រោមភ្នែកក៏ជាផ្នែកមួយជួយលើកសម្រស់របស់ស្ដ្រីឱ្យមានភាពស្រស់ស្អាតបានមួយកម្រិត។ រោមភ្នែកវែងក្រាស់និងមាន រាងង ជាសេចក្ដីប្រាថ្នារបស់សុភាពស្ដ្រីទាំងឡាយ។ ការតឬអ៊ុតរោមភ្នែកកំពុងតែពេញនិយមសម្រាប់ស្ដ្រីនៅសម័យនេះគ្រប់វ័យ។ សូមស្វែងយល់ការតអ៊ុតរោមភ្នែក ជាមួយទស្សនាវដ្ដី សុខភាពយើង។
ទស្សនាវដ្ដី សុខភាពយើង សូមលើកយកមកបរិយាយនៅក្នុងទំព័រថែទាំសម្រស់ និងរូបរាងកាយ នៅលេខនេះតាមរយៈ ការជួបសម្ភាសន៍ជាមួយលោកស្រី ហេង ជាន ម្ចាស់ហាងកែសម្ផស្សប៊ីប៊ី។
ហេតុអ្វីត្រូវតរោមភ្នែក?
ស្ដ្រីម្នាក់ៗមិនសុទ្ធតែមានរោមភ្នែកល្អពីកំណើតមកទេ។ ស្ដ្រីខ្លះមានរោមភ្នែកវែងហើយមានរាងស្អាតស្រាប់រីឯស្ដ្រីខ្លះ ទៀតមានដុះរោមភ្នែកខ្លីៗ និងតិចតួច។ ដោយសារការមិនសូវសម្បូររោមភ្នែកនេះហើយទើបធ្វើឱ្យស្ដ្រីមួយចំនួនស្វែងរកសេវាតរោម ភ្នែកដើម្បីមានរោមភ្នែកកាន់តែច្រើនក្រាស់ជួយលើកសម្រស់ឱ្យគួរជាទីគយគន់។
ការតរោមភ្នែក
ការតរោមភ្នែកគឺជាបច្ចេកទេសមួយដែលគេបិតរោមភ្នែកសិប្បនិម្មិតជាមួយសារធាតុម្យ៉ាងដែលស្រដៀងនឹងកាវបិតវត្ថុ ផ្សេងៗដែរបិតទៅលើត្របកភ្នែក។ ចំណែកឯរោមភ្នែកសិប្បនិម្មិតដែលបិតនោះគឺមិនមែនជារោមភ្នែកធម្មជាតិទេវាជារោមដែល ក្រាស់ជាងរោមធម្មជាតិ ហើយមានជាតិនីឡុង។ ចំពោះការតរោមភ្នែកនេះ ស្ដ្រីទាំងឡាយមិនគួរធ្វើវាទេដោយហេតុថាវាផ្ដល់ផល វិបាកដល់លោកស្រីអ្នកនាង។ រោមភ្នែកសិប្បនិម្មិតមិនអាចថិតឋេរបានយូរអង្វែងទេគឺអាចរក្សាបានយ៉ាងយូរត្រឹមតែមួយសប្ដាហ៍ ប៉ុណ្ណោះ។ រោមភ្នែកសិប្បនិម្មិតនោះនឹងជ្រុះមិនតែប៉ុណ្ណោះរោមភ្នែកធម្មជាតិរបស់លោកស្រីអ្នកនាងក៏អាចជ្រុះមកជាមួយផងដែរ។ ព្រោះរោមភ្នែកសិប្បនិម្មិតមានទម្ងន់ធ្ងន់សង្កត់មកលើរោមភ្នែកធម្មជាតិ។
ការអ៊ុតរោមភ្នែក
ការអ៊ុតរោមភ្នែកជាវិធីមួយធ្វើឱ្យរោមភ្នែកលោកស្រីអ្នកនាងមានរាងស្រស់ស្អាតដោយមិនបាច់ចំណាយពេលប្រើឧបករណ៍ពត់រោមភ្នែក។ ការអ៊ុតរោមភ្នែកអាចធ្វើទៅបានចំពោះអ្នកដែលមានរោមភ្នែកវែងត្រង់ ឬក្រងុកចុះ។ ការអ៊ុតនេះមិនត្រឹមតែធ្វើ ឱ្យរោមភ្នែកមានភាពស្រស់ស្អាតបែបធម្មជាតិប៉ុណ្ណោះទេគឺជួយឱ្យភ្នែកលោកស្រីអ្នកនាងមានភាពស្រឡះមិនមានការរកាំ ឬរលាក គ្រាប់ភ្នែកដោយសាររោមភ្នែកចាក់ចូលភ្នែកផងដែរ។ រោមភ្នែកដែលអ៊ុតហើយអាចរក្សាភាពស្រស់ស្អាតបានយូររហូតដល់រយៈពេល ពីពីរទៅបីខែ និងមិនធ្វើឱ្យរោមភ្នែកជ្រុះ។
ដំបូន្មានអ្នកប្រឹក្សា
ការតរោមភ្នែកមិនមានផលល្អសម្រាប់លោកស្រីអ្នកនាងទេមានតែធ្វើ្វឱ្យសម្រស់របស់លោកស្រីអ្នកនាងរឹតតែបាត់បង់ លើសដើម ដោយសារតែការជ្រុះរោមភ្នែកអស់។ នៅពេលចូលរួមក្នុងពិធីម្ដងៗលោកស្រីអ្នកនាងអាចជ្រើសរើសយកវិធីបិតរោម ភ្នែកជំនួសឱ្យការតរោមភ្នែកជាការប្រសើរ។ បច្ចុប្បន្ននេះស្ដ្រី្ដដែលគ្មានរោមភ្នែកមានប្រភេទម៉ាស្ការ៉ាដែលជួយឱ្យរោមភ្នែកដុះវែង និងច្រើនផងដែរ។ លើសពីនេះ ស្ដ្រីដែលផាត់ឬលាបរោមភ្នែកញឹកញាប់លោកស្រីអ្នកនាងគួរប្រើផលិតផលសម្រាប់លាងម្យ៉ាងដែល ធ្វើឱ្យរោមភ្នែកជ្រះល្អ។ នៅពេលលាងលោកស្រីអ្នកនាងមិនគួរញីភ្នែកខ្លាំងៗពេកទេព្រោះអាចធ្វើឱ្យរោមភ្នែកជ្រុះបាន។ រាល់ផលិត ផលដែលទិញយកមកប្រើប្រាស់លោកស្រីអ្នកនាងគួរធ្វើការប្រឹក្សាយោបល់ជាមួយអ្នកជំនាញផ្នែកសម្ផស្សជាមុនសិន ទើបជាការប្រសើរ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧
Leave a Reply