កម្ពុជា​រង​ផល​ប៉ះពាល់​ធ្ងន់​ជាង​គេ​ពី​ទំនប់​ទន្លេ​មេគង្គ

ទន្លេ​មេគង្គ​ជាអាង​ស្តុបទឹក​ដ៏ធំមួយ ដែល​បានជួយ​ចិញ្ចឹម​បីបាច់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​និងតាមដង​ទន្លេ​នេះ​ក្នុងការលើក​ស្ទួយ​កម្រិត​ជីវភាព​ឲ្យកាន់តែប្រសើរឡើង។ ទឹក​ទន្លេ​មេគង្គ​មាន​ប្រភព​ចេញពី​តំបន់​ខ្ពងរាប​ទីបេ​ដែល​មាន​ប្រវែង​ជាង​៤២០០គីឡូ​ម៉ែត្រ និង​បាន​ហូរកាត់​ប្រទេស​ចំនួន៦ គឺប្រទេស​ចិន ភូមា ថៃ ឡាវ កម្ពុជា​និង​ប្រទេស​វៀតណាម។ ទន្លេ​មេគង្គ​មានសារៈ​ប្រយោជន៍​ច្រើន​ណាស់​ចំពោះ​ប្រជាពល​រដ្ឋទាំង៦​ប្រទេស​នេះ តែបើ​ទន្លេ​នេះកខ្វក់វិញ និងមាន​ទំនប់​វារីអគ្គីសនី​ច្រើន​តើ​ប្រជាជន​រួមទាំង​បរិស្ថាន​ចម្រុះ​នៅក្នុង​ទឹកទន្លេ និង​បរិស្ថាន​នៅ​ជុំវិញ​ទន្លេ​មេគង្គ​នឹងទៅ​ជាយ៉ាង​ណា? ហើយ​តើប្រទេស​ណា​ដែល​រង​ផល​ប៉ះពាល់​ច្រើន​ជាងគេ​ពីការ​បង្កើត​ទំនប់វារី​អគ្គីសនី។
រូបភាពគេហទំព័រសុខភាពកម្ពុជា

គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី និង​ផល​ប៉ះ​ពាល់

លោកអ្នក​ដឹង​ហើយថា​ទំនប់​វារីអគ្គីស​នីនឹង​ធ្វើឲ្យ​សេដ្ឋកិច្ច​រីកចម្រើន ហើយ​ផ្តល់ការ​ចំណាយ​មួយ ដែល​មានការ​ប្រើ​ប្រាស់​យូរ​អង្វែង។ ប៉ុន្តែ​ទទ្ទឹម​នឹងនេះ​ក៏មាន​ផល​ប៉ះពាល់ ជា​អវិជ្ជមាន​ខ្លាំង​ផងដែរ។ ទំនប់​វារីអគ្គីសនី​ទាំងនោះនឹង​ធ្វើឲ្យ​អ្នករស់​នៅ​តាមដង​ទន្លេ​មេគង្គ​ជួប​បញ្ហា​ផ្នែក​ជីវភាព​អាហារ សុខភាព ការ​ដាំដុះ ហើយ​ការ​នេសាទត្រី ដែលជា​មុខរបរ​ដ៏សំខាន់​របស់​ពួក​គាត់ ហើយ​ធ្វើមាន​ឲ្យ​ផល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ថែម​ទៀតផង។ ប្រទេសចិន​ដែលជា​ប្រទេស​មហា​អំណាច​ទី២នៅ​លើ​ពិភព​លោក មាន​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ជាង​ហាសិប​នៅ​ទន្លេ​មេគង្គ និង​ដៃ​របស់វា។ នៅក្នុង​នោះ​ទំនប់​វារី​អគ្គិសនី​ចំនួន​បួន​កំពុង​តែ​ដំណើរ​ការ។ ជាមួយ​គ្នា​នេះ ​មាន​គម្រោង​សាសង់​ទំនប់​វារីអគ្គិសនី​ចំនួន​១២​ទៀត​នៅ​លើ​ខ្សែ​ទឹក​នៃ​ទន្លេ​​មេគង្គ​ក្រោម។ ​ក្នុង​នោះ​ទំនប់​ចំនួន​ពីរ ស្ថិត​ក្នុងប្រទេស​ឡាវ ​និង​ចំនួន​ពីរ​ទៀត​ ស្ថិត​ក្នុង​ប្រទេស​កម្ពុជា ​ដែល​វិនិយោគ​ដោយ​ប្រទេស​ចិន។

ក្រុម​អ្នក​ជំនាញ​ធ្វើការ​ព្រមាន​ពីផល​ប៉ះពាល់​ពីការ​សាងសង់​ទំនប់​វារីអគ្គីសនី

ក្រុម​អ្នក​ជំនាញ​ជាតិ ​និង​អន្តរជាតិ ​បាន​ព្រមាន​សា​ជា​ថ្មី​ម្តង​ទៀត​ពី​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​គម្រោង​ សាងសង់​ទំនប់​វារី​អគ្គីសនី ​នៅ​តាម​បណ្តោយ​ទន្លេ​មេគង្គ​ និង​តាម​បណ្តោយ​ដៃ​ទន្លេ​នេះ ដោយ​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរជាង​គេ។ ក្រុម​អ្នក​ជំនាញ​បាន​ទទួល​ស្គាល់​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​ដែល​រៀប​ចំដោយ​វិទ្យាស្ថាន​កម្ពុជា ​ដើម្បី​កិច្ច​សហប្រតិបត្តិការណ៍ ​និង​សន្តិភាព​ថា ​ការ​វិនិយោគ​លើ​វិស័យ​នេះ​នឹង​នាំ​ឲ្យ​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​រយៈពេល​វែង។ ​ក៏​ប៉ុន្តែ​វា​ក៏​នៅ​តែ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់ដល់​ធនធាន​នៅ​ក្នុង​ទឹក​ បរិស្ថាន ​ការ​រស់​នៅ​របស់​ប្រជាជន ​និង​សន្តិសុខ​ស្បៀង​ផងដែរ​។ លោក ​អែម ​ហុយ ​អ្នក​ជំនាញ​ផ្នែក​ជីវិត​ជនបទ​ បាន​បញ្ជាក់​នៅ​ក្នុង​ការ​ពិភាក្សា​នោះ​ថា​ ការ​សិក្សា​បាន​បង្ហាញ​ថា ​ប្រជាពលរដ្ឋ​ដែល​ពឹង​អាស្រ័យ​លើ​ធនធាន​ទឹក​ទៅ​តាម​តំបន់​ដែល​សាងសង់​ទំនប់​វារី​អគ្គិសនី​នឹង​ទទួល​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង។

ការព្រួយ​បារម្ភ​ពីការ​បាត់បង់​ពូជត្រី​របស់​ក្រុម​អ្នកជំនាញ

លោក​ អាឡាន ប្រ៊ូក  នាយក​មជ្ឈមណ្ឌល ​World Fish Center ​បាន​បង្ហាញ​ថា ​ទន្លេ​ដ៏​វែង​របស់​ពិភព​លោក​មួយ​នេះ ​ផ្តល់​ផល​ត្រី​ជាច្រើនពាន់​តោន​នៅ​ក្នុង​មួយ​ឆ្នាំៗ ​គឺ​ជា​ទិន្នផល​ត្រី​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក ​ក្នុង​ខ្សែ​ទន្លេ​តែ​មួយ ហើយ​​មាន​សត្វ​ចម្រុះ​ប្រមាណ​ជាង​មួយ​ពាន់​ប្រាំ​រយ​ប្រភេទ។ ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នឹង​ខ្ទប់​ការ​ផ្លាស់​ទី​របស់​ត្រី ​បំផ្លាញ​ជម្រករបស់​ត្រី ​រួម​ទាំង​បំបាត់​ពួជ​ត្រី​ផង​ដែរ ​ហើយ​កម្ពុជា​នឹង​ទទួល​រង​ផលប៉ះពាល់​ច្រើន​ជាង​គេ។ ដើម្បី​រក្សា​ទិន្នផល​ត្រី​ឲ្យ​មាន​ស្ថិរភាព ​គេ​ត្រូវ​បង្កើត​បណ្តាញ​សម្រប​សម្រួល​យោគ​យល់​គ្នា ​សម្រាប់​ការ​បង្កើត​សមាសភាព​បណ្តាញ​នេះ។ ក្រុម​អ្នក​ជំនាញ ​បាន​លើក​ឡើង​ថា ​ការ​បាត់បង់​ផល​ត្រី​ដោយសារ​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ នឹងមាន​ទំហំ​ទឹក​ប្រាក់​រហូត​ទៅ​ដល់​ប្រាំ​រយ​លាន​ដុល្លា​រ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ ​ដូច្នេះ​ប្រសិន​ទំនប់​វារីអគ្គិសនី​ត្រូវ​បាន​សាងសង់ ​គួរ​តែ​បែង​ចែក​ផល​ចំណេញ​ប្រកប​ដោយ​សមាសភាព ​ហើយ​ប្រជាពលរដ្ឋ​រូប​នោះត្រូវ​តែ​ទទួល​បាន​សំណង។ លោក​ ដៅ ជុង ទូ  នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្រាប់​អភិវឌ្ឍ​ធន​ធានទឹក​ ប្រកប​ដោយ​ចីរភាព​ និងការ​ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​មក​ពី​ប្រទេស​វៀតណាមមាន​ប្រសាសន៍​ថា​ ការ​វិនិយោគ​ច្រើន​លើ​សំណង់​វារី​អគ្គិសនី​នឹង​ធ្វើ​ឲ្យ​ធនធាន​ទឹក​ប្រមាណ​ ជាង​ហាសិប​ភាគរយ​នៃ​ទន្លេ​មេគង្គ​ក្លាយ​ជា​អាង​ស្តុក​ទឹក​សម្រាប់​ទំនប់​វារី​អគ្គីសនី។ លោកបានបន្តថាអនាគត​របស់​ទន្លេ​មេគង្គ​ដូច​ជា​ស្ថិត​នៅ​ចំ​ផ្លូវ​បំបែក​នៃ​ផល​ចំណេញ​របស់​ប្រទេស​នីមួយ​ៗ​ពឹងផ្អែកលើ​អ្នក​វិនិយោគ​ទុន។

ការ​សម្តែង​ការ​ព្រួយ​បារម្ភ​របស់​ក្រុម​មន្ត្រី និស្សិត និង​ការ​អះអាង​របស់​ភារធារី​អម​ស្ថាន​ទូត​ចិន

ក្រុម​មន្រ្តី​ និង​និស្សិត ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​កិច្ច​ពិភាក្សា​តុ​មូលកាលពីខែ តុលា ឆ្នាំ​ ២០១១​ បាន​សម្តែង​កង្វល់​ចំពោះ​គម្រោង សាងសង់​ទំនប់​វារី​អគ្គិសនី​យ៉ាង​ច្រើន​របស់​​ចិននៅ​លើ​ដង​ទន្លេ​មេគង្គ។ រីឯកញ្ញា ​ជូ ​ដៃស្សូរ​ ភារធារី​អម​ស្ថានទូត​ចិន ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​វេទិកា​តុ​មូល​នេះ​ បាន​អះអាង​ថា កង្វល់ទាំង​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​រដ្ឋាភិបាល​ចិន។​ ចំពោះមន្ត្រី​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​អញ្ជើញ ​មិន​មាន​វត្តមាន​ទេក្នុងកិច្ចប្រជុំនេះទេ។ កិច្ច​ប្រជុំ​តុ​មូល​នេះ​ឧបត្ថម្ភ​ដោយវីអូអេសម្លេង​សហរដ្ឋ​អាមេរិក។ ​

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៤ មេសា ឆ្នាំ​ ២០១២

Categories: , ,

Leave a Reply

Your email address will not be published. Required fields are marked *