ដាច់​​​សរសៃ​​​ឈាម​​​ខួរក្បាល​​​ឈាន​​​មុខគេ​​​បង្ក​​​ពិការភាព និងសម្លាប់

ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាជម្ងឺ​មួយ​ដ៏មាន​គ្រោះ​ថ្នាក់​បំផុត ដែល​បច្ចុប្បន្ន​កំពុង​ក្លាយ​ជាក្ដី​បារម្ភ​របស់​មនុស្ស​ទូទាំងពិភព លោក ពិសេសចំពោះមនុស្សវ័យចំណាស់។ ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាប់​ក្នុងចំណាត់​ថ្នាក់​លេខ១​ផ្នែក​ពិការភាព និង​លេខ២​សម្រាប់ ការស្លាប់​បាត់បង់​ជីវិត​ទាំង​នៅ​ទ្វីបអឺរ៉ុប និងអាស៊ី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកវេជ្ជបណ្ឌិត ជុំ ណាវុធ ឯក​ទេស​ជម្ងឺប្រព័ន្ធ​ប្រសាទ នៅ​មន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត ចូលរួម​បកស្រាយ​ជម្រាបជូន ពីមូល​ហេតុនិង​ផល​វិបាក​ទាំង​នេះ​ជូន​មិត្ដ​​អ្នកអាន​​តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង។

មូលហេតុដាច់សរសៃឈាមខួរក្បាល

ដាច់​សរសៃ​ឈាម​ខួរក្បាល​បណ្ដាល​មកពី​មូល​ហេតុ​សំខាន់​ពីរយ៉ាង គឺការ​​ស្ទះ​សរ​សៃ​​ឈាម​ខួរក្បា​ល​ដែ​ល​មាន​ពី៨០ទៅ​៨៥ ភាគរយ និ​ងការ​ដាច់​សរសៃ​​ឈាមផ្ទាល់​​តែម្ដង​ដែ​ល​​មាន​ត្រឹម​តែ១៥​​ទៅ២០​ភាគរយ​តែប៉ុណ្ណោះ។ មូល​ហេតុនេះ​ក៏បណ្ដាល​មកពីកត្ដា ផ្សេងៗទៀតដែរ ដូច​ជាការរួម​ត្បៀតសរសៃឈាម ការប៉ះទង្គិច ជម្ងឺលើសឈាម ជម្ងឺ​ទឹកនោម​ផ្អែម ខ្លាញ់​រុំសរសៃ​ឈាម និងបណ្ដាល មកពីអ្នកជម្ងឺទទួលទានសុរា បារី និងគ្រឿងញៀនផ្សេងៗទៀតជាដើម។

រោគសញ្ញាដាច់សរសៃឈាមខួរក្បាល

ដាច់​សរសៃ​​ឈាមខួរក្បាល​​ច្រើនកើត​មាន​ចំពោះ​មនុស្សវ័យ​ចំណាស់ និង​តិចតួច​ចំពោះ​មនុស្សវ័យ​កណ្ដាល។ វា​បាន​ផ្ដល់​ជា រោគ​សញ្ញា​មួយ​ចំនួន​គួរឱ្យ​កត់សម្គាល់​ដូចជា​ភ្នែក​មើល​ឃើញ​ពុំច្បាស់ ឬងងឹត​ភ្លាមៗ ភាគ​ច្រើន​ចំពោះ​ភ្នែក​តែម្ខាង។ អ្នកជម្ងឺ​ពិបាក ក្នុង​ការ​ប្រាស្រ័យ​ជាមួយ​អ្នកដទៃ ព្រោះ​និយាយ​ពុំច្បាស់ ឬស្ដាប់​ពុំយល់​អ្វីដែល​យើង​និយាយ។ ជាមួយ​គ្នានេះផង​ដែរ អ្នកជម្ងឺ​ឈឺក្បាល ខ្លាំង​ភ្លាមៗខុសពី​ធម្មតា​ដោយពុំមាន​មូលហេតុ​ច្បាស់លាស់់ ហើយ​ពិបាកដើរ ឬជួន​កាលដួល​ភ្លាមៗតែម្ដង ជា​ពិសេស​អាចរួម​ផ្សំរោគ សញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងអស់ខាងលើ។

តួលេខ​គួរឱ្យ​បារម្ភ​នៃជម្ងឺដាច់​សរសៃ​ឈាម​ខួរក្បាល

ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាវិបត្ដិមួយ​ដ៏ធ្ងន់​ធ្ងរ ហើយ​ស្ថិតក្នុង​លំដាប់​លេខ២​ក្នុង​ចំណោម​ជម្ងឺទាំង​ដប់ដែល​សម្លាប់​ជីវិត មនុស្ស។ ជាងនេះ​ទៅទៀត​ជម្ងឺនេះ​បាន​នាំមុខ​គេដែល​ផ្ដល់នូវ​ពិការ​ភាព និង​ស្លាប់​មួយ​ចំហៀង​ខ្លួនមាន​ចំនួន២០​នាក់ក្នុង​មួយ​ខែបើ តាម​របាយការណ៍​របស់​ផ្នែក​សង្គ្រោះ​នៅមន្ទីរពេទ្យ​មិត្ដភាព​ខ្មែរសូវៀត។ នៅ​ទូទាំងពិភព​លោក មាន​មនុស្សជិត​៥លាននាក់​បានស្លាប់ ជារៀងរាល់ឆ្នាំ​ដោយ​ជម្ងឺដាច់​សរសៃ​ឈាមខួរក្បាល ក្នុងនោះ​ចំនួន២លាន​កន្លះជា​ប្រជាពលរដ្ឋ​អាស៊ី។ ដោយ​ឡែករបាយ​ការណ៍ចន្លោះ ឆ្នាំ​២០០០​-២០០៥​នៅកម្ពុជា​បានឱ្យ​ដឹងថាមា​នអ្នកជម្ងឺ​៩១៥នាក់បាន​ស្លាប់ ហើយ​បើគិតជា​មធ្យម​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា២០០ នាក់​បានស្លាប់​ក្នុងមួយឆ្នាំ។

ផលវិបាក​នៃជម្ងឺដាច់​សរសៃឈាម​ខួរក្បាល

ជម្ងឺ​ដាច់សរសៃ​ឈាមខួរក្បាល​ផ្ដល់​នូវផល​វិបាក​​​​​យ៉ាងច្រើន ដូចជា​​​​ក្លាយទៅ​ជាមនុស្ស​ពិការ​មិនមាន​ភាព​ប្រក្រតី​ទាំង​ការ​និយាយ ការ​ស្ដាប់ ការ​ដើរ និងស្លាប់​មួយ​ចំហៀងខ្លួន រហូត​ដល់​បាត់បង់​ជីវិត​​ថែម​ទៀតផង។ ក្រៅ​ពីនេះ​វាក៏​អាច​ធ្វើ​ឱ្យ​អ្នកជម្ងឺ​កើត មាន​បញ្ហា​ផ្លូវចិត្ដ ខូច​អារម្មណ៍ វង្វេងវង្វាន់ និង​មាន​រហូត​ដល់​ទៅ​ប្រកាច់ ឬ​ហៅ​ថា​ជម្ងឺ​​ឆ្កួតជ្រូក។

ដំបូន្មានអ្នកជំនាញ

ដាច់​សរសៃ​ឈាម​ខួរក្បាល​ជាជម្ងឺ​ដែល​អាច​យាយី​ជីវិត​លោក​អ្នកបាន​គ្រប់ពេល​វេលា ដូចនេះ​សូមលោក​អ្នកមាន​​ការប្រុង ប្រយ័ត្ន និងស្វែង​រក​ការព្យាបាល​ជា​បន្ទាន់​ជាមួយ​​​អ្នកជំនាញ។ សូម​លោកអ្នក​ព្យាបាល និង​ថែរក្សា​សុខភាព​របស់​លោកអ្នក ដើម្បី​ចូល រួម​កាត់​បន្ថយ​អត្រា​កំណើន​នៃ​អ្នកស្លាប់ និង​ពិការ​ភាព​ដោយ​សារ​ជម្ងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៩ ខែសីហាឆ្នាំ២០០៧

Categories: , , ,

Leave a Reply

Your email address will not be published. Required fields are marked *