ជម្ងឺរបេង​ក្រពះ​ពោះវៀន

ជម្ងឺរបេងគឺជាជម្ងឺមួយដែលកើត​ទៅលើ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ឬ​​ប្រជាជន​ដែល​មាន​ជីវភាព​ខ្សត់​ខ្សោយ​។ ​ជម្ងឺ​របេង​​កើត​ទៅ​​លើ​​សួត​​ ​និង​ក្រៅ​សួត​ ​(ភាគច្រើន​ជា​ជម្ងឺ​របេង​សួត​ ​រីឯ​របេង​ក្រៅ​សួត​ពុំសូវ​មាន​ទេ​)។ ​ជម្ងឺ​របេង​ក្រៅ​សួត​មាន​ដូចជា​ ​របេង​បំពង់ក​ ​របេង​នៅ​ស្រោម​ខួរ​ ​របេង​នៅ​ប្រដាប់​បន្ដពូជ​ ​របេងថ្លើម​ ​អណ្ដើក​ ​របេងឆ្អឹង​ ​របេង​ពោះវៀន​(​ផ្លូវរំលាយ​អាហារ)​ ​របេង​ស្បែក​ ​និង​របេង​កូន​កណ្ដុរ​ជាដើម​។ ​ជម្ងឺរបេង​នីមួយៗ​សុទ្ធ​តែបង្ក​ឱ្យមាន​ផល​វិបាក​យ៉ាងធ្ងន់​ធ្ងរ​ចំពោះ​អាយុ​ជីវិត​របស់​អ្នក​ជម្ងឺ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ​ជួបជា​មួយលោក​វេជ្ជ​បណ្ឌិត​ ​លាង​ ​ហ៊ត់​ ​ឯកទេស​ផ្នែក​វះ​កាត់​ទ្រូង​ពោះ​ ​នៃ​មន្ទីរ​ពេទ្យ​ព្រះកេតុ​ មា​លា​ ​លើក​យក​ប្រធាន​បទដែល​និ​យាយ​អំពី​ជម្ងឺ​របេង​ក្រពះ​ពោះ​វៀន​។ ​

ជម្ងឺរបេងក្រពះពោះវៀន

ជម្ងឺរបេងក្រពះពោះវៀនគឺជា​ជម្ងឺមួយ​ដែល​ធ្វើឱ្យ​រលាកក្រពះ​ពោះវៀន​បង្កឡើង​ពីបាក់​ស៊ីដឺ​កុក​​​(BK)។

មូលហេតុដែលបណ្ដាលឱ្យកើតមានជម្ងឺរបេងក្រពះពោះវៀន

ជម្ងឺរបេងក្នុងក្រពះពោះវៀនគឺជាជម្ងឺដែលកម្រមាន​ណាស់​ ភា​គច្រើន​នៅពោះ​វៀន​តូច​(​ពោះវៀន​តូចជាប់​ពោះវៀន​ធំ​)។ របេង​ជាជម្ងឺ​ឆ្លង​ហើយ​ឆ្លង​តាម​រយៈ​

– ចំណីអាហារ

– តាមការលេបកំហាកខ្លួន​ឯងដោយ​អចេត​នា​ ​កាលណា​កំហាក​ចូល​ទៅដល់​ក្រពះ​ទៅប៉ះ​ក្រពះ​ដែល​មាន​ដំបៅ​(ប៉ុន្ដែ​កម្រ​ ​មាន​ណាស់​)​

– អាចឆ្លងតាមរយៈឈាម​ឬផ្លូវ​ទឹក​រងៃ​ ​ហើយ​ក៏អាច​ឆ្លងតាម​ខ្យល់​ដែរ​

– ជម្ងឺរបេងនេះមិន​មែន​ជា​ជម្ងឺត​ពូជ​ទេ។​

រោគសញ្ញាជម្ងឺរបេងក្រពះពោះវៀន

ចំពោះជម្ងឺរបេងក្រពះពោះវៀនមាន​រោគ​សញ្ញា​ដែល​គួរ​ឱ្យកត់​សម្គាល់​ដូចជា​ ៖​

– ឈឺពោះ អាចឈឺមួយកន្លែង​ឬពេញ​ពោះ​ ​ពិសេស​ឈឺ​នៅ​កណ្ដៀត​ក្អម​ ​និង​ចុងដង្ហើម​។​

– ហើមពោះ ទល់ខ្យល់ ទល់លាមក ​និង​ក្អួត​។ ​ទាំងនេះ​ស្ដែងចេញ​ឱ្យ​ឃើញ​ថា​ ​អ្នកជម្ងឺ​អាចស្ទះ​ ​ឬត្បៀត​ពោះវៀន​។

– អ្នកជម្ងឺចុះស្គម ទទួលទាន​បាយ​មិន​បាន​ ​ទទួល​ទាន​ដំណេក​មិន​លក់​ អស់​កម្លាំង​ ​មានពេល​ខ្លះចេញ​កូន​កណ្ដុរ​នៅ​ក្រោម​ ​ថ្គាម​ ​ឬ​គល់​ត្រចៀក​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការធ្វើរោគវិនិច្ឆ័យជម្ងឺរបេងក្រពះពោះវៀន

ដើម្បី​បញ្ជាក់​បន្ថែម​ទៅលើរោគសញ្ញា​នៃជម្ងឺ​របេង​ក្រពះ​ពោះ​វៀន​ ​គេអាច​យក​អ្នក​ជម្ងឺ​ទៅថត​កាំរស្មី​អ៊ិច​ឬ​មួយ​ធ្វើ​ការ​ថត​ ​ឆ្លុះស្កែន​ន័រ​ ​ឬអាច​វះយក​កូន​កណ្ដុរ​ ​ដើម្បី​ទៅ​វិភាគ​រក​ជម្ងឺ​របេង​។ ​ដើម្បី​វិនិច្ឆ័យ​ថាអ្នក​ជម្ងឺ​កើត​មាន​របេង​ឬ​អត់​ ​លុះត្រា​តែ​ ​៖​

– អ្នកជម្ងឺមានរោគសញ្ញា​ច្បាស់​លាស់​

– អ្នកជម្ងឺមានទំនាក់ទំនងជាមួយ​អ្នក​ជម្ងឺ​របេង​ផ្សេង​ទៀត​(រស់នៅ​ជាមួយ​ផ្ទាល់​)​

– មិនបានចាក់វ៉ាក់សាំង​ការពារ​ជម្ងឺ​របេង​

– ធ្លាប់ព្យាបាលម្ដងហើយ ប៉ុន្ដែមិន​បាន​ជាសះ​ស្បើយ​ឬ​មិន​គ្រប់​ខែ

– គេអាចយកសាច់ទៅវិភាគ

– យកទឹកក្រពះទៅវិភាគ​ក៏អាច​ដឹង​បាន​ដែរ​។

វិធីព្យាបាលជម្ងឺរបេងក្រពះពោះវៀន

បើសិនជាយើងសង្កេតឃើញអ្នក​ជម្ងឺ​ស្ទះ​ផ្លូវ​ពោះ​វៀន​ ​ឬរលាក​ស្រោម​ពោះ​នោះ​ ​គ្រូពេទ្យ​នឹង​ព្យាបាល​ដោយ​វិធី​វះកាត់​។​ នៅ​ពេល​វះ​កាត់​អ្នក​ជម្ងឺ​របេង​ក្រពះ​ពោះវៀន​សង្កេត​ឃើញ​ក្នុង​ពោះ​មាន​កន្ទួលៗ​ ​ដូចជា​គ្រាប់​អង្ករ​ជា​ច្រើន​តោង​ជាប់​នឹង​ពោះវៀន​ ​និង​ ស្រោម​ពោះ​ ​ហើយ​មាន​សភាព​រឹង​។ ​នោះ​ការ​ព្យាបាល​គឺគ្រាន់​តែ​ពន្លា​ពោះវៀន​ ​ហើយ​សម្អាត​ក្រោយ​ការ​វះកាត់​ ​ដោយ​បន្ដ​ឱ្យ​ថ្នាំ​ ​ជម្ងឺ​របេង​ក្នុង​រយៈ​ពេល​៦​ខែ​។​

ផលវិបាកនៃជម្ងឺរបេងក្រពះពោះវៀន

ជម្ងឺរបេងបានបង្កឱ្យមានផលប៉ះពាល់​ដល់​អ្នក​ជម្ងឺ​ជា​ច្រើន​ដូច​ជា ​៖​

– អាចធ្វើឱ្យធ្លាយពោះវៀន

– បង្កឱ្យមានរលាកស្រោមពោះ ធ្វើឱ្យពោះរឹង

– អាចធ្វើឱ្យធ្លាក់ឈាមតាមបាត

– អាចមានក្អួតឈាម

– អាចធ្វើឱ្យអ្នកជម្ងឺស្លាប់បាន។

វិធីការពារដើម្បីកុំឱ្យកើតមានជម្ងឺរបេងក្រពះពោះវៀន

ដើម្បីការពារកុំឱ្យកើតមានជម្ងឺរបេង​ក្រពះ​ពោះ​វៀន​ ​លោក​អ្នក​នាង​កញ្ញា​ត្រូវ​តែ​មាន​អនាម័យ​ឱ្យ​បាន​ស្អាត​ចំពោះ​ចំណី​ ​អា​ហារ​ ជា​ពិសេសត្រូវ​នៅឱ្យ​ឆ្ងាយ​ពីអ្នក​ជម្ងឺ​របេង​ ​ហើយ​បើមិន​អាចចៀស​ផុត​គឺ​ត្រូវពាក់​ម៉ាស​ការពារ​។ ​នៅពេល​ដែល​ធ្វើកា​រប៉ះពាល់​ ​ជាមួយ​អ្នក​ជម្ងឺ​របេង​ត្រូវតែ​សម្អាត​ដៃឱ្យ​បាន​ស្អាត​ជានិច្ច​។

ដំបូន្មានអ្នកជំនាញ

បើសិនជាលោកអ្នកនាងកញ្ញាមានអាការៈ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ​លោក​អ្នក​នាង​កញ្ញា​គួរ​តែ​មក​ពិភាក្សា​ជាមួយ​ ​គ្រូ​ពេទ្យ​ឯក​ទេស​ ​មណ្ឌល​សុខភាព​ ​ឬ​មន្ទីរ​ពេទ្យ​បង្អែក​។ ​ហើយ​បើលោក​អ្នក​សង្ស័យ​ថា​មាន​បុគ្គល​ណា​ម្នាក់​កើត​មាន​ជម្ងឺ​របេង​ ​ត្រូវតែ​ដាក់​បុគ្គល​ម្នាក់​នោះ​នៅ​ឱ្យ​ឆ្ងាយ​ពី​គេ​ឯង​ ​ដើម្បី​ការពារ​កុំ​ឱ្យ​ជម្ងឺ​នេះ​ឆ្លង​។ ​លោក​អ្នក​ត្រូវ​ចង​ចាំថា​ជម្ងឺ​របេង​មិនមែន​ជា​ជម្ងឺ​តពូជ​ ​ទេ​ ​តែ​វា​ជា​ជម្ងឺ​ឆ្លង​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *