ជម្ងឺសើរស្បែក គឺជាប្រភេទជម្ងឺមួយ ដែលធ្វើឲ្យមនុស្សគ្រប់រូបមានភាពខ្លាចរអា។ ការរមាស់ស្បែក គឺជារឿងមួយដែលនាំឲ្យពិបាកទ្រាំ។ នៅពេលលោកអ្នករមាស់ នោះលោកអ្នកនឹងទ្រាំមិនបានជាមួយនឹងការអេះ។ ហើយការរមាស់ស្បែក អាចជាលទ្ធផលនៃជម្ងឺផ្សេងៗ ដូចជាជម្ងឺគមស្បែក រលាកស្បែក ប្រតិកម្មស្បែក ជម្ងឺស្បែកក្រិន ឬជម្ងឺស្បែកម្យ៉ាងដែលហៅជាភាសាអង់គ្លេសថាផ្សូរីយ៉ាស៊ីសជាដើម។
កាលពីពេលថ្មីនេះ នៅប្រទេសវៀតណាម មានករណីផ្ទុះឡើងនូវជម្ងឺសើរស្បែកយ៉ាងកាចសាហាវ ដែលបានសម្លាប់មនុស្ស១៩នាក់។ ក្នុងចំណោមអ្នកស្លាប់ដោយសារជម្ងឺខាងលើ ភាគច្រើនជាកុមារ និងករណីនេះបានចាប់ផ្តើមផ្ទុះឡើងនៅតំបន់កណ្តាលនៃប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបាយការណ៍ ដែលថ្លែងដោយមន្ត្រី អង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។ បច្ចុប្បន្ន អាជ្ញាធរសុខាភិបាលវៀតណាម កំពុងស្វះស្វែងរកជំនួយពីអន្តរជាតិ ដើម្បីជួយទប់ស្កាត់នឹងការរាតត្បាតជម្ងឺស្បែកឆ្លងដ៏សាហាវមួយនេះ ដែលបច្ចុប្បន្នមានមនុស្ស ១៧១ នាក់ហើយ បានឆ្លងជម្ងឺប្រភេទចម្លែកនេះ។ ជម្ងឺនេះ ឆ្លងតាមរយៈការប៉ះពាល់គ្នាត្រង់កន្លែងមានដាច់រលាត់ស្បែកតែ ប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងថា ជម្ងឺនេះត្រូវបានគេរាយការណ៍ដំបូងកាលពីចន្លោះខែមេសា និងខែធ្នូឆ្នាំមុន ដោយក្រុមគ្រូពេទ្យមិនទាន់អាចកំណត់រកមូលហេតុនៃប្រភេទជម្ងឺនេះបាននៅឡើយទេ។ ជម្ងឺនេះបានរីករាតត្បាតម្ដងទៀតនៅក្នុងភូមិមួយនៃខេត្ត វាង ងៃ (Quang Ngai)ប្រទេសវៀតណាម ដែលភាគច្រើនកើតលើបាតដៃ និងប្រអប់ជើង។
យោងតាមសារព័ត៌មានវៀតណាម the Thanh Nien បានឲ្យដឹងថា ក្រសួងសុខាភិបាលវៀតណាមនឹងស្នើសុំឲ្យអ្នកជំនាញការរបស់អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺរបស់អាមេរិក ជួយកំណត់រកមូលហេតុនៃប្រភេទជម្ងឺនេះ។
សូមជម្រាបជូនថា ជម្ងឺរាតត្បាតនេះ ខាងក្រុមគ្រូពេទ្យនៃប្រទេសវៀតណាម នៅពុំទាន់បានរកឃើញថា ជម្ងឺនេះជាប្រភេទជម្ងឺអ្វីនៅឡើយនោះទេ ហើយក្រុមគ្រូពេទ្យក៏ពុំទាន់មានថ្នាំសម្រាប់ព្យាបាលអ្នកជម្ងឺផងដែរ។ ជាពិសេសមិនដឹងថាជម្ងឺនេះនឹងរាតត្បាតទៅតំបន់ ឬអាចរាតត្បាតទៅដល់តំបន់នៅជិតប្រទេសផ្សេងនោះទេ។
ភ្ជាប់ជាមួយព័ត៌មាននេះ គេហទំព័រសុខភាពកម្ពុជា សូមជម្រាបជូនប្រិយមិត្តអ្នកអាន នូវរោគសញ្ញាមួយចំនួននៃអាការៈរមាស់ស្បែក ឬជម្ងឺសើរស្បែក។ ដូច្នេះសូមប្រិយមិត្តតាមអានជាមួយគេហទំព័រសុខភាពកម្ពុជា ដូចតទៅ៖
- នកន្ទួលក្រហមនៅលើស្បែក
- កន្ទួល មានស្នាមអុជ ឬពងបែក
- ស្បែកស្ងួត ប្រេះស្បែក ឬរមាស់ស្បែក
- ពេលខ្លះ ការរមាស់នេះ អាចមានរយៈពេលយូរ និងអាចរមាស់ខ្លាំង។ នៅពេលដែលអ្នកកេះ ឬអេសខ្លាំងនៅតំបន់នោះ វា ក៏អាចក្លាយទៅជាជម្ងឺសើរស្បែកបានដែរ។
ដូច្នេះនៅពេលដែលលោកអ្នកជួប្រទះនូវអាការៈរោគដូចបានជម្រាបជូនខាងលើ លោកអ្នកគួរគប្បីទៅជួបនឹងគ្រូពេទ្យ ឬពិគ្រោះជាមួយអ្នកឯកទេសខាងជម្ងឺស្បែក ឲ្យបានកាន់តែឆាប់គឺកាន់តែល្អ។ ព្រោះថា ជម្ងឺសើរស្បែកនេះទុកយូរមិនបានទេ។ ចូរលោកអ្នកចងចាំថាជម្ងឺសើរស្បែកនេះ អាចនឹងរាលដាលដល់ពេញខ្លួនរបស់លោកអ្នក និងអាចចម្លងទៅអ្នកដ៏ទៃផងដែរ។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២៥ មេសា ឆ្នាំ ២០១២
Leave a Reply