្ងៃ នោះមិនជាបញ្ហាអ្វីទេ។ ករណីខួបរដូវមកលើសពី៣៥ថ្ងៃ ឬតិចជាង២១ថ្ងៃ យើងហៅថារដូវមិន ទៀង។ មានកត្ដាមួយចំនួនដែលធ្វើឱ្យរដូវស្ដ្រីមកមិនទៀងទាត់។ ការទទួលទានអាហារមិនគ្រប់គ្រាន់ ជាមូលហេតុនាំឱ្យមិនមានរដូវ។ ការព្រួយចិត្ដច្រើនពេកសប្បាយចិត្ដពេក និងការមានអារម្មណ៍មិនធម្មតា ក៏នាំឱ្យរដូវរបស់ស្ដ្រីមកមិនទៀងទាត់បានដែរ។ ម្យ៉ាងទៀតរដូវមិនទៀងអាចបណ្ដាលមកពីការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន។ ប្រការដែលនឹងរៀបរាប់ខាងក្រោមនេះជាប្រការ ដែលរដូវស្ដ្រីមកមិនទៀង មានលក្ខណៈមិនធម្មតា ស្ដ្រីគួរមានការកត់សម្គាល់ផងដែរ។
– រដូវធ្លាក់ញាប់ ៖ ខួបរដូវខ្លី គឺជាការមករដូវមានរយៈពេលពី១៨ទៅ២១ថ្ងៃម្ដង តែចំណុះឈាមរដូវមកប៉ុនគ្នា ហើយ រយៈពេលពី៣ទៅ៤ថ្ងៃក៏ដូចគ្នាដែរ។ លក្ខណៈនេះ គឺមិនធម្មតាទេ ស្ដ្រីត្រូវស្វែងរកការព្យាបាល។
– រដូវរង្វើល ៖ គឺខួបរដូវលើសពី៣៥ថ្ងៃ វាអាចមាន៤៥ថ្ងៃទើបមករដូវម្ដង។ អ្នកខ្លះអាច៣ឬ៤ខែទើបមកម្ដង តែមក រដូវមានរយៈពេលពី៣ទៅ៤ថ្ងៃដូចគ្នា។ ការមករដូវបែបនេះមិនចាំបាច់ធ្វើការព្យាបាលទេ នេះគ្រាន់តែខួបរដូវមានរយៈពេលវែងតែ ប៉ុណ្ណោះ។ តែវាមានផលវិបាកបន្ដិចត្រង់ថា គាត់ពិបាកក្នុងការបង្កកំណើត(ពិបាកឱ្យមានកូន)។
– រដូវមកច្រើន ៖ រដូវមកជាទៀងទាត់ធម្មតា តែរដូវមកម្ដងៗច្រើន ធ្វើឱ្យមានសភាពស្លេកស្លាំង។ ករណីនេះ ស្ដ្រីច្រើនតែ កើតមានជម្ងឺសរីរាង្គប្រដាប់បន្ដពូជ ដូចជាជម្ងឺស្បូន ជម្ងឺមហារីកជាដើម។ ស្ដ្រីត្រូវស្វែងរកការព្យាបាលជាបន្ទាន់។
– ឈាមរដូវធ្លាក់មិនស៊ីចង្វាក់គ្នា ៖ ក្នុងមួយខែ គាត់ធ្លាក់ឈាមរដូវពី៣ទៅ៤ដង ករណីនេះច្រើនតែកើតមាននៅលើស្ដ្រី គ្រប់ការ។ ចំពោះស្ដ្រីនៅវ័យក្មេងក៏អត់មានបញ្ហាដែរ។ ប៉ុន្ដែចំពោះស្ដ្រីចំណាស់អាចមានជម្ងឺដុំសាច់ក្នុងស្បូន ឬជម្ងឺមហារីក។
(សូមបន្ដអាននៅលេខក្រោយ)
Leave a Reply