ការប្រារព្ធទិវាប្រយុទ្ធប្រឆាំងនឹងជម្ងឺគ្រុនចាញ់ នៅថ្ងៃទី២៥ មេសា ឆ្នាំ២០១២ខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានក្រើនរំឮកដល់មហាជនទាំងអស់ ដែលរស់នៅលើទឹកដីកម្ពុជា ឲ្យពិចារណាបន្ថែមទៀត អំពីជំហានឆ្ពោះទៅរកការលុបបំបាត់ជម្ងឺគ្រុនចាញ់នៅក្នុងប្រទេសកម្ពុជា។
ក្នុងសារលិខិត ចុះថ្ងៃទី១៨មេសា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ដើម្បីឆ្ពោះទៅរកការលុបបំបាត់ជម្ងឺគ្រុនចាញ់ នៅកម្ពុជា សម្រាប់ទិវាជាតិប្រយុទ្ធនឹងជម្ងឺគ្រុនចាញ់ ថ្ងៃទី២៥មេសា យើងត្រូវពិចារណាលើបញ្ហាមួយចំនួន រួមមាន៖
1. ការចម្លងជម្ងឺគ្រុនចាញ់ ចំពោះប្រជាជនផ្លាស់ទីលំនៅពីតំបន់ ដែលគ្មានជម្ងឺគ្រុនចាញ់ ទៅតំបន់ដែលមានជម្ងឺគ្រុនចាញ់ មានកម្រិតខ្ពស់ នៅក្នុងប្រទេស។ ជាពិសេសការដ្ឋានចំការកៅស៊ូ ចំការដំទ្បូង ការដ្ឋានថាមពលអគ្គិសនី ការដ្ឋានសាងសង់ស្ពាន ជាដើម។
2. ភាពស្មុគស្មាញមួយទៀត គឺថា ភ្នាក់ងារចម្លងនូវជម្ងឺគ្រុនចាញ់ កំពុងបង្ហាញនូវនិន្នាការផ្លាស់ប្តូរលក្ខណៈរបស់វា ដែលបង្កឲ្យមានភាពសុំា ទៅនឹងថ្នាំសម្លាប់សត្វល្អិត។
3. ប៉ារ៉ាស៊ីតជម្ងឺគ្រុនចាញ់ នៅតាមកន្លែងខ្លះ ចាប់ផ្តើមមានភាពសុំា នឹងថ្នាំប្រឆាំងជម្ងឺគ្រុនចាញ់ ដ៏មានប្រសិទ្ធភាព ដូចជាថ្នាំអារមេមិស៊ិនីនជាដើម។
4. ការយល់ដឹងរបស់ប្រជាជនមួយចំនួនអំពីការការពារខ្លួន ពីជម្ងឺគ្រុនចាញ់ នៅមានកម្រិត។ ជាក់ស្តែងចំនួនប្រជាជន ដែលប្រើប្រាស់មុងជ្រលក់ថ្នាំ ក៏មានកម្រិតនៅទ្បើយ បើទោះបីជាស្ទើរតែ ១០០ ភាគរយ នៃគ្រួសារទាំងអស់ មានមុងជ្រលក់ថ្នាំរួចហើយក្តី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ វិស័យឯកជន សង្គមស៊ីវិល អង្គការសាសនា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សហគមន៍ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍ ពិសេសប្រជាពលរដ្ឋគ្រប់រូបបន្តចូលរួម និងគាំទ្រដល់បេសកកម្មក្រសួងសុខាភិបាល ក្នុងការលុបបំបាត់ជម្ងឺគ្រុនចាញ់ ឆ្នាំ២០២៥ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ ដើម្បីសម្រេចបានតាមគោលដៅយុទ្ធសាស្ត្រជាតិ លុបបំបាត់ជម្ងឺគ្រុនចាញ់ឆ្នាំ២០២៥ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល។ ការកាត់បន្ថយផលប៉ះពាល់នៃជម្ងឺគ្រុនចាញ់ គឺជាកូនសោមួយ ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្ស ដែលត្រូវបានព្រមព្រៀងកាលពីឆ្នាំ២០០០ ដោយប្រទេសដែលជាសមាជិក អង្គការសហប្រជាជាតិ ចំនួន ១៩៣។ ក្នុងនោះ រួមមានប្រទេសកម្ពុជា រួមជាមួយអង្គការអន្តរជាតិចំនួន ២៣ ផ្សេងទៀត។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អត្រាស្លាប់ ក្នុងចំណោមអ្នកជម្ងឺគ្រុនចាញ់ ១០០ នាក់ តាមគោលដៅអភិវឌ្ឍន៍សហសវត្ស ដែលបានកំណត់ជាមុនថា នឹងបន្ថយមកនៅត្រឹម ០.៤០ ភាគរយ នៅត្រឹមឆ្នាំ២០១៥។ ប៉ុន្តែជាក់ស្តែងយើងបានបញ្ចុះពី ០.៤៤ ភាគរយ នៅឆ្នាំ១៩៩៨ មកនៅត្រឹម ០.១៥ ភាគរយ នៅឆ្នាំ២០១១ ដោយសម្រេចនូវគោលដៅ ៤ ឆ្នាំ មុនកាលកំណត់។ ចំណែកគោលដៅអភិវឌ្ឍន៍សហសវត្ស នៅឆ្នាំ២០១៥ យើងបានកំណត់ថា នឹងបញ្ចុះអត្រាស្លាប់ មកនៅត្រឹម ០.៧៨ ភាគរយក្នុងចំណោមប្រជាជន ១០០.០០០នាក់។ ប៉ុន្តែជាក់ស្តែងយើងបានបញ្ចុះពី ៦.២៩ មកនៅត្រឹម ០.៦៧ ភាគរយ នៅឆ្នាំ២០១១ ដោយសម្រេចគោលដៅ ៤ឆ្នាំ មុនកំណត់។ ផែនការយុទ្ធសាស្ត្រជាតិ លុបបំបាត់ជម្ងឺគ្រុនចាញ់ ឆ្នាំ២០១១ ដល់ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា នឹងសម្រេចឲ្យបាន ៩៥ ភាគរយ នៅឆ្នាំ២០១៤។ ក៏ប៉ុន្តែលទ្ធផលជាក់ស្តែងបានសម្រេចជិត ១០០ ភាគរយ នៅឆ្នាំ២០១២ តាមរយៈយុទ្ធនាការចែកមុងចំនួន ២៧.០០០.០០០ មុង ជូនប្រជាពលរដ្ឋចំនួន ៨១២.០០០ គ្រួសារ ដែលមានប្រជាជនចំនួន ៣.០៤០.០០០ នាក់។ ការចែកមុងនេះ ក្នុងរយៈកាល ៤ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១១ ដល់ខែកុម្ភៈ ឆ្នាំ២០១២ បានសម្រេចលើសផែនការ និងបីឆ្នាំ មុនកាលកំណត់។
គួររំឮកផងដែរថា បើតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រឆាំងជម្ងឺគ្រុនចាញ់ បានឲ្យដឹងថា ជម្ងឺគ្រុនចាញ់បានសម្លាប់មនុស្ស ៩៨ នាក់ នៅឆ្នាំ២០១១។ ចំនួននេះ បានថយចុះ ៣៥ ភាគរយ បើធៀបទៅនឹងឆ្នាំ២០១០ ដែលមានអ្នកស្លាប់ ចំនួន ១៥១ នាក់ ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២៤ មេសា ឆ្នាំ ២០១២
Leave a Reply