បទពិសោធន៍​អ្នកជម្ងឺ​ដុះសាច់​ច្រមុះ

​ជម្ងឺដុះសាច់ច្រមុះតាមពិតមិនមែនជា​ជម្ងឺ​ដុះសាច់​បន្ថែម​នោះទេ​ ​តែវា​ជាការ​រីក​ប៉ោង​របស់​សាច់​ច្រមុះ​ ​ដែល​បណ្ដាល​មក​ពី​ ​ឈាម​ច្រាល​ក្នុង​សាច់​ច្រមុះ​ខ្លាំង​ ​ធ្វើឱ្យ​សាច់​ច្រមុះ​រីកធំ​ខុស​ពី​ធម្មតា​ ​ឬប៉ោង​ហើយ​ក្រិន​នាំ​ឱ្យ​ស្ទះ​រន្ធ​ច្រមុះ​ ​និង​ពិ​បាក​នៅ​ក្នុង​ការ​ដក​ ​ដង្ហើម។​ ​ជួន​កាល​វា​អាច​រីក​សាច់​ច្រមុះ​ទាំង​អស់​ដែល​មាននៅ​ក្នុងច្រមុះ​ដោយរួម​មាន​សាច់​ច្រមុះ​ខាង​ក្រោម​ ​កណ្ដាល​ ​និង​ខាង​លើ ​ដែលជា​ទូទៅ​ឧស្សាហ៍​ឃើញ​កើត​មាន​នៅខាង​ក្រោម​។ ​ករណី​ដុះសាច់​ច្រមុះ​ភាគ​ច្រើន​កើត​នៅលើម​នុស្ស​ពេញ​វ័យ​ ​និង​មនុស្ស​​ចំណាស់​ចាប់​ពី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​ ​ចំពោះ​ក្មេង​អាយុក្រោម​១៥​ឆ្នាំ​មិន​សូវ​ឃើញ​កើត​មាន​ទេ​ ​ពួក​គេគ្រាន់​តែ​កើត​រលាក​ច្រមុះ​ធម្មតា​ ​តែ​ការ​លាក​យូរៗ​ទៅ​ក៏​អាច​នាំ​ឱ្យ​ដុះសាច់​ច្រមុះ​ដូចគ្នា​ដែរ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

​កាលពីលេខមុនៗ ​លោក​អ្នកនាង​កញ្ញា​បាន​ជ្រាប​អំពី​បទ​ពិសោធន៍​របស់​អ្នក​ជម្ងឺ​ជាច្រើន​បន្ដបន្ទាប់​រួចមក​ហើយ​។ ​ជាមួយ​ គ្នា​នេះ​ ​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​បានជួប​ជាមួយ​លោក​ ​វាសនា​ ​អាយុ២៥ឆ្នាំ​ ​រស់នៅ​ខេត្ដ​ស្វាយ​រៀង​។ ​លោក​បាន​រៀប​រាប់​អំពី​ផល​​លំបាក​នៃ​ជម្ងឺ​ដុះសាច់​​ច្រមុះ​​ ដើម្បី​ឱ្យ​មិត្ដ​អ្នកអា​ន​បាន​ជ្រាប​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ។

​លោក ​វាសនា​ ​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ លោក​មិន​ដឹង​ថា​លោក​កើត​មាន​ជម្ងឺ​នេះ​តាំង​ពីពេល​ណាមក​នោះទេ​ ​ប៉ុន្ដែ​៥​ខែ​មក​​នេះ​លោក​តែង​តែ​មាន​អាការៈ​តឹង​ច្រមុះ​ជាប់​គ្នា​រហូត​ ​តែលោក​មិនបាន​ចាប់​អារម្មណ៍​នោះទេ​ ​ដោយ​លោក​គិត​ថាវា​ជាជម្ងឺ​ផ្ដាសាយ​។​ អាការៈ​តឹង​ច្រមុះ​នេះ​នៅ​តែ​បន្ដ​រហូត​មិនព្រម​បាត់​សោះ​ ​ដែល​ធ្វើឱ្យ​លោក​ពិបាក​នៅក្នុង​ការ​ដក​ដង្ហើម​ ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​វា​បណ្ដាល​ឱ្យ​​លោ​ក​ឈឺក្បាលខ្លាំ​ង​ថែម​ទៀត​ផង។ ​អាការៈ​នេះ​ចេះតែ​បន្ដ​មិន​ឈប់​ ​ទោះបីជា​លោក​ទទួល​ទាន​ថ្នាំ​ផ្ដាសាយ​ក៏នៅ​តែមិន​បាត់​ ​លោក​ក៏​​មាន​​ការ​សង្ស័យ​ថា​ ​លោក​អាចនឹង​កើត​មាន​ជម្ងឺ​ដុះសាច់​ច្រមុះ​ ​លោក​ក៏​សម្រេច​ចិត្ដ​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិនិត្យ​មើល​សុខ​ភាព​។​ ​លទ្ធ​ផល​ចេញ​មក​គឺ​លោក​មាន​ជម្ងឺ​ដុះ​សាច់​ច្រមុះ​។ ​នៅមុន​ពេល​ព្យាបាល​ ​គ្រូពេទ្យ​ឱ្យលោក​ទទួល​ទាន​ថ្នាំរយៈ​ពេល​បីថ្ងៃ​ ​បន្ទាប់ពីបីថ្ងៃ​ ​ក្រោយ​មក​លោក​ក៏​មក​ធ្វើកា​រ​ដុត​សាច់​ច្រមុះ​ចេញ​។ ​លោក​ ​វាសនា​ ​បាន​រម្លឹក​បន្ថែម​ទៀត​ថា ​នៅពេល​ធ្វើការ​ព្យាបាល​លោក​ពិបាក​ ​ខ្លាំង​ណាស់​ ​ទ្រាំ​ស្ទើរ​តែ​មិន​បាន​។ ​នៅពេល​ដុតសាច់​ច្រមុះ​ហើយ​ ​គ្រូពេទ្យ​បាន​ឱ្យលោក​ទទួល​ទាន​ថ្នាំ​រយៈ​ពេល​១០​ថ្ងៃ។​

​លោក​ ​វាសនា​ ​​បាន​បន្ថែម​ទៀត​ថា​ ​កាល​ដែល​លោក​មាន​ជម្ងឺ​ដុះ​សាច់​ច្រមុះ​ប្រហែល​ជា​អាច​បណ្ដាល​មក​ពី​ទឹក​កក​ ​ព្រោះ​ ​លោក​ជាមនុស្ស​ម្នាក់​ដែល​ចូលចិត្ដ​ទទួល​ទាន​ទឹកកក​បំផុត​ ​ខ្វះ​មួយ​ថ្ងៃ​មិន​បាន​នោះ​ទេ។

យោបល់របស់អ្នកជំនាញ

លោកវេជ្ជបណ្ឌិត ឃុត ស៊ីដេត គ្រូពេទ្យព្យា​បាល​ជម្ងឺ​ត្រចៀក​ ​ច្រមុះ ​​បំពង់ក​ ​នៅមន្ទីរ​ពេទ្យ​មិត្ដភាព​ខ្មែរ​-​សូវៀត​ ​បាន​មាន​ ​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី​ ​សុខភាពយើង​ ​ថា​ពាក្យ​ខ្មែរ​យើង​ហៅថាដុះ​សាច់​ច្រមុះ​ ​តាម​ពិត​វាមិ​ន​មែន​ដុះសាច់​ច្រមុះ​នោះ​ទេ​ ​វាកើត​មាន​ពី​កំណើត​មកម្ល៉េះ​ដោយ​កើត​មាន​នៅលើ​មនុស្ស​គ្រប់រូ​ប​ ​ដោយ​រន្ធ​ច្រមុះ​ម្ខាង​មាន​បី​ ​ខាង​លើ​ ​ខាង​កណ្ដាល​ ​និង​ខាង​ក្រោម​។​ ហើយ​ខាង​ក្រោម​នេះហើយ​ទើប​គេ​ហៅថា​ ​ដុះ​សាច់​ច្រមុះ​។ ​ជម្ងឺ​ដុះ​សាច់​ច្រមុះ​នេះ​គឺ​មាន​ពីរ​យ៉ាង​ ​ទី១​ ​អ្នក​ជម្ងឺ​អាច​ដឹង​ខ្លួន​ឯង​បាន​ ​ដោយ​មាន​អាការៈ​តឹង​ច្រមុះ​ ​ហៀរ​សម្បោរ​ ​ឈឺក្បាល​ខ្លះ​ ​វិល​មុខ​ជាដើម​។ ​ទី២​ ​ទាល់​តែ​គ្រូ​ពេទ្យ​ឯក​ទេស​ពិនិត្យ​មើល​ទើប​ដឹង​ថា ​អ្នក​ជម្ងឺ​កើត​មាន​ដុះ​សាច់​ច្រមុះ​ឬក៏​អត់​។ ​កាលណា​លោក​អ្នក​ទទួល​ទាន​ទឹកកក​ ​របស់​ត្រជាក់ៗ​ ​ឬក៏​អាហារ​ផ្អាប់​ ​នោះ​សាច់​ច្រមុះ​គឺវា​ ​អាច​រីក​ធំ​ ​ហើយ​សាច់​ច្រមុះ​ដែល​រីក​នោះ​គឺវា​មាន​ផល​ប្រយោជន៍​ផង​ដែរ ​ដូចជា​ជួយ​ទប់​ធូលី​ដី​ ​និង​ទប់​ខ្យល់​។​ ​ប៉ុន្ដែ​បើ​វា​រីក​ដុះ​ ​ធំពេក​នោះ​ក៏​វា​មិន​ល្អ​ដែរ​ ​វា​អាច​ធ្វើឱ្យ​អ្នក​ជម្ងឺ​វិល​មុខ​ ​តឹង​ច្រមុះ​ ​ដែល​ពិបាក​នៅក្នុង​ការដក​ដង្ហើម​ ​និង​ឈឺក្បាល​ជាដើម​។​  ​ដូចនេះ​ចំពោះ​អ្នក​ដែល​តឹ​ង​ច្រមុះ​មិន​ត្រូវ​ទទួល​ទាន​ទឹកកក​ ​ត្រូវ​ទទួល​ទាន​ទឹកក្ដៅ​ឧណ្ហៗ​វិញ​។ ​ចំពោះ​ថ្នាំ​ក៏​មិន​អាច​ព្យាបាល​ជាមួយ​ ​រយភាគ​រយ​ដែរ​ ​វាគ្រាន់​តែអាច​ទប់ស្កាត់​បាន​មួយ​រយៈ​តែ​ប៉ុណ្ណោះ​។ ​ហើយ​ដើម្បី​ការពារ​កុំឱ្យ​កើត​មាន​ជម្ងឺ​ដុះសាច់​ច្រមុះ​ ​លោក​អ្នកនាង​កញ្ញា​ត្រូវ​អនាម័យ​ជានិច្ច​ចំពោះ​ច្រមុះ​ ​ជា​ពិសេស​​នៅពេល​ដែល​ចេញ​ទៅណា​មក​ណា​ម្ដង​ៗ​ ​ត្រូវតែ​ពាក់​ម៉ាស​ដើម្បី​ការពារ​ ​កុំឱ្យ​ធូលី​ចូល​ក្នុង​ច្រមុះ​ ​និង​មិន​ត្រូវ​ទទួល​ទាន​ទឹកកក​ ​និង​អាហារ​ផ្អាប់​នោះ​ទេ។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *