នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិម្ដងតែងតែឃើញមានការសប្បាយរីករាយ អបអរសាទរ និងគ្រោះថ្នាក់ដែលកើតពីភាពសប្បាយទាំងនេះបំផ្លាញខ្លួនគេផ្ទាល់ទៅវិញជាពិសេសយុវវ័យ។ បញ្ហាគ្រោះថ្នាក់មានអត្រាគួរឱ្យកត់សម្គាល់ និងយាយី ដល់អាយុជីវិតច្រើនជាងគេ គឺគ្រោះថ្នាក់ចរាចរណ៍។ នៅប្រទេសកម្ពុជាអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ជាងប្រទេសនានាក្នុងតំបន់។ ក្នុងមួយឆ្នាំ កំណើនគ្រោះថ្នាក់ចរាចណ៍ដែលកើនខ្ពស់ជាងគេ គឺនៅឱកាសបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំ បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌជាដើម។
ដោយយោងតាមរបាយការណ៍បណ្ដោះអាសន្នរបស់ក្រសួងសាធារណៈការបានបង្ហាញឱ្យឃើញថាពេលចូលឆ្នាំថ្មី២០០៧កន្លងមកនេះ នៅទូទាំងប្រទេសមានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន២៧០លើកដែលបណ្ដាលឱ្យមនុស្សស្លាប់ចំនួន៥០នាក់និងរបួស ធ្ងន់ស្រាលចំនួន ៥១២នាក់។ បើគិតជាមធ្យម ក្នុងមួយថ្ងៃមានគ្រោះថ្នាក់កើតឡើងចំនួន៦៧លើកនិងស្លាប់មនុស្ស១២នាក់។
អត្រាគ្រោះថ្នាក់ចរាចរកើនឡើង
លោក កែវ សាវិន ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរផ្លូវគោកបានឱ្យដឹងថារយៈពេលពីថ្ងៃទី១៣ដល់ថ្ងៃ១៦មេសា២០០៧នៃឱកាសបុណ្យចូលឆ្នាំកន្លងទៅនេះ នៅទូទាំងប្រទេសកម្ពុជាមានគ្រោះថ្នាក់ចរាចរកើតឡើងចំនួន២៧០លើកដែលបណ្ដាលឱ្យស្លាប់មនុស្សចំនួន៥០នាក់ របួសធ្ងន់ចំនួន២៥៦នាក់ និងរបួស ស្រាលចំនួន ២៥៦នាក់។
ខេត្ដដែលមានគ្រោះថ្នាក់ចរាចរណ៏បង្កឱ្យមានមនុស្សស្លាប់ច្រើនរួមមានខេត្ដកំពង់ធំចំនួន២៩លើក ស្លាប់មនុស្សចំនួន១២នាក់ ខេត្ដកំពង់ចាមមានចំនួន៣២លើក ស្លាប់មនុស្សចំនួន៨នាក់ និងខេត្ដកណ្ដាលចំនួន២៩លើកបណ្ដាលឱ្យស្លាប់មនុស្សចំនួន៧នាក់។ គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងបណ្ដាលមកពីម៉ូតូចំនួន៨១.៧៥ភាគរយ។ បើគិតជាមធ្យម ក្នុងមួយថ្ងៃមានគ្រោះថ្នាក់ចរាចរណ៏កើតឡើង ចំនួន៦៧លើកបណ្ដាលឱ្យមនុស្សស្លាប់ចំនួន១២នាក់ និងមនុស្សចំនួន១២៦នាក់រងរបួសស្រាល ដែលនៅថ្ងៃធម្មតាជាមធ្យមមាន មនុស្សស្លាប់តែ៣នាក់ និងប្រហែល២០នាក់រងរបួសប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាកាលពីឱកាសបុណ្យចូលឆ្នាំ២០០៦ មានគ្រោះ ថ្នាក់ចរាចរណ៏កើតឡើងចំនួន២៧១លើកបណ្ដាលឱ្យស្លាប់មនុស្សចំនួន៤២នាក់។ បើប្រៀបធៀប ក្នុងឆ្នាំនេះមានអ្នកស្លាប់ដោយគ្រោះ ថ្នាក់ចរាចរណ៏ក្នុងពេលបុណ្យចូលឆ្នាំមានចំនួនច្រើនជាងឆ្នាំណាៗទាំងអស់។
មូលហេតុបង្កគ្រោះថ្នាក់ចរាចរណ៏
មានមូលហេតុជាច្រើនដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៏កើតឡើង។ មុខសញ្ញាសំខាន់បំផុតក្នុងការងាយបង្កឱ្យមាន គ្រោះថ្នាក់ចរាចរណ៏នោះ គឺបណ្ដាលមកពីអ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរមិនគោរពច្បាប់បើកបរ។ ការបំពានច្បាប់របស់អ្នកប្រើប្រាស់ ផ្លូវនេះមានរហូតដល់ទៅ៩០,៧៥% និងស្ថិតក្រោមរូបភាពល្មើស ដូចជាការមិនគោរពសិទ្ធិអាទិភាព មិនគោរពផ្លាកសញ្ញា ភ្លើងសញ្ញា ការបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង(ការសេពគ្រឿងស្រវឹង) ការមិនប្រកាន់ស្ដាំ ការឆ្លងកាត់ផ្លូវខ្វះការប្រុង ប្រយ័ត្ន។ល។ ទន្ទឹមនឹងនេះដែរ គ្រោះថ្នាក់ចរាចរណ៏ក៏បណ្ដាលមកពីអាកប្បកិរិយាបើកបរខ្វះសីលធម៌ ខ្វះភាពយោគយល់ ការប្រ ណាំងប្រជែងយានយន្ដខុសច្បាប់ និងសភាពភ្លើតភ្លើនក៏បានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៏ដល់ជនស្លូតត្រង់ដទៃទៀតដែរ។ ក្រៅពីនេះ នៅមានមូលហេតុផ្សេងៗមួយចំនួនទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ កង្វះចំណតជាដើម។
គួរបញ្ជាក់ផងដែរថានៅពេលថ្មីៗនេះពិភពលោកបានប្រកាសអាសន្នអំពីកំណើនគួរឱ្យបារម្ភទាក់ទងនឹងនៃគ្រោះថ្នាក់ចរាចរណ៏ដែលមានអត្រាខ្ពស់រហូតដល់ធ្វើឱ្យមនុស្សបាត់បង់ជីវិតមួយលាននាក់ក្នុងមួយឆ្នាំ។ អត្រានេះខ្ពស់ជាងអត្រាអ្នកស្លាប់ដោយសារជម្ងឺ អេដស៍ទៅទៀត។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៧ ខែមិថុនា ឆ្នាំ២០០៧
Leave a Reply