រើមគឺជាជម្ងឺដែលកើតឡើងលើរាងកាយខាងក្រៅរបស់មនុស្ស ជាហេតុធ្វើឱ្យស្បែកកន្ទួលស្មេ បែកពងទឹករងៃ ឬរលួយ សាច់ស្បែក។ ថ្វីត្បិតតែវាបានបង្កផលប៉ះពាល់ចំពោះសុខភាព តែបែរជាលោកអ្នកមួយចំនួនធំបានមើលរម្លងដោយមិនយកចិត្ដទុកដាក់នឹងការព្យាបាលបញ្ហានេះ។ ការថែទាំរាងកាយឱ្យបានល្អជារឿងដែលគួរយកចិត្ដទុកដាក់ ព្រោះថាជម្ងឺរើមក៏អាចបង្កជាជម្ងឺធ្ងន់ធ្ងរបានដែរ។
លោកវេជ្ជបណ្ឌិត ថៃ គា អ្នកឯកទេសផ្នែកជម្ងឺសើស្បែកបានចូលរួមជាមួយទស្សនាវដ្ដី សុខភាពយើង ដើម្បីធ្វើការបក ស្រាយនូវប្រធានបទជម្ងឺរើមខាងលើនេះ។
ជម្ងឺរើមជាអ្វី?
ជម្ងឺរើមជាជម្ងឺមួយប្រភេទដែលកើតនៅលើស្បែកជាពងទឹកថ្លា ភាគច្រើនកើតមាននៅលើមនុស្សចាស់ លើចំហៀងណាមួយនៃរាងកាយ។
មូលហេតុបណ្ដាលឱ្យកើតជម្ងឺរើម
ជាការពិតជម្ងឺរើមកើតឡើងដោយសារមេរោគបង្កឡើង ហៅថាហ្សូណា(Zona) និងវីរុសឈ្មោះវ៉ារីសែលឡាហ្សូតេ (Varicellazoter Virus) ច្រើនកើតមាននៅលើមនុស្សចាស់ និងភាគតិចតួចចំពោះមនុស្សក្មេង។ មេរោគជម្ងឺរើមជាវីរុសម្យ៉ាង ដែលឆ្លងពីជម្ងឺអុតស្វាយ។ ដំបូងវាបណ្ដាលមកពីជម្ងឺអុតស្វាយ បន្ទាប់ពីអុតស្វាយជាសះស្បើយហើយ វីរុសនៅរស់សម្ងំក្នុងខ្លួននៃ ប្រព័ន្ធទឹករងៃ។ នៅពេលដែលសុខភាពយើងទ្រុឌទ្រោម ប្រព័ន្ធជាតិផ្សាំចុះខ្សោយ មេរោគចេញមកក៏បង្កឱ្យកើតជាជម្ងឺរើម។
រោគសញ្ញាជម្ងឺរើម
តាមរយៈការសង្កេតចំណាំមកអាចដឹងបានពីវីរុស ដំបូងធ្វើឱ្យមានការឈឺចាប់ចុករោយត្រង់ចំហៀងខ្លួន និងកើតចេញ។ ឈឺចាប់រួតរឹតសង្កៀរនៅលើស្បែកផ្សេងៗគ្នាទៅតាមមនុស្ស មិនមានគ្រុនក្ដៅធ្ងន់ធ្ងរខ្លាំងនោះទេ។ ក្នុងរយៈពេល៣-៤ថ្ងៃក្រោយមក ទើបឃើញកន្ទួលពងទឹកថ្លាៗនៅលើស្បែកដែលទទួលអារម្មណ៍ឈឺក្រហាយដំបូងគេ។ កន្លែងដែលចេញញឹកញាប់ជាងគេនោះគឺលើដើមទ្រូង មួយចំហៀងពីទ្រូងខាងមុខដល់ក្រោយ ខ្លះចំហៀងខាងឆ្វេងខ្លះខាងស្ដាំ។ ក្រៅពីនោះចេញគ្រប់ទីកន្លែង ដូចជាក្បាល មុខ មួយចំហៀង អាចចេញនៅលើដៃ លើស្មាមួយចំហៀង និងលើជើងម្ខាងពីភ្លៅចុះដល់កំភួនជើង ពងទឹកថ្លាកញ្ចុំជាផ្ទាំងទំហំប៉ុនៗបាតដៃ។
មុននឹងកើតចេញជម្ងឺរើម មានសញ្ញាប្រាប់មុន ដូចជាការឈឺរួតរឹត ក្ដៅក្រហាយ សង្កៀរត្រង់ម្ដុំនឹងចេញជាដើម។ ពេលកំពុងចេញគឺមានការឈឺខ្លាំង មានអារម្មណ៍ភ័យខ្លាច។
ជម្ងឺរើមមានផលប៉ះពាល់
តាមធម្មតាជម្ងឺរើមមិនប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែកើតលើកោសិកាស្បែក។ តែវាប៉ះពាល់ដល់អាយុជីវិតសតិអារម្មណ៍ ផ្លូវចិត្ដភ័យខ្លាចទៅតាមការឮសូរនិយាយតគ្នាថា ជម្ងឺរើមកើតព័ទ្ធឆៀងជុំស៊ីថ្លើម រហូតមិនហ៊ានទៅរកគ្រូពេទ្យហើយងាក មករកគ្រូខ្មែរស្ដោះផ្លុំទៅវិញ ឈានរហូតដល់ការអុជធ្វើឱ្យដំបៅ។ អ្នកមានជំនឿមិនហ៊ានហៅឈ្មោះថាជម្ងឺរើមទៀតផង។ ដោយប្រើភាសាអត់ឈ្មោះតាមរយៈកាយវិការ បូញមាត់បូញក។
វិធីបង្ការជម្ងឺរើម
ដើម្បីទប់ស្កាត់ឱ្យចៀសផុតពីជម្ងឺរើម ដំបូងត្រូវការពារកុំឱ្យឆ្លងជម្ងឺអុតស្វាយ ដូចជាចាក់ថ្នាំការពារជម្ងឺអុតស្វាយ។ បើយើងបង្ការជម្ងឺអុតស្វាយមិនឱ្យកើតបាន នោះជម្ងឺរើមមិនអាចកើតមានបានទេ។ តែបើកើតជម្ងឺអុតស្វាយហើយ វីរុសនៅសម្ងំរស់ ដែលកើតពីជម្ងឺអុតស្វាយនេះ ហើយរង់ចាំនៅពេលសុខភាពយើងទ្រុឌទ្រោមចុះខ្សោយវាបង្កទៅជាជម្ងឺរើម។ ដូច្នេះត្រូវចាក់ថ្នាំ ការពាររោគទូទៅ ជាពិសេសការពារជម្ងឺអុតស្វាយ ទើបរួចផុតពីជម្ងឺរើមនេះបាន។
វិធីព្យាបាលជម្ងឺរើម
ជាដំបូងរកឱ្យស្គាល់ជម្ងឺច្បាស់លាស់ជាមុនសិន និងព្យាបាលជាមួយគ្រូពេទ្យជំនាញ។ ត្រូវថែរក្សាដុសលាងសម្អាតមុខរបួស កុំឱ្យក្លាយ។ សូមបរិភោគអាហារគ្រប់ប្រភេទ បំប៉នសុខភាពឱ្យមានកម្លាំង ដើម្បីប្រព័ន្ធជាតិផ្សាំខ្លាំងក្លាឈ្នះជម្ងឺបាន។ ដូច្នេះការព្យាបាលបែបទាំងនេះនឹងទទួលលទ្ធផលជាបាន១០០ភាគរយ។
ដំបូន្មានអ្នកជំនាញ
សូមលោកអ្នកដែលតែងតែធ្លាប់ជឿ និងធ្វើការព្យាបាលតាមអបិយជំនឿនោះ សូមវិលមករកការព្យាបាលបែបវិទ្យាសាស្ដ្រ វិញម្ដង។ បើឃើញមានសភាពអាការៈខុសពីធម្មតា សូមអញ្ជើញទៅរកគ្រូពេទ្យដែលមានជំនាញឯកទេស ពិគ្រោះសុំយោបល់ដើម្បីប្រឹក្សាព្យាបាល។
Leave a Reply