កូនខ្ញុំ​យំគាំង

កុមារ​​​យំខ្លាំង​​​រហូត​​​ឡើង​​​ស្វាយ​​​បបូរ​​​មាត់ ​ឬក៏​​​​យំ​​​បាត់​​​​សម្លេង​ ​មុខ​មាត់​ឡើង​ស្លេក ​​នេះគឺ​ជារោគ​សញ្ញា​នៃការ​យំគាំង​។ ​កុមារ​​ខ្លះ​យំ​បាត់​សម្លេង​ប្រហែល​ជា​៣០​វិនាទី​ឬក៏​៦០វិនាទី​ ​ទើបឮ​សម្លេង​ដូច​ធម្មតា​វិញ។ ​ការ​យំ​​​បែប​នេះគឺ​មិនមាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​នោះ​ទេ​។​​ ​ប៉ុន្ដែ​បើ​យំ​ជាប់​គាំងរហូត​ដល់​ប្រកាច់​រឹង​ខ្លួន​ ​ឬក៏​យំ​ជាប់​គាំង​នៅក្នុង​មួយ​ថ្ងៃច្រើន​ដង​នោះ​ ​វា​អាច​នឹង​មាន​បញ្ហា​ធ្ងន់​ធ្ងរ​ ​ដែល​ទាក់​ទង​ទៅ​នឹង​សុខភាព​កូន​របស់​លោក​អ្នក។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ​ជួបជាមួយ​លោក​វេជ្ជ​បណ្ឌិត​ ​ហុង​ ​សុខ​ឃាង​ ​ឯកទេស​ជម្ងឺ​កុមារ​នៃ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ​​ ​និង​ពន្យល់​ប្រាប់​អំពី​មូល​ហេតុ​កុមារ​យំ​គាំង​។​

យំគាំងគឺជាអ្វី?

យំគាំងកើតមានភាគច្រើន​ទៅលើ​ក្មេង​ទើប​តែមាន​អាយុ​ពី​១២​ទៅ​១៨​ខែ​ ​ហើយ​ក៏អាច​កើត​មាន​ចំពោះ​ទារក​តូចៗ​ផង​ដែរ​។​ តាម​ការ​សិក្សា​បាន​សង្កេត​ឃើញ​ថា​ ការយំ​គាំង​នេះអាច​កើត​ឡើង​បន្ទាប់​ពីក្មេង​ម្នាក់​មាន​គ្រោះថ្នាក់​តិច​តួច​ ​មានការ​ភិត​ភ័យ​​ ​និង​មិន​ ​ពេញ​ចិត្ដ​អ្វី​មួយ​ ​នៅពេល​នោះ​ក្មេង​ក៏​ស្រែក​យំ​ហើយ​ក៏​គាំង​បាត់​ដង្ហើម​។ ​ដូច្នេះ​ការ​យំ​គាំង​កើត​មាន​ឡើង​ដោយ​សារ​តែការ​ខឹង​របស់​​ក្មេង​គឺ​ជាប្រតិកម្ម​តប​នឹង​អ្វីដែល​ជាការ​មិន​ពេញ​ចិត្ដ​ ​ហើយ​មិន​មែន​ជា​អាកប្ប​កិរិយា​ដោយ​ចេត​នា​របស់​ក្មេង​នោះ​ឡើយ។

រោគសញ្ញានៃការយំគាំង

ការយំគាំងមាន២ប្រភេទគឺយំគាំងពណ៌ស្វាយ និងយំគាំងស្លេក។

១ . យំគាំងពណ៌ស្វាយ គឺជាប្រភេទដែលកើតមានញឹក​​ញាប់​ជាង​គេ​។ ​ក្មេង​ចាប់​ផ្ដើម​យំ​បន្ទាប់​ពី​ខឹង​ឬ​ឈឺ​ ​​ឬភិត​ភ័យ​ ​បន្ទាប់​មក​ក្មេង​​បាត់​ដង្ហើម​ហើយ​ឡើង​ក្រហម​មុខ​ ​បន្ទាប់​មក​ឡើង​ស្វាយ​បបូរ​មាត់​ ​ទន់​ខ្លួន​បាត់​ស្មារតី​ ​ហើយ​អាច​ដួល​នឹង​ដី​។ ​ក្មេង​អាច​ ​មាន​ប្រកាច់​ក្រោយ​យំ​គាំង​ស្វាយ​ដោយ​កម្រ​។

២ . យំគាំងស្លេក មិនសូវកើត​មាន​ទេ​ ​តែ​អាច​កើត​មាន​តាំង​ពី​នៅ​ជា​ទារក​តូចៗ​ ​នេះ​ជា​ការ​ខ្វល់​ខ្វាយ​ជា​ខ្លាំង​បំផុត​ក្នុង​ ​គ្រួ​សារ​។​ ​វា​ពុំ​បង្ក​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​ទេ​ ​ប៉ុន្ដែ​វា​ធ្វើ​ឱ្យ​មាន​ការ​តក់​ស្លុត​ចំពោះ​អ្នក​ដែល​មើល​ឃើញ​សភាព​ក្មេង​។ ​ភាព​គាំង​ស្លេក​នេះ​ ​ក៏​កើត​ឡើង​បន្ទាប់​ពីក្មេង​ម្នាក់​មាន​ការ​មិន​ពេញ​ចិត្ដ​ឬ​ទទួល​ការ​អង្រួន​ខ្លាំងៗ​ពេក​ ​ឬ​ប៉ះទង្គិច​ក្បាល​ឬ​ធ្លាក់​បន្ដិច​បន្ដួច​។ ​ក្មេង​ហា​មាត់​ ​ឡើង​ដូច​ជា​ចង់​យំ​ ​ប៉ុន្ដែ​យំ​មិន​ចេញ​សម្លេង​មក​ទេ​​ ​ហើយ​ក៏​ទន់​ខ្លួន​បាត់​មាត់​បាត់​ក​ ​ក្មេង​អាច​ឡើង​ស្លេក​ដូច​មនុស្ស​ស្លាប់​។ ​ក្មេង​អាច​ ​ត្រឡប់​មក​ធម្មតា​វិញ​យ៉ាង​លឿន​ ​ឬ​អាច​នៅ​សន្លឹម​ ​និង​ដេក​លក់​មួយ​ស្រ​បក់​។

រូបភាពទស្សនាវដ្តីសុខភាពយើង

មូលហេតុដែលបណ្ដាលឱ្យយំគាំង

មិនទាន់មានអ្នកណាដឹងពីដើមហេតុនៃការ​យំ​គាំង​នេះ​ទេ​ ​តែ​មាន​កត្ដា​មួយ​ចំនួន​បង្ក​ឱ្យ​កើត​ជា​ការ​យំ​គាំង​នេះ​ឡើង​ ​ដូចជា​ ​ការ​ឈឺ​ចាប់​ ​ការ​រំ​ជួល​ចិត្ដ​ ​ការ​ភ័យ​ខ្លាច​ ​ឬ​ការ​រា​រាំង​មិន​ឱ្យ​ធ្វើអ្វី​មួយ​ដែល​ចង់​ធ្វើ​។ ​ចំពោះ​ក្មេង​មួយ​ចំនួន​ ​ការ​យំ​គាំង​អាច​ ​ទាក់​ទ​ង​នឹង​កង្វះ​ជាតិ​ដែក​។​

ផលប៉ះពាល់នៃការយំគាំង

ជាទូទៅការយំគាំងច្រើនកើតមានមុន​អាយុ​១៨​ខែ​ហើយ​បាត់​ទៅ​វិញ​នៅ​អាយុ​ប្រ​ហែល​ជា​៦​ឆ្នាំ​។​ ​វា​គឺ​ជា​អាកា​រៈ​មួយ​ដែល​ ​ពុំ​មាន​បង្ក​ផល​វិបាក​ឬ​គ្រោះ​ថ្នាក់​អ្វី​ឡើយ​។ ​ប៉ុន្ដែ​បើ​សិន​ជា​កូន​របស់​លោក​មាន​អាការៈ​ចំនួន​ដូច​ជា ​៖​

– បាត់ស្មារតីហើយស្លេកខ្លាំងដោយគ្មានកត្ដាបង្ក

– ការយំគាំងច្រើនដងក្នុងមួយថ្ងៃ។ គួរត្រូវវាយតម្លៃដោយគ្មានគ្រូពេទ្យ។

– ការយំគាំងដែលមានប្រកាច់រឹងខ្លួនយូរលើស​ពី​មួយ​នាទី​ឬ​សន្លឹម​ដេក​ច្រើន​ម៉ោង​ក្រោយ​ពេល​យំ​គាំង​។

​លោកអ្នកត្រូវ​តែនាំ​កូន​របស់​លោក​អ្នក​ទៅជួប​ជាមួយ​គ្រូពេទ្យ​ ​ព្រោះ​នេះ​គឺ​ជា​ផលប៉ះពាល់​មួយ​ដ៏​ធ្ងន់​ធ្ងរ​បំផុត​។

វិធីព្យាបាលអាការយំគាំង

ពុំមានការព្យាបាលណាមួយចាំបាច់ឡើយ។ ​ប្រសិន​បើកូន​របស់​លោក​អ្នក​មាន​កង្វះ​ជាតិ​ដែក​ ​ត្រូវ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ជាតិ​ ​ដែក​។ ​ការ​តាម​ដាន​ ​និង​ការ​ការ​ពារ​កុំឱ្យ​មាន​របួស​ពេល​យំ​គាំង​ ​គឺ​ជា​អ្វី​ដែល​ចាំបាច់​បំផុត​ដែល​មាតា​បិតា​គ្រប់​រូប​ត្រូវ​តែយក​ចិត្ដ​ទុក​ ​ដាក់។​

វិធីការពារ និងជួយកូនរបស់លោកអ្នកនៅពេលយំគាំង

នៅពេលដែលកូនរបស់លោកអ្នកយំគាំង​បាត់​សម្លេង​ ​លោក​អ្នក​ត្រូវ​ដាក់​ក្មេង​ដេក​ផ្អៀង​ ​ហើយ​ត្រូវ​ធ្វើការ​តាម​ដាន​អំពី​ ​អាការៈ​របស់​ក្មេង​។ ​មិន​ត្រូវ​អង្រួន​ ​ឬដាក់​អ្វី​ក្នុង​មាត់​ ​ឬជះ​ទឹក​ដាក់​ក្មេង​ឡើយ​។ ​បន្ទាប់​ពីដឹង​ខ្លួន​ធម្មតា​វិញ​ ​ត្រូវ​ប្រព្រឹត្ដ​ចំពោះ​ក្មេង​ ​ដូច​ធម្មតា​ ​មិន​ត្រូវ​ធ្វើ​ទណ្ឌ​កម្ម​ឬ​ទំរើស​ពេក​ទេ​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​ក្មេង​ងាយ​មាន​ទម្លាប់​យំ​គាំង។​ ​ត្រូវ​ចាំ​ថា​ការ​យំ​គាំង​នេះ​នឹង​ត្រឡប់​ ​មក​ធម្មតា​វិញ​ដោយ​ឯក​ឯង​ក្នុង​រយៈ​ពេល​៣០​នាទី​ទៅ៦០នាទី ​ដោយ​ក្មេង​ចាប់​ដក​ដង្ហើម​វិញ​ហើយ​ស្រែក​យំ​។ ​បើសិន​ជាកូន​របស់​ ​លោក​កើត​មាន​បញ្ហា​ធ្ងន់ធ្ងរ​ ​លោក​អ្នក​ត្រូវ​នាំកូន​របស់​លោក​អ្នក​ទៅពិគ្រោះ​បញ្ហា​នេះជា​មួយ​គ្រូពេទ្យ​របស់​លោក​អ្នក​ ​ដើម្បី​ឱ្យ​ដឹង​ថា​ ​ពួក​គេ​គ្មាន​បញ្ហា​អ្វីផ្សេងៗ​ទៀត​ ​ដូចជា​បេះដូង​ដើរ​មិន​ទៀង​ទាត់​ជា​ដើម​។

ដំបូន្មានអ្នកជំនាញ

ដើម្បីការពារកុំឱ្យកូនរបស់លោកអ្នកកើត​មាន​ការ​យំ​គាំង​លោក​អ្នក​ត្រូវ​តែ​អនុវត្ដ​វិធី​ខាង​ក្រោម​ ៖

– ត្រូវឱ្យកូនសម្រាកឱ្យបានគ្រប់គ្រាន់

– ធ្វើឱ្យកូនមានអារម្មណ៍ថាមានសុវត្ថិភាព

– កាត់បន្ថយការធ្វើឱ្យក្មេងខឹងមិនសប្បាយចិត្ដ

– មិនត្រូវប្រព្រឹត្ដចំពោះកូននោះខុសពីកូនដទៃ​ទៀត​ឡើយ​ ​បន្ទាប់​ពី​មាន​អាការៈ​យំគាំង​ដូចជា​ដាក់​ពិន័យ​ឬ​ទំរើស​ពេក​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *