គ្រោះធម្មជាតិ គឺជាប្រធាបទដ៏សំខាន់ដែល ប្រទេសកម្ពុជា ព្រមទាំងពិភពលោក ត្រូវរួមគ្នាដោះស្រាយ។ គ្រោះមហន្តរាយធម្មជាតិនៅកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំង។ គ្រោះធម្មជាតិទាំងនោះរួមមាន ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរន្ទះបាញ់ជាដើម ដែលបានកំពុងនឹងឆក់យកជីវិតប្រជាពលរដ្ឋជាញឹកញាប់នៅដើមឆ្នាំ២០១២កន្លងមកនេះ។
សន្មិសិទកាសែត ស្តីអំពីគ្រោះមហន្តរាយធម្មជាតិនៅទីក្រុងភ្នំពេញប្រទេសកម្ពុជា
កាលពីពេលកន្លងទៅថ្មីៗនេះ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា គ្រោះធម្មជាតិនេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុនៅលើពិភពលោក។ ប្រទេសកម្ពុជា បានរងគ្រោះខ្លាំងជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លងមកនេះ។ លោកបានបន្តថា ខ្យល់ព្យុះនាពេលបច្ចុប្បន្ននេះ ពេលដែលវាមក វាអត់ប្រាប់មុននោះទេ វាមកចំត្រង់ណាកួចយកផ្ទះត្រង់ហ្នឹងតែម្ដង។ ហើយជាមួយគ្នានោះ ភ្លៀងក៏មកព្រមគ្នា ថែមទាំងមានរន្ទះបាញ់ថែមទៀត។ អាកាសធាតុក្ដៅណាស់មកទល់នឹងថ្ងៃនេះ គឺគ្រប់កន្លែងក្ដៅណាស់ ហើយមានភ្លៀងធ្លាក់មិនទៀងទាត់ថែមទៀតផង។ ខេត្តមួយចំនួននៅកម្ពុជា កំពុងជួបនូវការរាំងស្ងួតខ្លាំងផងដែរ។
តំណាងពិសេសនៃអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ប.ស) ទទួលបន្ទុកកាត់បន្ថយហានិភ័យ លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម បានមានប្រសាសន៍កាលពីថ្ងៃទី២៥ ខែមេសាម្សិលមិញថា ប្រទេសកម្ពុជា ត្រូវពង្រឹងប្រព័ន្ធផ្ដល់ព័ត៌មានស្ដីពីបញ្ហាទឹកជំនន់ឲ្យបានលឿនដល់ប្រជាពលរដ្ឋនៅតំបន់ទឹកលិច ដើម្បីពួកគេអាចរៀបចំខ្លួនបានមុនពេលទឹកជំនន់បានលិចភូមិឋានផ្ទះសម្បែងរបស់ពួកគេ។ លោកស្រីបន្តថា ទឹកជំនន់នៅកម្ពុជា បានកើតឡើងដោយមានមូលហេតុពាក់ព័ន្ធជាច្រើន។ ក្នុងនោះ ការរីកចម្រើនរបស់ប្រទេស ក៏បានរួមចំណែកធ្វើឲ្យមានទឹកជំនន់ផងដែរ ដូចជាការសង់ទីប្រជុំជនថ្មី ការសាងសង់ផ្លូវថ្នល់ថ្មី ដែលធ្វើឲ្យចរន្តទឹកហូរ មានការប្រែប្រួល ដូរទិសដៅជាដើម។ លោកស្រីក៏បានស្នើសុំឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងបន្ថែមប្រព័ន្ធការពារ និងសង្គ្រោះជនរងគ្រោះឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា នៅគ្រាដែលមានគ្រោះមហន្តរាយគ្រោះធម្មជាតិ និងហានិភ័យ ដូចជាខ្យល់ព្យុះ និងទឹកជំនន់ដែលកើតមានឡើងជាដើម។ មួយវិញទៀត ដើម្បីបង្ការជាមុននឹងគ្រោះធម្មជាតិ ដែលតែងវាយប្រហារជារៀងរាល់ឆ្នាំនោះចាំបាច់ណាស់ កម្ពុជាត្រូវតែមានឧបករណ៍ វាស់ឧតុនិយម និងអាកាសធាតុតាមបែបវិទ្យាសាស្រ្ត។
លោកស្រីបានបានគូសបញ្ជាក់បន្ថែមថា ទឹកជំនន់ គឺជាបាតុភូតដែលកើតឡើងជាញឹកញាប់ និងបង្កការខូចខាតដល់កម្ពុជា។ បើយោងតាមការព្យាករណ៍របស់អ្នកជំនាញការ បានឲ្យដឹងថា បាតុភូតនេះ អាចនឹងកាន់តែអាក្រក់ឡើងៗទៅថ្ងៃអនាគត ដោយសារតែទឹកជំនន់ និងខ្យល់ព្យុះកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ជាងមុន ដែលបណ្តាលមកពីការប្រែប្រួលនៃអាកាសធាតុ។
ចំនួននៃអ្នករងគ្រោះ និងការខូចខាតទ្រពសម្បត្តិ ដោយសារគ្រោះធម្មជាតិនៅឆ្នាំ២០១២
យោងតាមរបាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងក្រសួងជំនាញឧតុនិយម បានឲ្យដឹងថា នៅក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០១២ កន្លងមកនេះ រន្ទះបាញ់បានសម្លាប់ប្រជាពលរដ្ឋចំនួន ៥នាក់ រងរបួសចំនួន ៣នាក់ និងខ្យល់ព្យុះ បានបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង ២០០ខ្នង និងធ្វើឲ្យមនុស្សស្លាប់ ១នាក់ និងរងរបួសចំនួន ១២នាក់ ងាប់ក្របីចំនួន ៣ក្បាលផងដែរ។ ខេត្តដែលរងគ្រោះច្រើនមានដូចជាខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង និងខេត្តកំពត។
ចំនួននៃអ្នករងគ្រោះ និងការខូចខាតទ្រពសម្បត្តិ ដោយសារគ្រោះធម្មជាតិនៅឆ្នាំ២០១១
គួររម្លឹកថាក្នុងឆ្នាំ២០១១ កន្លងទៅ ទឹកជំនន់នៅកម្ពុជា បានសម្លាប់មនុស្សប្រមាណ ២៤៧នាក់ និងមនុស្សចំនួនជាង ១,៥លាននាក់ ផ្សេងទៀត ត្រូវបានរងផលប៉ះពាល់ ដែលក្នុងនោះ៧សែននាក់ជាកុមារ។ ក្រៅពីនេះ ដីស្រែចំនួន ១លានហិកតា ត្រូវបានលិចខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់។ ហើយខេត្តដែលរងការលិចទឹកធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ច្រើនជាងគេ នោះគឺខេត្តព្រៃវែង។
នៅក្នុងគ្រោះទឹកជំនន់កាលពីឆ្នាំ២០១១ កន្លងទៅ ស្ថាប័នតំណាង អ.ស.ប. នៅប្រទេសកម្ពុជា បានចូលរួមចំណែកជួយប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ មានចំនួន៤លានដុល្លារអាមេរិក។
អត្តបទដោយ ៖ សៀង វិរៈ
ចេញផ្សាយ ៖ ថ្ងៃទី ២៧ មេសា ឆ្នាំ ២០១២
Leave a Reply