វេលាមានផ្ទៃពោះរបស់ស្ដ្រីជាពេលវេលាដែលងាយប្រឈមមុខនឹងបញ្ហាផ្សេងៗមួយចំនួនដែលអាចធ្វើឱ្យមានគ្រោះថ្នាក់ ដល់ជីវិត ប្រសិនបើធ្វេសប្រហែស។ ប៉ុន្ដែគ្រប់យ៉ាងសុទ្ធតែអាចដឹងជាមុនព្រោះនៅពេលបច្ចុប្បន្ននេះមានឧបករណ៍វិទ្យាសាស្ដ្រជា ច្រើនដែលអាចជួយបាន។ ទោះបីជាយ៉ាងណាការជួយនេះក៏អាស្រ័យទៅលើការប្រុងប្រយ័ត្ននិងការតាមដានសុខភាពរបស់ស្ដ្រីនេះ ផ្ទាល់តែម្ដងផងដែរ។
សុកញំងមាត់ស្បូនជាជម្ងឺមួយគួរឱ្យខ្លាចរអាក្នុងចំណោមជម្ងឺទាំងឡាយ ដែលអាចកើតមានឡើងសម្រាប់ស្ដ្រីមានផ្ទៃពោះ ដែលអាចបង្កឱ្យមានការបាត់បង់ជីវិតទាំងម្ដាយ និងទារកទៀតផង។ ដើម្បីឱ្យលោកអ្នកជាពិសេសសុភាពនារីជាម្ដាយទាំងអស់បាន ជ្រាបអំពីបញ្ហានេះ ទស្សនាវដ្ដី សុខភាពយើង សូមលើកយកការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិតកែវ ម៉េងលី ឯកទេសរោគស្ដ្រី នៅមន្ទីរពេទ្យកាល់ម៉ែត្រមកជម្រាបជូន។
សុកញំងមាត់ស្បូន ជាអ្វី?
មុននឹងជ្រាបអំពីសុកញំងមាត់ស្បូន លោកអ្នកជាពិសេសស្ដ្រីមានផ្ទៃពោះទាំងអស់ចាំបាច់ត្រូវជ្រាបអំពីទីតាំងរបស់សុកជា មុនសិន។ សុកជាផ្នែកមួយដែលភ្ជាប់ទៅនឹងតួស្បូនស្ដ្រីជាម្ដាយ ដើម្បីនាំឈាមទៅចិញ្ចឹមដល់កូន។ សុកមានស្រទាប់មួយរុំស្រោបទៅ លើកូន មានន័យថាកូននៅផ្សេងពីសុក ខណ្ឌគ្នាដោយស្រទាប់មួយ។ នៅពេលសម្រាលកូនចេញមកមុន ទើបសុកធ្លាក់ចេញមកតាម ក្រោយដោយសម្រួល ប្រសិនបើការសម្រាលកូនតាមធម្មតា។ ក្នុងករណីសុកមិននៅអោបត្រង់តួស្បូន ហើយបែរជាមកនៅត្រង់មាត់ ស្បូនទៅវិញ បានន័យថាសុកមិននៅចំកន្លែង។ នៅពេលសម្រាលសុកបាំងមាត់ស្បូនធ្វើឱ្យសម្រាលមិនរួច នោះហៅថាសុកញំង ឬបាំង មាត់ស្បូន។ សុកញំងមាត់ស្បូនចែកទៅតាមកម្រិតនៃការញំងរបស់សុក។
- កម្រិតទីមួយ គឺសុកគ្រាន់តែមកប៉ះបន្ដិចបន្ដួចនៅត្រង់មាត់ស្បូន
- កម្រិតទីពីរ គឺសុកប៉ះយ៉ាងប្រផិតប្រផើយនឹងមាត់ស្បូន
- កម្រិតទីបី គឺសុកលាតគ្របដណ្ដប់លើមាត់ស្បូនទាំងមូលតែម្ដង។
មូលហេតុសុកញំងមាត់ស្បូន
សុកញំងមាត់ស្បូនអាចកើតឡើងដោយសារមូលហេតុជាច្រើនយ៉ាងដែលពាក់ព័ន្ធនឹងស្ថានភាពសុខភាពរបស់ស្ដ្រីផ្ទាល់តែ ម្ដង។ ស្ដ្រីដែលប្រឈមមុខនឹងបញ្ហាសុកញំងមាត់ស្បូននៅពេលមានផ្ទៃពោះ គឺ ៖
- ស្ដ្រីដែលធ្លាប់មានប្រវត្ដិសុកញំងមាត់ស្បូនពីមុនមកដែលអាចកើតឡើងជាថ្មីទៀត
- ស្ដ្រីដែលធ្លាប់ធ្វើការរម្លូតកូនចេញជាច្រើនដង ព្រោះការរម្លូតតែងតែមានការកោសនៅក្នុងស្បូន
- ស្ដ្រីដែលមានបញ្ហារលាកសាច់ស្បូនក្រោយពេលសម្រាលកូន
- ស្ដ្រីដែលមានកូនច្រើនចាប់ពី៤នាក់ឡើងទៅ ដែលធ្វើឱ្យស្ដ្រីនោះមានបញ្ហាសុខភាពហើយមានអត្រាសុកញំងមាត់ស្បូន រហូតដល់ ៧០ភាគរយ
- ស្ដ្រីដែលធ្លាប់ឆ្លងកាត់ការវះកាត់ ទោះបីជាការវះកាត់យកកូនក្ដី(សូមអានអត្ថបទដែលបានចេញផ្សាយនៅទស្សនាវដ្ដី សុខភាពយើងលេខទី០១១ ខែធ្នូឆ្នាំ២០០៦ឆ្នាំទី១ដែលមានចំណងជើងថាសម្រាលកូនដោយវះកាត់ថែរក្សាទ្វារមាសតែខូចសុខភាព) ឬការវះកាត់សាច់ក្នុងស្បូនក្ដី និយាយរួមឱ្យតែជាការវះកាត់ដែលប៉ះពាល់ដល់ស្បូន។
សញ្ញាដំបូងនៃសុកញំងមាត់ស្បូន
មិនមានសញ្ញាអ្វីគួរឱ្យកត់សម្គាល់ឡើយសម្រាប់អាការសុកញំងមាត់ស្បូន ប្រសិនបើផ្ទៃពោះស្ថិតនៅក្នុងត្រីមាសទី១។ គេ អាចដឹងទីតាំងរបស់សុកដែលញំងមាត់ស្បូនបានគឺនៅត្រីមាសទី៣ ឬចាប់ពីខែទី៧នៃគភ៌ដោយសារការពិនិត្យអេកូសាស្ដ្រ។ សញ្ញា ដែលគួរឱ្យចាប់អារម្មណ៍ជាដំបូង គឺការធ្លាក់ឈាមដែលច្រើនកើតមាននៅពេលយប់ដោយមិនដឹងខ្លួនតិចឬច្រើនទៅតាមទំហំនៃការ ញំងរបស់សុក។
ការព្យាបាលសុកញំងមាត់ស្បូន
ជំហ៊ានដំបូងនៅពេលដែលមានសញ្ញានៃការធ្លាក់ឈាម គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់ត្រូវប្រញាប់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ និងពិភាក្សា។ គ្រប់ស្ដ្រីមានផ្ទៃពោះនៅពេលដែលមានធ្លាក់ឈាមត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីកាត់បន្ថយបរិមាណនៃការ ធ្លាក់ឈាម។ ការព្យាបាលត្រូវធ្វើឡើងទៅតាមកម្រិតនៃការធ្លាក់ឈាម។ ក្នុងករណីធ្លាក់ឈាមតិចតួចហើយទារកក្នុងផ្ទៃមិនទាន់ គ្រប់ខែនោះ ស្ដ្រីត្រូវសម្រាកពេទ្យដើម្បីតាមដានស្ថានភាពធ្លាក់ឈាម។ បើមិនធ្ងន់ធ្ងរការធ្លាក់ឈាមនឹងបាត់ទៅវិញដោយខ្លួនឯង។ ហើយគ្រូពេទ្យមានថ្នាំម្យ៉ាងសម្រាប់ជួយឱ្យសួតទារកទុំដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់នៅពេលសម្រាល ហើយអាចសម្រាលបាន តាមទ្វារក្រោមធម្មតា។ ក្នុងករណីធ្ងន់ធ្ងរការវះកាត់យកកូនចេញជាវិធីតែមួយគត់ដើម្បីជួយកុំឱ្យស្ដ្រីជាម្ដាយមានការធ្លាក់ឈាមខ្លំាង ពេកដែលអាចបង្កឱ្យមានគ្រោះថ្នាក់បាន។
ផលវិបាកនៃសុកញំងមាត់ស្បូន
ផលវិបាកចំពោះបញ្ហានេះអាស្រ័យទៅតាមកម្រិតនៃការញំងរបស់សុកទៅលើមាត់ស្បូន។ ប្រសិនបើសុកញំងបន្ដិចបន្ដួច នៅលើមាត់ស្បូន ហើយស្ដ្រីអាចសម្រាលកូនតាមធម្មតាបាននោះគ្មានបញ្ហាទេ។ ប៉ុន្ដែអ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺការធ្លាក់ឈាម ក្រោយពេលសម្រាលក្នុងបរិមាណតិច ឬច្រើនទៅតាមកម្រិតញំង។ ហេតុនេះហើយទើបទាមទារឱ្យស្ដ្រីជាម្ដាយសម្រាលកូននៅមន្ទីរ ពេទ្យ ដើម្បីមើលទុកជាមុន ដូចជាបរិមាណឈាម ប្រភេទឈាម កម្រិតនៃការកករបស់ឈាមឬភាពស្លេកស្លាំងជាដើម ដើម្បីត្រៀម ក្នុងការបញ្ចូលឈាមព្រោះនៅពេលដែលមានឈាមធ្លាក់ក្រោយសម្រាលខ្លាំងក្លាអាចធ្វើឱ្យមានគ្រោះថ្នាក់ និងមានមេរោគជ្រៀតចូល ទៅដល់ស្បូនដែលធ្វើឱ្យមានបញ្ហាផ្សេងៗកើតឡើង។
ប្រការគួរប្រតិបត្ដិ
គ្រប់ស្ដ្រីមានផ្ទៃពោះទាំងអស់តែងយល់ឃើញថាការពិនិត្យអេកូសាស្ដ្រគ្រាន់តែអាចឱ្យដឹងកូនរបស់ខ្លួនប្រុសឬស្រីតែប៉ុណ្ណោះ។ ទាំងនេះហើយជាការយល់ច្រឡំមួយយ៉ាងធំដែលរហូតដល់អ្នកខ្លះមិនចង់ចំណាយប្រាក់ទៅលើការពិនិត្យឡើយ។ តាមពិត ការពិនិត្យអេកូសាស្ដ្រអាចឱ្យលោកស្រីអ្នកនាងដឹងជាមុននូវបញ្ហាផ្សេងៗរបស់ទារកក្នុងផ្ទៃ ដូចជាកាយសម្បទាទារកសរីរាង្គខាងក្នុង ពោះ ទីតាំងសុក ស្ថានភាពទឹកភ្លោះជាដើមដើម្បីត្រៀមលក្ខណៈសម្រាប់ជួយស្ដ្រីជាម្ដាយជាមុននៅពេលសម្រាល(សូមអានអត្ថបទ ទស្សនាវដ្ដី សុខភាពយើង ចេញផ្សាយនៅលេខ០១០ខែវិច្ឆិកា ឆ្នាំ២០០៦ឆ្នាំទី១ដែលមានចំណងជើងថាអេកូទំនើបអាចមើលចលនា ទារកក្នុងផ្ទៃ)។ ការពិនិត្យអេកូសាស្ដ្រមុនខែទី៧មិនមានប្រយោជន៍អ្វីឡើយព្រោះមិនអាចកំណត់ចលនា ឬទីតាំងឱ្យច្បាស់លាស់ ត្រឹមត្រូវ ទោះការពិនិត្យច្រើនដងមុនខែទី៧យ៉ាងណាក៏ដោយ។ ម្យ៉ាងវិញទៀតស្ដ្រីមានផ្ទៃពោះគួរទៅពិនិត្យផ្ទៃពោះឱ្យបានទៀង ទាត់ ចាប់តាំងពីពេលដឹងថាមានគភ៌ទើបអាចបញ្ចៀសបញ្ហាមួយចំនួនដែលអាចកើតមានចំពោះខ្លួន និងទារក។
ដំបូន្មានអ្នកជំនាញ
សុកញំងមាត់ស្បូនមិនមានវិធីបង្ការឡើយ ហើយអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ម្ដាយនិងកូនបើជួយមិនទាន់ពេលវេលា។ ហេតុនេះសូមស្ដ្រីទាំងអស់មានការប្រុងប្រយ័ត្ននៅពេលមានផ្ទៃពោះ ព្រោះជាវេលាសំខាន់និងពិសេសសម្រាប់ជីវិតលោកស្រីអ្នកនាង និងកូនក្នុងផ្ទៃ។ សូមមេត្ដាគិតថាជោគវាសនារបស់កូនត្រូវពឹងផ្អែកទាំងស្រុងលើការប្រតិបត្ដិរបស់លោកស្រីអ្នកនាងជាម្ដាយ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧
Leave a Reply