នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រទេសកម្ពុជាពុំទាន់មាននរណាចាប់អារម្មណ៍ណាមួយអំពីបញ្ហាទឹកភ្លៀងនេះនៅឡើយ ទេ។ ផ្ទុយទៅវិញបានត្រឹមតែមើលឃើញពីគុណសម្បត្ដិយ៉ាងអស្ចារ្យរបស់ទឹកភ្លៀង ទាំងក្នុងការប្រើប្រាស់ ទាំងសម្រាប់ប្រកបរបរ កសិកម្ម ផលដំណាំតែប៉ុណ្ណោះដោយពុំគិតអំពីគុណវិបត្ដិដែលបង្កដោយទឹកភ្លៀងនោះឡើយ។ តើក្នុងទឹកភ្លៀងមានអ្វីគួរឱ្យចាប់ អារម្មណ៍និងមានគុណវិបត្ដិយ៉ាងណាខ្លះសម្រាប់ជីវិតនៅលើផែនដី?
លោកស្រី វ៉ា ដានី ប្រធានផ្នែកបរិស្ថាន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបកស្រាយអំពីភ្លៀងអាស៊ីតនេះជូនមិត្ដអ្នក អានតាមរយៈទស្សនាវដ្ដី សុខភាពយើង ដើម្បីជាការសិក្សាស្វែងយល់។
ភ្លៀងអាស៊ីត ជាអ្វី?
ភ្លៀងអាស៊ីតជាទឹកភ្លៀងដែលមានបរិមាណអាស៊ីតច្រើន មានន័យថាទឹកភ្លៀងទាំងឡាយណាដែលមានកម្រិតប៉េហាស់ ពី៥ទៅ៦,៥។ ប៉េហាស់គឺជាអថេរគីមីម្យ៉ាងដែលគេប្រើដើម្បីបង្ហាញពីកម្រិតអាស៊ីត និងបាសនៅក្នុងសូលុយស្យុង។ នៅក្នុងទឹក ធម្មតា គឺមានកម្រិតប៉េហាស់៧ប៉ុន្ដែកម្រិតនេះមានដោយកម្រនៅក្នុងទឹក ដែលជាទូទៅមាននៅចន្លោះពី៦,៥ទៅ៨,៥។
មូលហេតុកើតភ្លៀងអាស៊ីត
បើតាមលក្ខណៈគីមី អាស៊ីតកើតឡើងពីអុកស៊ីតអាស៊ីត មានប្រតិកម្មជាមួយទឹកឬទឹកភ្លៀងធម្មជាតិ។ តើអុកស៊ីតអាស៊ីត ជាអ្វី? ហើយបានមកពីណា?
ឧស្ម័នកាបូនិចក្នុងធម្មជាតិជាអុកស៊ីតអាស៊ីតមួយដែលអាចធ្វើឱ្យមានកម្រិតអាស៊ីតនៅក្នុងទឹកភ្លៀង។ នេះជាកម្រិតអាស៊ីតនៅក្នុងទឹកភ្លៀងជាលក្ខណៈធម្មជាតិ ពេលដែលឧស្ម័នកាបូនិចរលាយក្នុងទឹក ធ្វើឱ្យកើតជាអាស៊ីតកាបូនិច។ ប៉ុន្ដែអ្វីដែលសំខាន់អាចធ្វើឱ្យបរិមាណអាស៊ីតកើនឡើង មិនអាស្រ័យលើឧស្ម័នកាបូនិចទាំងស្រុងឡើយ គឺអាស្រ័យទៅលើកំហាប់របស់អាសូតអុកស៊ីតនិងស្ពាន់ធ័រអុកស៊ីតដែលមានច្រើននៅក្នុងបរិយាកាស ទើបធ្វើឱ្យមានកម្រិតអាស៊ីតច្រើននៅក្នុងទឹកភ្លៀង។ ព្រោះថានៅពេលដែល អាសូតអុកស៊ីត និងស្ពាន់ធ័រអុកស៊ីតប៉ះទឹកក្លាយទៅជាអាស៊ីតខ្លាំង។ ស្ពាន់ធ័រអុកស៊ីត និងអាសូតអុកស៊ីតនេះមានប្រភពពីធម្មជាតិ និងប្រភពពីសកម្មភាពមនុស្ស។ ប្រភពពីធម្មជាតិមានជាអាទិបន្ទុះភ្នំភ្លើង ការឆេះព្រៃ និងការពុកផុយរលួយនៃសារធាតុសរីរាង្គ ដូចជាដើមឈើ សាកសពជាដើម។ ប្រភពពីសកម្មភាពមនុស្សបានមកពីប្រតិកម្មចំហេះ ដូចជាការដុតធ្យូង ហ្គាស ប្រើសាំង ម៉ាស៊ូត ជាដើម ជាពិសេសការដុតធ្យូងដែលមានសារធាតុស្ពាន់ធ័រច្រើនដែលនាំឱ្យកើតមានស្ពាន់ធ័រអុកស៊ីត។ ចំពោះអាសូត បានមកពីការ ប្រើប្រាស់ជីគីមីដែលមានជាតិអាសូត បន្ទាប់មកមានប្រតិកម្មបំបែកទៅជាអាសូតអុកស៊ីតហើយភាយទៅក្នុងបរិយាកាស។
ផលប៉ះពាល់ដែលបណ្ដាលមកពីភ្លៀងអាស៊ីត
ភ្លៀងអាស៊ីតកើតឡើងដោយសារមានបរិមាណអាស៊ីតច្រើននៅក្នុងទឹកភ្លៀង ហើយមានផលប៉ះពាល់ជាច្រើនយ៉ាងដែលបណ្ដាលមកពីភ្លៀងអាស៊ីត។
1. ប៉ះពាល់ដល់ផែនដី ៖ ភ្លៀងអាស៊ីតធ្វើឱ្យមានផលប៉ះពាល់ច្រើនដល់ជីវិតនៅលើផែនដី។ នៅប្រទេសស៊ុយអែតក្នុងឆ្នាំ ១៩៧២គេបានសិក្សាឃើញថាមានបឹងជាច្រើនដែលទទួលរងនូវការប៉ះពាល់ដោយសារភ្លៀងអាស៊ីត។ បឹងដែលមានភ្លៀងអាស៊ីតច្រើនធ្វើឱ្យទឹកបឹងនោះមានកម្រិតអាស៊ីតខ្ពស់ រហូតមិនអាចយកមកប្រើប្រាស់បាន។ ចំណែកឯជីវិតដែលនៅក្នុងទឹកបឹងនោះក៏មិន អាចទ្រទ្រង់បានដែរ។
2. ប៉ះពាល់ដល់ព្រៃឈើ ៖ ភ្លៀងអាស៊ីតធ្វើឱ្យមានផលប៉ះពាល់ខ្លាំងទៅលើព្រៃឈើ និងស្ថានប្រព័ន្ធទាំងមូល ដូចជាសត្វ រុក្ខជាតិដំណាំជាដើម។ ជាអាទិនៅប្រទេសអាល្លឺម៉ង់មានព្រៃឈើប្រមាណជា៥៣០ ០០០ហិចតា ត្រូវរងនូវការបំផ្លាញដោយសារទឹកភ្លៀងដែលមានបរិមាណអាស៊ីតខ្លាំង។
3. ប៉ះពាល់ដល់វិស័យកសិកម្ម ៖ កាលណាភ្លៀងមានកម្រិតអាស៊ីតខ្លាំងពេក ភ្លៀងធ្វើឱ្យដីបាត់បង់គុណភាព និងធ្វើឱ្យកសិកម្មមិនសូវបានផល។ ម្យ៉ាងទៀតប្រសិនបើដីមានកម្រិតអាស៊ីតខ្ពស់ ដំណាំដែលទទួលរងភ្លៀងអាស៊ីត មានទិន្នផលថយចុះ។
4. ប៉ះពាល់ដល់សំណង់អគារ ៖ សំណង់អគារ និងសម្ភារៈដែលធ្វើអំពីលោហៈ នៅពេលដែលប៉ះអាស៊ីតលោហៈអាចទៅជា ច្រេះហើយស៊ីម៉ង់ស៍ត្រូវបានកាត់ ឬពុកផុយ។
5. ប៉ះពាល់ដល់សុខភាព ៖ ចំពោះបញ្ហាសុខភាពក៏មានការប៉ះពាល់ខ្លាំងដែរ ជាពិសេសទៅលើស្បែក អាចធ្វើឱ្យទៅជារលាកស្បែកពង កន្ទួល រមាស់ជាដើម។
នៅប្រទេសកម្ពុជាពុំទាន់មានការសិក្សា ឬការស្រាវជ្រាវណាមួយរកឱ្យឃើញពីមូលហេតុ និងផលប៉ះពាល់ដែលបណ្ដាលមកពីភ្លៀងអាស៊ីតនោះឡើយ។ ប៉ុន្ដែការប៉ះពាល់ទៅលើកសិកម្មមួយចំនួនតែងតែពិនិត្យទៅលើកត្ដារូបច្រើនជាង ដូចជាកសិផលមិន ល្អឬមិនគ្រប់គ្រាន់ជាដើម។ គេសង្កេតទៅលើបញ្ហាកង្វះប្រព័ន្ធទឹក និងមានភ្លៀងមិនគ្រប់គ្រាន់។
វិធីទប់ស្កាត់ភ្លៀងអាស៊ីត
មូលហេតុដែលបណ្ដាលឱ្យមានភ្លៀងអាស៊ីត ឫសគល់ទាំងនេះអាចការពារបាន ដោយកាត់បន្ថយការបញ្ចេញឧស្ម័នអុកស៊ីតអាស៊ីតទៅក្នុងបរិយាកាស។ ដោយឡែកចំពោះបញ្ហាបន្ទុះភ្នំភ្លើងជារឿងដែលមិនអាចការពារបាន ប៉ុន្ដែអាចការពារបានដោយ កាត់បន្ថយការដុតធ្យូងការប្រើប្រាស់ជីគីមី និងប្រេងឥន្ធនៈដែលអាចបញ្ចេញសារធាតុស្ពាន់ធ័រ និងអាសូតទៅក្នុងបរិយាកាស។
ដំបូន្មានអ្នកជំនាញ
ថ្វីត្បិតតែប្រទេសកម្ពុជាពុំទាន់មានការសិក្សាគ្រប់គ្រាន់អំពីបញ្ហាភ្លៀងអាស៊ីតក្ដី ប៉ុន្ដែយោងតាមការបង្ហាញជូនខាងលើនេះសូមប្រជាពលរដ្ឋទូទៅមេត្ដាស្វែងយល់ និងរួមគ្នាកាត់បន្ថយកុំឱ្យមានបញ្ហាភ្លៀងអាស៊ីតនេះកើនឡើង ជាពិសេសស្ថាប័ន សហគ្រាសនិងរោងចក្រដែលបញ្ចេញសារធាតុពុលទៅក្នុងបរិយាកាសធ្វើឱ្យមានបញ្ហាភ្លៀងអាស៊ីត។ សូមមេត្ដាជួយកាត់បន្ថយការប្រើប្រាស់ ប្រេងឥន្ធនៈដែលមានសារធាតុអាសូតនិងស្ពាន់ធ័រច្រើន ព្រោះអាចបង្កើតឱ្យមានភ្លៀងអាស៊ីត និងមានផលប៉ះពាល់ចំពោះជីវិតនៅ លើផែនដី។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៨ ខែកកដ្ដា ឆ្នាំ២០០៧
Leave a Reply